jump to navigation

ទិវា​បុណ្យ​កុមារ​នៅ​ប្រទេស​ថៃ ថ្ងៃសៅរ៍ 14 ខែមករា 2012

Posted by សុភ័ក្ត្រ in ภาษาไทย.
3 comments

ទិវា​បុណ្យ​កុមារ (วันเด็กแห่งชาติ) នៅ​ប្រទេស​ថៃ មិន​បាន​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃ​ទី​០១ មិថុនា ដូច​បុណ្យ​កុមារ​នៅ​តាម​ប្រទេស​នានា​ទេ។ ប្រទេស​ថៃ​បាន​ចាត់​ធ្វើ​បុណ្យ​កុមារ​នេះ តាំង​ពី​ឆ្នាំ​១៩៥៥ ក្នុង​សម័យ​នាយករដ្ឋមន្ត្រី​នាយ ចម​ពល ប្លែក វិបុល​សង្គ្រាម។ ទិវា​បុណ្យ​កុមារ​ជា​លើក​ដំបូង គឺ​ប្រារព្ធ​នៅ​ថ្ងៃ​ទី​៣ ខែ​តុលា ឆ្នាំ​១៩៥៥។

រហូត​មក​ដល់​ឆ្នាំ​១៩៦៤ ប្រទេស​ថៃ ក៏​បាន​ផ្លាស់​ប្ដូរ​ការ​ធ្វើ​ទិវា​បុណ្យ​កុមារ​នេះ ពី​ខែ​តុលា មក​ខែ​មករា វិញ ហើយ​កំណត់​យក រាល់​ថ្ងៃ​សៅរ៍ ទី​២ នៃ​ខែ​មករា ដើម្បី​ធ្វើ​ទិវា​នេះ ព្រោះ​ចង់​ឲ្យ​ក្រុម​គ្រួសារ​កុមារ​បាន​មាន​ឱការ​ប្រារព្ធ​ជាមួយ​កុមារ ដ្បិត​ជា​ថ្ងៃ​ឈប់​សម្រាក​រាជការ។

សម្រាប់​ឆ្នាំ​២០១២ នេះ ទិវា​បុណ្យ​កុមារ​នៅ​ប្រទេស​ថៃ ត្រូវ​ចំ​នឹង​ថ្ងៃ​ទី​១៤ (ថ្ងៃ​នេះ)។ សម្រាប់​ទិវា​បុណ្យ​កុមារ​នេះ ប្រទេស​ថៃ​មាន​វប្បធម៌​មួយ​គឺ​ការ​ផ្ដល់​ជា​គតិ ឬ​ពាក្យ​ជូន​ពរ​សម្រាប់​កុមារ ដែល​ភាសា​ថៃ​ហៅ​ថា «คำขวัญวันเด็ก» (អាន៖ ខាំខ្វ័នវ័នដិក) ហើយ​ដែល​ផ្ដល់​ដោយ​នាយករដ្ឋមន្ត្រី និង​គណៈ។ ឆ្នាំ​នេះ គតិ​ជូន​ពរ​កុមារ  នៃ​រដ្ឋការ​របស់​នាយករដ្ឋមន្ត្រី យិងលក្សណ៍ ជិនវ័ត្រ គឺ៖ «สามัคคี มีความรู้คู่ปัญญา คงรักษาความเป็นไทย ใส่ใจเทคโนโลยี» ប្រែ​ថា «​សាមគ្គី មាន​ចំណេះ​គូ​បញ្ញា គង់​រក្សា​ភាព​ជា​ថៃ យក​ចិត្ត​ទុក​ដាក់​បច្ចេក​វិជ្ជា»។

អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​មួយ​ទៀត​នោះ នៅ​ថ្ងៃ​ទិវា​បុណ្យ​កុមារ​នៅ​ប្រទេស​ថៃ គឺ​ការ​នាំ​កុមារ​មួយ​ចំនួន​ចូល​ទស្សនា​អាគារ​គណៈរដ្ឋមន្ត្រី ព្រម​ទាំង​ការ​ចូល​ទៅ​មើល និង​អង្គុយ​កៅអី​របស់​នាយករដ្ឋមន្ត្រី​ផង​ដែរ ដែល​គេ​ធ្វើ​បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ក្រៅ​អំពី​នាយករដ្ឋមន្ត្រី​ផ្ទាល់​ចេញ​មក​ធ្វើ​កិច្ច​កម្ម​នានា​ជាមួយ​កុមារ​ដោយ​ផ្ទាល់។

ចំពោះ​វិស័យ​ឯកជន​វិញ មាន​ចាត់​កម្មវិធី​ទូទាំង​ប្រទេស ផ្ដល់​រង្វាន់ សំណួរ​ចម្លើយ និង​កន្លែង​កម្សាន្ត​នានា បើក​ឲ្យ​កុមារ​ចូល​រួម ដោយ​មិន​បង់​ប្រាក់​ផង​ទៀត។ ចំពោះ​ប្រទេស​កម្ពុជា​វិញ តើ​ទិវា​បុណ្យ​កុមារ​មាន​អ្វី​គួរ​ជា​ទី​ចាប់​អារម្មណ៍​ទេ? កុមារ​ខ្មែរ មាន​សំណាង​បាន​ចូល​ទីស្ដី​ការ​នាយករដ្ឋមន្ត្រី​ទេ?


អង្គុយ​កៅអី​នាយករដ្ឋមន្ត្រី​ម្ដង​មើល វា​ស្រួល​យ៉ាង​ណា​ដែរ បាន​ម្នាក់​ៗ​ចង់​ធ្វើ​ម្ល៉េះ? ហេហេ…

នាយករដ្ឋមន្ត្រី​ថៃ​នាំ​ក្រុម​កុមារ​ទស្សនា​អាគារ​គណៈ​រដ្ឋមន្ត្រី

នាយករដ្ឋមន្ត្រី​ថៃ​ចូល​រូម​និទាន​រឿង​ឲ្យ​កុមារ​ស្ដាប់ ក្នុង​ថ្ងៃ​បុណ្យ​កុមារ (រូប៖ ហ្វេកប៊ុក​នាយករដ្ឋមន្ត្រី​ថៃ)

Advertisements
%d bloggers like this: