jump to navigation

ប្រវត្តិ​ពាក្យ «ពញា» ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​កុម្ភៈ 2010

Posted by សុភ័ក្ត្រ in អំពីភាសា, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ.
trackback

កកន៖ មាន​ប្រជាជន​ខ្មែរ​មិន​តិច​ទេ ដែល​អាន​ពាក្យ «ពញា» ជា ព-ញៀ រួម​ទាំង​សាស្ត្រាចារ្យ​ខ្មែរ, គ្រូ​អក្សរសាស្ត្រ​ខ្មែរ និង​មន្ត្រី​រាជការ​ខ្មែរ​ផង​ដែរ។ តាម​ពិត​ពាក្យ «ពញា» នេះ​ត្រូវ​អាន​ថា «ព្ញា» គឺ​ ព ជើង ញ និង​ស្រៈ​ អា។ សម្ដេច​ព្រះ​សង្ឃ​រាជ ជួន ណាត ធ្លាប់​បាន​មាន​ព្រះ​បន្ទូល​ថា​ទំនង​ដោយ​សារ​ខ្មែរ​ស្ទើរ​ភ្លើង​ដែល​ចេះ​តាម​ក្រោយ​បារាំង​សរសេរ​ពាក្យ​នេះ​ជា «Ponhea» ក៏​បែរ​ជា​នាំ​គ្នា​អាន​តាម​បារាំង​ទៅ​ជា «ពញា» រហូត​ដល់​សព្វ​ថ្ងៃ​នេះ។

ដើម្បី​ឲ្យ​បាន​ស្គាល់​ពាក្យ​នេះ​ជាក់​ច្បាស់ ខ្ញុំ​សូម​លើក​យក​ពី​សាវតារ​ពាក្យ «ពញា» នេះ​ពី​វចនានុក្រម​ខ្មែរ និង​ភាសា​ប្រទេស​ជិត​ខាង​យើង ដែល​បាន​ខ្ចី​ពាក្យ​នេះ​ទៅ​ប្រើ​ដូច​ត​ទៅ៖

  • តាម​វចនានុក្រម​ខ្មែរ

ពញា [ព្ញា]   ស.; ល.  ( ន. )  (ប្រើ​ពាក្យ​នេះ​ជា ព្រះយា អ. ថ. ភ្រៈយ៉ា ព. សា. ថា ផ្យា; ពះញា អ. ថ. ផ្ញា “ឲកញ៉ា”)

ពាក្យ ពញា នេះ​ជា អញ្ញត្រ​សព្ទ ពី​ព្រោះ​ត្រូវ​សរសេរ​ផ្ញើ​ជើង ញ ជា ញ បែរ​ជា​សរសេរ​រាយ​តួ​ជា ពញា វិញ ដើម្បី​កុំ​ឲ្យ​ច្រឡំ​នឹង ឭ (ឭ ឮ);

កាល​ពី​បុរាណ​ព្រេង​នាយ ហៅ​ព្រះ​រាជ​បុត្រ​ក្សត្រិយ៍​ទ្រង់​រាជ្យ​ថា ពញា ដូច​ជា ពញា​យ៉ាត, ពញា​តូ ជាដើម, លុះ​ចំណេរ​កាល​ត​មក, លែង​ហៅ ពញា បែរ​ជា​ហៅ អង្គ វិញ ដូច​ជា អង្គ​អិម, អង្គ​អេង, អង្គ​តន់, អង្គ​ដួង ជាដើម, ចំណេរ​កាល​ត​ពី​នោះ​មក ប្រែ​ហៅ​ថា ព្រះ​អង្គ​ម្ចាស់ វិញ ដរាប​ដល់​មក​សម័យ​បច្ចុប្បន្ន​នេះ។

ក្នុង​សម័យ​បន្ទាប់​ពី​ប្រែ​ ពញា ជា អង្គ វិញ​នោះ ព្រះ​មហា​ក្សត្រិយ៍​ទ្រង់​យក​ពាក្យ ពញា នេះ​មក​ប្រើ​ជា​ឋានន្តរ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​វិញ ប្រើ​ជា ៣ ថ្នាក់​គឺ ពញា, ចៅ​ពញា, សម្ដេច​ចៅ​ពញា;

លុះ​ចំណេរ​កាល​ត​ពី​នោះ​មក​ទៀត ប្រើ​ពាក្យ ឲកញ៉ា, អ្នក​ឲកញ៉ា, លោក​អ្នក​ឲកញ៉ា ជា​ជំនួស​ពាក្យ ពញា វិញ ដរាប​មក​ដល់​សព្វ​ថ្ងៃ​នេះ; ឯ​ពាក្យ ពញា បែរ​ប្រើ​ជា​ឋានន្តរ មេ​ឃុំ វិញ​ថា ពញា​រក្សា​ភិបាល​ឃុំ…; មក​ដល់​សម័យ​រាជការ​សង្គម​រាស្ត្រ​និយម​ព្រះ​ពុទ្ធ​សាសនា​ឯករាជ​អព្យាក្រឹត ផ្លាស់​ពាក្យ មេ​ឃុំ ជា នាយ​សង្កាត់ វិញ​ថា នាយ​សង្កាត់…;

ទាំង​ពាក្យ ឃុំ ក៏​ហៅ​ថា សង្កាត់ ដែរ ហៅ​ថា សង្កាត់​នេះ សង្កាត់​នោះ តាម​ឈ្មោះ​សង្កាត់​នានា​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា​ទាំងមូល, ឯ​ក្នុង​ព្រះ​រាជ​ធានី​ភ្នំពេញ​ហៅ​សង្កាត់​តាម​លំដាប់​លេខ​រៀង​ថា សង្កាត់​លេខ ១; សង្កាត់​លេខ ២; សង្កាត់​លេខ ៣។ល។ (នេះ​ជា​ប្រវត្តិ​នៃ​ពាក្យ ពញា)។

ដូច​ដែល​បាន​អធិប្បាយ​នៅ​ក្នុង​វចនានុក្រម ពាក្យ «ពញា» នេះ​ក៏​មាន​វត្ត​មាន​នៅ​ក្នុង​ភាសា​ថៃ និង​ភាសា​លាវ​ផង​ដែរ។ ភាសា​ទាំង​ពីរ​នេះ ប្រើ​ពាក្យ​នេះ​ជា ព្រះយា អ. ថ. ផ្រៈយ៉ា។ ដោយ​សរសេរ​ជា พระยา គឺ ពរះយា។ នៅ​ក្នុង​វចនានុក្រម​រាជ​បណ្ឌិត្យស្ថាន​របស់​ថៃ (ราชบัณฑิตยสถาน) បាន​ឲ្យ​និយម​ន័យ​ពាក្យ នេះ​ជា៖

พระยา น. บรรดาศักดิ์ข้าราชการผู้ใหญ่สูงกว่าพระ ตํ่ากว่าเจ้าพระยา
เช่น พระยาอนุมานราชธน.

មាន​សេចក្ដី​ជា​ភាសា​ខ្មែរ​គឺ៖

ព្រះយ៉ា ន. បណ្ដា​ស័ក្ដិ​ខ្ញុំ​រាជការ​ថ្នាក់​ខ្ពស់​ជាង​ថ្នាក់​ព្រះ ទាប​ជាង​ចៅ​ពញា
ដូច​ជា ព្រះយ៉ា​អនុមានរាជ ធន។

ហេតុ​ដូច​នេះ​យើង​អាច​សន្និដ្ឋាន​ថា ឋានន្តរ​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​ថៃ​សម័យ​ដើម​មាន​បី​ថ្នាក់​គឺ៖ ព្រះ, ព្រះយ៉ា (ពញា) និង​ចៅ​ព្រះ​យ៉ា (ចៅ​ពញា)។ គឺ​ចៅ​ពញា ជា​ឋានន្តរ​ខ្ពស់​បំផុត​នៃ​មន្ត្រី​ថៃ។

ក៏​ប៉ុន្តែ​បើ​អនុលោម​តាម​វចនានុក្រម​ខ្មែរ​វិញ​ ចៅ​ពញា គឺ​ត្រឹម​ជា​​ឋានន្តរ​​ថ្នាក់​ទី​២​នៃ​មន្ត្រី​ថ្នាក់​ខ្ពស់​សម័យ​ដើម​របស់​ខ្មែរ​ប៉ុណ្ណោះ ដ្បិត​ឋានន្តរ​នៃ​មន្ត្រី​ខ្មែរ​មាន​ចាប់​ពី៖ ពញា, ចៅ​ពញា និង សម្ដេច​ចៅ​ពញា ដែល​ជា​ឋានៈ​ខ្ពស់​បំផុត។

ចំណែក​ឯ​នៅ​ក្នុង​ភាសា​​លាវ​វិញ ពាក្យ​នេះ​ក៏​ប្រើ​ដូច​នៅ​ក្នុង​ភាសា​ថៃ​ដែរ ដោយ​​សរសេរ​ជា ພຣະຍາ គឺ ពរះញា អ. ថ. ផ្រៈញ៉ា។​ តែ​សម័យ​បច្ចុប្បន្ន​លាវ​កាត់​អក្សរ “រ” (ຣ)​ ​ចោល ដូច​នេះ​នៅ​ត្រឹម ພະຍາ គឺ ពះញ៉ា អាន​ថា ផៈញ៉ា។

មិន​មាន​ឯកសារ​ពី​ឋានន្តរ​នៃ​ការ​ប្រើ​ពាក្យ ພຣະຍາ​/ພະຍາ​ នេះ​នៅ​ក្នុង​សង្គម​លាវ​ទេ តែតាម​ប្រភព​គេហទំព័រ​មួយ​បាន​ឲ្យ​ដឹង​ថា ພຣະຍາ​/ພະຍາ (ពញា) ច្រើន​ជា​ឋានន្តរ​មន្ត្រី​នៅ​ក្នុង​ផ្នែក​តុលាការ ប្រើ​ចំពោះ​បុគ្គល​ទូទៅ តែ​បើ​បុគ្គល​នោះ​ជា​ព្រះ​វង្ស​វិញ គឺ​ប្រើ​ជា ເຈົ້າພຣະຍາ គឺ​ «ចៅ​ពញា» នេះ​ឯង។

ដូច​នៅ​ក្នុង​វចនានុក្រម​ខ្មែរ​បាន​រៀប​រាប់​ស្រាប់ ពាក្យ «ពញា» ត្រូវ​បាន​ប្រើ​ប្រាស់​ជា​យស​ស័ក្ដិ​រាជការ​ខ្មែរ​ពី​ជំនាន់​ដើម ដែល​មាន​កំណត់​ត្រា​មួយ​ចំនួន​ដូច​ត​ទៅ​នេះ៖

  • ចៅ​ពញា បណ្ដា​ស័ក្ដិ​ខ្ញុំ​រាជការ​ថ្នាក់​ខ្ពស់ គឺ​ខ្ពស់​ជាង ពញា និង​ទាប​ជាង សម្ដេច​ចៅ​ពញា។
  • ពញា​ជ័យ ជា​ឋានន្តរស័ក្ដិ​ខ្ញុំ​រាជការ​
  • ពញា​រក្សា​ភិបាល ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ឃុំ
  • ពញា​ពិស្ណុលោក ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ខែត្រ​ទ្រាំង
  • ពញា​មន្ត្រី​ភ័ក្ដី ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ខែត្រ​កំពង់​សៀម
  • ពញា​វង្សា​អនុជិត ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ខែត្រ​បាទី
  • ពញា​សួគ៌ា​លោក ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ខែត្រ​ពោធិសាត់
  • ពញា​អរជូន ជា​ឋានន្តរស័ក្ដិ​អតីត​ចៅ​ហ្វាយ​ខែត្រ​​ត្បូង​ឃ្មុំ

_______________________________________________________________
អាន​ផង​ដែរ​៖
១. អំពី​ពាក្យ​ថា «​ហ្លួង​»

Advertisements

មតិ»

1. សុវិចិត្រ - ថ្ងៃអង្គារ 9 ខែ​កុម្ភៈ 2010

ដូច្នេះ​បាន​ន័យ​ថា ឈ្មោះ​ស្ដេច​ខ្មែរ ពញា​យ៉ាត ត្រូវ​ហៅ ​ ញយ៉ាត វិញ​ហើយ​មែន​ទេ?

សុភ័ក្ត្រ - ថ្ងៃអង្គារ 9 ខែ​កុម្ភៈ 2010

មិន​មែន​អាន​វិញ​ហើយ​ទេ គេ​អាន​យូរ​ហើយ មក​ពី​យើង​អាន​ខុស!

2. ទៅ​លាវ​គ្រា​នេះ (ភាគ​៧) « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​កុម្ភៈ 2010

[…] កន្លែង​ដែល​អ្នក​ទេសចរ​ក៏​ដូច​ជា​អ្នក​ស្រុក​ចាំ​បាច់​ត្រូវ​ទៅ​ទស្សនា ឬ​សក្ការ​នោះ​គឺ​ព្រះ​ធាតុ​មឿង​ចាស់ (ស្រី​គោត្រ​ដំបង)។ ព្រះ​ធាតុ​នេះ​កសាង​ដំណាល​គ្នា​នឹង​ព្រះ​ធាតុ​នគរ​ភ្នំ នៅ​ឯ​ម្ខាង​ប្រទេស​ថៃ ហើយ​រៀង​រាល​ចុង​ខែ​មករា ប្រជាជន​ទាំង​ថៃ និង​លាវ តែង​ធ្វើ​បុណ្យ​រំឭក​តំណាល​គ្នា​ទៀត​ផង។ តាម​សម្ភាស​ជាមួយ​ព្រះ​ចៅ​អធិការ​វត្ត​នៅ​ទី​នោះ លោក​តំណាល​ថា តាម​ពិត​ពញា​ស្រី​គោត្រ​ដំបង​នេះ​មាន​កំណើត​ជា​ខ្មែរ ដែល​មក​រស់​នៅ​តំបន់​នេះ នឹង​បាន​ឡើង​ជា​ស្ដេច​នៅ​អាណាចក្រ​មួយ​ដែល​មាន​ឈ្មោះ​ថា​អាណាចក្រ​ស្រី​គោត្រ​ដំបង​នេះ​ឯង។ […]

3. ឫទ្ធី - ថ្ងៃសុក្រ 26 ខែ​មីនា 2010

លោក​សុភ័ក្រ អរគុណ​ច្រើន​ណាស់​ចំពោះ​សេចក្តី​អត្ថាធិប្បាយ​ដ៏​ក្បោះ​ក្បាយ​នេះ។ តាម​ខ្ញុំ​ដឹង អ្នក​គ្រូ ពៅ សាវរស បាន​មាន​ប្រសាសន៍​ថា ពញា ក្លាយ​មក​ពី​ភាសា​​ខ្មែរ​សម័យ​អង្គរ​ថា វ្រះ​អាជ្ញា (ព្រះ​អាជ្ញា)។ តែ​មាន​អ្នក​ប្រាជ្ញ​មួយ​ចំនួន​ទៀត (តាម​ខ្ញុំ​ចំណាំ​បាន) ថា តាម​ពិត​ ពាក្យ​នេះ​ ប្រហែល​ជា​ខ្ចី​មក​ពី​ភាសា​មន ក៏​មិន​ដឹង។
ខ្ញុំ​គ្រាន់​តែ​សូម​រំឭក​ថា សព្វ​ថ្ងៃ​នេះ ក្នុង​ភាសា​លាវ តួ​អក្សរ ຍ (យ) នៅ​ដើម​ព្យាង្គ​ អាន​ថា ញ មិន​មែន​ យ ទេ។ ដូច្នេះ ពាក្យនេះ លាវ​បញ្ចេញ​សម្លេង​ថា ផៈញ៉ា ។ បើ​ចង់​អាន​ថា យ (នៅ​ដើម​ព្យាង្គ) ត្រូវ​ប្រើ​តួ​អក្សរ ຢ (មាន​រូប​សណ្ឋាន​ក្លាយ​មក​ពី យ៍ គឺ​តួ យ និង​កន្ទុយ​កំប្រុក) វិញ។ តែ​បើ​ជា​ព្យញ្ជនៈ​ចុង​ព្យាង្គ គេ​សរសេរ​នឹង​តួ ຍ (យ) ឧ. ពាក្យ​សំស្ក្រឹត-បាលី កាយ លាវ​សរសេរ​ជា ກາຍ មិន​មែន​ជា ກາຢ ឡើយ។ ចំណែក​ឯ​សៀម គេ​បញ្ចេញ​សំឡេង​ថា ផៈយ៉ា ឬ ផ្រៈយ៉ា ព្រោះ​ភាសា​សៀម​គ្មាន​សូរ ញ​ ទេ៕

សុវិចិត្រ - ថ្ងៃសុក្រ 26 ខែ​មីនា 2010

តើភាសា​លាវ ស្រួល​រៀន​ទេ? ដូចតែ​ភាសា​ថៃ​ដែល​តា៎អីបង? ហើយ​ចុះការ​ប្រកប​របស់​លាវ​ដូច​ខ្មែរ​រឺ​ក៏ដូច ថៃ? សូម​ជួយ​ប្រាប់​ផង? និងអំពី គេហទំព័រ​ណា​ដែល​ងាយស្រួល​ រៀន​ភាសា​លាវ​នោះ? ខ្ញុំ​ដូច​ជា​ចង់ចេះ​ភាសា​លាវ​ខ្លះៗ​ដែរ!

អរគុណ៕៚

សុភ័ក្ត្រ - ថ្ងៃសុក្រ 26 ខែ​មីនា 2010

វា​មិន​ដូច​គ្នា​១០០​ភាគ​រយ​នោះ​ទេ តែ​វា​ស្រួល​រៀន ប្រសិន​បើ​យើង​ចេះ​ថៃ​ស្រាប់ គ្រាន់​ចេះ​ចំណាំ និង​កែ​សម្រួល​សំឡេង​នៃ​ការ​អាន ជា​ការ​ស្រេច។

សុភ័ក្ត្រ - ថ្ងៃសុក្រ 26 ខែ​មីនា 2010

ត្រឹម​ត្រូវ​ហើយ លោក​ឫទ្ធី តួ ຍ (យ) នៅ​ភាសា​លាវ អាន​​ថា «យ៉» ខ្ញុំ​មាន​ការ​ច្រឡំ​ទៅ ចាំ​ខ្ញុំ​កែ​សម្រួល។ សូម​អរគុណ!

4. អំពី​ពាក្យ​ថា «​ហ្លួង​» | ស្រែ​ខ្មុក - ថ្ងៃចន្ទ 29 ខែ​ឧសភា 2017

[…] _______________________________________________________________ អាន​ផង​ដែរ​៖ ១. ប្រវត្តិ​ពាក្យ «ពញា» […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: