jump to navigation

ជិះ​ឡាន​យប់​មក​ប៉ោយប៉ែត ថ្ងៃអង្គារ 3 ខែមករា 2012

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
5 comments

នេះ​ជា​គ្រា​ទី​ពីរ​ហើយ ក្នុង​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​ពេល​យប់​របស់​ខ្ញុំ​នៅ​ប្រទេស​កម្ពុជា​យើង ដែល​កាល​ពី​លើក​ទី​មួយ​នោះ គឺ​កាល​ពី​ការ​ធ្វើ​ដំណើរ​ពី​សៀមរាប​មក​ភ្នំពេញ ក្នុង​អំឡូង​ខែ​ធ្នូ ឆ្នាំ​២០១០ គឺ​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ។ ការ​ធ្វើ​ដំណើរ​ពេល​យប់​ក្រៅ​ពី​ចំណេញ​ពេល​វេលា​នោះ វា​អាច​ជួយ​សន្សំ​ថវិកា​ផង​ដែរ តែ​ទាស់​តែ​នឿយ​ហត់​បន្តិច អត់​ងងុយ ដ្បិត​ដេក​មិន​សូវ​បាន ឬ​មិន​ស្កប់​ស្កល់ ក៏​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ដើរ​លេង​វិញ ការ​ធ្វើ​ដំណើរ​ពេល​យប់​បែប​នេះ​គឺ​វិសេស​វិសាល​ណាស់។

សម្រាប់​ពេល​នេះ គឺ​ខ្ញុំ​ធ្វើ​ដំណើរ​ចេញ​ពី​ភ្នំពេញ​វិញ​ម្ដង ឆ្ពោះ​មក​កាន់​ក្រុង​ប្រទល់​ដែន​ប៉ោយប៉ែត តាម​រយៈ​ក្រុមហ៊ុន កម្ពុជា​អង្គរ អេចប្រេស្ស។ លោក​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​តាម​យប់ ខ្ញុំ​សូម​ណែនាំ​ក្រុមហ៊ុន​នេះ​ជា​ពិសេស​តែ​ម្ដង ព្រោះ​តាម​ខ្ញុំ​សាក​សួរ​មាន​តែ​ក្រុមហ៊ុន​នេះ​ទេ​ដែល​មាន​ជើង​រថយន្ត​ក្រុង​ពេល​យប់​ចេញ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​ស្ទើរ​គ្រប់​ខេត្ត​ទាំង​អស់​របស់​កម្ពុជា​យើង។ អាសយដ្ឋាន​ក្រុមហ៊ុន​នេះ គឺ​ស្ថិត​នៅ​ភាគ​ខាង​ជើង​ផ្សារ​រាត្រី ម្ដុំ​មាត់​ទន្លេ។

ការ​ធ្វើ​ដំណើរ​ចេញ​មក​ប៉ោយប៉ែត​គឺ​មាន​៤​ជើង​ឯណុះ គឺ​ម៉ោង​២០ ម៉ោង​២១ ម៉ោង​២១ និង​៣០​នាទី និង​ម៉ោង​២៤ ក្នុង​តម្លៃ​សំបុត្រ​មួយ​៣៦.០០០​រៀល។ ចំពោះ​ខ្ញុំ​គឺ​យក​ម៉ោង​២១ និង​៣០​នាទី យប់​មិញ​នេះ (០២ មករា ២០១២) ព្រោះ​ខ្ញុំ​លៃ​ម៉ោង​ដើម្បី​ឲ្យ​ដល់​ប៉ោយប៉ែត ល្មម​ទ្វារ​ព្រំដែន​បើក ដើម្បី​ឆ្លង​ចូល ព្រោះ​មិន​ចង់​នៅ​រង់​ចាំ​យូរ ឬ​មក​ដល់​ថ្ងៃ​ពេក។ ដូច​ការ​គ្រោង​ទុក​មែន ដោយ​ចេញ​ដំណើរ​ទៀង​ម៉ោង​ពី​ភ្នំពេញ រថយន្ត​បាន​មក​ដល់​ប៉ោយប៉ែត​នៅ​ម៉ោង​៦​ព្រឹក មិញ​នេះ (០៣ មករា ២០១២) ល្មម​បាន​ស្រស់​ស្រូប​អាហារ​ពេល​ព្រឹក​អី​រួច​រាល់​ដល់​ម៉ោង​ល្មម​ដែល​ព្រំដែន​បើក​នៅ​ម៉ោង​៧​ព្រឹក។


ចំណត​រថយន្ត​ក្រុង​កម្ពុជា អង្គរ​អេចប្រេស្ស នៅ​ភ្នំពេញ

  • មក​ដល់​ផ្ទះ​ឯ​ស្រុក​ថៃ​នៅ​ម៉ោង​៥​ល្ងាច

ចំពោះ​អ្នក​ដែល​ចង់​មក​លេង​ស្រុក​ថៃ ខ្ញុំ​សូម​ណែនាំ​សូម​កុំ​មក​រដូវ​បុណ្យ​ទាន ដូច​ជា​ថ្ងៃ​ចូល​ឆ្នាំ​សាកល ឬ​ចូល​ឆ្នាំ​ខ្មែរ​អី​ឲ្យ​សោះ ដ្បិត​អី​ពិត​ជា​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ​ខ្លាំង​ណាស់ ក្រៅ​អំពី​ចរាចរណ៍​កក​ស្ទះ​ហើយ លោក​អ្នក​ប្រាកដ​ជា​ជួប​ផល​ពិបាក​រក​ឡាន​ក្រុង​ជិះ​គ្មាន​ផង​ទៀត។ បន្ទាប់​ពី​បាន​ឆ្លង​ព្រំដែន​រួច​ស្រេច​បាច់​អស់​ហើយ នៅ​ម៉ោង​៨​ព្រឹក ខ្ញុំ​ក៏​បាន​ចេញ​តាម​ឡាន​១២​កៅអី​បន្ត​មក​កបិន្ទ្រ នៅ​ម៉ោង​ប្រមាណ​៩.៣០ រួច​បន្ត​ដោយ​ឡាន​ក្រុង​នៅ​ម៉ោង​១០ ទម្រាំ​មក​ដល់​នគរ​រាជ​សីមា ដោយ​ត្រូវ​ឡាន​ចាក់​ចោល​ផ្ទេរ​ចូល​ឡាន​ថ្មី ហើយ​ត្រូវ​ឈរ​ក្នុង​ឡាន​ពាក់​កណ្ដាល​ផ្លូវ​ទៀត ដល់​ក​តែ​ម្ដង។

នៅ​ម៉ោង​ប្រមាណ​១២ ថ្ងៃ​ត្រង់ ទើប​មក​ដល់​ចំណត​ឡាន​ក្រុង​នគរ​រាជ ដោយ​ពោរ​ពេញ​ដោយ​មនុស្ស​ម្នា​ណែន​ណាន់​តាន់​តាប់ ដ្បិត​គឺ​ជា​ថ្ងៃ​ដែល​ពួក​គេ​ត្រូវ​ធ្វើ​ដំណើរ​ត្រឡប់​ចូល​លំនៅ​ដ្ឋាន ឬ​កន្លែង​ធ្វើ​ការ​របស់​គេ​វិញ ដើម្បី​ចូល​ធ្វើ​ការ​នៅ​ថ្ងៃ​ស្អែក​នេះ។ ទម្រាំ​រក​ឡាន​បាន​ជិះ គឺ​នៅ​ម៉ោង​១៤ ទើប​បាន​ធ្វើ​ដំណើរ​ពី​នគរ​រាជ មក​ឯ​ខនកែន នៅ​ម៉ោង​ប្រមាណ​៥​ល្ងាច​មិញ​នេះ៕

__________________________________________________
អាន​ផង​ដែរ៖
១. ការ​ធ្វើ​ដំណើរ​ពេល​យប់​នៅ​ស្រុក​ខ្មែរ
២. មក​ស្រុក​ខ្មែរ

Advertisements
%d bloggers like this: