jump to navigation

រូបសំណាក​ក្ដាន់​ពីរ​នឹង​ត្រូវ​យក​ចេញ ដើម្បី​អភិវឌ្ឍន៍​ស្ពាន​អាកាស​ឆ្លង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ថ្ងៃអាទិត្យ 30 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
8 comments

ដោយ៖ កោះ​ឯករាជ្យ

ថ្ងៃ​អាទិត្យ ទី​៣០ ខែ​ឧសភា ឆ្នាំ​២០១០

រាជធានី​ភ្នំពេញ៖ បញ្ហា​កកស្ទះ​ច​រាចរណ៍​កំពុង​ក្លាយជា​កង្វល់​យ៉ាង​ខ្លាំង​នា​ពេលបច្ចុប្បន្ន​សម្រាប់​សាលា​រាជធានី​ភ្នំពេញ ក្នុងពេល​ដែល​កំណើន​ប្រជាពលរដ្ឋ និង​ម​ធ្យោបាយ​យាន​ជំនិះ​មាន​ការ​កើនឡើង​យ៉ាង​គំហុក​ឥត​ឈប់​ឈរ​នោះ។ ក្នុង​រយៈពេល​កន្លង​មក​ទោះ​បី​សាលា​រាជធានី​ភ្នំពេញ ក៏​ដូច​ជា​រាជរ​ដ្ឋាភិ​បាល បាន​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ ជា​ពិសេស​ការ​ស្ថាបនា​ផ្លូវ ការ​ដាក់​ភ្លើងស្ដុប ការ​ដាក់​របាំង​ថ្ម​ចែក ទ្រូងផ្លូវ និង​ការ​បន្ថែម​កម្លាំង​នគរបាល​ចរាចរ ឱ្យ​ចុះ​ជាប់​ជា​ប្រចាំ​ក្ដី ក៏​បញ្ហា​កកស្ទះ​ចរាចរណ៍​នេះ​នៅ​តែ​កើត​មាន​ដដែល​ជា​ដដែល។

ស្ថិត​ក្នុង​បរិការណ៍​នេះ សាលា​រាជធានីភ្នំពេញ បាន​រក​ឃើញ​មធ្យោបាយ​ថ្មី​មួយ​ទៀត គឺ​ការ​ស្ថាបនា​ផ្លូវ​ហោះ ឬ​ស្ពាន​អាកាស ដែល​មាន​ការ​ជឿជាក់​ថា នឹង​ជួយ​កាត់​បន្ថយបញ្ហា​នេះ​យ៉ាង​មាន​ប្រសិទ្ធភាព។ ជាក់​ស្ដែង​ស្ពាន​អាកាស​ក្បាលថ្នល់​បាន​ស្ថាបនា​ជិត​រួចរាល់​ហើយ និង​គ្រោង​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​​នៅ​អំឡុង​ខែមិថុនា ឆ្នាំ​២០១០ ដើម្បីរំដោះ​ចរាចរណ៍​នៅ​តំបន់​ក្បាល​ថ្នល់​​ដែល​តែង​មាន​ការ​កកស្ទះ​នោះ។ ពេល​នេះសាលា​រាជធានី​ភ្នំពេញ មាន គម្រោង​ស្ថាបនា​ស្ពាន​អាកាស ឬ​ផ្លូវ​ហោះ​កាត់ទទឹង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ផ្លូវ ខាងលិច​ជាប់​ក្រសួង​អភិវឌ្ឍន៍ជនបទ ហោះរំលង​សួនច្បារ​ក្ដាន់​ពីរ ចូល​ទៅ​តំបន់​អភិវឌ្ឍន៍​បឹង​កក់ ដើម្បី​រំដោះ​ការ​កក​ស្ទះ​តំបន់​នេះ។

មន្ដ្រី​​ជំនាញ​សាលា​រាជធានី​ភ្នំពេញ បានឱ្យដឹង​ថា សាលា​រាជធានី​ភ្នំពេញ​បាន​និង​កំពុង​រៀប​ចំ​​ស្ថាបនា​ស្ពាន​អាកាស​មួយទៀត កាត់​មហា​វិថី​សហព័ន្ធ​រុ​ស្ស៊ី ត្រង់​ចំណុច​ក្ដាន់​ពីរ ដែល​គម្រោង​ប្លង់​នេះ​បាន​រៀបចំ​រួច​ហើយ គឺ​រង់ចាំតែ​ការ​ពិនិត្យ និង​ការ​កែសម្រួល​បន្ដិច​បន្ដួច​ពីថ្នាក់ដឹកនាំ​ប៉ុណ្ណោះ។ ផ្លូវ​នេះ​ហោះ​ស្រប​ផ្លូវខាងលិច​ជាប់​ក្រសួង​អភិវឌ្ឍន៍​ជនបទ ដោយ​ហោះ​រំលង​សួន​ក្ដាន់​ពីរ ឆ្ពោះទៅ​តំបន់​បឹង​កក់ ប្រវែង​ប្រមាណ​៤០០​ម៉ែត្រ ទទឹង​១៦​ម៉ែត្រ និង​មាន​ផ្លូវ​អម​នៅ​ខាងក្រោម​ទៀត​ផង ហើយ​គម្រោង​នេះ​នឹង​ត្រូវ​អនុវត្ដ​ក្នុង​ពេល ឆាប់​ៗ​ខាង​មុខ​នេះ។ ដោយសារ​ការ​ស្ថាបនាស្ពាន​អាកាស​នេះ សាលា​រាជធានី​ភ្នំពេញ ត្រូវ​បង្ខំ​ចិត្ដ​ដក​រូបសំណាក​ក្ដាន់​ពីរ​នេះ​ចេញ​តែម្ដង​។

ទាក់ទិន​ទៅ​នឹង​ការ​ដក​រូប​សំណាក​ក្ដាន់​ពីរ​នេះ​ចេញ មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើងខុស​ៗ​គ្នា ដោយ​អ្នកខ្លះ​ថា សាលា​រាជធានី​ភ្នំពេញ មិន​គួរ​ដក​រូប​សំណាក​ក្ដាន់​ពី​នេះ​ចេញនោះ​ទេ ពីព្រោះ​វា​មិន​ប៉ះពាល់​អ្វី​ដល់​ស្ពាន​អាកាស​ដែល​ប្រុង​កសាង​នោះ​ឡើយ​។ បើ​ដក​ចេញ​រូប​សំណាក​នេះ ឈ្មោះ​ក្ដាន់​ពីរ​នឹង​ត្រូវ​បាត់​បន្ដិច​ម្ដង​ៗ ដែល​ឈ្មោះ​នេះ​ត្រូវ​បាន គេ​ហៅ និង​ស្គាល់​ថា តំបន់​នេះ គឺ​តំបន់​ក្ដាន់​ពីរ ហើយ​មតិ​នេះ ក៏​បាន​លើក​ឡើង​ពី​សំណូមពររបស់​អ្នក​រស់នៅ​តំបន់​នេះ ដល់​សាលា​រាជធានី​ភ្នំពេញ​ថា គួរ​ដាក់​ឈ្មោះ​ស្ពាន​ហោះ​ក្ដាន់​ពីរ​ដើម្បី​កុំឱ្យ​បាត់ឈ្មោះ។

ចំណែក​ឯ​មតិ​មួយចំនួន​ទៀត​បាន​លើក​ឡើង​ថា ការ​អភិវឌ្ឍន៍ ចៀស​មិន​ផុត​ពី​ការ​ប៉ះពាល់​បន្ដិចបន្ដួច​នោះទេ តែ​សំខាន់​គឺ​ផល​ប្រយោជន៍​ធំ​ក្នុង​យុទ្ធសាស្ដ្រ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍។ ពិតជា​គួរ​ឱ្យ​ស្ដាយ​ដែរ ដែល​យើង​ខំ កសាង​រូបសំណាក​នេះ​ឡើង ដោយ​មហាជន បាន​ទទួលស្គាល់ និង​បាន​ហៅ​គ្រប់​ៗ​មាត់​ដូច ជា​រង្វង់​មូល​តោ​ពីរ និង​រង្វង់​មូល​យក្ស​កាច់កជាដើម។ តែ​ទោះបីជា​យ៉ាង​ណា ការ​បាត់បង់ រូបសំណាក​តាម​សួនច្បារ​កន្លង​មក គឺ​ប្រជា​ពលរដ្ឋ​នៅ​តែ​ហៅ​ឈ្មោះ​ចាស់​ដដែល ដូច​ជាតំបន់​យក្ស​កាច់ក និង​ក្ដាន់​ពីរ​ជាដើម។

ស្រង់​ចេញ​ពី​កោះ​សន្តិភាព

_________________________________________________
ប្រកាស​ប្រហាក់​ប្រហែល
១. តំណាល​រង្វង់​មូល​ក្បាល​ថ្នល់
២. កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ជា​ថ្ងៃ​សម្ពោធ​ស្ពាន​អាកាស​សមិទ្ធផល​ថ្មី​ទី​១​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍
៣. ភ្នំពេញ​សាង​ស្ពាន​អាកាស​ទី​ពីរ​អួត​ប្រជុំ​អាស៊ាន
៤. ភ្នំពេញ​សាង​ស្ពាន​អាកាស​ទី​៣ ធំ​ជាង​មុន​ៗ

%d bloggers like this: