jump to navigation

Repost: អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍ ថ្ងៃពុធ 26 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, ពីនេះពីនោះ, អំពីស្រុកខ្មែរ, ภาษาไทย, ພາສາລາວ, Tiếng Việt.
5 comments

ក្នុង​សម័យ​សាកលភាវូបនីយកម្ម​នេះ អាគារ​ខ្ពស់​បាន​ក្លាយ​មក​ជា​តំណាង​នៃ​ការ​រីក​ចម្រើន​នៃ​រដ្ឋ​នីមួយ​ៗ​ទៅ​ហើយ។ ប្រទេស​នានា​នៅ​លើ​សកល​លោក​នាំ​គ្នា​ប្រកួត​ប្រជែង​សាងសង់​អាគារ​ខ្ពស់​ៗ​កប់​ពពក​ដើម្បី​សំញែង​ពី​ភាព​រីក​ចម្រើន​របស់​ប្រទេស​ខ្លួន​នីមួយ​ៗ។ ទាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ដែល​ជា​ប្រទេស​តូច​តាច​ទើប​ងើប​ពី​សង្គ្រាម ក៏​ចេះ​តែ​ខំ​ប្រកួត​នឹង​គេ​ដែរ ចំពោះ​ការ​កសាង​អគារ​នេះ យ៉ាង​ហោច​ណាស់​ក្នុង​តំបន់។ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៃ​ប្រទេស​កម្ពុជា បាន​ធ្លាប់​ទាំង​ចេញ​សេចក្ដី​នែនាំ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​សាង​សង់​អាគារ​ខ្ពស់​ៗ​នៅ​ទីក្រុង​ភ្នំពេញ និង​ផ្ដល់​មេដាយ​លើក​ទឹក​ចិត្ត​ដល់​អ្នក​ណា​ដែល​បាន​សាង​សង់​អាគារ​ខ្ពស់​ៗ​ជាង​គេ​ទៀត​ផង។

នៅ​ក្នុង​ប្រទេស​អាស៊ី​អគ្នេយ៍​ទាំង​១០​ប្រទេស​នេះ អាគារ​ខ្ពស់​ៗ​ទំនើប​ៗ​បាន​សាង​សង់​ឡើង​ពាស​ពេញ​ឧបទ្វីប​នេះ មិន​ចាញ់​ប្រទេស​នានា​នៅ​លើ​សាកលលោក​ទេ មក​ដល់​ពេល​នេះ ប្រទេស​ម៉ាឡេស៊ី​​មាន​អាគារ​ខ្ពស់​ជាង​គេ ព្រម​ទាំង​ធ្លាប់​ជាប់​ជា​អាគារ​ខ្ពស់​ជាង​គេ​របស់​ពិភពលោក​ផង​ដែរ បន្ទាប់​មក​គឺ​អាគារ​នៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ ជាប់​ចំណាត់​ថ្នាក់​លេខ​២​ខ្ពស់​ជាង​គេ។

នៅ​ពេល​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ មុខ​មាត់​របស់​អាស៊ី​អគ្នេយ៍​នឹង​ផ្លាស់​ប្ដូរ​ថែម​ទៀត នៅ​ពេល​ដែល​ប្រទេស​កំពុង​អភិវឌ្ឍន៍​នានា​ មាន​ដូច​ជា កម្ពុជា និង​វៀតណាម ជា​ដើម​កំពុង​តែ​ចូល​ខ្លួន​ទៅ​ក្នុង​សង្គម​បែប​បស្ចឹម​ប្រទេស​នោះ។ រៀតណាម ដែល​កំពុង​សម្រុក​សាងសង់​អាគារ​កប់​ពពក ពាសពេញ​ផ្ទៃ​ប្រទេស​នោះ កំពុង​តែ​ឈាន​មុខ​គេ​ក្នុង​ការ​កសាង ហើយ​នៅ​តែ​ប៉ុន្មាន​ពីរ​បី​ឆ្នាំ​ខាង​មុខ​នេះ អាគារ​ខ្ពស់​ៗ​នៅ​វៀតណាម នឹង​ឈរ​លំដាប់​លេខ​២ លើ​ប្រទេស​ថៃ​ទៅ​ទៀត។

ប្រទេស​កម្ពុជា​យើង​មក​ដល់​ថ្ងៃ​នេះ មាន​អាគារ​ខ្ពស់​ជាប់​ចំណាត់​ថ្នាក់​លេខ​៧ ដែរ​នៅ​អាស៊ី​អគ្នេយ៍ គឺ​អាគារ​កាណាឌីយ៉ា ឬ OCIC Tower ដែល​មាន​កម្ពស់​៣២​ជាន់ ព្រម​ទាំង​អគារ​ខ្ពស់​ៗ​មួយ​ចំនួន​ទៀត​ដូច​ជា អាគារ​មាស​៤២​ជាន់ (Gold Tower 42) និង​អាគារ​ហិរញ្ញវត្ថុ​អន្តរជាតិ​៥២​ជាន់​ (FIC 52) ជា​ដើម។ ចំណែក​ឯ​ប្រទេស​ភូមា ដ្បិត​តែ​ពេល​នេះ មាន​អាគារ​ទាប​ជាង​ប្រទេស​កម្ពុជា​មែន តែ​បើ​និយាយ​ពី​បរិមាណ​អាគារ​ខ្ពស់​ៗ​ចាប់​ពី​១៥​ជាន់​ឡើង​ទៅ គឺ​មាន​ច្រើន​ពាស​ពេញ​ទីក្រុង ពោល​គឺ​ច្រើន​ជាង​ទីក្រុង​ភ្នំពេញ​របស់​ប្រទេស​កម្ពុជា​ច្រើន​ណាស់ ហើយ​ប្រជាជន​ប្រទេស​នេះ​មាន​ទម្លាប់​រស់​នៅ​អាគារ​ខ្ពស់​ៗ​ទៀត​ផង។ ក៏​ដូច​ជា​ប្រទេស​កម្ពុជា និង​រៀតណាម​ដែរ គម្រោង​សាង​សង់​អាគារ​ខ្ពស់​ៗ​ជា​ច្រើន​ទៀត​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ក្នុង​ប្រទេស​នេះ។ ចំណែក​ឯ​នៅ​ក្នុង​ប្រទេស​លាវ​ ឯណេះ​វិញ គេ​មិន​ឃើញ​មាន​គម្រោង​សាងសង់​អាគារ​ខ្ពស់​ៗ​ណា​មួយ​គួរ​ឲ្យ​កត់​សម្គាល់​ទេ ដែល​មក​ដល់​ពេល​នេះ ទីក្រុង​វៀងច័ន្ទន៍​របស់​ប្រទេសលាវ មាន​អាគារ​ខ្ពស់​ជាង​គេ​មួយ​កម្ពស់​១៤​ជាន់​ ឈ្មោះ ដនច័ន្ទន៍​ផាលេស។

ខាង​ក្រោម​នេះ​ជា​លំដាប់​អាគារ​ខ្ពស់​ៗ​នៅ​ប្រទេស​អាស៊ី​អាគ្នេយ៍​ទាំង​១០ (ស្រង់​ចេញ​ពី http://www.emporis.com)

  1. ម៉ាឡេស៊ី អាគារ Petronas Tower 1 ទីក្រុង​កូឡាឡាំពួរ, ​កម្ពស់​៤៥៣​ម៉ែត្រ, ៨៨​ជាន់, ឆ្នាំ​១៩៩៨
  2. ថៃ អាគារ Baiyoke Tower II ទីក្រុង​បាងកក, កម្ពស់​៣០៤​ម៉ែត្រ, ៨៥​ជាន់, ឆ្នាំ​១៩៩៧
  3. សិង្ហបុរី អាគារ Republic Plaza កម្ពស់​២៨០​ម៉ែត្រ, ៦៦​ជាន់, ឆ្នាំ​១៩៩៦
  4. ហ្វីលីពីនស៍ អាគារ PBCOM Tower ទីក្រុង Makati កម្ពស់​២៥៩​ម៉ែត្រ, ៥៥​ជាន់, ឆ្នាំ​២០០០
  5. ឥណ្ឌូនេស៊ី អាគារ Wisma 46 ទីក្រុង​ចាការតា, កម្ពស់​២៥០​ម៉ែត្រ, ៥០​ជាន់, ឆ្នាំ​១៩៩៦
  6. វៀតណាម អាគារ Saigon Trade Center ទីក្រុង​ព្រៃនគរ, កម្ពស់​១៤៥​ម៉ែត្រ, ៣៣​ជាន់, ឆ្នាំ​១៩៩៧
  7. កម្ពុជា អាគារ​កាណាឌីយ៉ា ឬ OCIC Tower ទីក្រុង​ភ្នំពេញ, ៣២​ជាន់, ឆ្នាំ​២០០៩
  8. ភូមា អាគារ Traders Hotel ទីក្រុង​រ៉នកុន, ២២​ជាន់, ឆ្នាំ​១៩៩៦
  9. ប្រ៊ុយណេ អាគារ​ក្រសួង​ហិរញ្ញវត្ថុ, កម្ពស់​១២០​ម៉ែត្រ, ២១​ជាន់, ឆ្នាំ​២០០១
  10. លាវ អាគារ Don Chan Palace Hotel, ទីក្រុង​វៀងច័ន្ទន៍, ១៤​ជាន់, ឆ្នាំ​២០០៤

រូបភាព​នៃ​អាគារ​ទាំង​១០​នៅ​អាស៊ី​អគ្នេយ៍





__________________________________________________
អាន​ផង​ដែរ៖
១. អាគារ​ខ្ពស់​ៗ​នៅ​អាស៊ី​អគ្នេយ៍

%d bloggers like this: