jump to navigation

ស្កាត់​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ថ្ងៃអាទិត្យ 9 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីសុភ័ក្ត្រ.
6 comments

និយាយ​ពី​រឿង​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ឆ្នាំ​ណា​ក៏​ខ្ញុំ​បាន​ចូល​រួម​ដែល​តាំង​ពី​ឆ្នាំ​២០០០​មក​ម្ល៉េះ (លើក​លែង​តែ​២០០៣-២០០៤ ដ្បិត​នៅ​ក្រៅ​ស្រុក) មិន​ដែល​ខាន​ឡើយ។ ការ​ដែល​ទៅ​ចូល​រួម​នោះ ទី​មួយ​ចង់​ឃើញ​ព្រះ​រាជ​ពិធី និង​ទី​២ ចង់​ថត​រូប ដ្បិត​ចូល​ចិត្ត​ថត​រូប​ដែរ ទោះ​បី​មិន​ចេះ​ថត​ក៏​ដោយ។ ថត​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នេះ​គឺ​តាំង​ពី​នៅ​ប្រើ​ម៉ាស៊ីន​ថត​ហ្វីល​ឯណោះ ទាំង​ពី​សម្ដេច​តា សម្ដេច​យាយ​លោក​នៅ​ចូល​រួម ហើយ​កាល​ពី​ឆ្នាំ​២០០៦ ថែម​ទាំង​ត្រូវ​ចោរ​លួច​លូក​ហោប៉ៅ​យក​កាបូប​លុយ​ផង​ទៀត ហេហេ… យីស​យ៉ាប់​មែន។

ពីធី​បុណ្យ​ឆ្នាំ​នេះ​កុំ​អី​អត់​បាន​មើល​ទៅ​ប្រសិន​បើ​ធ្វើ​នៅ​ភ្នំពេញ ដឹង​អី​រាជការ​ចាត់​នៅ​សៀមរាប​ ធ្វើ​ឲ្យ​ចង់​ទៅ​មើល​តែ​ម្ដង ហើយ​ពី​បាងកក​មាន​អី​ឆ្ងាយ​ផង ផ្លូវ​ក៏​ស្រួល។ ចេញ​ពី​បាងកក​ទៅ​ប្រមាណ​ម៉ោង​​២​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១ ខែ​ឧសភា ឆ្នាំ​២០១០ ទៅ​ដល់​ព្រំដែន​ម៉ោង​៧​ព្រឹក​ល្មម រួច​ចាំ​ឆ្លង​ដែន​ចេញ​ទៅ​សៀមរាប ពី​ប៉ោយប៉ែត ប្រើ​រយៈ​ពេល​២​ម៉ោង​គត់ វា​មិន​អ្វី​ទេ​បាងកក​សៀមរាប​ឥឡូវ សំខាន់​មាន​លុយ​ដើរ​ចាយ​វាយ​អត់? ហេហេ…

ទៅ​ដល់​សៀមរាប​ម៉ោង​ប្រមាណ​១០​ថ្ងៃ​ត្រង់​ល្មម​ បាន​ពួក​ម៉ាក​ចេញ​ពី​ភ្នំពេញ​ម្នាក់​ដែរ ថ្ងៃ​នោះ​វា និង​ពួក​ម៉ាក​វា​ម្នាក់​ទៀត​នៅ​សៀមរាប​ស្រាប់ រួម​បី​នាក់​ជិះ​ម៉ូតូ​ដូច​ព្យុះ​ពេញ​សៀមរាប ដឹង​អី​ល្ងាច​ឡើង​ភ្លៀង​ទៀត យប់​ឡើង​ដល់​ក​ ៤​នាក់​និង​ពួក​ម៉ាក​ម្នាក់​ទៀត​ធ្វើ​ការ​នៅ​សៀមរាប​នឹង ស៊ុប និង អា​បេ​សេ ដល់​ម៉ោង​ជាង​១២​យប់​ទើប​បាន​ចូល​ដេក។ (អេ ហេម បេសកកម្ម​គ្រា​នេះ​គឺ​មក​ថត​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល យ៉ាង​ណា​ៗ​ក៏​មិន​ឲ្យ​ភ្លេច​ដែរ)។

យប់​នោះ​ស្រវឹង​មិន​ស្ទើរ​ទេ មក​ដល់​ផ្ទះ​សំណាក់​ដាក់​ព្រឹប​គ្មាន​លុប​មុខ ដុស​ធ្មេញ​ម៉ែ​មេ​កា​ភីម​ស្អី​ទេ តែ​បាន​ដាក់​នាឡិកា​រោទិ៍​​ហើយ ម៉ោង​៥ កន្លះ​មួយ​៦​មួយ ព្រោះ​ព្រឹក​នេះ​ច្បាស់​ជា​ស្ទះ​ហើយ​ទៅ​កន្លែង​ប្រារព្ធ​ពិធី​ រួច​ក៏​ដាក់​ខ្លួន​ដេក​ទៅ។

  • ព្រឹក​ឡើង

សំឡេង​ទូរស័ព្ទ​រោទិ៍! ម៉ែ​អើយ អា​ពួក​ម៉ាក​ខ្ញុំ​តេ​មក មើល​ម៉ោង​៧:១៥​នាទី​ព្រឹក ចុម​យក្ខ ខ្ញុំ​ភ្ញាក់​ដូច​គេ​ចាក់។ រាល់​ឆ្នាំ​មិន​យូរ​ទេ ម៉ោង​៦​កន្លះ​ខ្ញុំ​ទៅ​ដល់​មុខ​វាំង​ហើយ ដឹង​អី​ឆ្នាំ​នេះ ស្កាត់​ពី​ណា​ពី​ណី​មក ភ្លាត់​ស្នៀត​យប់​មិញ។ និយាយ​ទូរស័ព្ទ​ហើយ​ចេញ​ទៅ​ភ្លាម ឲ្យ​វា​ចេញ​ពី​តាម​ក្រោយ​ទៅ។ ខ្ញុំ​មុជ​ទឹក​អី​ហើយ ស្ទុះ​ចេញ​ទៅ​ឲ្យ​ម៉ូតូ​ឌុប​ស៊ុត​១០០​ៗ ទៅ​ដល់​​ម៉ែ​អើយ​មនុស្ស​មិន​ដឹង​មក​ពី​ណា​ទេ។ ខ្ញុំ​ថា​ស្ទះ​គឺ​ស្ទះ​ហើយ គឺ​តាំង​ពី​ជើង​ភ្នំ​បាក់​ខែង​ទៅ​ម្ល៉េះ កុំ​ថា​ឡើយ​ឡាន ម៉ូតូ​នឹង​ក៏​ទៅ​មិន​បាន​ដែរ។ គឺ​ច្រក​ចូល​អង្គរ​ធំ​នឹង​ឯង មិន​បាន​ទេ ខ្ញុំ​ចុះ​ពី​ម៉ូតូ​ឌុប ដើរ​ចុះ​ក្នុង​ព្រែក ឆ្លង​ចូល​ទៅ​ជិះ​ម៉ូតូ​ឌុប​នៅ​ឯ​ម្ខាង​ទៀត​ទៅ។

ទៅ​ដល់​បាយ័ន​ម៉ោង​ប្រមាណ​៨​ព្រឹក អស់​ស្ទះ​ម៉ង​មនុស្ស​មិន​ដឹង​មក​ពី​ណា ខ្ញុំ​ថា​ខក​គឺ​ខក​ហើយ ម៉ោង​ប៉ុណ្ណេះ​ទៅ​ហើយ នឹក​ឃើញ​ចង់​បន្ទោស​ខ្លួន​ឯង តែ​សំណាង​ដែរ ពិធី​ក៏​មិន​ទាន់​ចាប់​ផ្ដើម​ដែរ។ សង្ស័យ​ចាំ​ខ្ញុំ​មិន​ដឹង ហេហេ… ថ្ងៃ​នោះ​ម៉ោង​ប្រមាណ​៨​កន្លះ​ឯណោះ​ទើប​ចាប់​ផ្ដើម បើ​សិន​នៅ​ភ្នំពេញ​វិញ​ស្រេច​បាត់​ទៅ​ហើយ។ ថ្ងៃ​នោះ​ព្រះ​រាជ​ពិធី​ចប់​ម៉ោង​ប្រមាណ​១០ ចេញ​មក​វិញ​ក៏​ស្ទះ​ទៀត។ មក​ដល់​សៀមរាប​ក្រុង​ប្រមាណ​ម៉ោង​១១ ស្រស់​ស្រូប​អាហារ​ថ្ងៃ​ត្រង់​ហើយ​ម៉ោង​ប្រមាណ​១ ចេញ​ពី​សៀមរាប​មក​ប៉ោយប៉ែត​វិញ និង​មក​ដល់​បាងកក​វិញ​ម៉ោង​ប្រមាណ​៨​យប់៕


ស្ទះ​យ៉ាង​នេះ​រឿង​អី​មិន​ចុះ​ដើរ

អ្នក​មាន​កង់​អ្នក​ថ្មើរ​ជើង​រឿង​អី​នៅ​ចាំ​ឆ្លង​ក្លោង​ទ្វារ ហេហេ… វិធី​នេះ​បាន​លឿន

_______________________________________________________
អាន​ផង​ដែរ
១. ពលរដ្ឋ​សៀមរាប​រាប់​សែន​នាក់​ចូល​រួម​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
២. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៤
៣. វីដេអូ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ព.ស.​២៥៥៤
៤. ចោរ​លួច​កាបូប​លុយ​ពេល​ទៅ​មើល​បុណ្យ​ច្រត់​ព្រះ​នង្គ័ល
៥. ជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ
៦. ព្រះរាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ប្រចាំ​ព.ស.​២៥៥៥

%d bloggers like this: