jump to navigation

វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី ថ្ងៃអង្គារ 10 ខែ​ឧសភា 2011

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីស្រុកខ្មែរ.
trackback

កកន៖ កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន​នេះ ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក​ទីក្រុង​បាងកក ប្រទេស​ថៃ នោះ នៅ​ឯ​បន្ទប់​រង់​ចាំ​ចូល​ក្នុង​យន្តហោះ​នៃ​ក្រុមហ៊ុន​អាកាសចរ​ថៃ នោះ នៅ​ក្បែរ​នោះ​មាន​ការ​ដាក់​តាំង​ពិព័រណ៍​រូប​ថត និង​ស្ថាបត្យកម្ម​សំណង់​អាគារ​មួយ​ចំនួន​របស់​បិតា​ស្ថាបត្យករ​ខ្មែរ (នាម​ខ្ញុំ​ផ្ដល់​ជូន​លោក) វណ្ណ មូលីវណ្ណ កាល​ពី​សម័យ​រុង​រឿង​នៃ​សង្គម​រាស្ត្រ​និយម​នៃ​កម្ពុជា។

ដោយ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម ខ្ញុំ​សូម​សរសេរ​ឡើង​វិញ​នូវ​ស្លាក​ផ្ទាំង​ឃោសនា​ជា​ភាសា​ខ្មែរ​មួយ​ផ្ទាំង​ដែល​បាន​បិទ​នៅ​ឯ​ពិព័រណ៍​នោះ ដែល​មាន​ជា​បន្ត​បន្ទាប់​ដូច​ខាង​ក្រោម។ ប្រសិន​បើ​លោក​អ្នក​នាង​ឆ្លង​កាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ សូម​កុំ​ភ្លេច​ចូល​មើល​ពិព័រណ៍​នៃ​ស្ថាបត្យកម្ម​ខ្មែរ​សម័យ​ក្រោយ​អាណានិគម​ដ៏​ល្បី​ល្បាញ។

វណ្ណ មូលីវណ្ណ និង​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

បន្ទាប់​ពី​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៥៣ រហូត​ដល់​សង្គ្រាម​ស៊ីវិល​ឆ្នាំ​១៩៧១ កម្ពុជា​បាន​ស្គាល់​សម័យ​មួយ​នៃ​ការ​ចាប់​កំណើត​ឡើង​វិញ​ក្នុង​វិស័យ​ស្ថាបត្យកម្ម និង​សិល្បៈ។ នៅ​ក្រោម​ព្រះ​រាជ​ដឹក​នាំ​របស់ សម្ដេច​ព្រះ នរោត្ដម សីហនុ កម្ពុជា​បាន​ខិត​ខំ​កែ​ប្រែ​មុខ​មាត់​របស់​ខ្លួន ពី​ប្រទេស​ក្រោម​អាណានិគម និង​កសិកម្ម ទៅ​ជា​ប្រទេស​មួយ​ទំនើប​ឯករាជ្យ។ ពេល​នោះ​ជា​ពេល​ចាប់​ផ្ដើម​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​នៃ​ចលនា​សាង​សង់​ដ៏​គគ្រឹក​គគ្រេង។ អាគារ​ដែល​បាន​សាង​សង់​នា​សម័យ​នោះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី។

ស្ថាបត្យករ វិស្វករ និង​អ្នក​ជំនាញ​តុប​តែង​ទីក្រុង​ជន​ជាតិ​ខ្មែរ និង​បរទេស​ជា​ច្រើន​នាក់​បាន​ចូល​រួម​ក្នុង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នេះ។ ប៉ុន្តែ​គុណភាព និង​កេរ្តិ៍​ឈ្មោះ​អាគារ​របស់​លោក វណ្ណ មូលីវណ្ណ ត្រូវ​បាន​ទទួល​ស្គាល់​ជាង​គេ។

លោក វណ្ណ មូលីវណ្ណ កើត​នៅ​ខេត្ត​កំពត ឆ្នាំ​១៩២៦។ លោក​រៀន​ចប់​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ ឆ្នាំ​១៩៤៤ បន្ទាប់​មក​រៀន​ច្បាប់​មួយ​ឆ្នាំ។ នៅ​ឆ្នាំ​១៩៤៦ នៅ​សាកលវិទ្យាល័យ Sorbonne មុន​នឹង​ចូល​រៀន​នៅ​សាលា​ជាតិ​ជាន់​ខ្ពស់​វិចិត្រ​សិល្បៈ​ខាង​ស្ថាបត្យកម្ម។ លោក​បាន​បញ្ចប់​ការ​សិក្សា​ហើយ​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​១៩៥១។

នៅ​ឆ្នាំ​១៩៥៦ លោក វណ្ណ មូលីវណ្ណ បាន​ត្រឡប់​មក​កម្ពុជា​វិញ ហើយ​ភ្លាម​នោះ​លោក​ត្រូវ​បាន​សម្ដេច​ព្រះ នរោត្ដម សីហនុ ផ្ដល់​ការងារ​រដ្ឋ​មួយ​ចំនួន​ឲ្យ​ធ្វើ។ លោក​ក៏​ត្រូវ​បាន​ទទួល​បន្ទុក​បង្កើត​ជា​គម្រោង​សាធារណៈ​ធំ​ៗ​យ៉ាង​ច្រើន​ ដូច​ជា​ វិមាន​ឯករាជ្យ អាគារ​ព្រឹទ្ធ​សភា រោង​មហោ​ស្រព​ជាតិ ពហុ​កីឡដ្ឋាន​ជាតិ រិមាន​រដ្ឋ ក្រសួង​នានា សំណង់​គេហដ្ឋាន និង​អាគារ​សកល​វិទ្យាល័យ​ ជា​ដើម។ នៅ​ក្នុង​អំឡុង​១៨​ឆ្នាំ​ក្រោយ​មក លោក វណ្ណ មូលីវណ្ណ បាន​កសាង​ស្នាដៃ​ចំនួន​ជាង​៨០ ធ្វើ​ឲ្យ​វិស័យ​សំណង់​អាគារ​នៅ​កម្ពុជា​មាន​ការ​ផ្លាស់​ប្ដូរ​យ៉ាង​ខ្លាំង។ ពេល​ត្រឡប់​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​១៩៩៣ បន្ទាប់​ពី​រស់​នៃ​ឯ​បរទេស​រយៈ​ពេល​២២​ឆ្នាំ លោក​នៅ​តែ​បន្ត​ចូល​រួម​ដដែល​ក្នុង​វិស័យ​ស្ថាបត្យ​កម្ម និង​ទីក្រុង​នៅ​ប្រទេស​កម្ពុជា។

អាគារ​សំខាន់​ៗ​ជា​ច្រើន​របស់​លោក វណ្ណ មូលីវណ្ណ ធន់បាន​នឹង​សង្គ្រាម​ស៊ីវិល ការ​ទម្លាក់​គ្រាប់​បែក​របស់​ពួក​អាមេរិកាំង ខ្មែរ​ក្រហម និង​សម័យ​វៀតណាម ប៉ុន្តែ​បច្ចុប្បន្ន​នេះ អាគារ​ទាំង​អស់​នោះ​កំពុង​ទទួល​រង​ការ​គំរាម​កំហែង ដោយ​សារ​ការ​អភិវឌ្ឍ​យ៉ាង​លឿន​ស្លេវ​នៃ​ទីក្រុង​ភ្នំពេញ។ នៅ​ឆ្នាំ​២០០៨ រោង​មហោស្រព​ជាតិ​ព្រះ​សុរាម្រឹត (មហោស្រព​ទន្លេ​បាសាក់) ដែល​ជា​ស្នាដៃ​មួយ​របស់​លោក វណ្ណ មូលីវណ្ណ ដែរ​នោះ​បាន​ខូច​ខាត​អស់។ គម្រោង វណ្ណ មូលីវណ្ណ ដែល​មាន​ឈ្មោះ​ភាសា​អង់គ្លេស​ថា “Vann Molyvann Project” បាន​ចាប់​ផ្ដើម​នៅ​ឆ្នាំ​២០០៩ ពី​ការ​សហការ​រវាង​និស្សិត ស្ថាបត្យករ នៅ​កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដើម្បី​កសាង​ជា​ឯកសារ​នៃ​បណ្ដា​អាគារ​សំខាន់​ៗ​ទាំង​នេះ។

ពិព័រណ៍​នេះ​បង្ហាញ​ជូន​អាគារ​ធំ​ៗ​ចំនួន​៨ ហើយ​អាគារ​នីមួយ​ៗ​បង្ហាញ​ពី​ប្រភព​នៃ​សំណង់​ដែល​លោក វណ្ណ មូលីវណ្ណ បាន​កសាង​ឡើង។ យើង​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​អំពី​សោភណ្ឌភាព​សំណង់​នៅ​កម្ពុជា។ យើង​ក៏​បាន​ពិនិត្យ​ផង​ដែរ​លើ​ការ​ប្រើ​ប្រាស់ ទឹក ពន្លឺ និង​ខ្យល់ ចំពោះ​លោក វណ្ណ មូលីវណ្ណ គឺ​ជា​សមាសធាតុ​ពិសេស​នៃ​ស្ថាបត្យកម្ម​ខ្មែរ​ប្រកប​ដោយ​បរិស្ថាន​វិទ្យា​ពិត​ៗ។ វត្ថុធាតុ​ដែល​យើង​លើក​យក​មក​បង្ហាញ គឺ​សំដៅ​ផ្ដល់​ជា​គំនិត​ដល់​ស្ថាបត្យករ​ជំនាន់​ថ្មី​ទាំង​អស់​នៅ​កម្ពុជា និង​នៅ​បរទេស ដើម្បី​ឲ្យ​ពួក​គេ​​បង្កើត​ស្ថាបត្យកម្ម​ទំនើប​មួយ​ដោយ​ឆ្លើយ​តប​ទៅ​នឹង​ភាព​ដោយ​ឡែក​នៃ​អាកាស​ធាតុ និង​វប្បធម៌​ប្រទេស​ខ្លួន។

ពិព័រណ៍​នេះ អាច​រៀប​ចំ​ទៅ​បាន​ដោយ​មាន​ការ​គាំទ្រ​ពី​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ការ​ចូល​រួម​ផ្ទាល់​របស់​បុគ្គល​ជា​ច្រើន ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​មនុស្ស​ម្នា​ជា​ច្រើន ដែល​បាន​ចំណាយ​ពេល​វេលា​ និង​ចំណេះ​ដឹង​របស់​ពួក​គេ។ ពួក​យើង​សូម​ថ្លែង​អំណរ​គុណ​ផង​ដែរ​ចំពោះ​អ្នក​រៀប​ចំ​នូវ​ពិព័រណ៍​នេះ​មាន​ដូច​ជា អ្នក​ស្រី ស្តេហ្វានី អៀទ័រ និង​លោក ប៉ែន សិរីបញ្ញា …(អាន​មិន​ច្បាស់ ព្រោះ​ថត​ចេញ​មក​ពី​ស្លាក​ឃោសនា) និង​លោក​ស្រី ប្រាំសាន់ សាសា សម្រាប់​ជំនាញ​របស់​ពួក​គេ។

យើង​សូម​សម្ដែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះ​ឯក​ឧត្ដម វណ្ណ មូលីវណ្ណ ដែល​បាន​ផ្ដល់​គំនិត​ណែនាំ​ក្នុង​គម្រោង​នេះ៕

ទិដ្ឋភាព​នៃ​ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ


ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

ម៉ាកែត​វិមាន​រដ្ឋ​ចម្ការ​មន​ស្នាដៃ​លោក វណ្ណ មូលីវណ្ណ

ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

ជន​បរទេស​កំពុង​ទស្សនា​ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

រូប​លោក វណ្ណ មូលីវណ្ណ ដែល​បាន​ដាក់​តាំង​នៅ​ពិព័រណ៍​ស្ថាបត្យកម្ម​ខ្មែរ​ថ្មី

____________________________________________
អាន​ផង​ដែរ
១. ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំពី​អនាគត​របស់​ក្រុង
២. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​»
៣. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល
៤. ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ

Advertisements

មតិ»

1. Samady KS - ថ្ងៃអង្គារ 10 ខែ​ឧសភា 2011

គាត់​ហ្នឹង​ហើយ​ដែល​​​ជា​អ្នក​ សាង​សង់​ផ្សារ​ថ្មី​!​នោះ​មែន​ទេ?

សុភ័ក្ត្រ - ថ្ងៃអង្គារ 10 ខែ​ឧសភា 2011

មិន​មែន​ទេ
ផ្សារ​ថ្មី​សាង​ដោយ​បារាំង

Samady KS - ថ្ងៃអង្គារ 10 ខែ​ឧសភា 2011

អូហ៍…

កូនផ្សោត - ថ្ងៃពុធ 11 ខែ​ឧសភា 2011

គាត់អ្នកចេញម៉ូដ?

2. ខ្ញុំចែករំលែក - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ឧសភា 2011

គាត់សង់ ស្តាត វិមាន​ចំការមន ព្រលានយន្តហោះ សកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ខ្ញុំដឹងតែប៉ុនណឹងរ៉េ ប្រាកដជា​នៅ​មាន​ច្រើន​ទៀត។ រចនា​បទនៃ​សំណង់របស់គាត់គឺ VVV។ អាចរកមើលឃើញនៅកន្លែង​ដែល​ខ្ញុំ​បាន​ប្រាប់ពីខាង​លើ។

3. reaseyh - ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​ឧសភា 2011

លោក​តា​វណ្ណ​ ម៉ូលីវណ្ណ​ជា​បិតា​ស្ថាបត្យកម្ម​ខ្មែរ​ទំនើប។​

4. កញ្ញា - ថ្ងៃសុក្រ 13 ខែ​ឧសភា 2011

ខ្ញុំលឺថាគាត់ត្រូវបានជ្រើសរើសឲ្យចូលជាក្រុមអ្នកប្រាជ្ញពិភពលោកទៀតផង។អីចឹងហើយបានឃើញ គាត់បណ្តុះពុកចង្កា។
មួយទៀត កាសែតក្នុងស្រុកធ្លាប់បានសម្ភាសន៏គាត់អំពីរឿងស្តាតអូឡាំពិក។ គាត់យំព្រោះថា គាត់បានចំណាយកម្លាំងកាយចិត្តយ៉ាងច្រើនសម្រាប់គូរប្លង់ ស្តាតនេះប៉ុន្តែសម័យបច្ចុប្បន្នបែរជាលក់ដីជុំវិញស្តាតឲ្យទៅក្រុមហ៊ុនឯកជន ទៅវិញ។

5. វណ្ណ មូលីវណ្ណ « ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃសៅរ៍ 14 ខែ​ឧសភា 2011

[…] […]

6. ស្ថាបត្យករ​ដ៏​អស្ចារ្យ​បារម្ភ​អំពី​អនាគត​របស់​ក្រុង « -:- កំណត់ហេតុ​សុភ័ក្ត្រ -:- - ថ្ងៃចន្ទ 15 ខែសីហា 2011

[…] […]

7. ពិធី​សម្ពោធ​មហោស្រព​ជាតិ «​ព្រះ​សុរាម្រិត​» | ស្រែ​ខ្មុក - ថ្ងៃពុធ 12 ខែវិច្ឆិកា 2014

[…] […]

8. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃចន្ទ 24 ខែវិច្ឆិកា 2014

[…] […]

9. ខួប​៥១​ឆ្នាំ​នៃ​ពិធី​សម្ពោធ​មហា​ពហុកីឡ​ដ្ឋាន​ជាតិ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 14 ខែធ្នូ 2015

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: