jump to navigation

គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត ថ្ងៃចន្ទ 21 ខែ​ឧសភា 2012

Posted by សុភ័ក្ត្រ in អំពីភាសា.
trackback

តាម​ពិត​សំឡេង «ប៉» នៅ​ក្នុង​ភាសា​យើង​មាន​រួច​ស្រេច​ហើយ ចំណែក​ឯ​ពាក្យ​ដែល​តាម​សំំឡេង និង​សរសេរ​ដោយ​តួ​ «ប៉» មាន​ច្រើន​ខ្លាំង​ណាស់ ឬ​អាច​ថា​ច្រើន​ជាង​តួ «ប» ផង។ តួយ៉ាង៖ ចំប៉ី, អធិបតី, ប្រជាធិបតេយ្យ… ។ល។ និង​។ល។ បើ​ទោះ​ជា​សំឡេង «ប៉» មាន​ច្រើន​នៅ​ក្នុង​​ភាសា​ខ្មែរ​ក្ដី តួ​អក្សរ «ប៉» មិន​ត្រូវ​បាន​​បង្កើត​ទេ​នៅ​ក្នុង​អក្ខរក្រម​ខ្មែរ ប៉ុន្តែ​ជំនួស​មក​វិញ ដោយ​ខ្ចី​តួ «ប» មក​ប្រើ នៅ​ក្នុង​ពាក្យ​ខ្លះ​ដោយ​ប្រើ​មូសិកទន្ត។ នេះ​អាច​រាប់​ថា​ជា​​ករណី​ពិសេស​មួយ​ដែល​ព្យញ្ជនៈ​សំឡេង «អ» (តួ «ប») ត្រូវ​ប្រើ​​មូសិកទន្ត​ដើម្បី​បង្កើត​ជា​សំឡេង «អ» ដដែល (តួ «ប៉») ដែល​ខុស​​និង​ក្បួន​គំរូ​របស់​មួសិកទន្ត​ដែល​ជា​ធម្មតា​ត្រូវ​ដាក់​លើ​ព្យញ្ជនៈ​ពួក «អ៊» ដើម្បី​ឲ្យ​ក្លាយ​ជា​ពួក «អ» នោះ។ ចំណែក​ឯ​ពាក្យ​ជា​ច្រើន​រាប់​​រយ​ទៀត​ប្រើ​តួ «ប» ទាំង​ដុល​តែ​ម្ដង ករណី​ដូច​ពាក្យ អធិបតី, ប្រជាធិបតេយ្យ ក្នុង​ឧទាហរណ៍​ទាំង​ពីរ​ខាង​លើ​ស្រាប់។

ការ​មិន​មាន​តួ «ប៉» ប្រើ​ប្រាស់​នៅ​ក្នុង​ភាសា​ខ្មែរ​នេះ បាន​បង្ក​ជា​​មន្ទិល​ដល់​បណ្ដា​អ្នក​មិន​ចេះ ឬ​មិន​ស្គាល់​ឫស​គល់​នៃ​ពាក្យ​ក្នុង​ភាសា​ខ្មែរ ក្នុង​ការ​អាន​ និង​និយាយ​ភាសា​ខ្មែរ​ឲ្យ​បាន​ត្រឹម​ត្រូវ។ ខ្ញុំ​សូម​​លើក​ឧទាហរណ៍​ពាក្យ​សាមញ្ញ​ចំនួន​ពីរ​ដែល​យើង​ឃើញ​ និង​ប្រើ​ប្រាស់​ស្ទើរ​រាល់​ថ្ងៃ ដូច​ខាង​​ក្រោម៖

១. បណ្ណាល័យ និង
២. បណ្ណាការ

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ​ទី​១ អាន​ថា [ប៉័ន-ណា-ល៉ៃ] ពោល​គឺ​ជា​តួ «ប៉» ចំណែក​ឯ​ពាក្យ​ទី​២​វិញ អាន​ថា [ប័ន-ណាកា]* ពោល​គឺ​តួ «ប»។

នៅ​ក្នុង​ពាក្យ​ទី​មួយ មាន​មនុស្ស​ខ្មែរ​មិន​តិច​ទេ ដែល​អាន​​ថា [ប័ន-ណា-ល៉ៃ] ដ្បិត​ពេល​សរសេរ​ខ្មែរ​យើង​ប្រើ​តួ​អក្សរ «ប» ដោយ​មិន​សរសេរ​ជា ប៉ណ្ណាល័យ ទេ។ ចំណែក​ឯ​ពាក្យ អធិបតី, ប្រជាធិបតេយ្យ ខាង​លើ​សុទ្ធ​តែ​ជា​សំឡេង​ «ប៉» ទាំង​អស់ ក៏​ប៉ុន្តែ​​នៅ​ក្នុង​ភាសា​ខ្មែរ​គេ​មិន​បាន​សរសេរ, អធិប៉តី, ប៉្រជាធិប៉តេយ្យ​ … ទេ។ ក៏​ប៉ុន្តែ វា​ហាក់​បី​ដូច​ជា​ចំឡែក​បន្តិច នៅ​ត្រង់​ពាក្យ ប៉ុន្តែ, ប៉ុណ្ណោះ, ប៉ុណ្ណឹង…។ល។ អ្នក​ប្រាជ្ញ​ខ្មែរ​បែរ​ជា​ប្រើ​តួ «ប៉» ទៅ​វិញ។

ការ​មិន​សរសេរ​បែប​នេះ​ (អធិប៉តី, ប៉្រជាធិប៉តេយ្យ​) របស់​អ្នក​ប្រាជ្ញ​​ខ្មែរ បើ​តាម​ទស្សនៈ​ខ្ញុំ គឺ​​ប្រហែល​មក​ពី​មូលហេតុ​នៃ​សម្ផស្ស​នៃ​ការ​​សរសេរ​​ប៉ុណ្ណោះ​ឯង។ ចំណែក​ឯ​ហេតុ​ផល​ចម្បង​បំផុត គឺ​កង្វះ​តួ​​អក្សរ «ប៉» នេះ​ឯង។ នៅ​ទី​នេះ​ដើម្បី​បញ្ជៀស​ការ​​សរសេរ​ខុស និង​ការ​អាន​ពាក្យ​ខ្មែរ​ខុស ខ្មែរ​យើង​ក៏​គួរ​តែ​បង្កើត​តួ​​អក្សរ «ប៉» មួយ​ទៀត ឲ្យ​ដាច់​ចេញ​​ពី​តួ «ប» ដ្បិត «ប៉» និង «ប» ជា​តួ​ព្យញ្ជនៈ​ពីរ​ដាច់​ពី​គ្នា​ទេ​តើហ៍ (ប-ប៊, ប៉-ព)។ ការ​បង្កើត និង​ប្រើ​​ប្រាស់​តួ «ប៉»​ ថ្មី គឺ​ដើម្បីសរសេរ​ពាក្យ​ទាំង​​ឡាយ​ណា​ដែល​មាន​​សំឡេង «ប៉» ដោយ​ឈប់​ប្រើ «ប» ជំនួស​ទៀត ដូច​ក្នុង​ករណី​​ពាក្យ​ជា​ឧទាហរណ៍​ខាង​លើ​ស្រាប់។

ខាង​ក្រោម​នេះ​ជា​សំណើ​របស់​ខ្ញុំ​នៃ​តួ​អក្សរ «ប៉» ថ្មី (នេះ​គ្រាន់​ជា​រូប​រាង​នៃ​សំណើ​តួ «ប៉» ទេ អ្នក​ប្រាជ្ញ​អក្សរ​ខ្មែរ​អាច​បង្កើត​ជា​រូប​រាង​យ៉ាង​ម៉េច​ក៏​បាន សំខាន់​មាន​អក្សរ «ប៉» ថ្មី​មួយ​ប្រើ​ប្រាស់​នៅ​ក្នុង​ភាសា​ខ្មែរ ដើម្បី​បញ្ជៀស​ការ​យក​តួ «ប» មក​ប្រើ​ជំនួស ដូច​បច្ចុប្បន្ន​នេះ) និង​ការ​សរសេរ​ពាក្យ​ទាំង​ឡាយ៖


តួអក្សរ «ប៉» បែបធម្មតា និងបែបអក្សរមូល ព្រម​ទាំង​ជើង


ឧទាហរណ៍ពាក្យដែរប្រើតួ «ប៉» ថ្មី

_____________________________________
* នៅក្នុងវចនានុក្រមក៏ប្រាប់ឲ្យអានថា ប៉័ន ណាកា ក៏បាន

________________________________________________
អានបន្ថែម
១. បែបសើចៗ៖ ទុក្ខ «ប»

Advertisements

មតិ»

1. បែបសើចៗ៖ ទុក្ខ «ប» « ស្រែ​ខ្មុក - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

[…] គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត Like this:Likeប្លកហ្គ័រ​ម្នាក់​ចូល​ចិត្ត […]

2. តា ម៉ាប់ - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

Really appreciate your idea…

3. Nataro - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

រដ្ឋប្រហារ 😀

4. កូនផ្សោត - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

អត់​យល់​ស្រប​ទេ!

សុភ័ក្ត្រ - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

ហេតុ​ផល​អ្វី​បាន​មិន​យល់​ស្រប។ ជួយ​បញ្ចេញ​មក​មើល ហេហេ

កូនផ្សោត - ថ្ងៃអង្គារ 22 ខែ​ឧសភា 2012

ទីមួយ ក្នុង​ភាសារ​ខ្មែរ និង​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​ខ្មែរ​យើង មិន​សូវ​ជា​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បញ្ចេញ​សំលេង​នោះ​ទេ។ ខុស​តិច​តួច​អាច​យល់​បាន។ ដូច្នេះ ការ​ដែរ​សុភ័ក្ត្រ​ឯង​ថា បណ្ណាល័យ អាន​ថា “ប៉ន ណា លៃ” គេ​អាច​មិន​ត្រូវ។ ដូច​ជាខ្ញុំ ខ្ញុំ​អាន​ថា “បន់ ណា លៃ”។ ហើយ​ពាក្យ “អធិបតី” ពាក្យ​អាន​ត្រឹម​ត្រូវ​អាច​​មិន​មែន​ថា “អធិប៉តី” តែ​ជា “អធិបតី” ដដែល​ក៏​ថា​បាន។ ដូច្នេះ​ត្រូវ​សិក្សា​អោយ​បាន​ច្បាស់​លាស់​អំពី​ការ​បញ្ចេញ​សំលេង មុន​និង​ចង់​កែ​ប្រែ​ការ​សរសេរ។

ទីពីរ បន្តក់ពីរ ៉ ជា​សញ្ញា​ពិសេស​មួយ​សំរាប់​កែ​ប្រែ​សំលេង​របស់​​តួរ​អក្សរ។ ហើយ​ខ្ញុំ​យល់​ស្រប​ថា ជាទូទៅ គឺ​ប្រើ​សំរាប់​បំលែង​ពី​ខ្យល់​អ៊ ទៅ​ជា​ខ្យល់​អ។ ចំណែក​អក្សរ​ ប អាច​ជា​ករណី​ពិសេស​មួយ។ តែ​មិន​អាច​ថា​មាន​តែ​មួយ​នោះ​ទេ។ ដូច្នេះ​​ត្រូវ​តែ​សិក្សា​ជា​មុន​ថា​ តើ​អាច​មាន​ករណី​ផ្សេង​ទៀត​ឫ​ទេ? បើ​គ្មាន​ទេ ការ​បង្កើត​ថ្មី​គឺ​អាច​ពិចារណា​បាន។ តែ​ត្រូវ​គិត​ចំនុច​ទីបី និង​ ទីបួន

ទីបី តួរ​អក្សរ​ខ្មែរ មាន​ចែក​វគ្គ​ត្រឹង​ត្រូវ ដូច្នេះ​បើ​បង្កើត​មក​ហើយ តើ​យក​ទៅ​ដាក់​នៅ​ឯ​ណា?

ទីបួន ប៉ គឺ​ប្រើ​ជាទូទៅ​ទៅ​ហើយ។ បើ​អ្នក​ដែល​មិន​ចេះ​ប្រើ អាច​ថា​ពួក​បរទេស​ដែល​រៀន​ភាសារ​យើង អាច​ថា​មាន​ការ​លំបាក។ តែ​ខ្ញុំ​យល់​ស្រប​ថា​ក៏​មិន​ស្រួល​ដែរ​សំរាប់​ខ្មែរ​យើង។ តែ​ក៏​មិន​គួរ​ណា​ប្តូរ​ឫ​គល់​អក្សរ​ដែរ។ គួរ​តែ​ចែង​ក្រិដ្ឋ​ក្រំ​អោយ​ច្បាស់ ដើម្បី​អោយ​អ្នក​ប្រើ​យល់​ដឹង​បាន​ច្បាស់ ជៀស​ជាង​ការ​ប្តូរ​អក្សរ​ជាតិ

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ហេតុ​ម្ដេច​បាន​ជា​ថា​មិន​យក​ចិត្ត​ទុក​លើ​ការ​អាន​ទៅ​វិញ? ដោយ​សារ​តែ​ការ​សរសេរ​របស់​យើង​មិន​ដូច​ការ​អាន​នឹង​ហើយ​ទើប​ម្នាក់​ៗ​អាន​ខុស ដល់​គេ​សួរ​ម៉េច​អាន​ដូច្នេះ​បែ​ជា​ឆ្លើយ​ថា​អា​នឹង​គេ​អាន​បាន​ពីរ​បែប។ ខ្ញុំ​ថា​មិន​មែន​អាន​ពីរ​បែប​ទេ ចម្លើយ​គឺ​ម្នាក់​នឹង​មិន​ចេះ​ពាក្យ​នោះ ថា​គេ​អាន​ដូច​ម្ដេច។

កូន​ផ្សោត​គួរ​តែ​អាន​វចនានុក្រម​ខ្មែរ​ឲ្យ​បាន​ច្រើន​បន្តិច។ សញ្ញា​មូសិកទន្ត​នេះ ប្រើ​បាន​តែ​ ង, ញ, ន, ប, ម, យ, រ, ល, វ, (ឬ​ថា​កូន​ផ្សោត​អាន​ប្រើ​លើ​តួ​អី​បាន​ទៀត?) ក្រៅ​ពី​ ប ចេញ ព្យញ្ជនៈ​ទាំង​អស់ គឺ​ជា​ពួក អ៊។ ដូច​ខ្ញុំ​ធ្លាប់​បាន​សរសេរ​ហើយ ប នេះ​យ៉ាប់​ជាង​គេ​ណាស់ គេ​យក​ទៅ​ដាក់ ៉ ធ្វើ ប៉ ផង គេ​យក​ទៅ​ដាក់ ៊ ធ្វើ ប៊ ផង។

លំដាប់​ខ្មែរ​យើង​នៅ​សល់ សេស​វគ្គ​ពីរ​ទៀត ដូច្នេះ​វា​ដូច​ជា​គ្មាន​ការ​លំបាក​អ្វី​​ក្នុង​ការ​ដាក់​បញ្ចូល​អក្សរ​ថ្មី​ទេ៕

កូនផ្សោត - ថ្ងៃពុធ 23 ខែ​ឧសភា 2012

កាល​ដែល​ខ្ញុំ​ថា​ខ្មែរ​យើង​មិន​យក​ចិត្ត​ទុក​ដាក់​និង​ការ​អាន (មិន​ត្រឹម​តែ​ការ​​អាន​នោះ​ទេ តែ​នៅ​មាន​បញ្ហា​ជា​ច្រើន​ទៀត​ដែល​គេ​មិន​បាន​យក​ចិត្ត​ទុក​ដាក់) គឺ​ខ្ញុំ​ចង់​សំដៅ​លើ​ការ​មិន​បាន​រៀប​ចំ​ឯក​សារ​អោយ​ច្បាស់​លាស់។ តែ​ក៏​ពិ​បាក​បន្ទោស​ដែរ។ យើង​គួរ​តែ​ទទូល​ស្គាល់​ថា ប្រជា​ជន​ខ្មែរ​យើង មាន​​អ្នក​អក្ខរកម្ម​​ក៏​ច្រើន​ដែរ។ ដូច​នេះ លំហូរ​នៃ​ការ​អាន ការ​និយាយ ដែល​ជា​ទូទៅចេះ​មុន​ចូល​សាលា គឺ​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត​ដោយ​មិន​​បាន​ដឹង​ច្បាប់​ត្រឹម​ត្រូវ។

ក្រលេក​មក​មើល​ភាសារ​បារាំង និង​អង់គ្លេស​វិញ គេ​មាន​ចែង​អំពី​ការ​ប្រកប​​ច្បាស់​លាស់ (ការ​បញ្ចូល​ស្រៈ​ និង ព្យញ្ជនៈ (មិន​ដឹង​សរសេរ​មេច​ទេ​ពាក្យ​ណឹង 😀 ) ) គេ​មានចែង​ត្រឹម​ត្រូវ។ តែ​ទោះ​យ៉ាង​ណា​ក៏​មិន​អស់​ដែរ តែង​តែ​មាន​ករណី​ពិសេស។ ប៉ុន្តែ​ប្រជាជន​គេ​ភាគ​ច្រើន​យក​ចិត្ត​ទុក​ដាក់​ទាំង​ការ​សង្កត់​សំលេង ការ​បញ្ចេញ​សំលេង​។ មិន​មែន​ខ្ញុំ​បារាំង​និយម​ទេ តែ​និយាយ​ពី​ខ្ញុំ មក​ដល់​តំបូង និយាយ​បារាំង​អ្នក​ស្រុក​ខ្មែរ គេ​ស្តាប់​អត់​បាន។ ពាក្យ​ខ្លះ​គ្រាន់​តែ​មិន​បាន​បង្អូស ក៏​គេ​ស្តាប់​អត់​បាន​ដែរ។

ដូច្នេះ​បញ្ងា​ដែល​ថា​ម្នាក់​និយាយ​អញ្ចេះ ម្នាក់​និយាយ​អញ្ចោះ អក្សរ​មួយ​ត្រូវ​បញ្ចេញ​សំលេង​បែប​ណា (ត្រឹម​ត្រូវ ឫ​មិន​ត្រូវ​ត្រូវ) គឺ​ត្រូវ​ការ​មាន​ចែង​អោយ​ច្បាស់​លាស់។ ដូចជា អក្សរ​ ក អាន​បាន​ប៉ុន្មាន​បែប បើ​ប៉ះ​និង​ស្រៈ នេះ អាន​យ៉ាង​មេច ស្រៈ នោះ អាន​យ៉ាង​មេច។ ហើយ​បើប៉ះ​និង អក្សរ​នេះ​អានយ៉ាង​មេច អក្សរ​នោះ​អាន​​យ៉ាង​មេច។ ពាក្យ​នេះ​មក​​ពី បាលី ត្រូវអាន​យ៉ាង​មេច។ បើ​ពាក្យ អធិបតី ត្រូវ​អាន​ថា អធិប៉តី គួ​តែ​ចែង​ថា ពាក្យ​នេះ​មាន​ប្រភព​មក​ពី​ភាសា​បាលី ដូច្នេះ ប ត្រូវ​អាន​ថា ប៉។ ឯពាក្យ​ថា បណ្ណាល័យ ត្រូវ​អាន​ថា ប៉ ណា លៃ ឫ បន់ ណា លៃ?

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ម៉េច​ចាំ​បាច់​សួរ​ថា បណ្ណាល័យ ត្រូវ​អាន​ថា ប៉ ណា លៃ (គេ​អាន​ថា ប៉័ន ដ្បិត ប៉ និង ណ) ឬ បន់ ណា លៃ? (ល៉ៃ មិន​មែន លៃ ទេ, និង បាន់ ឬ ប័ន មិន​មែន​បន់​ទេ)??
បើ​សរសេរ​​ជា​តួ ប ហើយ គ្មាន​ហេតុ​ផល​អ្វី​ដែល​ត្រូវ​សួរ​ថា អាន ប៉័ន ណា ល៉ៃ ឬ ប័ន ណា ល៉ៃ ទេ វា​ជា​ស្វ័យ​ប្រវត្តិ​ត្រូវ​អាន ប័ន ណា ល៉ៃ ហើយ។ តែ​ត្រង់​ណេះ​វា​មិន​មែន ក្នុង​វចនានុក្រម​គេ​ឲ្យ​អាន​ថា ប៉័ន ណា ល៉ៃ។ ចុះ​បើ​ឲ្យ​អាន​ថា ប៉័ន ដដែល​ទេ យើង​សរសេរ ប៉ តែ​ម្ដង​ទៅ ដ្បិត​យើង​មាន​តួ ប៉ នេះ​ហើយ​ដែរ​តើ នៅ​ចាំ​បាច់​យក​តួ​ប មក​ប្រើ​ជំនួស​ធ្វើ​អ្វី? បើ​ថា មិន​ចូល​ចិត្ត​តួ ប៉ ដែល​យើង​មាន​នេះ​ទេ អញ្ចឹង​ទេ​បាន​ជា​ខ្ញុំ​គិត​ថា ខ្មែរ​យើង​គួរ​បង្កើត​រូប​តួ «ប៉» ថ្មី​មួយ​ឡើង​ទៅ ដើម្បី​សរសេរ​ពាក្យ​ទាំង​ឡាយ​ណា​ដែល​មាន​សំនៀង​ ប៉។ កូន​ផ្សោត​សាក​ល្បង​អាន​ពាក្យ​ដែល​សរសេរ​ដោយ «ប្រ» ទៅ​មើល អាន​សុទ្ធ​តែ «ប៉្រ» ទាំង​អស់។

កូនផ្សោត - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ខ្ញុំ​ថា​យក​ល្អ សរសេរ​ក្បួន​ច្បាប់​ប្រើ​ប្រាស់ លើ​របស់​ដែល​មាន​ស្រាប់​អោយ​បាន​ត្រឹម​ត្រូវ​សិន​ មុន​និង​បង្កើត​ថ្មី។ តួរ​អក្សរ​និមួយៗ​មិន​មែន​មាន​សូរ​តែ​មួយ​ទេ ពេល​បូក​និង​អក្សរ​ផ្សេង ឫ ប្រើ​ក្នុង​ពេល​ផ្សេង​គ្នា តែង​តែ​អាច​​ចេញ​សួរ​ផ្សេងៗ​គ្នា។ បើ​ចេះ​តែ​ថែម​អញ្ចឹង តិច​ក្លាយ​ជា​អក្សរ​ចិន​ហើយ។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

មិន​អាច​ដូច​អក្សរ​ចិន​ទេ ហើយ​គ្មាន​ថ្ងៃ​ដែល​ដូច​អក្សរ​ចិន​ដាច់​ខាត ដ្បិត​ចិន​មិន​មាន​ស្រៈ​ និង​ព្យញ្ជនៈ ដើម្បី​ប្រកប​ទេ គឺ​មាន​តែ​អក្សរ​មួយ​អាន​មួយ​ម៉ាត់ ប៉ុណ្ណោះ​ឯង។ ការ​បង្កើត​តួ​អក្សរ​ថ្មី​ដើម្បី​ប្រើ​ប្រាស់ និង​លុប​តួ​អក្សរ​ចាស់​ដែល​មិន​មាន​ការ​ប្រើ​ប្រាស់ គឺ​កើត​មាន​ឡើង​បាន​នៅ​គ្រប់​កាលៈទេសៈ និង​នៅ​គ្រប់​ភាសា​រស់​ទាំង​អស់ វា​ដូច​ជា​យើង​ធ្លាប់​លុប ឝ ឞ និង​ធ្លាប់​​បង្កើត «ួ» អី​ជា​ដើម​យក​មក​ប្រើ​ប្រាស់​កាល​ពី​អតីត​ប្រើ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ​ជា​ឧទាហរណ៍​ស្រាប់។

5. វិចិត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ការ​មិន​សរសេរ​ជា អធិប៉តី មិនមែន​មក​ពី​រូប​សម្ផស្ស​នោះ​ទេ គឺ​គេ​សរសេរ អធិបតី មក​ពី​ប្រើក្បួន​ជាតិសព្ទ​និយម​​ នេះ​ឯង (ភាសា​ដើម​គេ​សរសេរ​យ៉ាង​ណា ខ្មែរ​យើង​សរសេរ​យ៉ាង​នោះ ទោះ​ប្រកប​តាម​បែប​ខ្មែរ​ចេញ​យ៉ាង​ម៉េច​ក៏​ដោយ)។

យើង​រៀប​អក្សរ ក ខ គ ឃ ង … តាម​លំដាប់​ដូច​គ្នា​នឹង ​បាលី និង សំស្ក្រឹត។ កាល​ណា​អក្សរ​បាលី​រឺ​សំស្ក្រឹត​ត្រូវ​នឹង​អក្សរ​មួយ​ណា យើង​សរសេរ​ប្រើ​អក្សរ​មួយ​នោះ។
– ដូច​ជា​ អក្សរ គ របស់​ខ្មែរ​ត្រូវ​នឹង អក្សរ គ ​សំស្ក្រឹត អាន​ចេញ ហ្គ ។ តែ​យើង​សរសេរ​ គ ដដែល ហើយ​អាន គ តាម​បែប​ខ្មែរ​ថែម​ទៀត។
– ត្រង់​អក្សរ​ ប ដែល​ខ្មែរ​យើង​អាន ប ត្រូវ​នឹង​អក្សរ​បាលី ប ដែល​គេ​អាន​ ប៉ ជា​និច្ច ដែល​ឡាតាំង​តាង​ដោយ p ។ អក្សរ ប បាលី​នេះ ពេល​ខ្លះ​ យើង​អាន​តាម​ខ្មែរ ពេល​ខ្លះ យើង​អាន​តាម​បាលី។ តែ​បើ​ពាក្យ​ខ្មែរ​សុទ្ធ យើង​អាន​ចេញ ប ជា​និច្ច។
– អក្សរ ព ខ្មែរ អាន​ចេញ ព ត្រូវ​នឹង​អក្សរ​បាលី ព ដែល​គេ​អាន​ចេញ ប វិញ។ ដូចជា ពុទ្ធ គេ​អាន​ថា ប៊ុដ.. វិញ។

– ចំនុច​មួយ​ទៀត ដូច​ជា​ស្រៈ អ ធម្មតា ស្រៈ​ដែល​គ្មាន​រូប​ជា​ស្រៈ​អ ដូចជា​ពាក្យ កក បាន​មក​ពី ក ដាក់​ស្រៈ​អ នឹង​ ក។ តែ​ស្រៈ​គ្មាន​រូប​នេះ ក្នុង​បាលី ជា​ស្រៈ​ អៈ វិញ ដូចជា អធិបតី ៖ នៅ​ចន្លោះ ប និង តី មាន​ស្រៈ អៈ ដែល​បើ​តាម​ក្បួន​ខ្មែរ គឺ​ស្រៈ អ ។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ត្រង់​នឹង​ហើយ​ដែល​ខ្ញុំ​ចង់​និយាយ​ថា​មក​ពី​យើង​ខ្វះ​តួ «ប៉» នឹង​ឯង។ ប្រសិន​បើ​យើង​បង្កើត​តួ​ «ប៉» នេះ​មក​ទៀត​យើង​អាច​យក​មក​ប្រើ​សរសេរ​រាល់​ពាក្យ​ទាំង​អស់​នោះ​បាន​ដោយ​មិន​ប្រើ «ប» ត​ទៅ​ទៀត។ កាល​បើ​យើង​សរសេរ​បែប​នេះ (អធិបតី) អ្នក​ដែល​មិន​ដឹង​ថា​មាន​ប្រភព​បាលី ម្ដេច​គេ​អាន ប៉ៈ​ កើត? គេ​មុខ​ជា​អា ប ហើយ…។

វិចិត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

អា​ហ្នឹង​ខ្ញុំ​ថា​បញ្ហា​មិន​មែនម​ក​ពី​ខ្វះ​ ប៉ ហ្នឹង​ទេ គឺ​មក​ពី​យើង​ម្ដង​អាន ប៉ តាម​បាលី ម្ដង​អាន ប តាម​បែប​ខ្មែរ​តែ​ប៉ុណ្ណឹង។ បើ​យើងនាំ​គ្នា​អាន​តែ​តាម​របៀប​ខ្មែរ វា​ចប់​បាត់​ទៅ​ហើយ។

តែ​បើ​យើង​បង្កើត​អក្សរ ប៉ មួយ​ទៀត គឺ​វា​ស្មើ​នឹង​មិន​គោរព​ក្បួន​ជាតិសព្ទ​និយម ដែល​អ្នក​រាល់​គ្នា​គោរព​យ៉ាង​ដាច់​អហំការ​នេះ​ហើយ។ ឧទាហរណ៍ ពាក្យ បក្សី និង​ពាក្យ បញ្ញា ។ ពាក្យ​ពីរ​ហ្នឹង ប្រភព​ពាក្យ​គេ​ដើម គេ​សរសេរ​ប្រើ អក្សរ ប ទាំង​ពីរ ហើយ​គេ​អាន​ចេញ ប៉ ទាំង​ពីរ តែ​ខ្មែរ​យើង​អាន​ពាក្យ បក្សី ចេញ ប ហើយ​ពាក្យ បញ្ញា ចេញ ប៉។ បើ​សរសេរ​តាម​ក្បួន​លោក​សុភ័ក្ត្រ​ ហ្នឹង នោះ​មួយ​ចេញ បក្សី មួយ​​ទៀត ចេញ ប៉ញ្ញា មិន​ខាន ផ្ទុយ​ពី​ប្រភព​ពាក្យ​ហ្នឹង ដែល​គេ​ប្រើ ប ទាំង​ពីរ គឺ​ផ្ទុយ​ពី​គោលការណ៍​ជាតិសព្ទ​និយម តែ​ម្ដង។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

មិន​អាច​អាន​តាម​ខ្មែរ​ជា​តួ «ប» ទាំង​អស់​បាន​ទេ។ ពាក្យ​ជា​ច្រើន​ណាស់​ត្រូវ​តែ​អាន​ជា​តួ «ប៉» តែ​ម្ដង ដូច​ជា​ពាក្យ​ដែល​សរសេរ​ដោយ «ប្រ» គឺ​អាន​ «ប៉្រ» ទាំង​អស់។ ប្រជាជន (ប៉្រ-ជា-ជន់) អាន ប្រ-ជា-ជន់ មិន​បាន​ទេ, ប្រ-កាន់ (ប៉្រ-កាន់) អាន ប្រ-កាន់ មិន​បាន​ទេ, ប្រក់ (ប៉្រក់) អាន ប្រក់ មិន​បាន​ទេ….។ល។

វិចិត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ប្រ ជា​រឿង​មួយ​ផ្សេង​ទៀត​ទេ។ ប ប្រកប​នឹង​ជើង​មួយ ប អាន​ចេញ ប៉ ខ្លះ ស្រដៀង ផ ខ្លះ។ នេះ​ជា​លក្ខណៈ​ផ្សេង​ទៀត ខុស​ពី តួ ប ទោល​។

បើ​ថា នាំ​គ្នា​សរសរ ប្រកាន់ ជា ប្រ៉កាន់ … នោះ មិន​នាំ​គ្នា​សរសេរ ក្លាហាន ជា​ ខ្លាហាន ក្លែងក្លាយ ជា​ ខ្លែងខ្លាយ … ។ល។ ទៅ។ (ដូច​យើង​ធ្លាប់​ធ្វើមក កើយ ទៅជា ក្នើយ ទៅជា ខ្នើយ)

ព្យញ្ជនៈ​ខ្លះ​របស់​ខ្មែរ ក ច ត ប .. ពេល​ប្រកប​នឹង​ព្យញ្ជនៈ​មួយ​ទៀត ពេល​ត្រូវ​អាន​សង្កត់​សូរ វា​ចេញ​ជា​ព្យញ្ជនៈ​បន្ទាប់ ជា ខ ឆ ថ ផ/ប៉ បែប​ហ្នឹង​ហើយ។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ខុស​ស្រឡះ! មាន​ពី​ណា​បង្គាប់​ឲ្យ​អាន ក, ច, ត, ប បូក​ព្យញ្ជនៈ​មួយ​ទៀត​ចេញ ខ, ឆ, ថ, ផ/ប៉ មក​ពី​ណា?
គេ​សរសេរ ក្លាហាន គេ​អាន ក្លា-ហាន ច្នេះ​ហើយ ពី​ណា​ឲ្យ​អាន​ថា ខ្លា-ហាន?
ត្បូង គេ​អាន​ថា ត្បូង មាន​ពី​ណា​គេ​ឲ្យ​អាន ថ្បូង? ចេះ​តែ​នឹក​ឃើញ​ខ្លួន​ឯង។
កាល​ដែល​នាំ​គ្នា​អាន ខ្លាហាន, ឆ្នៃ, ថ្បូង…។ល។ អី​អស់​ហ្នឹង​ចេះ​តែ​អាន​តាម​សូរ​មាត់​ឲ្យ​ស្រួល​ខ្លួន​ឯង​ទេ​តើហ៍ គឺ​អាន​ស្រួល​តាម​របៀប​ខុស​នឹង​ឯង។ ព្រោះ​តែ ច្នៃ អាន​ ឆ្នៃ ហ្នឹង​ហើយ បាន​ជា​មួយ​ៗ​ឥឡូវ​នេះ​នាំ​គ្នា​សរសេរ ឆ្នៃ ហ្នឹង​ឯង។ sic

វិចិត្រ - ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​ឧសភា 2012

បើ​ថា​ប៉ុណ្ណឹង​មិន​ដឹង​ទៀត អា​ហ្នឹង​ខ្ញុំ​ថា sic ហ្នឹង​ដែរ​ហើយ។
ហើយ បន្ត​គំនិត គាំ​ទ្រ​ទ្រឹស្ដី​ជាតិសព្ទ​និយម​ផងប្រឆាំង​ផង​ហ្នឹង​បន្ត​ទៀត​ចុះ។

6. kamnaproeungortsdach - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ការបង្កើតតួអក្សរថ្មីល្អហើយ តែទាល់តែអ្នកដឹកនាំខាងអក្សរសាស្ត្រ
យល់ព្រម ទើបដំណើរការបាន។ ជាពិសេសការសរសេរនឹងអានអក្សរ
ខ្មែរមានកន្លែងខ្លះ ការសរសេរផ្សេង អានផ្សឹង គឺវាមានការលំបាកដែរ។
ដូចជាពាក្យ តម្លៃ​ អានថាដំលៃ តែសរសេ តម្លៃ គឺវាច្របូកច្របល់គ្នា។
គួរតែលោកបង្កើតតួអក្សរជាច្រើនទៀតដែលប្រើជាមួយនឹងធ្មេញកណ្ដុរ
មាន យ៉ រ៉ វ៉ ម៉ ញ៉ ង៉ ព្រមទាំងតួអក្សរដែលប្រើជាមួយសក់ « ៊ »។
ដូចជាស្រៈពេញតួជាដើម លំបាករកពាក្យណាស់នៅក្នុងវចនានុក្រម
នេះ ខ្ញុំជាមនុស្សចាស់ផង ទំរាំក្មេងៗ បើកវចនានុក្រមខ្មែររកពាក្យ
ខ្មែរប្រាកដជាលំបាកំមែនទែន។ ឧទាហរណ៍ៈ ទឡ្ហមិត្ត អានថា«ទល់ហៈ
មិត្ត» ប្រែថាមិត្តជិតស្និត។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ខ្ញុំ​យល់​ស្រប​ចំពោះ​តួ ប៉ នេះ។ ប មិន​គួរ​មាន ៉ ដើម្បី​ឲ្យ​ក្លាយ​ជា ប៉ ទេ។ ប៉ គួរ​តែ​ជា​តួ​អក្សរ​ថ្មី​ដាច់​ដោយ​ឡែក។ ចំណែក​ឯ​តួ​ផ្សេង​ទៀត គឺ៖ ង, ញ, ន, ម, យ, រ, ល, វ, គឺ​នៅ​ប្រើ​​ធ្មេញ​កណ្ដុរ​​ទៅ​ចុះ ក៏​ដូច​ជា សញ្ញា​ត្រីសព្ទ ដែល​ប្រើ​នៅ​លើ​តួ ប, ស, ហ, អ។ ទាំង​នេះ​ជា​លក្ខណៈ​ពិសេស​នៃ​ភាសា​ខ្មែរ​យើង។

7. ខេមរាវុធ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

បង្កើតហើយ អ្នកប្រើតែម្នាក់ឯងបានហើយ ខ្ញុំមិនប្រើជាមួយទេ។ បង្កើតធ្វើអីបើមាន «ប៉» ទៅហើយហ្នឹង! ហើយតួដែល អ្នកសរសេរនេះ មើលទៅអាក្រក់ណាស់។

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

មក​ពី​យើង​មិន​ទាន់​ស៊ាំ​នឹង​ភ្នែក។ តួ​អក្សរ​ខ្មែរ​ដែល​យើង​កំពុង​ប្រើ​បច្ចុប្បន្ន​នេះ ស្មាន​តែ​ល្អ​ណាស់​ឬ ដូច​ជា ស, ឋ, ឱ, ឦ ។ល។ មក​ពី​យើង​ឃើញ​ស្គាល់​វា អស់​ហើយ ដល់​យូរ​ៗ​ទៅ​ធម្មតា​ហើយ។ យ៉ាង​ណា​មិញ​អក្សរ​ខាង​លើ​ដូច​ខ្ញុំ​និយាយ​ហើយ​គ្រាន់​ជា​ការ​ស្នើ​ទេ អ្នក​ប្រាជ្ញ​ខាង​រចនា​គេ​អាច​រចនា​ជា​រូប​រាង​យ៉ាង​ម៉េច​ក៏​បាន ដើម្បី​ឲ្យ​គេ​ហៅ​ថា​តួ​អក្សរ «ប៉»

ខេមរាវុធ - ថ្ងៃពុធ 11 ខែកក្កដា 2012

ពាក្យក្នុងភាសាខ្មែយើងភាគច្រើន ដែលមានសម្លេង «ប៉» ដូចជាពាក្យដែលអ្នកលើកយកជាឧទាហរណ៍ខាងលើ ដូចជា បច្ចុប្បន្ន បណ្ណាល័យ ប្រជាធិបតេយ្យ ។ល។ អ្នកប្រាជ្ញបានច្នៃចេញពីភាសាបាលី ឬសំស្ក្រឹត ម៉្លោះហើយមិនចាំបាច់ដាក់ស្នែងអោយពពួកពាក្យទាំងនោះទេ។ អើ បើអ្នក​មានក្រុមហ៊ុនឌីសាញ ហើយចង់ប្រើអក្សរ ប៉ ដុះស្នែងនេះ វាពុំមានទាស់ខុសអ្វីទេ តែបើចង់រុញប៉ដុះស្នែងចូលក្នុងស្តង់ដារព្យញ្ជនៈខ្មែរយើង ច្បាស់​ជាទៅមិនរួច ព្រោះភាសាខ្មែរយើងវាគ្រប់លក្ខណៈទៅហើយ មិនមែនភាសានេះ ទើបតែកកើតនោះទេ។ ប្រសិនជាអ្នកស្នើតួនេះក្នុងសតវត្សទី១៩ ឬមុននេះ ប្រហែលជាគេអាចយកទៅគិតគូរខ្លះ។

8. Samady KS - ថ្ងៃពុធ 23 ខែ​ឧសភា 2012

មើល​ម៉ា​ភ្លេត​ដូច​អក្សរ ឋ មេច​មិន​ដឹង​ទេ​នៀក?

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ចុះ រ និង វ វិញ?

9. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

វិភាគ​អក្សរសាស្ត្រ​ដូច​វិភាគ​លើ​គណិតវិទ្យា​ម្ដេច​បាន អក្សរសាស្ត្រ​រក​ចំណុច​ជាក់លាក់​ សមហេតុសមផល​ដូច​គណិតវិទ្យា វិទ្យាសាស្ត្រ​ម្ដេច​​បាន។

បើ​វិភាគ​គ្រប់​ជ្រុងជ្រោយ​លើ​អក្សរសាស្ត្រ​រក​ភាព​ជាក់លាក់ រក​សមហេតុសមផល នោះ​នឹង​មាន​ការ​កែប្រែ ការ​បង្កើត​ថ្មី​យ៉ាង​ច្រើន ដល់​ពេល​នោះ​ហើយ​គឺ “កើត​ជា​ជំងឺ​វង្វេង​ទាំង​ក្មេង​ទាំង​ចាស់” ច្របូកច្របល់​ពេញ​ហ្នឹង។

ការ​បន្ថែម​បន្ថយ រឺ កែប្រែ​បន្តិច​បន្តួច​លើ​អក្សរសាស្ត្រ​​លើកលែង​តែ​វា​មាន​ការ​លំបាក​ខ្លាំង​សំរាប់​អ្នក​ប្រើ​ទើប​គេ​កែ តែ​ចំនុច​លើកឡើង​ខាង​លើ​ដូច​ជា​មិន​ធំ​ដុំ​អី​ផង នៅ​ស្ដាប់​បាន ស្ដាប់​យល់​គ្រប់​ពាក្យ។

10. lavorn (ឡាវ័ន​) - ថ្ងៃពុធ 23 ខែ​ឧសភា 2012

នឹង​បង​ភ័ក្រ្ត​នឹក​ឃើញ​ត្រង់​ចំណុច​ ប និង​ ប៉​នឹង​ ចុះ​អ្នក​ផ្សេង​មក​ នឹក​ឃើញ​ស្រៈ​ ឬ​ព្យញ្ជនៈ ឬ​ស្រៈ​ពេញ​តួ​ ឬ​អី​ផ្សេង​ទៀត​ មិន​កែ​ទៀត​ហើយ​ ឬ​បន្ថែម​ទៀត​ហើយ​។ មួយ​ជា​មួយ​ បើ​អក្សរសាស្រ្ត​ងាយ​កែរ​ងាយ​បន្ថែម​បែប​នឹង​ ម្ល៉េះ​មក​ដល់​ពេល​នេះ​មិន​ដឹង​ព្យញ្ជនៈ​ស្រុក​យើង​មាន​ប៉ុន្មាន​រាប់​រយ​ទេ​។ អ្នក​មិន​ដែល​ចូល​ស្រុក​ខ្មែរ​តែ​ ១០​ ឬ​២០​ឆ្នាំ​អី​ មើល​អក្សរ​ខ្មែរ​លែង​ស្គាល់​ប៉ា​ដោយ​។ នៅ​ពេល​ដែល​បង​ កែរ​តែ​ព្យញ្ជនៈ​ ប៉​ មួយ​នេះ​ តែ​មិន​ដឹង​ត្រូវ​សើ​រើ​ឯកសារ​ប៉ុន្មាន​លាន​សន្លឹក​ នឹង​ពាក្យ​ខ្មែរ​ដែល​ជាប់​ពាប់​ព័ន្ធ​ប៉ុន្មាន​ពាន់​តួ​យក​មក​រៀប​ចំ​សារជា​ថ្មី​។​ ខ្ញុំ​ថា​អ្វី​ដែល​ដូន​តា​គាត់​បង្កើត​មក​ គាត់​បាន​គិត​ល្អិត​ល្អន់​ ឬ​មាន​ហេតុ​ផល​របស់​គាត់​ហើយ​ តែ​យើង​ទេ​ដែល​មិន​ទាន់​យល់​ពី​វា​ច្បាស់​ យល់​ល្អ​យើង​គួរ​តែ​ខំ​ស្វែង​យល់​ពី​វា​ ឬ​បង្កើត​ក្បួន​សម្រាប់​អាន​ឬ​សរសេរ​ល្អ​ជាង​។ ខ្ញុំ​ឃើញ​ភាសា​គេ​ គេ​មាន​ក្បួន​ ឬ​គេ​ស្វែង​យល់​ពី​ប្រភព​ឬ​អ្វី​ផ្សេង​ៗ​ដែល​ទាក់​ទង​នឹង​អក្សរសាស្រ្ត​គេ​បាន​ច្បាស់​ណាស់​។ តែ​អក្សរ​សាស្រ្ត​ខ្មែរ​យើង​វិញ​ មិន​ដឹង​ស្អីជា​ស្អី​ ម្តង​ឲ្យ​សរសេរ​តាម​នេះ​ ម្តង​ឲ្យ​សរសេរ​តាម​នោះ​ ឡប់​ក្មេង​អ្នក​រៀន​អស់​។ និយាយ​នេះ​ មិន​ថា​ឲ្យ​បង​ទេ​ណា​ ខ្ញុំ​ចង់​រអ៊ូ​ពី​ស្ថាន​ភាព​អក្សរ​ខ្មែរ​បច្ចុប្បន្ន​ទេ​^^

សុភ័ក្ត្រ - ថ្ងៃពុធ 23 ខែ​ឧសភា 2012

ខ្ញុំ​គិត​ថា​បើ​មាន​ការ​បន្ថែម​អក្សរ «ប៉» មែន​នោះ វា​គ្មាន​ចាំ​បាច់​អ្វី​នឹង​ត្រូវ​សើ​រើ​ឯកសារ មក​រៀប​ចំ​ថ្មី​អ្វី​ទេ។ lavorn (ឡាវ័ន​) សាក​អាន​ឯកសារ​ត្រឹម​សម័យ​បារាំង​នេះ​មក​ចុះ មិន​ចាំ​បាច់​វិល​ទៅ​ណា​ដល់​សម័យ​អង្គរ​អង្គាំង​អី​ទេ ការ​សរសេរ​មាន​ភាព​ខុស​គ្នា​ច្រើន​មិន​តិច​ទេ សំខាន់​ពេល​គេ​ប្រើ​ទៅ​ឃើញ​ថា​មាន​ភាព​លំបាក​ឬ​ស្រួល​យ៉ាង​ម៉េច​គេ​អាច​បង្កើត​តួ​អក្សរ​ថ្មី​មក​ប្រើ​ប្រាស់ ឬ​លុប​ចោល​តួ​អក្សរ​ខ្លះ​បាន មិន​ជា​អ្វី​ទេ ដូច​ដែល​យើង​ធ្លាប់​លុប ឝ និង​ឞ ចេញ​ដូច្នេះ​ដែរ និង​វា​ដូច​ជា​រដ្ឋធម្មនុញ្ញ​ច្នេះ​ដែល ពេល​ប្រើ​ហើយ​ឃើញ​ថា​ត្រូវ​ថែម​ត្រូវ​ថយ គឺ​បាន មិន​មាន​ទោស​កំហុស​អ្វី​ទេ៕

11. Sovann - ថ្ងៃអាទិត្យ 27 ខែ​ឧសភា 2012

ហាស់ហាស់! អត្ថបទ​ល្អ ផ្តល់​ផ្នត់​គំនិត​ថ្មី! ប្រសិន​បើ​យើង​យោង​លើ​មូសិកទន្ត​ប្តូរ​សម្លេង​ពី​អ៊ ទៅ​អ​អញ្ចឹង​ដែរ មិន​បាច់​បង្កើត​ព្យញ្ជនៈ​ថ្មី​ទេ ស្នើ​ឲ្យ​គេ​បញ្ចូល ក្រុមអក្សរ​អាច​ដាក់​មូសិកទន្ត​មួយ​ទៀត ហើយ​ដក​«ប» ចេញ​មក​វិញ ដោយ​គូ​របស់ ប៉ គឺ ព អញ្ចឹង​ស្នើ​ឲ្យ​គេ​ប្តូរ​ជាគូ ព៉ ព ។ ហាស់​ហាស់

សុភ័ក្ត្រ - ថ្ងៃអាទិត្យ 27 ខែ​ឧសភា 2012

តាម​ពិត​គួរ​តែ​ដូច្នេះ​មែន​ហ្នឹង!
ក៏​ប៉ុន្តែ​បើ​ដូច​នឹង​មែន «ប្រជាជន, ប្រជាធិបតេយ្យ ។ល។» និង​ត្រូវ​សរសេរ​បែប​ណា​វិញ​?

Sovann - ថ្ងៃអាទិត្យ 27 ខែ​ឧសភា 2012

ចំណុច​ថា​ត្រូវ​សរសេរ​បែប​ណា​នោះ អាហ្នឹ៎ង​គួរ​ពិភាក្សា​គ្នា​លេង​មួយ​សារទៀតថា​តើ​គួរ​តែប្តូរ​សម្រាប់​តែ​ពាក្យ​ខ្មែរ ឬ​ក៏​ពាក្យ​កម្ចី​ដែរ ។ ការផ្លាស់ប្តូរ​មួយ​ដែល​អាច​ទទួល​បាន​ទាំងអស់​គ្នា វា​គឺ​ជារឿង​ល្អ​តើ! ដូច​ស្រៈ​អឿ ស្រៈ​អៀ​អីហ្នឹ៎ង បង្កើត​ឡើង​សម័យ​រៀប​ចំ​អក្សរសាស្ត្រ​ឡើងវិញ​ដើម្បី​ជំនួស​ស្រៈ​ដែល​ពីមុន​សរសេរដោយ​ផ្គុំ​ស្រៈផ្សេងៗ ស្រដៀង​គ្នា​នឹង​ស្រៈអឿ​ស្រៈអៀថៃឡាវដែរ ដើម្បី​ធ្វើ​ឲ្យ​ងាយ​ស្រួល និង​មិន​ច្រឡំ ។ ចំណែក​អំណះ​អំណាង​ថា​លែងប្រើ ឞ និង ឝ ដោយ​សារ​សម្លេង​ដូច​ស ចុះ​យ៉ាង​ម៉េច គេ​មិនលុប ថ និង ឋ ឬ ធ និង ឍ ទុក​តែមួយ​ដែរទៅ វាសុទ្ធសឹង​ជា​រឿង​ដែល​ធ្លាប់​កែប្រែ អញ្ចឹង​ទេ​ប្រាកដ​ជា​អាច​លើក​ជា​សំណើរ​បាន ដូច​គ្នា​នឹងរឿង​សំណើរ​រឿង​ជើង​«ដ» ដែល​គេ​មិន​ព្រម​សម្រេច​ឲ្យ​នោះដែរ ។

សុភ័ក្ត្រ - ថ្ងៃចន្ទ 28 ខែ​ឧសភា 2012

ឝ ឞ ស គេ​អាច​លុប​ចោល​បាន​ក្រៅ​ពី​សំឡេង​ដូច​គ្នា​ហើយ ជើង​ក៏​ប្រើ​ដូច​គ្នា​ដែរ។ ឲ្យ​មែន​ទែន​ទៅ យើង​ថា​លុប​តែ ឝ មួយ​ក៏​បាន​ដែរ ដ្បិត ជើង​ស​ដែល​យើង​ប្រើ​រាល់​ថ្ងៃ​នេះ គឺ​ជា ឞ នេះ​ឯង។ ចំណែក​ឯ ឋ និង ឍ មិន​អាច​លុប​ចោល​បាន​ទេ ដ្បិត​តែ​ព្យញ្ជនៈ​នេះ​មិន​សូវ​ប្រើ​មែន តែ​យើង​នៅ​ប្រើ​ជើង​របស់​វា​ច្រើន​គួរ​សម ដូច​ជា​ពាក្យ រដ្ឋ, វុឌ្ឍ ជា​ដើម​។ល។ ចំណែក​ឯ​ជើង «ដ» នោះ បន្តិច​ទៀត ខ្ញុំ​នឹង​សរសេរ​ប្រកាស​មួយ​ទៀត…

12. kermankhmer - ថ្ងៃអង្គារ 29 ខែ​ឧសភា 2012

បើតាមខ្ញុំគិត ការដែលខ្មែរយើងមិនបង្កើតតួអក្សរ (ប៉) នេះឡើង
គឺដោយសារជើង (ប៉) មិនមានប្រើក្នុងភាសាខ្មែរយើង
ប្រើបានតែតួ ឯជើងទុកចោល ។
បើខុសត្រូវអីកុំប្រកាន់ ព្រោះខ្ញុំមិនសូវបានស្រាវជ្រាវអីច្រើនទេ
គ្រាន់តែនឹកឃើញចេះតែថាទៅ 🙂

សុភ័ក្ត្រ - ថ្ងៃអង្គារ 29 ខែ​ឧសភា 2012

មិន​អញ្ចឹង​ទេ ជើង​ប៉ មាន​ប្រើ​ច្រើន​ណាស់ ដូច​ជា​ពាក្យ៖
សិល្ប, ចម្ប៉ា, វប្ប, វប្បធម៌, ឧប្បត្តិ, សិប្ប….។ល។
សុទ្ធ​តែ​ជើង ប៉ ទាំង​អស់។

13. Chhun K-Vrya - ថ្ងៃ​ព្រហស្បតិ៍ 31 ខែ​ឧសភា 2012

Knhum tha khom thae reaksa robos del mean ouy la-or tov ban heuy! min deng to kae brae ei jruen te…

​ធ្វើ​ម៉េច​ប្រឹង​ទប់ ការ​រីក​សុះ​សាយ​របស់​វិធី​សរសេរ​ខាង​លើ ដែល​កំពុង​ពេញ​និយម​​បណ្តាញ​សង្គម​នានា​ ជា​ពិសេស​ស្រទាប់​យុវវ័យ​ ឲ្យ​បាន​ទៅ​វា​ប្រសើរ​ណាស់ទៅហើយ! ទៅថែម​ថយ​ អី​ច្រើនទេ​ នាំ​វង្វេងពេញណឹង!

14. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១២ ក្នុង​ប្លក់​សុភ័ក្ត្រ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 24 ខែ​កុម្ភៈ 2013

[…] អាប្លក់ចយចាញ់បោកអាប្លង់សេទៀតហើយ, គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត, ចេញពាក្យ «អាចារិនី» […]

15. បែបសើចៗ៖ ទុក្ខ «ប» | ស្រែ​ខ្មុក - ថ្ងៃពុធ 19 ខែ​កុម្ភៈ 2014

[…] ________________________________________________ អានបន្ថែម៖ ១. គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត […]

16. Repost: បែបសើចៗ៖ ទុក្ខ «ប» | ស្រែ​ខ្មុក - ថ្ងៃពុធ 1 ខែ​កុម្ភៈ 2017

[…] ________________________________________________ អានបន្ថែម៖ ១. គួរបង្កើតតួអក្សរ «ប៉» ថ្មីមួយទៀត […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: