jump to navigation

ការ​បើក​ផ្លូវ​ឈាន​ទៅ​រក​ «​ការ​តវ៉ា​មិន​ប្រក្រតី​» ​មួយ​នៅ​កម្ពុជា ថ្ងៃពុធ 22 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

កន្លងមកយើងធ្លាប់តែឃើញតាមទូរទស្សន៍ អានតាមសារព័ត៌មាន ឬតាមវិទ្យុនានាអំពីការតវ៉ាបែបប្លែកៗចំពោះអ្នកនយោបាយ និងអ្នកដឹកនាំប្រទេស នៅតាមបណ្ដាប្រទេសនានាលើសាកលលោក ដូចជាការស្រែកប្រទេចជេរផ្ដាសា, ស្រាត ឬគប់ពងទា គប់ស្បែកជើង។ល។ ទៅកាន់ពួកទាំងនោះ ពីសំណាក់អ្នកតវ៉ា។ ដោយឡែកម្សិលមិញនេះ (២១ ឧសភា ២០១៣) មានមនុស្សមិនតិចទេដែលមានការភ្ញាក់ផ្អើលពីការតវ៉ាបែប «ការតវ៉ាមិនប្រក្រតី» មួយនៅប្រទេសកម្ពុជាសម័យបច្ចុប្បន្ននេះ គឺប្រហាក់ប្រហែលនឹងការតវ៉ានៅបណ្ដាប្រទេសនានាដូចដែលបានរៀបរាប់ខាងលើដែរ នោះគឺការតវ៉ារបស់និស្សិតមួយក្រុមទៅលើលោក សូរិយា ស៊ូប៊ែរឌី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលជាអ្នករាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។

បន្ទាប់ពីហេតុការណ៍នេះកើតឡើងមកមានមនុស្សជាច្រើន ជាពិសេសនៅតាមបណ្ដាញសង្គមបានបញ្ចេញទស្សនៈផ្សេងៗ នោះដោយឆ្លុះបង្ហាញឲ្យឃើញពីនិន្នាការនយោបាយរបស់អ្នកទាំងនោះយ៉ាងប្រចក្ស។ អ្នកគាំទ្ររដ្ឋាភិបាល ប្រាកដណាស់ពួកគាត់គាំទ្រចំពោះសកម្មភាពនិស្សិតទាំងនោះ ដោយឡែកអ្នកប្រឆាំងនឹងរដ្ឋាភិបាលវិញបានស្រែកជំទាស់ ទៅវិញ ហើយថែមទាំងបានចោទថានេះជាផែនការនយោបាយរបស់រដ្ឋាភិបាល ឬក្រុមមន្ត្រីទៅទៀត ដោយសំអាងថាក្រុមនិស្សិតទាំងនោះ គឺជាសកម្មជនរបស់គណៈបក្សប្រជាជនកម្ពុជា ដែលដឹកនាំប្រទេសបច្ចុប្បន្ន។

វាអាចចាត់ទុកថាជាការពិបាកណាស់ ក្នុងការកំណត់ឲ្យច្បាស់លាស់ថា សកម្មភាពរបស់ក្រុមយុវជននិស្សិតដែលស្រែកតវ៉ាបែប «មិនប្រក្រតី» កាលពីល្ងាចម្សិលមិញនេះ ជាឆន្ទៈពិតប្រាកដរបស់ពួកគាត់ ឬថាជាសកម្មភាពឆាកល្ខោនផ្នែកនយោបាយរបស់រដ្ឋាភិបាល ដូចដែលក្រុមប្រឆាំងបានចោទប្រកាន់នោះ។

ប្រសិនបើនេះជាសកម្មភាពដែលរៀបចំឡើងដោយរដ្ឋាភិបាលឬអ្នកនយោបាយណាមួយពិតមែននោះ ការរៀបចំបែបនេះ បើទោះបីមើលមួយភ្លែតថាជាការបានចំណេញ តែបើមើលឲ្យវែងឆ្ងាយការរៀបចំបែបនេះ គឺជាការបើកផ្លូវវាយអ្នកនយោបាយខ្លួនឯងនោះ នៅថ្ងៃអនាគតវិញទេ។ ការដែលក្រុមយុវជនមួយក្រុមហ៊ានចេញមុខមកតវ៉ា ដោយប្រើប្រាស់សេរីភាពពេញទី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកម្ពុជាសម័យថ្មីបែបនេះ វាបានក្លាយទៅជាតួយ៉ាង ឬគំរូមួយដែលនៅពេលអនាគតមិនយូរខាងមុខនេះ នឹងលេចចេញជាលើកទី២, លើកទី៣…។ល។ ជាបន្តបន្ទាប់ ហើយដែលការតវ៉ាបែប «មិនប្រក្រតី» បែបនេះ អាចនឹងកើតមានឡើងចំពោះអ្នកនយោបាយខ្លួនឯងនោះតែម្ដង។ ប្រសិនបើករណីនេះកើតមានឡើងមែន អ្នកនយោបាយ ឬអ្នកដឹកនាំ អាចនឹងជួបប្រទះនូវភាពប្រថុយប្រថាន ពីសេរីភាពពេញលេញដូចដែលគំរូទី១ នាម្សិលមិញនេះបានបង្ហាញឲ្យឃើញឬទេ ប្រសិនបើការតវ៉ា «បែបមិនប្រក្រតី» ប្រភេទនេះកើតឡើងចំពោះរូបគេ។

ប្រសិនបើនេះជាឆាកល្ខោនរៀបចំដោយអ្នកកាន់អំណាចមែននោះ នេះប្រហែលជាការគិតខុសមួយហើយ។ តែប្រសិនបើការតវ៉ាល្ងាចម្សិលមិញនេះ ជាការកើតចេញពីឆន្ទៈផ្ទាល់របស់ក្រុមនិស្សិតទាំងនោះមែនពិត សកម្មភាពបែបនេះក៏បានបង្ហាញឲ្យជាតិខ្មែរទាំងមូលឃើញថា សេរីភាពចំពោះការបញ្ចេញមតិបានកើតមានហើយ សម្រាប់ការបញ្ចេញមតិ «បែបមិនប្រក្រតី» ទៅលើអ្នកធំនោះ។

សរុបមកវិញទាំងការកើតចេញពីឆន្ទៈផ្ទាល់ ទាំងការកើតឡើងពីអ្នកនយោបាយក្ដី សកម្មភាពរបស់ក្រុមនិស្សិតម្សិលមិញនេះចង់មិនចង់បានក្លាយជាការបើកចក វែកផ្លូវមួយសម្រាប់ការតវ៉ាបែបស្រដៀងគ្នានេះទៅលើអ្នកដទៃទៀត ទាំងគាំទ្រ ទាំងប្រឆាំងរដ្ឋាភិបាល នាថ្ងៃអនាគត យ៉ាងប្រចក្ស៕

__________________________________________
អានផងដែរ
១. “… You will thank me in 20 years’ time…!”

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: