jump to navigation

ជុំវិញ​ព្រះនាម​នៃ​ព្រះបាទ “ នរោត្តម​” ថ្ងៃពុធ 7 ខែធ្នូ 2011

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, អំពីភាសា, អំពីស្រុកខ្មែរ.
trackback

ដោយ : ខឿន សា​ឃាង​

ភ្នំពេញ: ព្រះករុណា ព្រះបាទ​ នរោត្ដម ពេល​ប្រសូត​មក​មាន​ព្រះនាម​ថា ព្រះអង្គ​ច្រឡឹង លុះ​ពេល​ចម្រើន​ព្រះកេសា មាន​ព្រះនាម​ថា រាជា​វត្តី ហៅ អង្គ​វត្តី លុះ​ពេល​សោយរាជ្យ មាន​ព្រះនាម​ថា នរោត្ដម ជា​ព្រះ​នាមបញ្ញត្តិ​កាល​ទ្រង់​សាង​ព្រះ​ផ្នួស​នៅ​ស្រុក​សៀម ទើប​ឯកសារ​ខ្លះ​កត់ត្រា​ថា ព្រះនាម នរោត្ដម នេះ គឺ​ព្រះ​ចៅ​ក្រុង​សៀម​ជា​អ្នក​ថ្វាយ។​

ព្រះករុណា ព្រះបាទ​នរោត្តម ​ព្រះនាម​ដើម ច្រឡឹង និង រា​ជា​វត្តី ឬ អង្គ​វត្តី​

ព្រះករុណា ព្រះបាទ  នរោត្ដម ប្រសូត​នៅ​ថ្ងៃ​សៅរ៍ ១២​កើត ខែ​មាឃ ឆ្នាំ​មមែ សប្តស័ក គ្រិស្ដ​សករាជ ១៨៣១ នា​ខេត្ត​មង្គលបុរី (​សព្វថ្ងៃ​ស្រុក​មង្គលបុរី ខេត្ត​បាត់ដំបង​) ជា​បុត្រ​នៃ​អ្នក​ម្នាង ប៉ែន និង ព្រះករុណា អង្គ ដួង។ កាល​ទើប​ប្រសូត ព្រះ​បរម​រាជ​បិតា គឺ​ព្រះបាទ​អង្គ ដួង ទ្រង់​សព្វព្រះទ័យ​នឹង​បុត្រា​អង្គ​នេះ​ណាស់​ ហើយ​បាន​ប្រទាន​ព្រះនាម​ថា “ ព្រះអង្គ​ច្រឡឹង​”។ ភាសា​ខ្មែរ ពាក្យ​ថា “ ច្រឡឹង​” មានន័យ​ថា “ ដែល​មាន​រាង​តូច​ស្អាត​សមឥត​ទាស់ភ្នែក​”។

បើ​តាម​ឯកសារ មហា​បុរស​ខ្មែរ របស់លោក អេង សុទ្ធ បានឱ្យដឹងថា នៅពេល​ព្រះអង្គ​ច្រឡឹង ប្រសូ​តមក អ្នកបម្រើ​បាន​យកសុក​ទៅ​កប់ មិនយូរ​ថ្ងៃ​ប៉ុន្មានក៏​បង្កើត​ជា​ហេតុ​អស្ចារ្យ មាន​ដើម​ពោធិ​មួយ​ដើម​ដុះ​នៅ​កន្លែង​កប់​សុក​នោះ។ អ្នក​ខេត្ត​មង្គលបុរី នាំ​គ្នា​ហៅថា “ ពោធិ​ហ្លួង​” រហូតមកដល់​សព្វថ្ងៃ។​

លុះដល់​ខែ​ពិសាខ ឆ្នាំ​មមែ នព្វ​ស័ក ពុទ្ធ​សករាជ ២៣៩១ គ្រិស្ដ​សករាជ ១៨៤៧ ព្រះករុណា អង្គ ដួង បាន​រៀបចំ​ចម្រើន​ព្រះកេសា​ព្រះអង្គម្ចាស់ ច្រឡឹង ហើយ​ប្រទាន​នាម​ថា  “​រា​ជា​វត្តី​” ហើយ​ជួនកាល​ត្រូវ​គេ​ហៅថា “​ព្រះអង្គ​វត្តី​” ឬ “ អង្គ​វត្តី​”។ ទោះ​ជា​ព្រះ​បុត្រា អនាគត​ក្សត្រ​ខ្មែរ​អង្គ​នេះ មាន​ព្រះនាម​ជា​ផ្លូវការ​ថា រា​ជា​វត្តី ក្តី ក៏​គេ​នៅ​តែ​ហៅ​ព្រះនាម​ថា “​ច្រឡឹង​” ដដែល។

លុះដល់​ថ្ងៃ​១៥​កើត ខែ​ជេស្ឋ ឆ្នាំ​មមែ នព្វស័ក​ដដែល​នោះ ព្រះករុណា អង្គ ដួង បាន​បញ្ជា​បង្គាប់​មន្ត្រី​ខ្ញុំ​រាជការ​ឱ្យ​រៀប​ក្បួន​ដង្ហែ​ព្រះអង្គម្ចាស់ រា​ជា​វត្តី ទៅ​សាង​ផ្នួស​ជា​សាមណេរ​នៅក្នុង​សំណាក់​ព្រះ​មហាសង្ឃរាជ នូ នា​វត្ត​ក្រាំង​ពន្លៃ ក្រុង​ឧដុង្គ​មានជ័យ ហើយ​ទ្រង់​រាជ​បញ្ញត្តិ​វត្ត​នោះ​ថា “ រាជ​បព្វជិត​” តាំងពី​ពេលនោះ​មក។ លុះ​ចេញ​ព្រះវស្សា ទើប​ព្រះអង្គ​លា​ចាក​សិក្ខាបទ​មកវិញ។​

ខែ​អាសាធ ឆ្នាំ​រោង អដ្ឋស័ក ពុទ្ធ​សករាជ ២៤០០ គ្រិស្ដ​សករាជ ១៨៥៦ ព្រះ​ចៅចម​ក្លា​វ ព្រះរាជា​នៃ​ក្រុង​សៀម បាន​ចាត់​មន្ត្រី​រាជការ​ឱ្យ​ដង្ហែ​ព្រះអង្គម្ចាស់ រា​ជា​វត្តី បំពេញ​ឧបសម្បទា​ជា​ភិក្ខុ ក្នុង​វត្ត​បរម​និវេស ស្រុក​សៀម ក្នុង​គណៈធម្មយុត្តិកនិកាយ។​ ​ប្រពៃណី និងវិន័យ​បញ្ញត្តិ ក្នុង​ព្រះពុទ្ធសាសនា បុគ្គល​ណា​ក៏​ដោយ​បន្ទាប់ពី​បាន​ឧបសម្បទា​ជា​ភិក្ខុ​ហើយ ត្រូវមាន​នាម​បញ្ញត្តិ​មួយទៀត​ទីទៃ​ពី​ឈ្មោះ​ដើម​របស់​ខ្លួន ឯការដាក់​នាម​បញ្ញត្តិ​នោះ គឺជា​កាតព្វកិច្ច​របស់​ឧបជ្ឈា​យ៍ (​ភិក្ខុ​ដែលជា​អ្នក​បំបួស​កុលបុត្រ​ឱ្យ​ក្លាយជា​ភិក្ខុ​) ជា​អ្នក​ដាក់​ឱ្យ ហើយ​ជាទូទៅ​ការដាក់​នាម​បញ្ញត្តិ​នោះ​ទៀតសោត​គឺ​ត្រូវ​ជ្រើសរើស​ទៅតាម​ថ្ងៃ ខែ និង ឆ្នាំ​កំណើត​របស់​នវ​ភិក្ខុ​(​ភិក្ខុ​ទើបបាន​បួស​ថ្មី​) នោះ។ ឧទាហរណ៍​ជាក់ស្តែង ដូចជា​សម្តេច​ព្រះ​មហាសង្ឃរាជ ជួន ណាត បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា ជា​ភិក្ខុ​រួចមក ព្រះ​ឧបជ្ឈាយ៍​បានដាក់​នាម​បញ្ញត្តិ ព្រះអង្គ​ថា “ ជោត​ញ្ញា​ណោ​”។ ចំណែក​ព្រះអង្គម្ចាស់ រា​ជា​វត្តី បន្ទាប់ពី​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​មក មាន​នាម​បញ្ញត្តិ​ថា “ នរោត្តម “ ភិក្ខុ។​

អត្ថន័យ​ក្នុង​ភាសាបាលី ពាក្យ​ថា “ នរោត្តម​”  មកពី​ពាក្យ​ថា “ ន​រៈ​=​មនុស្ស , ជន , បុគ្គល​…(​សំដៅ​ដល់​មនុស្ស​ប្រុស​) + ឧត្តម​= ប្រសើរ​, ខ្ពង់ខ្ពស់​, ថ្លៃថ្លា ”។ បូក​បញ្ចូល​គ្នា​ទៅ​ពាក្យ​ថា “ នរោត្តម​” ដែល​ជា​ព្រះនាម​បញ្ញត្តិ នៃ​ព្រះ​ភិក្ខុ រា​ជា​វត្តី នេះ ប្រែ​ថា “ បុគ្គល ឬ ជន​ដ៏​ប្រសើរ​, បុគ្គល ឬ ជន​ខ្ពង់ខ្ពស់ , បុគ្គល ឬ ជន​ថ្លៃថ្លា ”។ ព្រះនាម​បញ្ញត្តិ​នេះ ត្រូវបាន​ដាក់​ថ្វាយ​ដោយ​គិត​តាម​ថ្ងៃ ខែ និង ឆ្នាំ​ប្រសូត​របស់​ព្រះអង្គម្ចាស់​រា​ជា​វត្តី ភិក្ខុ ដោយ​គិត​តាម​គតិ​ព្រះពុទ្ធសាសនា​ធម្មយុត្តិកនិកាយ។​

ព្រះករុណា​ អង្គ ដួង បាន​សោយ​ទិវង្គត នៅ​ថ្ងៃ​៥​កើត ខែ​កត្តិក ឆ្នាំ​មមែ ពុទ្ធ​សករាជ ២៤០៣ ត្រូវ​នឹង​ថ្ងៃទី​១២ ខែវិច្ឆិកា គ្រិស្ដ​សករាជ ១៨៥៩ បន្ទាប់ពី​បាន​សោយរាជ្យ​រយៈពេល ១៩​ឆ្នាំ។ ក្រុមប្រឹក្សា​សេនាបតី​មន្ត្រី​ជាន់​ខ្ពស់​បាន​ជំនុំ​ពិភាក្សា​គ្នា​ជ្រើសរើស​ព្រះអង្គម្ចាស់​រា​ជា​វត្តី  ដែល​កំពុង​មាន​ឋានៈ​ជា​មហាឧបរាជ​ស្រាប់​ផង​ឱ្យ​ឡើង​សោយរាជ្យ​បន្ត​ពី​ព្រះបិតា តាម​បណ្តាំ​របស់​ព្រះរាជ​សព។ នៅ​ពេល​ឡើង​សោយរាជ្យ​នោះ ព្រះអង្គម្ចាស់​រា​ជា​វត្តី មហា​ឧបរាជ សព្វព្រះទ័យ​នឹង​ព្រះនាម នរោត្ដម ជា​នាម​បញ្ញត្តិ កាល​ព្រះអង្គ​ចូល​បំពេញ​ឧបសម្បទា។ គេ​ក៏​បាន​ថ្វាយ​ព្រះនាម​ព្រះ​នវ​រាជ្យ (ស្តេច​ថ្មី​) អង្គ​នេះ​ថា សម្តេចព្រះ​ នរោត្ដម ​ព្រហ្ម​បរិរក្ស ហើយ​ក៏​ត្រូវបាន​គេ​ស្គាល់​ព្រះនាម​ខ្លី​មក​ថា ព្រះបាទ “​នរោត្ដម​” តរៀងមក។

ឯកសារ​ខ្លះ​អះអាងថា ព្រះនាម “នរោត្ដម​” នេះ ជា​ព្រះនាម​ដែល​ព្រះ​ចៅចម​ក្លាវ នៃ ប្រទេស​សៀម​ជា​អ្នក​ថ្វាយ។ ប៉ុន្តែ​តាម​ប្រពៃណី​ព្រះពុទ្ធសាសនា បុគ្គល​ទីទៃ​ពី​ព្រះ​ឧបជ្ឈា​យ៍ ទោះ​បុគ្គល​នោះ​មាន​ឋានៈ​ជា​អ្វី​ក៏ដោយ ក៏​ពុំ​មាន​កាតព្វកិច្ច​ដាក់​នាម​បញ្ញត្តិ​នេះ​ដល់​ភិក្ខុ​ដែល​ទើប​បាន​បួស​នោះឡើយ។

ទោះយ៉ាងណា បើ​វិភាគ​ទៅលើ​បរិបទ​សាសនា​ទៅនឹង​សម័យកាល​នោះ យើង​អាច​សន្និដ្ឋានបាន​ថា ដោយសារ​ព្រះអង្គម្ចាស់​រាជា​វត្តី ជា​មនុស្ស​ក្នុង​រាជវង្ស ហើយ​ត្រូវបាន​ព្រះរាជា​សៀម​ជា​អ្នក​បញ្ជូន​ចូល​បួស​ផង​នោះ ជាហេតុ​នាំ​ឱ្យ​ឧបជ្ឈាយ៍​មាន​ភាព​ស្ទាក់ស្ទើរ​មិន​ហ៊ាន​អារកាត់​ដាក់​នាម​បញ្ញត្តិ​ដល់​នវ​ភិក្ខុ​រូប​នេះ​តែ​អង្គឯង​ឡើយ ទើប​បន្ទាប់​ពី​បាន​សម្រិត​សម្រាំង​នាម​បញ្ញត្តិ​មក ក៏​បាន​នាំយក​ទៅ​ទូល​សុំ​ការព្រមព្រៀង​សព្វព្រះទ័យ​ពី​ព្រះរាជា​ក្រុង​សៀម គឺ​ព្រះ​ចៅចម​ក្លាវ ផងដែរ។ ប្រហែល​ជា​ដោយ​ប្រការ​នេះ​ឯង​ហើយ ទើប​បានជា​មាន​ឯកសារ​ខ្លះ​ហ៊ាន​អះអាង​ថា ព្រះនាម “នរោត្ដម​” នេះ គឺជា​នាម​ដែល​ត្រូវ​បាន​ថ្វាយ​ដោយ​ព្រះ​ចៅ ចម​ក្លាវ នៃ​ក្រុង​សៀម។

ជា​សរុប​មក​វិញ ព្រះនាម “នរោត្ដម​” ជា​នាម​នៃ​ព្រះមហាក្សត្រ​ខ្មែរ​អង្គ​នេះ ត្រូវ​បាន​ថ្វាយ​បន្ទាប់ពី​ព្រះអង្គ​បាន​បំពេញ​ឧបសម្បទា​ជា​ភិក្ខុ​នៅ​ប្រទេស​សៀម។ ឯ​នាម​ដើម​របស់​ព្រះអង្គ​គឺ “ ច្រឡឹង​” ហើយ​ព្រះនាម​ជា​ផ្លូវការ​គឺ “ រា​ជា​វត្តី “ ឬ “ អង្គ​វត្តី​”៕

__________________________________________________
អាន​ផង​ដែរ
១. នរោត្ដម
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ
៤. King Norodom’s Court
៥. ខួប​ឆ្នាំ​ទី ១៨១ ថ្ងៃ​ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​សុវណ្ណ​កោដ្ឋ
៦. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន

មតិ»

1. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011

[…] […]

2. ព្រះ​ហត្ថលេខា​របស់​ហ្លួង​ព្រះ​សុវណ្ណ​កោដ្ឋ « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011

[…] […]

3. somsounnas - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011

អង្គដួង ឬក៍ អង្គឌួង មួយណាត្រូវ?
តែបើមើលឯកសារខ្លះគេសរសេរ អង្គឌួង.

សុភ័ក្ត្រ - ថ្ងៃ​ព្រហស្បតិ៍ 8 ខែធ្នូ 2011
តា ម៉ាប់ - ថ្ងៃសុក្រ 9 ខែធ្នូ 2011

ម៉េច​អ៊ីចឹង?

សុភ័ក្ត្រ - ថ្ងៃសុក្រ 9 ខែធ្នូ 2011

ម៉េច​អ៊ី​ចឹង​ម៉េច?

តា ម៉ាប់ - ថ្ងៃសៅរ៍ 10 ខែធ្នូ 2011

ចុះ​ម៉េច​សៀវភៅ​ច្រើនសរសេរ​ ឌួង លោក​សុភ័ក្រ្ត សរសេរ​​ ដួង តើ​យក​តាម​ណា​ដែរ ?

សុភ័ក្ត្រ - ថ្ងៃសៅរ៍ 10 ខែធ្នូ 2011

សៀវភៅ​សរសេរ​ខុស

4. King Norodom’s Court « ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​ឧសភា 2012

[…] 4. ជុំវិញព្រះនាមនៃព្រះបាទ “ នរោត្តម” Like this:LikeBe the first to like this […]

5. នរោត្ដម | ? នរណា​ខ្លះ​នៅ​កម្ពុជា ? - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

[…] […]

6. ឯកសារ​ប្រវត្តិសាស្ត្រ​៖ ព្រះ​រាជ​ឱង្ការ​នៃ ព្រះ​ករុណា ព្រះ​បាទ នរោត្ដម បរម​រាម​ទេវាវតារ | - ថ្ងៃសៅរ៍ 14 ខែ​កុម្ភៈ 2015

[…] […]

7. រូប​ភាព​ប្រវត្តិ​សាស្ត្រ​ហ្លួង​សុវណ្ណ​កោដ្ឋ​កាល​ពី​ជាង​១០០​ឆ្នាំ​មុន | ស្រែ​ខ្មុក - ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: