jump to navigation

ការ​បាត់​បង់​ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​ប្រទេស​កម្ពុជា ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

Posted by សុភ័ក្ត្រ in ពីនេះពីនោះ, អំពីស្រុកខ្មែរ.
trackback

នៅ​ក្នុង​វចនានុក្រម​ខ្មែរ ពាក្យ កោដ្ឋ [អាន​ថា៖ កោត] ជា​ភាសា​បាលី មាន​ន័យ​ថា ជង្រុក ឬ​របស់​សម្រាប់​ដាក់​សព, ដាក់​ធាតុ ជា​ដើម​។ល។

ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព មាន​អត្ថន័យ​ធំ​ធេង​ណាស់​នៅ​ក្នុង​សង្គម​ខ្មែរ​សម័យ​បុរាណ។ ដោយ​ហេតុ​ថា​ការ​ដាក់​សព​នៅ​ក្នុង​កោដ្ឋ​ខុស​ពី​ការ​ដាក់​សព​នៅ​ក្នុង​ម្ឈូស មាន​មតិ​មួយ​ចំនួន​បាន​លើក​ឡើង​ពី​សភាព​មិន​មែន​ជា​មនុស្ស​សាមញ្ញ​ចំពោះ​សព​ដែល​បាន​ទទួល​មរណភាព​ទៅ។

មាន​មនុស្ស​ជា​ច្រើន​មិន​តិច​ទេ ដែល​ឆ្ងល់​ថា​ តើ​គេ​ដាក់​សព​នៅ​ក្នុង​កោដ្ឋ​ដោយ​វិធី​ណា។ ចំពោះ​សពដែល​ត្រូវ​យក​ទៅ​ដាក់​ក្នុង​កោដ្ឋ​គេ​ត្រូវ​ដាក់​ក្នុង​សណ្ឋាន​ជា​លក្ខណៈ​អង្គុយ ប្រៀប​ប្រដូច​ទារក​ដែល​នៅ​ក្នុង​ឧទរ​ម្ដាយ មុន​នឹង​ប្រសូត​មក​ខាង​ក្រៅ។ ហេតុ​ដូច​នេះ មនុស្ស​មួយ​ចំនួន​ដែល​យល់​ថា​គេ​ដាក់​សព​ឈរ​នៅ​ក្នុង​កោដ្ឋ​នោះ ជា​មតិ​មិន​ត្រឹម​ត្រូវ​ទេ។

ដោយ​ហេតុ​ពី​ភាព​ខុស​គ្នា​នៃ​ការ​ដាក់​សព​អង្គុយ​នៅ​ក្នុង​កោដ្ឋ និង​ការ​ដាក់​សព​ឲ្យ​ដេក​នៅ​ក្នុង​ម្ឈូស​នោះ មនុស្ស​មួយ​ចំនួន​យល់​ថា​ការ​ដាក់​សព​សណ្ឋាន​អង្គុយ​នេះ គឺ​ប្រៀប​ជា​ការ​ជូន​ដំណើរ​បុគ្គល​ដែល​ស្លាប់​នោះ ទៅ​កាន់​ស្ថាន​សួគ៌ គឺ​មិន​មែន​សាមញ្ញជន​ឡើយ។ ហេតុ​ដូច​នេះ​គេ​កម្រ​ឃើញ​មាន​ណាស់​ដែល​មនុស្ស​ធម្មតា​ស្លាប់​ទៅ​ហើយ សង្គម​ខ្មែរ​មិន​បាន​ប្រើ​កោដ្ឋ​ដាក់​សព​ទេ លើក​លែង​តែ​អ្នក​ដែល មាន​ឋានៈ​ខ្ពង់​ខ្ពស់​ក្នុង​សង្គម មាន​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ ឬ​អ្នក​ទាំង​ហ្លាយ​ផ្សេង​ទៀត​ដែល​ព្រះ​មហាក្ស័ត្រិយ៍​ទ្រង់​ព្រះ​រាជានុញ្ញាតិ ជា​ដើម។ល។

បើ​ទោះ​បី​ហេតុ​ដូច​នេះ​ក្ដី ប្រពៃណី​នៃ​ការ​ប្រើ​ប្រាស់​កោដ្ឋ​នៅ​ក្នុង​សង្គម​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​​បាន​សាប​រលាប និង​បាត់​បង់​បាត់​ទៅ​ហើយ គឺ​ទោះ​បី​ព្រះ​រាជា ឬ​ព្រះ​សង្ឃ ។ល។ ក៏​មិន​មាន​ឃើញ​ពី​ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​ព្រះ​សព​ហើយ។ ជាក់​ស្ដែង អតីត​ព្រះ​មហា​វីរក្សត្រិយ៍ ព្រះ នរោត្ដម សីហនុ ដែល​ទ្រង់​បាន​ព្រះ​សុវណ្ណគត​នា​ពេល​ថ្មី​ៗ​នេះ ព្រះ​បរម​សព​ក៏​មិន​ត្រូវ​បាន​ដាក់​ក្នុង​ព្រះ​កោដ្ឋ ដូច​កាល​ពី​អតីត​ព្រះ​មហាក្សត្រិយ៍​សម័យ​មុន​ៗ​ទៀត​ទេ។ ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​ព្រះ​សព​នៅ​ក្នុង​សង្គម​កម្ពុជា ដែល​ឃើញ​មាន​ចុង​ក្រោយ​បង្អស់ គឺ​មាន​នៅ​កាល​ពី​ជាង​៥២​ឆ្នាំ​មុន​មក​ម្ល៉េះ គឺ​កាល​ពី​ឆ្នាំ​១៩៦០ គឺ​ក្នុង​បុណ្យ​ព្រះ​បរម​សព​សម្ដេច ព្រះ នរោត្ដម សុរាម្រឹត ព្រះ​រាជ​បិតា​នៃ​ព្រះ នរោត្ដម សីហនុ នេះ​ឯង និង​ជា​ចុង​ក្រោយ​បំផុត​គឺ​ប្រហែល​ជា​បុណ្យ​ព្រះ​សព​នៃ​សម្ដេច​ព្រះ​សង្ឃរាជ ជួន ណាត ជោតញ្ញាណោ កាល​ពី​គ.ស.​១៩៦៩​។

នៅ​ក្នុង​សង្គម​ថៃ ដែល​មាន​វប្បធម៌​ប្រហាក់​ប្រហែល​នឹង​សង្គម​ខ្មែរ​​ដែរ​នោះ ការ​ប្រើ​ប្រាស់​កោដ្ឋ​សម្រាប់​ដាក់​សព ក៏​បាត់​បង់​ដែរ ពោល​គឺ​មិន​មាន​ព្រះ​សព​ ឬ​សព​ណា​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ក្នុង​កោដ្ឋ​ទៀត​ឡើយ (អាន​ប្រកាសអាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ)។ ក៏​ប៉ុន្តែ បើ​ទោះ​បី​ជា​ប្រពៃណី​នៃ​ការ​យក​សព​ទៅ​ដាក់​ក្នុង​កោដ្ឋ​ត្រូវ​បាន​បាត់​បង់​ក្ដី ប្រពៃណី «កោដ្ឋ» នៅ​ក្នុង​សង្គម​ថៃ មិន​មាន​ការ​បាត់​បង់​ទេ។ កោដ្ឋ នៅ​តែ​ជា​គ្រឿង​សម្គាល់​សម្រាប់​ ​ព្រះ​រាជា និង​ព្រះរាជវង្សានុវង្ស, ព្រះ​សង្ឃ និង​អ្នក​មាន​ឋានៈ​ខ្ពស់​ខ្ពស់​នៅ​ក្នុង​សង្គម​ថៃ​ដដែល។ បុគ្គល​អស់​ទាំង​ហ្លាយ​ដែល​បាន​រៀប​រាប់​ខាង​មុន​នេះ នៅ​ពេល​ដែល​មរណភាព​ទៅ​ ព្រះ​មហា​ក្សត្រិយ៍​ថៃ​ជា​អ្នក​ប្រទាន​ «កោដ្ឋ​» ទៅ​តាម​លំដាប់​ឋានៈ​នៃ​បុគ្គល​ដែល​បាន​ស្លាប់​នោះ ជា​តំណាង​ផង​ដែរ។ នៅ​ប្រកាស​ខាង​មុខ ខ្ញុំ​នឹង​រៀប​រាប់​ពី​ការ​ប្រើ​ប្រាស់​កោដ្ឋ នៅ​ក្នុង​សង្គម​ថៃ​នា​ពេល​បច្ចុប្បន្ន។ (អាន​ប្រកាសប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ)

_______________________________________________
អាន​បន្ថែម
១. កោដ្ឋ
២. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់
៣. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ
៤. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ
៥. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង
៦. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​)
៧. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​)
៨. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
៩. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ

Advertisements

មតិ»

1. ការ​រំលាយ​សព​ព្រះ​មហាក្ស័ត្រិយ៍ និង​អ្នក​មាន​ឋានៈ​ខ្ពង់​ខ្ពស់ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

[…] […]

2. កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

[…] […]

3. អាថ៌កំបាំង​ការ​រំលាយ​ព្រះ​សព​ព្រះរាម​មហាក្សត្រិយ៍​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែ​មីនា 2013

[…] […]

4. ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 4 ខែ​មេសា 2013

[…] […]

5. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៣ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែ​កុម្ភៈ 2014

[…] […]

6. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែកញ្ញា 2014

[…] […]

7. លី រស្មី - ថ្ងៃ​ព្រហស្បតិ៍ 4 ខែកញ្ញា 2014

កោដ្ឋ [koṭṭha] កោត, បា. (ន.) កោដ្ឋោ, ឧទរំ វត្ថុដែលគេបំពេញ បានដល់ ពោះ (បទរូបសិទ្ធិ) ។ កន្លែងរាងដូចផ្ទៃសម្រាប់ស្តុករបស់របរ ហៅថា កោដ្ឋ គឺ ជង្រុក ឬរបស់សម្រាប់ដាក់សព, ដាក់ធាតុ ។ ឈ្មោះឈើមួយប្រភេទប្រើជាថ្នាំ ។
បច្ឆាមរណនាម [pacchāmaraṇanāma] ប៉័ច-ឆា-មៈរៈណៈ-, បា.សំ. (ន.) < បច្ឆា + មរណ + នាម ។ គឺនាមរបស់ព្រះមហាក្សត្រក្រោយពេលព្រះអង្គសោយទិវង្គត ឈ្មោះថា បច្ឆាមរណនាម ចួនហៅថា ព្រះបរមនាម ក៏មាន ។ តាមសិលាចារឹក នៅក្រោយការចូលទិវង្គតរបស់ព្រះបាទជយវម៌្មទី ១ នាឆ្នាំ ៦៨១ នៃ គ.ស. មានការប្រែប្រួលមួយ ដែលបានក្លាយទៅជារាជបវេណីដ៏ថ្កើង ថ្កាន រហូតដល់សព្វថ្ងៃ គឺការលេចឡើងនូវការប្រើប្រាស់ “បច្ឆាមរណនាម” របស់ព្រះរាជា ជាព្រះមហាកិត្តិយសដល់ព្រះអង្គ និងដើម្បីតបស្នងនឹងព្រះមហាករុណាទិគុណ ចំពោះការបម្រើផែនដី នៅពេលដែលទ្រង់មានព្រះជន្មនៅឡើយ ។ ដោយឡែកចំពោះព្រះមហាក្សត្រិយានី ព្រះស៊ីសុវត្ថិ កុសុមៈ នារីរ័ត្ន សិរីវឌ្ឍនា ព្រះអង្គបានសោយព្រះវិលាល័យ នៅខណៈដែលនគរខ្មែរលុបបំបាត់ចោលរបបរាជាធិបតេយ្យទៅហើយ ដូច្នេះ ទំនៀមរាជបវេណីបុណ្យថ្វាយព្រះភ្លើងព្រះសព មិនត្រូវបានរៀបចំទេ ជាហេតុនាំឲ្យព្រះអង្គ មិនមានព្រះ បច្ឆាមរណនាម ។ ព្រះមហាក្សត្រិយ៍កម្ពុជាមាននាមចំនួន ៣ តាមលំដាប់គឺ (១) ព្រះបឋមនាម (ព្រះនាមដើមពេលនៅជាព្រះអង្គម្ចាស់), (២) ព្រះនាមពេលគ្រងរាជ្យសម្បត្តិ និង (៣) ព្រះបច្ឆាមរណនាម (ព្រះនាមក្រោយពេលព្រះអង្គសោយទិវង្គត) ។ តាមរយៈសិលាចារឹកគេសង្កេតឃើញព្រះនាម របស់ព្រះមហាក្សត្រច្រើនជាបច្ឆាមរណនាម គេមិននិយមចារឹកនាមរបស់ព្រះមហាក្សត្រ ដែលនៅមានព្រះជន្មឡើយ ព្រោះការសាងប្រាសាទ គឺដើម្បីឧទ្ទិសដល់ព្រះមហាក្សត្រទុកក្នុងពេលដែលព្រះអង្គអស់ព្រះជន្ម ។ លុះពេលព្រះអង្គសោយទិវង្គតទៅ ព្រះអង្គបានក្លាយជាព្រះអាទិទេព ឬកើតនៅឋានសួគ៌ដែលត្រូវមានព្រះឋានន្តរនាមថ្មីដែរ ។ ដូច្នេះ ត្រូវចារឹកព្រះឋានន្តរនាមថ្មី គឺបច្ឆាមរណនាមរបស់ព្រះអង្គ ទុកព្រះអង្គស្មើនឹងព្រះអាទិទេព ។ នាមព្រះមហាក្សត្រ ពេលមានព្រះជន្មនៅសម័យអង្គរ ដែលមាននៅលើសិលាចារឹកសុទ្ធសឹងបញ្ចប់ដោយពាក្យ "ទេវៈ" នៅបន្ទាប់ពាក្យ "វម៌្ម" (វម៌្មទេវៈ) ដូចជាៈ ស្រីជយវម៌្មទេវ (ព្រះបាទជយវរ្ម័នទី៣), ស្រិន្ទវម៌្មទេវ (ព្រះបាទឥន្ទ្រវរ្ម័នទី១), ស្រីយសោវម៌្មទេវ (ព្រះបាទយសោវរ្ម័នទី១), ស្រីហស៌វម៌្មទេវ (ព្រះបាទហស៌វរ្ម័នទី១), ជយវម៌្មទេវ (ព្រះបាទជយវរ្ម័នទី៤), ស្រីរាជេន្ទ្រវម៌្មទេវ (ព្រះបាទរាជេន្ទ្រវរ្ម័ន), ស្រីឧទយាទិត្យវម៌្មទេវ (ព្រះបាទឧទយាទិត្យវរ្ម័នទី១), ស្រីជយវីរវម៌្មទេវ (ព្រះបាទជ័យវរ្ម័ន), ស្រីសូយ៌្យវម៌្មទេវ (ព្រះបាទសូរ្យវរ្ម័នទី១), ស្រីឧទយាទិត្យវម៌្មទេវ (ព្រះបាទឧទយាទិត្យវរ្ម័នទី២), ស្រីហស៌វម៌្មទេវ (ព្រះបាទហស៌វរ្ម័នទី៣), ស្រីនឫបតីន្ទ្រវម៌្ម (ព្រះបាទន-ឫបតីន្ទ្រវរ្ម័ន) ។ ឯពាក្យ “បរម” ច្រើនប្រើជាបទសមាសភ្ជាប់ជាខាងដើមនាមសព្ទនៃបច្ឆាមរណនាមដូចជាៈ ព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០) មានបច្ឆាមរណនាម វ្រះបាទ បរមេសូរ, ព្រះបាទយសោវរ្ម័នទី១ (៨៨៩-៩១០) មានបច្ឆាមរណនាម វ្រះបាទ បរមសិវលោក, ព្រះបាទឦសានវរ្ម័នទី ២ (៩២៥-៩២៨) មានបច្ឆាមរណនាម វ្រះបាទ បរមរុទ្រលោក, ព្រះបាទជយវរ្ម័នទី៤ (៩២១-៩៤១) មានបច្ឆាមរណនាម វ្រះបាទបរមសិវបទ, ព្រះបាទជយវរ្ម័នទី៥ (៩៦៨-១០០១) មានបច្ឆាមរណនាម វ្រះបាទ បរមវីរលោក, ព្រះបាទសូរ្យវរ្ម័នទី១ (១០០២-១០៥០) មានបច្ឆាមរណនាម វ្រះបាទ បរមនិវ្វានបទ, ព្រះបាទជយវរ្ម័នទី៦ (១០៨០-១១០៧) មានបច្ឆាមរណនាម វ្រះបាទបរមកៃវល្យបទ, ព្រះបាទធរនិន្ទ្រវរ្ម័នទី១ (១១០៧-១១១៣) មានបច្ឆាមរណនាម វ្រះបាទ បរមនិស្កលបទ, ព្រះបាទសូរ្យវរ្ម័នទី២ (១១១៣-១១៥០) មានបច្ឆាមរណនាម វ្រះបាទបរមវិស្ណុលោក, ព្រះបាទធរណិន្ទ្រវរ្ម័នទី២ (១១៥០-១១–?) មានបច្ឆាមរណនាម វ្រះបាទ មហាបរមនិវ្វានបទ, ព្រះបាទជយវរ្ម័នទី៧ (១១៨១-១២១៨) មានបច្ឆាមរណនាម វ្រះបាទ មហាបរមសៅគតបទ, ព្រះបាទជយវរ្ម័នទី៨ (១២–?-១២៩៥) មានបច្ឆាមរណនាម វ្រះបាទបរមេស្វរបទ, ព្រះបាទជយវរ្ម័នទី៩ (១៣២៧-១៣៣-?) មានបច្ឆាមរណនាម វ្រះបាទជយវម៌្មបរមេស្វរ ជាដើម ។ល។ បុរាណកាលប្រើពាក្យ "បរម" នេះតែជាមួយនឹងបច្ឆាមរណនាមតែប៉ុណ្ណោះ លុះតាំងពីរជ្ជកាលព្រះបាទអង្គដួង តមក ក៏មិនមានប្រើក្នុងព្រះរាជនាមដែរ គឺប្រើត្រឹមព្រះករុណាព្រះអង្គដួង មិនមានពាក្យ "បរម" ឡើយ តែមានប្រើក្នុងព្រះឋានន្តរនាមពេលសោយរាជ្យគឺ ព្រះករុណា ព្រះបាទសម្ដេចព្រះហរិរក្សរាមាមហាឥស្សរាធិបតីស្រីសុរិយាបរមធ្មិស្សា វរបរមសុរិន្ទ្រាភូវណៃមហាចក្រពត្តិពិសេនាសាធិបាឥស្សរាកម្ពុជរាជាណាចក្រ ឧភតោសុជាតិរវវរ្ម័ន តម្រង់កម្ពុជាមហាប្រទេសសុរិយាណាចក្រភូមិន្ទរាជវិវឌ្ឍន៍ អធិរាជរាមាមហាកាមារដ្ឋធិបាតនរិន្ទ្រា រាជវិសុទ្ធបរមពោធិ ព្រះចៅក្រុងកម្ពុជាធិតី ។ តែសម័យបច្ចុប្បន្ន ឃើញមានប្រើជាមួយព្រះរាជនាមព្រះមហាក្សត្រទ្រង់សោយរាជ្យដែរ ដូចជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្នុងឋានន្តរនាមជា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី ។ តាមការសិក្សាតមក មិនគួរប្រើពាក្យ "បរម" នេះភ្ជាប់ជាមួយនឹងនាមមនុស្សដែលនៅមានព្រះជន្នឡើយ ព្រោះធ្វើឲ្យថមថយនូវមង្គលិទ្ធិពលៈ ពាក្យនេះគេប្រើជាមួយនឹងបុគ្គលដែលអស់ព្រះជន្មទៅ ដែលជាទីគោរពដ៏ក្រៃលែងដូចជា ព្រះបរមគ្រូ, ព្រះបរមសាស្ដា, ព្រះបរមសព ជាដើម ។
ការថ្វាយបច្ឆាមរណនាម ច្រើនផ្សាភ្ជាប់ជាមួយនឹងសាសនាមាន ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនាជាដើម គឺសំដៅដល់ព្រះសិវៈ ព្រះវិស្ណុ និងព្រះព្រហ្ម ជាដើម ដូចជា បរមេសូរ, វិស្ណុលោក, បរមសិវលោក, បរមព្រហ្មលោក ។ល។ បន្ទាប់ពីសោយទិវង្គតទៅ ព្រះអង្គគឺជាព្រះអាទិទេពដែលតាមជួយថែរក្សាប្រជានុរាស្ត្ររបស់ព្រះអង្គ ទើបថ្វាយព្រះបច្ឆាមរណនាម ថា សិវលោក វិស្ណុលោក ឬ ព្រហ្មលោកជាដើម ។ ចំណែកឯព្រះពុទ្ធសាសនា ការថ្វាយព្រះបច្ឆាមរណនាម ច្រើនផ្សាភ្ជាប់នឹងព្រះពុទ្ធ, ព្រះធម៌, ព្រះនិព្វាន ឬ ព្រះពោធិសត្វ ។ល។ ដូចជា បរមពុទ្ធជយនាថ, បរមនិវ្វានបទ, មហាបរមនិវ្វានបទ, បរមនិស្កលបទ, បរមធម្មសាស្ត្រា, បរមលោកេស្វរ ជាដើម ។ បុរាណលោកថ្វាយព្រះបច្ឆាមរណនាម ដើម្បីព្រះអង្គបានក្លាយជាព្រះអាទិទេព, ព្រះពុទ្ធ, ព្រះធម៌, ព្រះពោធិសត្វ, ព្រះនិព្វាន ដែលព្រះនាមនេះ គឺជាមង្គលរបស់នគរ ហើយព្រះអង្គត្រូវជួយថែរក្សាសត្វលោក ជាពិសេស នគរ និងប្រជានុរាស្ត្ររបស់ព្រះអង្គ ។
ចាប់តាំងពីរជ្ជកាលព្រះបាទអង្គដួងមក ការថ្វាយព្រះបច្ឆាមរណនាម ច្រើនផ្សាភ្ជាប់ជាមួយនឹងកោដ្ឋ ដែលជារបស់សម្រាប់ដាក់សព, ដាក់ធាតុ ដើម្បីយាងព្រះអង្គទៅកាន់ឋានសួគ៌ មិនបានសំដៅដល់ព្រះអាទិទេព, ព្រះពុទ្ធ, ព្រះធម៌ ឬ ព្រះពោធិសត្វ ជាដើមទៀតឡើយ ដូចជា ព្រះបាទអង្គដួងមានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះបរមកោដ្ឋ, ព្រះបាទនរោត្តម មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះសុវណ្ណកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច សិរីសុវត្ថិ (នាមដើម អង្គ ស៊ីសុវត្ថិ ឬ អង្គ សំអេង) មានព្រះបច្ឆាមរណនាមថា ព្រះករុណា ព្រះរាជានុកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច សិរីសុវត្ថិ មុនីវង្ស មានព្រះបច្ឆាមរណនាមថា ព្រះករុណា ព្រះខត្តិយកោដ្ឋ, ព្រះករុណា ព្រះបាទសម្តេច នរោត្ដម សុរាម្រឹត មានព្រះបច្ឆាមរណនាមថា ព្រះករុណាព្រះមហាកាញ្ចនកោដ្ឋ និងព្រះបាទ នរោត្តម សីហនុ មានព្រះបច្ឆាមរណនាមថា ព្រះករុណា ព្រះបរមរតនកោដ្ឋ ។ ព្រះបាទអង្គដួង និង ព្រះបាទនរោត្តម ជាក្សត្រដែលព្យាយាមរក្សាអធិបតេយ្យភាព ឯករាជ្យបូរណភាពទឹកដីខ្មែរ ។ ក្សត្រទាំងពីរអង្គបានព្យាយាមពឹងបារាំងដើម្បីជួយ ការពារប្រទេសខ្មែរពីការរំលោភពីប្រទេសជិតខាង ។ បារាំងបានឆ្លៀតឱកាសដាក់អាណានិគមក្រោមរូបភាពជាអាណាព្យាបាល ។ ព្រះបាទនរោត្តម សីហនុ ជាក្សត្រដែលបានទាមទារឯករាជ្យពីប្រទេសបារាំងវិញបាន ហើយព្រះអង្គជាពុទ្ធសាសនិកមួយព្រះអង្គ ដែលមានប្រជានុរាស្ត្ររបស់ព្រះអង្គប្រមាណ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា បច្ឆាមរណនាមគួរផ្សាភ្ជាប់ទៅនឹងព្រះពុទ្ធ, ព្រះធម៌ ឬ ព្រះពោធិសត្វ ជាការប្រសើរបំផុតសម្រាប់ប្រជានុរាស្ត្ររបស់ព្រះអង្គគោរពបូជា ។ “កោដ្ឋ” ត្រូវបានប្រជាជនខ្មែរប្រើដាក់សពអ្នកដែលមានឋានៈខ្ពង់ខ្ពស់ក្នុងសង្គម មានព្រះរាជា និងព្រះរាជវង្សានុវង្ស, ព្រះសង្ឃ ឬអ្នកទាំងឡាយផ្សេងទៀត ដែលព្រះមហាក្សត្រិយ៍ទ្រង់ព្រះរាជានុញ្ញាត ។ ដូច្នេះ ទើប “កោដ្ឋ” នេះ ត្រូវបានប្រទានជាព្រះបរមបច្ឆាមរណនាមដល់ព្រះមហាក្សត្រិយ៍នគរខ្មែរផងដែរ ចាប់តាំងពីព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី ព្រះបរមកោដ្ឋ (ព្រះអង្គដួង) មក។
ស្រង់ចេញពីពុទ្ធវចនាធិប្បាយ ដោយលី រស្មី

8. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​) | ស្រែ​ខ្មុក - ថ្ងៃចន្ទ 15 ខែកញ្ញា 2014

[…] […]

9. សព​ក្នុង​កោដ្ឋ អាថ៌កំបាំង​ដែល​គ្មាន​នរណា​ដឹង (​ត​ចប់​) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 14 ខែវិច្ឆិកា 2014

[…] […]

10. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃពុធ 3 ខែធ្នូ 2014

[…] […]

11. “កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 21 ខែមករា 2016

[…] ទាំង​នៅ​ក្នុង​នគរ​ខ្មែរ​យើង និង​នគរ​ជិត​ខាង […]

12. Repost: ប្រពៃណី «​កោដ្ឋ​» នៅ​ក្នុង​សង្គម​ថៃ | ស្រែ​ខ្មុក - ថ្ងៃអាទិត្យ 23 ខែតុលា 2016

[…] […]

13. Repost: ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ | ស្រែ​ខ្មុក - ថ្ងៃចន្ទ 27 ខែ​កុម្ភៈ 2017

[…] […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: