jump to navigation

នរណា​ជា ស្ម័គ្រ សុន្ទរវេជ? ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ, ภาษาไทย.
trackback

លោក ស្ម័គ្រ សុន្ទរវេជ [អាន​ថា៖ ស្មាក់-សុន-ទៈ-រៈ-វេជ] (ថៃ៖ สมัคร สุนทรเวช) សរសេរ​ឡាតាំង​ជា Samak Sundaravej និង​មាន​ឈ្មោះ​ចិន​ជា 李沙馬 [Lǐ Shāmǎ] មាន​កំណើត​នៅ​ថ្ងៃ​ទី​១៣ ខែ​មិថុនា ឆ្នាំ​១៩៣៥ លោក​គឺ​ជា​អតីត​នាយករដ្ឋមន្ត្រី​ទី​២៥ របស់​រាជអាណាចក្រ​ថៃ។

ប្រវត្តិ

លោក ស្ម័គ្រ សុន្ទរវេជ ជា​បុត្រ​របស់​​ ស្វេកឯក ពញា​បម្រុង​រាជ​បរិពារ (ស្មៀន សុន្ទរវេជ) និង​លោក​ជំទាវ​បម្រុង​រាជ​បរិពារ (អាំផាន់ ចិត្រករ)។ លោក ស្ម័គ្រ សុន្ទរវេជ គឺ​ជា​បុត្រ​ទី​៤ ក្នុង​ចំណោម​បង​ប្អូន​ទាំង​អស់​៦​នាក់។

លោក ស្ម័គ្រ សុន្ទរវេជ បាន​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​លោក​ជំទាវ សុរត្ន សុន្ទរវេជ និង​មាន​បុត្រី​ភ្លោះ​ពីរ​នាក់​គឺ កានតាភា និង​ កាញ្ចនាករ។

ការ​សិក្សា

  • មត្តេយ្យ​សិក្សា៖ សាលា​រៀន​ស្ត្រី​បាងខុនព្រហ្ម
  • បឋម​សិក្សា៖ សាលា​រៀន​ទេវេស្ន​សិក្សា
  • មធ្យម​សិក្សា៖ សាលា​រៀន​សេនត៍ខាប្រៀល
  • អាជីវសិក្សា៖ សាលារៀន​អាសាំសិន​ពាណិជ្ជ
  • ឧត្ដម​សិក្សា៖ នីតិសាស្ត្រ​បណ្ឌិត, គណៈ​នីតិសាស្ត្រ មហាវិទ្យាល័យ​ធម្មសាស្ត្រ

ការ​ចូល​រួម​នយោបាយ

លោក ស្ម័គ្រ សុន្ទរវេជ គឺ​ជា​អ្នក​នយោបាយ​ជាន់​ខ្ពស់ និង​មាន​ប្រជាប្រិយភាព​ម្នាក់​របស់​ប្រទេស​ថៃ ដោយ​ចាប់​ផ្ដើម​អាជីព​ពី​អ្នក​បម្រើ​ការ​ងារ​នៅ​ក្រុមហ៊ុន​រថយន្ត​ក្រុង និង​ក្រោយ​មក​បាន​ចូល​រួម​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ នា​​​ឆ្នាំ​១៩៦៨ រហូត​បាន​ជាប់​ឆ្នោត​សមាជិក​សភា​មណ្ឌល​ក្រុង​ទេព​មហានគរ (បាងកក) នា​ឆ្នាំ​​១៩៧១។

ជា​បន្ត​បន្ទាប់ លោក ស្ម័គ្រ សុន្ទរវេជ បាន​ឡើង​កាន់​តំណែង​នា​អនុរដ្ឋមន្ត្រី, រដ្ឋមន្ត្រី​ក្រសួង​សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា ក្រសួង​មហា​ផ្ទៃ, ក្រសួង​គមនាគម និង​ព្រម​ទាំង​បាន​ធ្វើ​ជា​ឧបនាយករដ្ឋមន្ត្រី​ជា​ច្រើន​អណត្តិ​ផង​ដែរ។

លោក ស្ម័គ្រ សុន្ទរវេជ គឺ​ជា​អ្នក​ក​តាំង​គណបក្ស​ប្រជាករ​ថៃ រហូត​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ភ្លូត​ទឹក​ភ្លូក​ដី ជា​ប្រវត្តិសាស្ត្រ​បាន​ឡើង​កាន់​តំណែង​ជា​អភិបាល​ក្រុង​បាងកក គ្រប់​អណត្តិ​ចំនួន​៤​ឆ្នាំ​គឺ​ពីរ​ឆ្នាំ​​២០០០ ដល់ ២០០៤ និង​ក្រោយ​មក​បាន​ឈ្នះ​ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​ទៀត​ផង តែ​ត្រូវ​រំលាយ​ដោយ​សារ​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ទម្លាក់​លោក​អតីត​នាយករដ្ឋមន្ត្រី​ ទក្សិណ ជិនវ័ត្រ​​​ មក។

ក្រោយ​មក​នៅ​ឆ្នាំ​២០០៧ លោក​បាន​ទទួល​តំណែង​ជា​ប្រធាន​គណបក្ស​កម្លាំង​ប្រជាជន ដឹក​នាំ​ចូល​រួម​ការ​បោះ​ឆ្នោត​រហូត​ឈ្នះ​​បាន​ទទួល​តំណែង​ខ្ពស់​បំផុត​គឺ​ជា​នាយករដ្ឋមន្ត្រី​ទី​២៥​របស់​ប្រទេស​ថៃ ដោយ​កាន់​តំណែង​បាន​ប្រមាណ​៧​ខែ នៅ​ខណៈ​ដែល​ប្រទេស​ថៃ​ជួប​បញ្ហា​ចលាចល​ក្នុង​ប្រទេស ដោយ​មាន​ពួក​ប្រឆាំង​អាវ​លឿង​ទាម​ទារ​ទម្លាក់​លោក ដោយ​ចោទ​រដ្ឋាភិបាល​លោក​ថា​ជា​កូន​ជីង​របស់​អតីត​នាយករដ្ឋមន្ត្រី ទក្សិណ ជិនវ័ត្រ​​​។

នយោបាយ​ទាក់ទង​នឹង​ប្រទេស​កម្ពុជា

លោក ស្ម័គ្រ សុន្ទរវេជ គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ជា​ទូទៅ​ថា​ជា​អ្នក​មាត់​ឆៅ និយាយ​ត្រង់​ទៅ​ត្រង់​មក​។ ក្នុង​រយៈ​ពេល​លោក​កាន់​តំណែង​លោក​ត្រូវ​បាន​ក្រុម​គណបក្ស​ប្រឆាំង​របស់​លោក​ អភិសិទ្ធិ វេជ្ជាជីវៈ​​ វាយ​ប្រហារ​យ៉ាង​ខ្លាំង​ជា​ពិសេស​ទាក់​ទង​នឹង​ប្រាសាទ​ព្រះវិហារ​របស់​ខ្មែរ។ អ្វី​ដែល​ជា​សច្ចធម៌​នោះ​គឺ​ថា លោក ស្ម័គ្រ សុន្ទរវេជ ទទួល​ស្គាល់​នូវ​អ្វី​ដែល​ជា​កម្មសិទ្ធិ​របស់​ប្រទេស​កម្ពុជា ដោយ​បាន​ចោទ​ពួក​ប្រឆាំង​ថៃ​យក​ហេតុផល​ឆ្កួត​លីលា មក​វាយ​ប្រហារ​គ្នា​រហូត​ធ្វើ​ឲ្យ​ប្រទេស​ថៃ​បែក​បាក់​ក្នុង​សង្គម​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ។

នៅ​ក្នុង​សម័យ​អង្គ​ប្រជុំ​រដ្ឋសភា​វេលា​មួយ លោក ស្ម័គ្រ សុន្ទរវេជ បាន​និយាយ​ថា​ប្រាសាទ​ព្រះវិហារ​ជា​របស់​កម្ពុជា​ពិត​ប្រាកដ​ដោយ​សារ​ប្រទេស​ថៃ​បាន​ចាញ់​ក្ដី​តុលាការ​អន្តរជាតិ​រាប់​ឆ្នាំ​មក​ហើយ ដោយ​ប្រទេស​ថៃ​មិន​បាន​តវ៉ា​អ្វី​ទេ ចុះ​ហេតុ​ម្ដេច​បាន​ជា​ទើប​មក​រញ៉េ​រញ៉ៃ​អី​ពេល​នេះ ហើយ​លោក​ថែម​ទាំង​បាន​​​ចោទ​សួរ​ថា រួច​ចុះ​ទង់​ដែល​បាន​ដោត​នៅ​លើ​ប្រាសាទ​រាប់​​ស៊ិប​ឆ្នាំ​មក​នេះ គឺ​ជា​ទង់​ជាតិ​របស់​ប្រទេស​ណា? តើ​ពួក​បក្ស​ប្រឆាំង​ហ៊ាន​អះ​អាង​ថា​ទង់​ជាតិ​នោះ​ជា​ទង់​ជាតិ​ថៃ​ដែរ​ឬ​ទេ? បាន​ជា​នាំ​គ្នា​អះអាង​ពី​កម្មសិទ្ធិ​លើ​ប្រាសាទ​ព្រះ​វិហារ​ទាំង​ឆ្កួត​លីលា​យ៉ាង​នេះ?

លោក ស្ម័គ្រ សុន្ទរវេជ បាន​មក​បំពេញ​ទស្សនកិច្ច​​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​ក្នុង​រយៈ​ពេល​ពីរ​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​០៣ ខែ​មីនា ឆ្នាំ​២០០៨ សន្ទរកថា​របស់​លោក​បាន​ថ្លែង​យ៉ាង​ច្បាស់​ពី​ការ​គាំទ្រ​ប្រទេស​កម្ពុជា របស់​រដ្ឋាភិបាល​លោក​ទាក់​ទង​នឹង​បញ្ហា​ប្រាសាទ​ព្រះវិហារ​ដូច​​នេះ​ថា៖

… ខ្ញុំ​ចង់​បញ្ជាក់​សារ​ជា​ថ្មី គឺ​ថៃ​មិន​បាន​ជំទាស់​កាល​ដែល​កម្ពុជា ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​ជា​សម្បត្តិ​បេតិកភ័ណ្ឌ​ពិភពលោក​នោះ​ទេ។ ប៉ុន្តែ​កាល​ដាក់​បញ្ចូល​ប្រាសាទ​ព្រះវិហារ​គឺ​កុំ​ឲ្យ​តែ​ទាក់ទង​នឹង​បញ្ហា​ព្រំដែន …


លោក ស្ម័គ្រ ក្នុង​ពេល​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា (មីនា ២០០៨)

លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន

លោក ស្ម័គ្រ សុន្ទរវេជ មាន​ឯកលក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​ជា​មនុស្ស​និយាយ​ត្រង់​ទៅ​ត្រង់​មក។ លោក​ចូល​ចិត្ត​ធ្វើ​ម្ហូប​អាហារ និង​បាន​ធ្វើ​ជា​ពិធីករ​កម្មវិធី​ម្ហូប​អាហារ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ផង​ទៀត បើ​ទោះ​បី​ជា​លោក​កំពុង​តម្រុង​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក៏​ដោយ។ នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ក្រៅ​ប្រទេស​ម្ដង​ៗ​ លោក​រៀប​ឫក​ជា​សាមញ្ញ​ជន ដោយ​ដើរ​ផ្សារ​ទិញ​ម្ហូប ជាក់​ស្ដែង​ក្នុង​ពេល​លោក​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា លោក​បាន​ដើរ​ផ្សារ​ទួល​ទំពូង​ទៀត​ផង ដើម្បី​ស្វែង​យល់​ពី​ជីវិត​សាមញ្ញជន​របស់​ខ្មែរ។ នៅ​អំឡុង​ពេល​ការ​ប្រកួត​កីឡា​អូឡាំពិក​នៅ​ឯ​ទីក្រុង​ប៉េកាំង​ សាធារណរដ្ឋ​ចិន​ប្រជាមានិត លោក​ក៏​បាន​ទៅ​ចម្អិន​អាហារ​ឲ្យ​ក្រុម​កីឡាករ​ថៃ​បាន​ទទួល​ទាន​ផង​ដែរ។

ក្រៅ​ពី​នេះ​ទៀត លោក ស្ម័គ្រ សុន្ទរវេជ គឺ​ជា​អ្នក​មាន​ជំនាញ​ខាង​សិល្បៈ​តន្ត្រី​ដ៏​សម្បូរ​ម្នាក់ ដោយ​លោក​ចេះ​ចាំ​ច្រៀង​ស្ទាត់​ជំនាញ​ភ្លេង​ចម្រៀង​តន្ត្រី​បុរាណ​ថៃ និង​ចេះ​តែង​បទ​កំណាព្យ ចាប់​ចុង​ចួន បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។ ​លោក ស្ម័គ្រ សុន្ទរវេជ ជា​អ្នក​ស្រឡាញ់​សត្វ​ឆ្មា​ជា​ខ្លាំង និង​បាន​ថែម​ទាំង​តែង​កំណាព្យ​ឲ្យ​ឆ្មា​របស់​លោក​ពេល​ឆ្មា​បាន​ស្លាប់​ទៀត​ផង។

គ្រឿង​រាជ​ឥស្សរិយយស

  • ព.ស.​២៥១៧ ត្រិតាភរណ៍​មកុដ​ថៃ
  • ព.ស.​២៥១៨ ត្រិតាភរណ៍​ដំរី​ស
  • ព.ស.​២៥១៩ ទ្វីតិយាភរណ៍​មកុដ​ថៃ
  • ព.ស.​២៥២០ រតនាភរណ៍ (ថ្នាក់​ទី​២)
  • ព.ស.​២៥២២ ប្រថមាភរណ៍​មកុដ​ថៃ
  • ព.ស.​២៥២៤ ប្រថមាភរណ៍​ដំរី​ស
  • ព.ស.​២៥២៦ មហា​បរមាភរណ៍​ដំរី​ស
  • ព.ស.​២៥២៧ ទុតិយចុលចមក្លៅ
  • ព.ស.​២៥២៧ មហាវជិរមកុដ
  • ព.ស.​២៥៣៩ បឋមតិរេកគុណាភរណ៍
  • ព.ស.​២៥៤៥ ទុតិយចុលចម​ក្លៅវិសេស

ការ​ធ្លាក់​​ពី​តំណែង​នាយករដ្ឋមន្ត្រី និង​មរណភាព

លោក ស្ម័គ្រ សុន្ទរវេជ បាន​ធ្លាក់​ចេញ​ពី​តំណែង​នាយករដ្ឋមន្ត្រី​ដោយ​សារ​ការ​ចោទ​ប្រកាន់​ពី​សំណាក់​សាល​យុត្តិធម៌​ថៃ ដោយ​គ្រាន់​តែ​លោក​បាន​បន្ត​អាជីព​ធ្វើ​ជា​ពិធីករ​ក្នុង​កម្មវិធី​ទូរទស្សន៍ កាល​ពី​​ថ្ងៃ​ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០០៨។ ក្រោយ​មក​លោក​ក៏​បាន​លា​ចេញ​ពី​តំណែង​ប្រធាន​គណបក្ស​កម្លាំង​ប្រជាជន និង​បាន​​ចូល​ទៅ​ព្យាបាល​ជំងឺ​​មហារីក​ថ្លើម នៅ​ឯ​មន្ទីរ​ពេទ្យ​បម្រុង​រាស្ត្រ និង​បន្ត​ទៅ​ព្យាបាល​នៅ​ឯ​សហរដ្ឋ​អាមេរិក និង​ធ្វើ​ដំណើរ​ត្រឡប់​មក​ព្យាបាល​នៅ​ប្រទេស​ថៃ​វិញ​រហូត​ទទួល​អនិច្ចកម្ម​នា​ថ្ងៃ​ទី​២៤ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ វេលា​ម៉ោង​០៨.៤៨​នាទី ក្នុង​វ័យ​៧៤​ឆ្នាំ។

សព​របស់​លោក ស្ម័គ្រ សុន្ទរវេជ នឹង​ត្រៀម​យក​ចេញ​​ពី​មន្ទីរ​ពេទ្យ​បម្រុង​រាស្ត្រ ដោយ​កង​កិត្តិយស​សម​នឹង​កិត្តិយស ដើម្បី​យក​មក​បំពេញ​កុសល​នៅ​ឯ​សាលា​១០០​ឆ្នាំ ក្នុង​បរិវេណ​វត្ត​បេញ្ចន​បពិត្រ​តុសិតវនារាម និង​មាន​ពិធី​​ព្រះ​រាជ​ទាន​ទឹក​ហ្លួង​​ចំអាស​សព​នា​ថ្ងៃ​ស្អែក​នេះ គឺ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៩។

កកន៖ សូម​​ចូល​រួម​សម្ដែង​មរណទុក្ខ​ដ៏​ជ្រៀល​ជ្រៅ​ចំពោះ​ក្រុម​គ្រួសារ​សព​លោក ស្ម័គ្រ សុន្ទរវេជ និង​សូម​​​វិញ្ញាណ​របស់​លោក​ភប់​ប្រសព្វ​នឹង​សុគតិ​កុំ​បី​ឃ្លៀង​ឃ្លាត​ឡើយ៕

_____________________________________________________
អាន​ផង​ដែរ
១. ស្ម័គ្រ៖ Our nation has no claim over Preah Vihear
២. ស្ម័គ្រ សុន្ទរវេជ ទទួល​មរណភាព
៣. ស្ម័គ្រ សុន្ទរវេជ នាយក​រដ្ឋមន្ត្រី​ថៃ​ទី​២៥
៤. បុណ្យ​សព​លោក ស្ម័គ្រ សុន្ទរវេជ

មតិ»

1. វុឌ្ឍី វុឌ្ឍ - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

គាត់ទៅបានសុខហើយ…

2. ស្ម័គ្រ៖ Our nation has no claim over Preah Vihear « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 24 ខែវិច្ឆិកា 2009

[…] ស្ម័គ្រ សុន្ទរវេជ […]

3. កេសី - ថ្ងៃពុធ 25 ខែវិច្ឆិកា 2009

ភ្ញាក់ផ្អើលមែនទែន ដែលឃើញ Bangkok Post ប្រកាសថាគាត់ស្លាប់ព្រឹកម៉ិញ​នេះ ។ មិននឹកស្មានថាគាត់ស្លាប់សោះ ។ អ្វីៗដូចជានៅថ្មីៗនៅឡើយ ។

4. បុណ្យ​សព​លោក ស្ម័គ្រ សុន្ទរវេជ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 25 ខែវិច្ឆិកា 2009

[…] នាយ ស្ម័គ្រ សុន្ទរវេជ […]

5. ស្ម័គ្រ សុន្ទរវេជ ទទួល​មរណភាព « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃពុធ 30 ខែធ្នូ 2009

[…] រ៉ូហ៍ មូ ហ្យុន ទទួល​មរណភាព ៥. នរណា​ជា ស្ម័គ្រ សុន្ទរវេជ? ៦. បុណ្យ​សព​លោក […]

6. បាត់​ទង់​ជាតិ​លើ​ប្រាសាទ​ព្រះ​វិហារ « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃអង្គារ 15 ខែ​កុម្ភៈ 2011

[…] ស្ម័គ្រ សុន្ទរវេជ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: