jump to navigation

​ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​ ថ្ងៃចន្ទ 31 ខែ​ឧសភា 2010

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
3 comments

 

កណ្តាល: ស្ពាន​ព្រែក​ក្តាម​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ព្រឹក​ថ្ងៃទី​៣១​ ខែ​ឧសភា​ នេះ ក្រោម​អធិបតីភាព​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោក​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​។

ស្ពាន ព្រែក ក្ដាម ក្នុង ថ្ងៃ សម្ពោធ

ការសម្ពោធ ​ស្ពាន​ព្រែក​ក្តាម​នេះ ជា​ស្ពាន​ទី​២​ហើយ ​ដែល​ឆ្លងកាត់​ទន្លេសាប បន្ទាប់​ពី​ស្ពាន​ជ្រោយចង្វា​។​ នៅ​មិនយូរប៉ុន្មាន​ស្ពាន​មួយ​ទៀត​គឺ​ស្ពាន​ព្រែក​ព្នៅ​ក៏​នឹង​សម្ពោធដាក់​ឱ្យ​ប្រើ​ដែរ​។

​សម្តេច ​ហ៊ុន សែន បាន​សំដែង​ការ​សាទរ​ និង​កោតសរសើរ​ចំពោះ​ជំនួយ​របស់​ប្រទេស​ចិន​ថា ​បាន​រួមចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា ពិសេស​​លើ​​វិស័យ​​ហេ​ដ្ឋា​រចនា​សម្ព័ន្ធផ្លូវ ស្ពាន ធារាសាស្ត្រ ក្រោម​ជំនួយ​ឥត​សំណង ជំនួយ​សម្បទាន​ការប្រាក់​ទាប​ ៘​

លោក ហ៊ុន សែន កាត់ ខ្សែ បូ សម្ពោធ ស្ពាន

លោក ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ បាន​និយាយ​ថា ​ស្ពាន​នេះ​ស្ថិតនៅ​ត្រង់​កំពង់​ចម្លង​ព្រែក​ក្តាម ​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ចម្ងាយ​៣១ ​គ​.​ម​ពី​ភ្នំពេញ​។ ​ទីតាំង​ត្រើយ​ខាង​លិច​ស្ថិតក្នុង​ភូមិ​ទួល​ងោក ឃុំ​កំពង់​ហ្លួង ស្រុក​​ពញាឮ ខេត្ត​កណ្តាល និង​ត្រើយ​ខាងកើត​ភូមិ​ព្រែក​ក្តាម ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្ត​កណ្តាល​។ ​កំពង់​ចម្លង​ព្រែក​ក្តាម ​ស្ថិត​លើ​ដង​ទន្លេសាប​។​ ស្ពាន​នេះ​បាន​បើក​ការដ្ឋានកាលពីថ្ងៃ​ទី​១១ ខែ​មិថុនា ឆ្នាំ​២០០៧ ក្រោម​អធិបតីភាពដ៏​ខ្ពង់ខ្ពស់​សម្តេច តេជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​លោក​ជំទាវ យ៉ាង យី​ហ្វេ​ង ឯកអគ្គរដ្ឋទូត​ចិន​។​ ពិធី​ភ្ជាប់​រនូត​ស្ពាន​នៅ​ថ្ងៃទី១៤ ខែ​កញ្ញា​ ឆ្នាំ​២០០៩​ និង​សាងសង់​ចប់​ជា​ស្ថាពរ​ ១០០%​ ក្នុង​ដើម​ខែមេសា ឆ្នាំ ២០១០ ​​ ថវិកា​​សាង​សង់​គឺ​ជា​កម្ចី​ប្រាក់​សម្បទាន​រយៈពេល​វែង​ការប្រាក់​ទាប​ ដោយមាន​ថវិកា​បដិភាគ​របស់​រា​ជ​រដ្ឋាភិបាល​។​

ស្ពាន​នេះ​មានបណ្តោយ ​៩៧៥​ម៉ែត្រ​ ទទឹង ១៣,៥០​ម៉ែត្រ, ​កម្ពស់ ស្ពាន​ពី​លើទឹក​ខ្ពស់ បំផុត​១០ ម៉ែត្រ​,​ប្រឡោះ​កណ្តាល​របស់​ស្ពាន ​១៣៥​ម៉ែត្រ​។​ តម្លៃ​ស្ពាន​ ២៨.៨​លាន​ដុល្លារ ក្នុង​នោះ​បដិភា​គ​រាជ​រដ្ឋាភិបាល​ ៥​ភាគ​៕

ស្រង់​ចេញ​ពី៖ http://cen.com.kh/localnews/show_detail/21?token=Yjg2ZDFiMzkyMzllZjc0YjAwYTliZjgwYmFiNTky

_______________________________________________________
អាន​ផង​ដែរ
១. ស្ពាន​ព្រែក​ក្ដាម
២. កំណត់​យក​ថ្ងៃ​ទី​២៤ មិថុនា ជា​ថ្ងៃ​សម្ពោធ​ស្ពាន​អាកាស​សមិទ្ធផល​ថ្មី​ទី​១​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​គមនាគមន៍
៣. ស្ពាន​​មិត្ត​ភាព​កម្ពុជា​-ចិន​​​ទី​៥​​ចាប់​សាងសង់

%d bloggers like this: