jump to navigation

គណបក្ស​ប្រឆាំង​គួរ​សម្ដែង​និន្នាការ​នយោបាយ​ឲ្យ​ច្បាស់​លាស់ និង​ថ្លៃ​ថ្នូរ ថ្ងៃចន្ទ 27 ខែ​ឧសភា 2013

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

ម្ដងជាពីរដងគណបក្សប្រឆាំងនៅកម្ពុជាតែងតែសម្ដែងនិន្នាការនយោបាយបែបក្រឡិចក្រឡុច មិនច្បាស់លាស់ និងពេលខ្លះគ្មានសេចក្ដីថ្លៃថ្នូរថែមទៀតផង ក្នុងបុព្វហេតុពីការចង់យកឈ្នះខាងនយោបាយដោយគ្មានការទទួលខុសត្រូវ។ ការនេះមិនត្រឹមតែមិនទទួលបានការចំណេញនយោបាយទេ ផ្ទុយទៅវិញបានត្រឹមខាតបង់ទៅវិញ ហើយរឹតតែអាក្រក់ជាងនេះទៅទៀតនោះ វាបានត្រឹមតែផ្ដល់កិច្ចចំណេញខាងនយោបាយនោះទៅឲ្យភាគីបដិបក្ខទៅវិញទៀត។

រយៈពេលប៉ុន្មានថ្ងៃថ្មីៗនយោបាយនៅប្រទេសកម្ពុជាហាក់មានសភាពស្រួចស្រាល ដោយសារតែរដូវកាលនៃការបោះឆ្នោតថ្នាក់ជាតិកាន់តែខិតចូលមកដល់ហើយ ពោលគឺនៅបាំងតែមួយខែទៀតប៉ុណ្ណោះ។ អ្វីដែលយើងឃើញមានជាហូរហែនោះគឺការឌឺដង និងវាយប្រហារដាក់គ្នាជាបន្តបន្ទាប់ពីរគណបក្សនយោបាយនានានៅក្នុងប្រទេសនេះ។ សម្រាប់ការបោះឆ្នោតនាពេលនេះ យើងឃើញពីវិវឌ្ឍនាការថ្មីមួយទៀត គឺសង្គ្រាមតាមប្រព័ន្ធបច្ចេកវិជ្ជា ដែលកើតឡើងពីអ្នកគាំទ្ររបស់គណបក្សនយោបាយផងដែរ។

បើទោះបីជាការឈ្លោះគ្នាដើម្បីបុព្វហេតុនយោបាយក៏ដោយ អ្នកដឹកនាំនយោបាយនៅកម្ពុជា គួរមានសេចក្ដីថ្លៃថ្នូរ និងវិជ្ជាជីវៈក្នុងការធ្វើនយោបាយរបស់ខ្លួន។ អ្វីដែលជាប្រការគួរឲ្យសោកស្ដាយចំពោះគណបក្សប្រឆាំង ដែលជាគណបក្សអួតអាងពីប្រជាធិបតេយ្យបានប្រព្រឹត្តមិនគួរជាទីមោទន បីយ៉ាងនាពេលថ្មីៗ ពីសំណាក់មេដឹកនាំជាន់ខ្ពស់ (គណបក្សប្រឆាំង) បានធ្វើឲ្យមានមន្ទិលសង្ស័យ ហើយដោយមិនអាចប្រកែកបាន វាបានធ្វើឲ្យគណបក្សនេះចុះប្រជាប្រិយភាព មិនតិចទេចំពោះក្រសែភ្នែកប្រជាជនខ្មែរទូទៅ។

នៅខណៈដែលប្រជាជនខ្មែរច្រើនលើសលុបទទួលស្គាល់ និងបានជួបប្រទះនូវបទពិសោធន៍ឈឺចាប់នៃរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះ បែរជាមេដឹកនាំជាន់ខ្ពស់នៃគណបក្សមួយនេះ និយាយបដិសេធយ៉ាងទទឹងទិសពីការធ្វើឃាតនៅគុណទួលស្លែង ព្រមនឹងបឹងជើងឯក ជាហេតុធ្វើឲ្យមានការប្រឆាំងតវ៉ាពីសំណាក់ជនរងគ្រោះ។ ការនិយាយបែបទទឹងទិសបែបនេះ បើទោះបីជាដឹងថា «របបខ្មែរក្រហម» ត្រូវបានគណបក្សកាន់អំណាចមានប្រៀបក្នុងការទទួលបានសំឡេងគាំទ្រទៅហើយ វាមិនត្រឹមតែមិនទទួលចំណេញទេ វាបឹនត្រឹមទទួលនូវការខាតបង់ បូកថែមនឹងការស្អប់ខ្ពើមទៅវិញ។

រឿងហេតុទីពីរដែលមេដឹកនាំនៃបក្សនេះបានប្រព្រឹត្តនោះ គឺការបកស្រាយប្រវត្តិសាស្ត្របែបនិទានតៗគ្នា និងវាយប្រហារទៅលើអង្គព្រះមហាវីរក្សត្រិយ៍ ដោយផ្ទាល់ ឬដោយប្រយោល ដែលគណបក្សនេះតែងតែធ្វើជារឿយៗ។ ការយកករណី «យួន» ដើម្បីវាយប្រហារលើ «ខ្មែរបដិបក្ខ» ក្នុងរូបភាពបំភ្លៃការពិត ឬការយករឿងប្រឌិតតៗគ្នាមកមិនមែនជាការប្រកួតប្រជែងដើម្បីជាតិពិតប្រាកដទេ។ យ៉ាងណាម៉ិញប្រសិនបើសម្ដីអស់ទាំងនេះចេញពីមេដឹកនាំជាន់ខ្ពស់នោះ នោះគឺជាសញ្ញាណបង្ហាញពីគ្រោះថ្នាក់ខ្លាំងណាស់នៅពេលអនាគត។

អំពើខុសឆ្គងទី៣ដែលមេដឹកនាំជាន់ខ្ពស់នៃបក្សនេះបានធ្វើគឺការទៅចូលរួមដោយចំហជាមួយក្រុមសាធារណរដ្ឋនិយម ពោលគឺពួកដែលចង់វាយរំលំរបបដឹកនាំបច្ចុប្បន្ន។ នេះជាកំហុសផ្នែកនិន្នាការនយោបាយដ៏ធំមួយណាស់ ខណៈខ្លួនកំពុងរស់នៅក្នុងរបបមួយ ហើយបែរជាទៅចូលរួមក្នុងក្រុមមួយទៀតដែលចង់ផ្ដួលរំលំរបបមួយដោយភាពខុសច្បាប់។ គណបក្សប្រឆាំងគួរតែបង្ហាញខ្លួនឲ្យបានច្បាស់លាស់ថាតើខ្លួនគាំទ្ររបបរាជានិយមបែបបច្ចុប្បន្ន ឬគាំទ្របែបសាធារណរដ្ឋនិយម នៅពេលដែលខ្លួនបានឈ្នះឆ្នោតឡើងកាន់អំណាចនោះ។ ដរាបណាគណបក្សនេះ នៅតែប្រកាន់ជំហរមិនច្បាស់លាស់ ខ្លួនមួយជិះទូកពីរបែបនេះ វាមិនអាចធ្វើឲ្យជនជាតិខ្មែរប្រឈមនឹងភាពប្រថុយប្រថានបោះឆ្នោតឲ្យគណបក្សនេះណាស់។

ការយកឈ្នះយកចាញ់ទៅលើគូនយោបាយគឺជារឿងជៀសមិនផុតទេសម្រាប់ពួកអ្នកលេងនយោបាយ ក៏ប៉ុន្តែការយកឈ្នះលើគូសត្រូវ ដែលយើងចោទប្រកាន់ថាពិសពុល ដោយវិធីពិសពុលណាមួយនោះ អ្នកនោះអាចរាប់ថាពិសពុលជាងសត្ត្រូវដែលពិសពុលនោះទៅទៀត។ បើទោះបីជាទទួលបានជោគជ័យដោយវិធីសាស្ត្របែបស្មោគគ្រោក ខ្វះភាពថ្លៃថ្នូរ ណាមួយនោះ វាមិនអាចរាប់ថាជាជោគជ័យសម្រាប់អ្នកដែលហៅខ្លួនឯងថាជាប្រជាធិបតេយ្យនោះទេ។

គណបក្សប្រឆាំងគួរតែដឹងហើយថា គ្មានជោគជ័យណាមួយស្ថាពរជៀសជាងការយកឈ្នះប្រកបដោយគតិបណ្ឌិត យកឈ្នះលើដួងចិត្ត និងបេះដូងប្រជាពលរដ្ឋទាំងមូលដោយភាពថ្លៃថ្នូរ ប្រសើរជាងការយកឈ្នះលើគូបដិបក្ខដោយភាពស្មោគគ្រោកដូចគូបដិបក្ខដែលខ្លួនបានចោទនោះ។ ហេតុដូចនេះ គណបក្សប្រឆាំងគួរសម្ដែងនិន្នាការច្បាស់លាស់, កែប្រែឥរិយាបទ ដើម្បីបន្តរក្សានូវការគាំទ្រពីប្រជារាស្ត្រខ្មែរមួយភាគទៀត បើមិនដូច្នេះទេ គណបក្សនេះ និងបាត់បង់អស់ទាំងការជឿទុកចិត្ត ទាំងសេចក្ដីថ្លៃថ្នូរ។ ដោយបំណងល្អ!

Advertisements

មតិ»

1. តា ម៉ាប់ - ថ្ងៃចន្ទ 27 ខែ​ឧសភា 2013

ពួកណាគេសាធារណរដ្ឋនិយម ?

សុភ័ក្ត្រ - ថ្ងៃអង្គារ 28 ខែ​ឧសភា 2013

សួន​សេរី​រដ្ឋា​ស្អី​គេ​នោះ

តា ម៉ាប់ - ថ្ងៃអង្គារ 28 ខែ​ឧសភា 2013

លោកស្អីគេនោះវាខាំទាំងអស់


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: