jump to navigation

មេ​ដឹក​នាំ​អាវ​ក្រហម ថ្ងៃសុក្រ 21 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, ภาษาไทย.
8 comments

តំណាល​បាតុករ​អាវ​ក្រហម​ដែល​ធ្វើ​ឲ្យ​ជញ្ជួយ​ប្រទេស​ថៃ​ទាំង​មូល​ក៏​ដូច​ជា​ទូទាំង​ពិភព​លោក​នោះ ថា​ចប់? ឬ​ស្លេះ​សិន​ ឬ​យ៉ាង​ណា​ក៏​មិន​មិន​នរណា​ដឹង​ច្បាស់​ដែរ។ តែ​អ្វី​ដែល​មើល​ឃើញ​ពិត​នៅ​គ្រា​នេះ គឺ​គ្មាន​ទេ​ការ​មក​អង្គុយ​តវ៉ា ដេក​ពាស​វាល​កាល​តាម​ផ្លូវ​នៅ​បាងកក​ទៀត​នោះ បន្ទាប់​ពី​រដ្ឋាភិបាល​ថៃ​បាន​បោស​សម្អាត​រាប និង​មេ​ដឹក​នាំ​សំខាន់​ៗ​របស់​ពួក​នេះ​បាន​យល់​ព្រម​ចុះ​ចាញ់ និង​ព្រម​ប្រគល់​ខ្លួន​ដល់​តម្រួត​នោះ។

ការ​ដែល​មេ​ដឹក​នាំ​សំខាន់​ៗ​សុខ​ចិត្ត​ប្រគល់​ខ្លួន ក្នុង​បុព្វហេតុ​បញ្ឈប់​ការ​វាយ​លុក​លុយ​ដ៏​សន្ធប់​របស់​រដ្ឋាភិបាល​ថៃ ក្នុង​ប្រយោជន៍​រក្សា​ជីវិត​អ្នក​រួម​បាតុករ​រាប់​ពាន់​នោះ គឺ​ជា​ហេតុ​ផល​សុចិត​ដែល​គួរ​ឲ្យ​សរសើរ។

នៅ​ពេល​នេះ​ខ្ញុំ​សូម​ណែនាំ​ឲ្យ​ស្គាល់​ខ្លះ​ៗ​ពី​មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម​៥​រូប​សំខាន់​ៗ ដែល​ពេល​នេះ​បាន​ប្រគល់​ខ្លួន​ឲ្យ​តម្រួត​ថៃ​រៀប​រយ​នោះ មាន​ដូច​ត​ទៅ៖


វីរៈ មុសិកពង្ស

วีระ มุสิกพงศ์

លោក វីរៈ មុសិកពង្ស (ថៃ៖ วีระ มุสิกพงศ์) [ស.ថ៖ វី.រ៉ាក់.មុ.ស៊ិក.កៈ.ភុង] គឺ​ជា​ប្រធាន​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ (ថៃ៖ แนวร่วมประชาธิปไตยต่อต้านเผด็จการแห่งชาติ แดงทั้งแผ่นดิน (นปช.)) ឬ​ក្រុម​អាវ​ក្រហម​នេះ​ឯង។

លោក​ជា​អតីត​រដ្ឋមន្ត្រី​ជា​ច្រើន​ក្រសួង, អតីត​អ្នក​នាំ​ពាក្យ​ប្រចាំ​ទីស្ដី​ការ​នាយករដ្ឋមន្ត្រី​របស់​រដ្ឋបាល​លោក សេនីយ៍ ប្រាមោជ និង​ជា​អតីត​សមាជិក​សភា​តំណាង​រាស្ត្រ (ផ្នែក​បញ្ជី​រាយ​នាម) អតីត​គណៈកម្មការ​គ្រប់​គ្រង​គណបក្ស​ថៃ​ស្រឡាញ់​ថៃ។ ជា​មេ​ដឹក​នាំ​ចលនា​ប្រឆាំង​ទាហាន​ផ្ដាច់​ការ កាល​ពី​ឆ្នាំ​២០០៧ និង​ជា​អតីត​អ្នក​ដំណើរ​ការ​កម្មវិធី​ទូរទស្សន៍​ «ការ​ពិត​ថ្ងៃ​នេះ» របស់​ស្ថានីយ៍​ទូរទស្សន៍ អេន​ប៊ី​ធី។

ប្រវត្តិ

លោក វីរៈ មុសិកពង្ស កើត​នៅ​ថ្ងៃ​ទី​២៤ ខែ​ឧសភា ឆ្នាំ​១៩៤៨ ក្នុង​ស្រុក​រៈនោត ខេត្ត​សុងខ្លា។ បញ្ចប់​ការ​សិក្សា​នីតិសាស្ត្រ​បណ្ឌិត សាកលវិទ្យាល័យ​ធម្មសាស្ត្រ ក្នុង​ឆ្នាំ​១៩៧២។

លោក វីរៈ មុសិកពង្ស ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​មេ​ដឹក​នាំ​ដែល​មាន​ភាព​ចាស់​ទុំ និង​ប្រណី​ប្រណម។ លោក​បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​ចាប់​ខ្លួន​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១០។


ចតុពរ ព្រហ្មពន្ធុ
จตุพร พรหมพันธุ์

លោក ចតុពរ ព្រហ្មពន្ធុ (ថៃ៖ จตุพร พรหมพันธุ์) [ស.ថ៖ ចៈ.តុ.ផន.ព្រំ.ផាន់] គឺ​ជា​សមាជិក​សភា​តំណាង​រាស្ត្រ គណបក្ស​ដើម្បី​ថៃ (ថៃ៖ เพื่อไทย) ជា​អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ថៃ​ស្រឡាញ់​ថៃ។

ប្រវត្តិ

លោក ចតុពរ ព្រហ្មពន្ធុ កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩៦៥ នៅ​ស្រុក​បាននាសារ ខេត្ត​សុរាស្ត្រធានី។ បញ្ចប់​ការ​សិក្សា​ផ្នែក​រដ្ឋ​សាស្ត្រ សាកលវិទ្យាល័យ​រាមកំហែង។

លោក​បាន​ចូល​រួម​ជា​មេ​ដឹក​នាំ​ម្នាក់​របស់​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ និង​ចូល​រួម​ជា​ពិធីករ​ក្នុង​កម្មវិធី​ទូរទស្សន៍ «ការ​ពិត​ថ្ងៃ​នេះ» ផង​ដែរ។ លោក​បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១០។


ណ័ដ្ឋវុឌ្ឍិ ស្យៃកឿ

ณัฐวุฒิ ใสยเกื้อ

លោក ណ័ដ្ឋវុឌ្ឍិ ស្យៃកឿ (ថៃ៖ ณัฐวุฒิ ใสยเกื้อ) [ស.ថ៖ ណាត់.ឋៈ.វុត.សៃ៎.កឿ] គឺ​ជា​អ្នក​នាំ​ពាក្យ​មេ​ដឹក​នាំ​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ។ អ្នក​ដំណើរ​ការ​កម្មវិធី​ទូរទស្សន៍ «ការ​ពិត​ថ្ងៃ​នេះ»។ អតីត​អ្នក​នាំ​ពាក្យ​ប្រចាំ​ទីស្ដីការ​នាយករដ្ឋមន្ត្រី អតីត​ជំនួយ​ការ​ស្ថានីយ៍​ទូរទស្សន៍​ភីធីវី និង​ជា​អតីត​អ្នក​នាំ​ពាក្យ​គណបក្ស​ថៃ​ស្រឡាញ់​ថៃ។

ប្រវត្តិ

លោក ណ័ដ្ឋវុឌ្ឍិ ស្យៃកឿ កើត​ថ្ងៃ​ទី​០៤ ខែ​មិថុនា ឆ្នាំ​១៩៧៥ នៅ​ស្រុក​សិជល ខេត្ត​នគរ​ស្រី​ធម្មរាជ។ ចប់​ការ​សិក្សា​ថ្នាក់​បឋម​ឯ​សាលា​រៀន​វត្ត​ព្រះ​មហា​ធាតុ កាល​ពី​ឆ្នាំ​១៩៨៧, ថ្នាក់​មធ្យម​សិក្សា​​ឯ​សាលារៀន​បេញ្ចមរាជូទិស នគរ​ស្រី​ធម្មរាជ កាល​ពី​ឆ្នាំ​១៩៩៣។ បន្ទាប់​មក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​ត្រី នីទេសសាស្ត្រ​បណ្ឌិត ពី​សាកលវិទ្យាល័យ​ធុរកិច្ច​បណ្ឌិត កាល​ពី​ឆ្នាំ​១៩៩៨, បរិញ្ញា​ទោ រដ្ឋប្រសាសនសាស្ត្រ​មហា​បណ្ឌិត ស្ថាប័ន​បណ្ឌិត​វឌ្ឍន​បរិហារ​សាស្ត្រ កាល​ពី​ឆ្នាំ​២០០៥។

នៅ​ឆ្នាំ​២០០៨ លោក​បាន​ចូល​រួម​ធ្វើ​ពិធីករ​ក្នុង​កម្មវិធីទូរទស្សន៍​ «ការ​ពិត​ថ្ងៃ​នេះ» និង​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ក្រុម​អាវ​ក្រហម។ លោក​បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​នៅ​ថ្ងៃ​ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១០។


ហ្វេង តូចិរាការ

เหวง โตจิราการ

លោក ហ្វេង តូចិរាការ (ថៃ៖ เหวง โตจิราการ) [ស.ថ៖ វេង.តូ.ជិ.រ៉ា.កាន] គឺ​ជា​មេ​ដឹក​នាំ​ម្នាក់​ទៀត​របស់​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ, អតីត​នាយ​កង​អង្គ​ការ​និស្សិត​សាកលវិទ្យាល័យ​មហិតុល។

ប្រវត្តិ

លោក ហ្វេង តូចិរាការ កើត​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា ឆ្នាំ​១៩៥១។ លោក​បាន​បញ្ចប់​ការ​សិក្សា​ពី​ផ្នែក​ពេទ្យ​សាស្ត្រ​មន្ទីរ​ពេទ្យ​រាមាធិបតី សាកលវិទ្យាល័យ​មហិតុល កាល​ពី​ឆ្នាំ​១៩៧៣។

លោក ហ្វេង តូចិរាការ ជា​អ្នក​ចរចា​ម្នាក់​ក្នុង​ចំណោម​អ្នក​ចរចា​ទាំង​៣ ដែល​បាន​ចូល​រួម​ចរចា​ជាមួយ​លោក​នាយករដ្ឋមន្ត្រី អភិសិទ្ធិ វេជ្ជាជីវៈ​​ ទាំង​២​លើក ដែល​ការ​ចរចា​នោះ​មិន​ទទួល​ជោគ​ជ័យ​ឡើយ។ លោក​បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១០។


កកែវ ពិកុលទង

ก่อแก้ว พิกุลทอง

លោក កកែវ ពិកុលទង (ថៃ៖ ก่อแก้ว พิกุลทอง) [ស.ថ៖ ក.កែវ.ភិ.កុន.ថង] គឺ​ជា​មេ​ដឹក​នាំ​ម្នាក់​ទៀត​របស់​សម្ព័ន្ធ​ជាតិ​ប្រជាធិបតេយ្យ​ប្រឆាំង​អំណាច​ផ្ដាច់​ការ និង​ជា​អតីត​ជំនួយ​ការ​ស្ដី​ទី អង្គការ​បញ្ញើ និង​វត្ថុភណ្ឌ។

ប្រវត្តិ

លោក កកែវ ពិកុលទង កើត​នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​១៩៦៥ នៅ​ស្រុក​តៈកួទុង ខេត្ត​ផ័ងង៉ា។ លោក​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​មធ្យម​ពី​សាលា​រៀន​ភូកេត​វិទ្យាល័យ, ចប់​បរិញ្ញាត្រី​វិស្វកម្មសាស្ត្រ ពី​ស្ថាប័ន​តិចណូឡូជី​ព្រះ​ចម​ក្លៅ​ចៅ​ឃុន​ទាហាន​លាតក្របាំង កាល​ពី​ឆ្នាំ​១៩៨៨, ចប់​បរិញ្ញា​ទោ MBA International Program ពី​សាកលវិទ្យាល័យ​បាងកក កាល​ពី​ឆ្នាំ​១៩៩៩ និង​បាន​ជ្រើស​រើស​ឲ្យ​ធ្វើ​ជា​ប្រធាន​និស្សិត​បរិញ្ញា​ទោ កាល​ពី​ឆ្នាំ​១៩៩៨។

លោក កកែវ ពិកុលទង បាន​ក្លាយ​ជា​ពិធីករ​កិត្តិយស​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍ «ការ​ពិត​ថ្ងៃ​នេះ» និង​ជា​បន្ត​បន្ទាប់​បាន​ក្លាយ​ជា​មេ​ដឹក​នាំ​ម្នាក់​របស់​ក្រុម​អាវ​ក្រហម។ លោក​បាន​ចូល​ខ្លួន​ឲ្យ​តម្រួត​នៅ​ថ្ងៃ​ទី​២០ ខែ​ឧសភា ឆ្នាំ​២០១០។

__________________________________________
អាន​ផង​ដែរ៖
១. បោស​សម្អាត​ខ្ទេច — បន្ត​បំរាម​គោចរ​ពីរ​យប់​ទៀត
២. ស្ថានការណ៍​បាងកក
៣. មើល​មុខ​អាប​ថៃ​ដែល​​ចង់​ស៊ី​ខ្មែរ​ទាំង​រស់

%d bloggers like this: