jump to navigation

ស្ថានការណ៍​បាងកក ថ្ងៃពុធ 19 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, វីដេអូ, ภาษาไทย.
13 comments

  • មេ​ដឹក​នាំ​បាតុកម្ម​​ចុះ​ចាញ់​ប្រគល់​ខ្លួន​ឲ្យ​តម្រួត

ចាប់​តាំង​ពី​ព្រលឹម​ព្រឹក​មិញ​នេះ​មក រដ្ឋាភិបាល​ថៃ​របស់​នាយករដ្ឋមន្ត្រី អភិសិទ្ធិ វេជ្ជាជីវៈ​​ បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ក្ដៅ​ឡោម​ព័ទ្ធ​ និង​រឹប​អូស​យក​ទី​តាំង​របស់​ពួក​បាតុករ​អាវ​ក្រហម​ហើយ។

ក្រុម​ទាហាន​បង្ក្រាប​បាតុកម្ម​បាន​ទទួល​បញ្ជា​យ៉ាង​ម៉ឺង​ម៉ាត់ និង​សម្រុក​យ៉ាង​ពេញ​ទំហំ បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​ព្រម​ទាំង​ស្លាប់​ផង​ដែរ។

ផែន​ការ​ដ៏​ខ្លាំង​ក្លា​នេះ​បាន​បណ្ដាល​ឲ្យ​មេ​ដឹក​នាំ​បាតុករ​អាវ​ក្រហម​ទាំង​អស់ យល់​ព្រម​ចុះ​ចាញ់ និង​បាន​ប្រគល់​ខ្លួន​ឲ្យ​តម្រួត​ហើយ មាន​នាយ ចតុពរ ព្រហ្មពន្ធុ (ថៃ៖ จตุพร พรหมพันธุ์) និង​នាយ ណ័ដ្ឋវុឌ្ឍិ ស្យៃកឿ (ថៃ៖ ณัฐวุฒิ ใสยเกื้อ) ជា​ដើម ព្រម​ទាំង​​បាន​ប្រកាស​ឲ្យ​បាតុករ​ទាំង​អស់​រំសាយ និង​វិល​ត្រឡប់​ទៅ​ភូមិ​លំនៅ​វិញ ទាំង​ទឹក​ភ្នែក​ហូរ។

  • ក្រុម​បាតុករ​មិន​ព្រម​បន្ត​ធ្វើ​បាតុកម្ម

ក្រុម​បាតុករ​ដែល​ស្មោះ​ស្ម័គ្រ​បាន​ខឹង​ក្រេវក្រោធ​ជា​ខ្លាំង​ចំពោះ​មេ​ដឹក​នាំ​របស់​ពួក​គេ​ដែល​បាន​យល់​ព្រម​ចុះ​ចាញ់ និង​ប្រកាស​ផ្ដាច់​ខ្លួន​ឥស្សរៈ​បន្ត​ធ្វើ​បាតុកម្ម​ទៀត​នៅ​តាម​ចំណុច​នានា​នៅ​ទីក្រុង​បាងកក។ នៅ​ពេល​នេះ​ពួក​គេ​បន្ត​ដុត​កង់​ឡាន និង​អាគារ​ដែល​នៅ​ក្បែរ​ៗ​នោះ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ចលាចល និង​ផ្សែង​ខ្មៅ ព្រម​ទាំង​ឆេះ​អាគារ​មួយ​ចំនួន​នៅ​ក្នុង​ទីក្រុង ដូច​ជា​រោង​ភាពយន្ត​ស្យាម ធនាគារ​ក្រុង​ទេព ស្ថានីយ៍​រថ​ភ្លើង និង​អាគារ​មួយ​ចំនួន​ទៀត។

  • ពួក​អាវ​ក្រហម​តាម​ខេត្ត​ឡោម​ព័ទ្ធ​សាលា​ខេត្ត

ការ​បង្ក្រាប​បាតុករ​អាវ​ក្រហម​នៅ​ទីក្រុង​បាងកក​នេះ បាន​ធ្វើ​ឲ្យ​ក្រុម​អាវ​ក្រហម​ជា​ច្រើន​នៅ​តាម​បណ្ដា​ខេត្ត​នានា​របស់​ថៃ​មាន​ការ​ខឹង​សម្បារ និង​តាម​របាយការណ៍​ថា​មាន​ការ​ឡោម​ព័ទ្ធ​សាលា​ខេត្ត​មួយ​ចំនួន​ និង​ដុត​សាលា​ខេត្ត​ផង​ទៀត ដូច​ជា​សាលា​ខេត្ត​ឧបល​រាជធានី​ជាដើម។

  • ប្រកាស​បម្រាម​គោចរ

រដ្ឋាភិបាល​ថៃ​បាន​សម្រេច​ប្រកាស​ប្រើ​ប្រាស់​បម្រាម​គោចរ​ហើយ សម្រាប់​ទី​ក្រុង​បាងកក​នា​ថ្ងៃ​នេះ ដោយ​ហាម​ប្រាម​មិន​ឲ្យ​ប្រជាជន​ទាំង​អស់​ចាក​ចេញ​ពី​​គេហដ្ឋាន​ចាប់​ពី​ម៉ោង​២០.០០​នាទី​ថ្ងៃ​ទី​១៩ ឧសភា នេះ រហូត​ដល់​ម៉ោង​៦.០០ ថ្ងៃ​ទី​២០ ឧសភា ២០១០។




__________________________________________
អាន​ផង​ដែរ៖
១. ១៧ មេសា នៃ​ស្យាម​ប្រទេស
២. អវសាន​បាងកក
៣. ឱ! បាងកក​អើយ!
៤. ក្រហម​ពេញ​ផែន​ដី
៥. បោស​សម្អាត​ខ្ទេច — បន្ត​បំរាម​គោចរ​ពីរ​យប់​ទៀត
៦. មេ​ដឹក​នាំ​អាវ​ក្រហម
៧. សំណោក​អតីតកាល
៨. ขอความสุข..คืนกลับมา
៩. ទេសកាល​ផ្លវ​ស៊ីលុម

%d bloggers like this: