jump to navigation

អាគារ​ខ្ពស់​នៅ​កម្ពុជា ពិត​ជា​បង្ហាញ​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​មែន​ឬ? ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ជា​រឿយ​ៗ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​បញ្ចេញ​ឲ្យ​ដឹង​នូវ​គំនិត​មហិច្ឆតា​របស់​លោក​ចង់​ឃើញ​អាគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់​នៅ​ក្រុង​ភ្នំពេញ។ មាន​គ្រា​មួយ​នោះ​លោក​នាយករដ្ឋមន្ត្រី​ថែម​ទាំង​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ចាត់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ផ្ដល់​រង្វាន់​សម្រាប់​សេដ្ឋី ឬ​អ្នក​ទាំង​ឡាយ​ណា​ដែល​សាង​អាគារ​ខ្ពស់​ជាង​គេ​នៅ​ស្រុក​ខ្មែរ​ផង​ទៀត។ sic

ការ​សាង់​សង់​អាគារ​ខ្ពស់​ៗ​ត្រូវ​បាន​ពិភព​លោក​យក​មក​អួត​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ចង់​បង្ហាញ​ថា​ប្រទេស​របស់​ខ្លួន​មាន​ភាព​រីក​ចម្រើន ឬ​សេដ្ឋកិច្ច​ខ្លាំង​ក្លា តែ​សម្រាប់​ប្រទេស​កម្ពុជា​ដ៏​ល្អិត​ល្អោច ជម្រក​ទៅ​ដោយ​ប្រជាជន​យ៉ាក​តោក​វេទនា​នោះ អាគារ​ខ្ពស់​ពិត​ជា​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​​ដូច​នានា​ប្រទេស​ឯ​ទៀត មែន​ដែរ​ឬ​យ៉ាង​ណា។

បើ​ទោះ​បី​ជា​មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ការ​កសាង​ប្រទេស​ជាតិ រួម​ទាំង​សេដ្ឋកិច្ច​បាន​ដើរ​ទៅ​មុខ សំណង់​អាគារ​ថ្មី​ៗ​​មាន​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់​នោះ​ក្ដី ផែន​ដី​ស្រុក​ខ្មែរ​ដ៏​កម្សត់​នេះ​ក៏​គង់​នៅ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ខ្លាំង​ណាស់​​ដែល​ត្រូវ​ដើរ​ទៅ​មុខ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​ខ្លួន។ ការ​កើន​ឡើង​ផ្នែក​ធុរកិច្ច និង​សំណង់​អាគារ ដែល​គ្មាន​ការ​គ្រប់​គ្រង​និង​ម្ចាស់​ការ​ពី​រាជ​រដ្ឋាភិបាល​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ មាន​ភាព​រញ៉េ​រញ៉ៃ គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ច្បាស់​លាស់ ហើយ​ជា​ថ្មី​ម្ដង​ទៀត ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា គ្មាន​ផ្លូវ​អ្វី​ក្រៅ​ពី​ដើរ​តាម​គន្លង​ដែរ​ខុស ហើយ​ដែល​បាន​ដើរ​រួច​មក​ហើយ​របស់​ប្រទេស​ជិត​ខាង មាន​ក្រុង​បាងកក, ចាការតា, ម៉ានីល ។ល។ និង ។ល។ នោះ​ទេ។

ការ​សាងសង់​អាគារ​ថ្មី​ៗ រួម​មាន​អាគារ​ខ្ពស់​ផង​ដែរ​នៅ​ក្រុង​ភ្នំពេញ​នោះ គឺ​ប្រាកដ​ណាស់​ដែល​មិន​មែន​ជា​របស់​ម្ចាស់​ប្រទេស សំណង់​ទាំង​នោះ​បាន​ត្រឹម​កែ​ប្រែ​មុខ​មាត់​ក្រុង​ភ្នំពេញ​ដ៏​តូច​ចង្អៀត ហើយ​ដែល​មិន​មែន​ជា​ទីក្រុង​សាង​មូលដ្ឋាន​ជា​ក្រុង​ខ្ពស់​នោះ ក្លាយ​ជា​ក្រុង​អាណាធិបតេយ្យ​បែប​សំណង់​មិន​រៀប​រយ​ទៅ​វិញ។

សំណង់​ទាំង​អស់​សាង​មិន​មាន​របៀប​រៀប​រយ គឺ​តាម​តែ​ការ​នឹក​ចង់​ឃើញ ឬ​នឹក​យល់​សប្តិ៍​ចង់​បាន ហើយ​មុន​នេះ​មិន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា​ក្រុង​ភ្នំពេញ នឹង​ធ្វើ​ការ​សាង​សង់​អាគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ៥៥៥​ម៉ែត្រ នៅ​លើ​កោះ​ឃ្លង់​ផង​ដែរ sic នៅ​ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​របស់​លោក​មាន​អាគារ​លើស​ពី​២០​ជាន់ មិន​ទាំង​ដល់​១០​អាគារ​ផង។ ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រទេស​នានា មាន​សិង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ…។ល។ សំងំ​​សើច​នោះ​ទេ ដ្បិត​ប្រទេស​ទាំង​​នោះ ដែល​កម្រិត​ជីវិភាព​របស់​ប្រជាជន​គេ ខ្ពស់​ជាង​កម្ពុជា​ច្រើន​ស៊ិប​ដង​នោះ គេ​មិន​ទាំង​ហ៊ាន​ធ្វើ​អាគារ​ខ្ពស់​​បែប​នោះ​ផង។

ការ​កសាង​អាគារ​ខ្ពស់​ក្នុង​ប្រយោជន៍​ដើម្បី​អួត​ប្រទេស​នានា​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត​សម្រាប់​ប្រទេស​កម្ពុជា។ អាគារ​ខ្ពស់​មិន​មែន​ជា​សញ្ញាណ​នៃ​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​មួយ​នោះ​ទេ។ អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​នោះ ប្រហែល​ជា​ការ​ខិត​ខំ​កសាង​សុខុមាល​ភាព​ប្រជាជន, លើក​តម្កើង​កម្រិត​ជីវភាព, អនាម័យ និង​ភាព​បៃតង​នៃ​ទីក្រុង នោះ​ប្រហែល​ជា​មាន​ភាព​ចាំ​បាច់​ជាង។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លំហូរ​នៃ​សាកលភាវូបណីយកម្ម​នៃ​សំណង់​អាគារ​ខ្ពស់​ពិត​ជា​មិន​អាច​គេច​វេស​បាន​ទេ​សម្រាប់​កម្ពុជា​ដែល​បើក​ចំហរ​ប្រទេស​នោះ ក៏​ប៉ុន្តែ​ការ​កសាង​អាគារ​ទាំង​នោះ​ក៏​មិន​មែន​ចេះ​តែ​នឹក​ចង់​សាង​គ្រប់​ទី​តាំង​នោះ​ក៏​ទេ​ដែរ។ ទី​តាំង​ជាក់​លាក់​ពិត​ប្រាកដ​នៃ​ការ​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ថ្មី និង​ចាស់ ក៏​គួរ​ត្រូវ​យក​មក​គិត​គូរ​ឲ្យ​បាន​​គ្រប់​ជ្រុង​ជ្រោយ។

ភ្នំពេញ! អ្នក​កំពុង​ដើរ​ជាន់​ដាន​កំហុស​ទីក្រុង​ដទៃ​ដែល​បាន​ដើរ​ខុស​រួច​មក​ហើយ​នោះ​ ហើយ!


ខ្មោច​នៃ​សំណង់​អាគារ​ដែល​ទុក​ចោល​នៅ​ក្រុង​ភ្នំពេញ
(អាគារ​មាស​៤២ និង​អាគារ​សំណង់​ក្រុង​ខេមកូ)

អាន​ផង​ដែរ៖ សម្តេច តេជោ ជម្រុញឱ្យមាន​ ការសង់ អាគារខ្ពស់ នៅក្នុងប្រទេស

Advertisements

មតិ»

1. សាយ័ន្ត - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

តាមខ្ញុំជាអ្នករៀនខាង នគរូបនីយកម្ម តែដោយឡែកទើបតែរៀន និងខ្វះបទពិសោធន៏ទៀតនោះ ខ្ញុំថា អគារខ្ពស់ៗ ទាំងនោះពិតជាមិនមែនធាតុពិតថា បង្ហាញអោយឃើញពីភាពរីចំរើននុះទេ វាត្រូវអាស្រ័យនឹងកត្តាផ្សេងៗ ទៀត! ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់ តំបន់ដែលគេនឹងសាងសង់ ឬ អភិវឌ្ឍ ទៀតទើបអាចនិយាយបាន ! ម្យ៉ាងរឿងអគារខ្ពស់ជាងគេ ដែលគាត់និយាយនោះ តាមខ្ញុំដឹងដូចជា គំរោងរបស់ឯកជន របស់លោកឧកញ៉ាណាម្នាក់ខ្ញុំមិនចាំឈ្មោះ! ហើយខ្ញុំមិនដឹងថា ការលើកគំរងនោះ បានសិក្សាគ្រប់ជ្រុងជ្រោយនៅទេ បានជាហ៊ានប្រកាស ថាចង់សង់ ៥៥៥ម៉ែត្រនោះ! លក្ខខណ្ឌដែល វិស័យអចលនៈទ្រព្យនៅខ្មែរ រីកលូតលាស់យឺតយ៉ាវ វាអាស្រ័យនឹងកត្តាច្រើនយ៉ាងណាស់ ជាពិសេសគឺ បញ្ហាជីវភាព និង កំរិតចំនូល ដែលមិនអាចអោយគ្រួសារមួយចំនួន មិនអាចបំបែកចេញពីគ្រួសារធំ ពេលរៀបការរួច !

2. reaseyh - ថ្ងៃ​ព្រហស្បតិ៍ 9 ខែ​កុម្ភៈ 2012

ផល​វិបាក​នៃ​ការ​សាង​សង់​អគារ​ខ្ពស់​ៗ​មិន​បាន​គិត​ជា​មុន ជា​ពិសេស​សាង​សង់​កណ្តាល​ក្រុង​ចាស់​នឹង​បង្ហាញ​ឡើង​បន្តិច​ម្តងៗ​នៅ​ពេល​ដែល​អគារ​នីមួយៗ​សាង់សង់​រួច​រាល់ ហើយ​ត្រូវ​បាន​គេ​មក​រស់​នៅ។ ស្រុក​ខ្មែរ​គេ​ធ្វើ​អ្វី​មិន​ដែល​សូវ​ស្តាប់​អ្នក​បច្ចេក​ទេស​ទេ! គេ​ធ្វើ​តាម​តែ​ចិត្ត​ចង់!

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

៥៥៥ ម៉ែត្រ​កាល​នោះ​លោក ហ៊ុន សែន ថា​នឹង​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​លើ​លោក ជា​សំណួរ​ថា​តើ​នេះ​ជា​ចំណុច​ដែល​លោក ហ៊ុន សែន ចង់​​សាងសង់​អគារ​ខ្ពស់​កប់​ពពក ព្រោះ​តែ​ចង់​បាន​មាន​ឈ្មោះ​ខ្ពស់​ជាង​គេ​លើ​លោក? បើ​អញ្ចឹង​មែន​ទីបំផុត​លោក​ ហ៊ុន សែន នៅ​តែ​ខក​ចិត្ត​ដដែល http://goo.gl/KZJ3Q

KOn - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2012

មិនមែនខ្ពស់​ជាង​គេ​បំផុត​លើ​លោកទេ។គឺខ្ពស់ជាងគេនៅអាស៊ី

Sophoan - ថ្ងៃ​ពុធ 30 ខែ​កក្កដា 2014

ត្រឹមត្រូវ

4. ក្មេងស្រែ - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

កោះឃ្លង់? ង៉ាស់ង៉ាស់ង៉ាស់

Sophoan - ថ្ងៃ​ពុធ 30 ខែ​កក្កដា 2014

ង៉ាស់ ៗៗៗ ប្រែថាម៉េចទៅអូន ហ៊ីៗៗ

5. ដួងចាន់ - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

ការសាងសង់អគារខ្ពស់ៗនៅក្នុងស្រុកមិនប្រាកដថាប្រទេសមានសេដ្ថកិច្ច
រីកចំរើនអីទេប្រសិនបើការសាងសង់នោះទៅខ្ជីបុលគេនោះ.
និយាយអោយចំទៅស្រុកខ្មែរចង់ធ្វើអីមួយទ័លតែទៅខ្ជីលុយគេមកធ្វើទើបបានបើសិនខ្ជីគេមិនបានទេគំរោងនោះនឹងស្ញិញចេញធ្មេញម៉ាក្រាស់នៅនិង

6. ដួងចាន់ - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

ការសាងសង់អគារខ្ពស់ៗនៅក្នុងស្រុកមិនប្រាកដថាប្រទេសមានសេដ្ថកិច្ច
រីកចំរើនអីទេប្រសិនបើការសាងសង់នោះទៅខ្ជីបុលគេនោះ.
និយាយអោយចំទៅស្រុកខ្មែរចង់ធ្វើអីមួយទ័លតែទៅខ្ជីលុយគេមកធ្វើទើបបានបើ
សិនខ្ជីគេមិនបានទេគំរោងនោះនឹងស្ញិញចេញធ្មេញម៉ាក្រាស់នៅនិង

7. monyrinataro - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

ត្រូវការដាក់មីនកំទេចទេ? បើចឹង អាចទាក់ទងខាងស៊ីម៉ាក់បាន 😆

ហេតុតែសំណង់នោះក្លាយជាខ្មោចទៅហើយ បើសាសង់បន្តខ្លាចក្រែងជើងសរសេរឡើងច្រែ រំលំដូចទិដ្ឋភាព អាគារពាណិជ្ជកម្ម WTO បាត់ទៅ!

8. Crazynas - ថ្ងៃ​សុក្រ 10 ខែ​កុម្ភៈ 2012

តាមខ្ញុំ គ្រាន់តែមានអាគារខ្ពស់ មិនអាចអះអាងទាំងស្រុងថា សេដ្ឋកិច្ចប្រទេសរីកចម្រើននោះទេ។

9. Lovepeehs05 - ថ្ងៃ​សៅរ៍ 11 ខែ​កុម្ភៈ 2012

ខ្ញុំយល់ថា រដ្ឋាភិបាលខ្មែរ ឬ នាយករដ្ឋមន្ត្រីខ្មែរ សម្តេចហ៊ុន សែន ចង់បង្ហាញជាស្នាដៃ ក្នុងនាមជាអ្នកដឹកនាំ ហើយចង់ទាក់ទាញ អ្នកវិនិយោគទុននានា ក៏ដូចជាអ្នកទេសចរណ៍នានា ឱ្យចូលមកស្រុកខ្មែរ អោយបានច្រើន តែប្រហែលជាមិនបាន សិក្សាឱ្យបាច្បាស់លាស់ថា ត្រូវធ្វើអ្វីមុន ដើម្បីឈានទៅរកការ សាងសង់អគារដ៏ស្កឹមស្កៃនោះ ។ តើត្រូវធ្វើអ្វីជាចម្បង សម្រាប់ប្រជាជន និង ប្រទេសជាតិខ្មែរ ហើយនិង ដើម្បីឱ្យ ពិភពលោកគេ ចាប់អារម្មណ៍ផងនោះ ?

ទី១. រដ្ឋាភិបាលខ្មែរ ត្រូវតែរៀបចំ ឬ បង្កើតជាប្រព័ន្ធនយោបាយ ដឹកនាំ ដ៏ត្រឹមត្រូវមួយ ។

ទី២. រដ្ឋាភិបាលខ្មែរ ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធភូមិដ្ឋាន របស់ប្រជាជន តាមក្រុងនិងជនបទ ទូទាំងប្រទេស ។

ទី៣. រដ្ឋាភិបាលខ្មែរ ត្រូវរៀបចំ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវគំនាគមន៍ ឬ ផ្លូវថ្នល់ លើផ្ទៃប្រទេសជាស្រេច ។

ទី៤. រៀបចំទីកន្លែងកសិកម្ម ឧស្សាហកម្ម ឬ សេដ្ឋកិច្ចទួទៅ ឱ្យបានច្បាស់ លាស់ មិនត្រូវដាក់ឱ្យនៅច្របូកច្របល់ ជាមួយកន្លែងរស់នៅរបស់ ប្រជាជនទេ ។

ទី ៥. រៀបចំខាង វិស្ស័យសិក្សាអប់រំឱ្យបានច្បាស់លាស់ ។

ទាំងអស់នេះគ្រាន់តែជាមតិយោបល់ របស់ខ្ញុំតែប៉ុណ្ណោះ ហើយរឿងច្បាស់លាស់ ឬ ជាក់ស្តែងដល់តែចុះផ្ទាល់ទើបដឹងថា ត្រូវធ្វើយ៉ាងណាៗនោះ វាស៊ីសងលើបច្ចេកទេសក្នុងការរៀបចទេ ការរៀបចំតែខុសវាខុស ហើយមិនងាយកែប្រែទេ ខុសតូចមួយក៏អាចជាធំបានដែរ បើធ្វើមិនមានការសិកស្សា ឱ្យបានច្បាស់លាស់នោះ ។ល។៚…

10. taratananatapi - ថ្ងៃ​សៅរ៍ 11 ខែ​កុម្ភៈ 2012

ក្រោមការដឹកនាំ​ដ៏ឈ្លាសវៃ ប្រកបដោយកតិបណ្ឌិត របស់​​សម្តេចហ៊ុន សែន ស្រុកខ្មែរមានភាពរញ៉េរញ៉ៃណាស់ ។

11. Samady KS - ថ្ងៃ​សៅរ៍ 11 ខែ​កុម្ភៈ 2012

បើអនុសាសន៍​ចេញ​មក​ហើយ ដាច់​​ខាត​ត្រូវ​តែ​ធ្វើ

12. Lovepeehs05 - ថ្ងៃ​អាទិត្យ 12 ខែ​កុម្ភៈ 2012

ថាម៉េច សាមឌី ? ត្រូវតែធ្វើ ! តាមពិតចង់ធ្វើណាស់ទៅហើយ បើសិនជាសាមឌីជួយសារេបើកផ្លូវនោះ ! មិនថាអញ្ចឹង ?

និយាយលេងសើចអី ខ្ញុំជឿថា ពិតជាមានប្រយោជន៍ច្រើណាស់ បើផែនការណ៍របស់ខ្ញុំបានសម្រេចនោះ ជួយសម្រួលភាពតានតឹង គ្រប់បែបយ៉ាង ដែលរដ្ឋាភិបាលខ្មែរប្រឈមរាល់ថ្ងៃនេះ ខ្ញុំមិនចង់ឃើញគេ គូមុខដាក់គ្នា ជាពិសេសបក្សប្រឆាំង និង បក្សប្រជាជនតែម្តង គ្មានបាន ប្រយោជន៍អីទេ អាឡៃតែប្រកាន់គ្នាចឹង គ្មានអីអភិវឌ្ឍទេ ល្មមនាំគ្នាឈប់ហើយ និយាយទៅចេះតែវែងឆ្ងាយទៀតហើយ !

បើបានខ្ញុំនាំប្រពន្ធនយោបាយនេះចូលមែន គឺពិតជាធានាថា ខ្មែរទាំងមូល ឈប់ឈ្លោះគ្នាទៀតហើយ ហើយរឿងយួនក៏ឈប់ទាស់គ្នាដែរ គឺបញ្ចប់រឿងទាំងអស់បណ្តោយ គិតតែពីនាំគ្នារៀបចំកសាងប្រទេស ម្នាក់ៗប្រជែងគ្នាខាង កសាងគ្រួសារ កសាងប្រទេសជាតិហើយ ! ខ្ញុំមើលទៅដូចជាមិនមានក្រឡាណាពិបាកទេ រឿងដំណោះស្រាយខ្មែរ យើង វានៅលើ រចនាសម្ព័ន្ធនយោបាយ នេះហើយ ដែលអាចដោះស្រាយ បញ្ហាបាន គ្មានអ្វីជាងហ្នឹងទេ ! មិនថាអញ្ចឹង ?

13. KOn - ថ្ងៃ​ចន្ទ 13 ខែ​កុម្ភៈ 2012

ខ្ញុំគិតថាការកសាងអាគារខ្ពស់ៗក៍ជាការួមចំនែកក្នុងការធើ្វអោយប្រទេសរីកចំរើន។គ្រាន់តែអាគារមួយអាចអោយប្រជាជនមានកាងារធើ្វរាប់ពាន់នាក់ហើយជាការទាក់ទាញ អ្នកវិនិយោគទុននានា បនែ្ថម​…នឹងធើ្វអោយប្រទេសកែបែ្រមុខមាត់ជាថ្មី..

14. Khmerling - ថ្ងៃ​អង្គារ 14 ខែ​កុម្ភៈ 2012

មកដល់សតវត្សនេះហើយខ្មែរយើងនៅតែប្រើវិធីកាត់តម្រឹមតាមក្រោយទៀត គឺមិនគិតធ្វើឲ្យស្រេចតាមគម្រោងពីក្រោមមកឲ្យហើយទេ ។ បររទេះ​តាត់ហើយ​​ទើបត្រាយផ្លូវជាក្រោយ ។

15. Lovepeehs05 - ថ្ងៃ​ពុធ 15 ខែ​កុម្ភៈ 2012

ចឹងហើយបានជាខ្ញុំតែងនិយាយថា រដ្ឋាភិបាលខ្មែរសព្វថ្ងៃ ធ្វើនយោបាយបកក្រោយ ទៅសតវត្សទី ១៦-១៧ ទៅវិញ ឆ្ងល់ដែរ ! ប្រហែលដោយយល់ថា របបខ្មែរក្រហម បន្សល់ទុក លេខ ហ្សេរ៉ូ ចឹងបានជាគាត់បន្តរពីលេខ ០ ហ្នឹងមក ។

16. កំឡោះខ្មែរ - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2012

គ្រាន់តែបុកគ្រឹះអគារ១០ជាន់ហ្នឹង អស់១០ម៉ឺនដុល្លារបាត់ទៅហើយ! ចុះទម្រាំដល់គ្រឹះអគារ៥៥៥ជាន់! ចឹងទេ វាក៏បានបង្ហាញថា អស់លុយច្រើនណាស់ទម្រាំសង់បានអគារមួយ! អគារអស់ហ្នឹង និងក្លាយជាទ្រព្យរបស់កម្ពុជា! អត់មានអីខាតទេ! នេះមិនទាន់និយាយដល់រឿងជួលបុគ្គលិកផង!

17. Lovepeehs05 - ថ្ងៃ​ព្រហស្បតិ៍ 16 ខែ​កុម្ភៈ 2012

ក្លាយជារបស់កម្ពុជាយ៉ាងម៉េច ? បើកម្ពុជាមិនមានដាក់លុយ ១ រៀ់លផងហ្នឹង ប្រហែលជាចប់កុងត្រាហើយបានបាន ១០០ ឆ្នាំទៀត ចប់ហើយល្មមដល់ពេលជ្រុះថ្មមកអស់ដែរ នៅពេលនោះ កម្ពុជាអ្នក ចំណាយលុយ វាកំទេចចោលតែម្តង ! មិនថាអញ្ចឹង ?

កំឡោះខ្មែរ - ថ្ងៃ​សុក្រ 17 ខែ​កុម្ភៈ 2012

កុំទៅឆ្ងល់ពេក បើសង់លើដីខ្មែរ ឬ ដែនអធិបតេយ្យរបស់ខ្មែរ សុទ្ធតែជាទ្រព្យរបស់ខ្មែរទាំងអស់ហ្នឹង!

18. Sikao - ថ្ងៃ​ពុធ 7 ខែ​មីនា 2012

អាគារខ្ពស់មិនបា្រកដថាសេដ្ឋកិច្ចកម្ពុជារីកចំរើនទេ។​ កត្តាសំគាល់ថារីកចំរើនបានគឺយើងពិនិត្យមើលចំណូល​និងចំណាយរបស់ប្រជាជន

19. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃ​អាទិត្យ 24 ខែ​កុម្ភៈ 2013

[…] ក្នុង​ឆ្នាំ​មមែ សប្ដស័ក ព.ស.​២៤៦៨, អាគារ​ខ្ពស់​នៅ​កម្ពុជា ពិត​ជា​បង្ហ…, បន្ទាប់​ពី​បាត់ «សែន», ឥឡូវ​ «ម៉ឺន» […]

20. អាគារ​ខ្ពស់​នៅ​កម្ពុជា ពិត​ជា​បង្ហាញ​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​មែន​ឬ? | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 18 ខែ​កុម្ភៈ 2016

[…] កកន​៖ ប្រកាស​នេះ​ត្រូវ​បាន​ដាក់​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ មក​ម្ល៉េះ​​។ ថ្ងៃ​នេះ (​១៦ កុម្ភៈ ២០១៦​) មាន​ព័ត៌មាន​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​អាគារ​ខ្ពស់​​ភ្លោះ​មួយ​ទៀត​ហើយ នៅ​ចំ​កណ្ដាល​ក្រុង​ភ្នំពេញ នា​បរិវេណ​សួន​ឌ្រីម​លេនដ៍ ក្បែរ​សណ្ឋាគារ​កាំបូឌីយ៉ាណា ជិត​ព្រះ​បរម​រាជ​វាំង​តែ​ម្ដង និង​មាន​កម្ពស់​រហូត​ដល់​ទៅ​១៣៣​ជាន់​។​ ដោយ​សារ​​ឃើញ​ថា​អត្ថបទ​នៅ​មាន​តថភាព​សម្រាប់​គ្រា​បច្ចុប្បន្ន ស្រែ​ខ្មុក​សម្រេច​ដាក់​ប្រកាស​ដដែល​នេះ​ឡើង​វិញ​​… […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: