jump to navigation

គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត ថ្ងៃ​ព្រហស្បតិ៍ 5 ខែកញ្ញា 2013

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
trackback

ចាប់​តាំង​ពី​ក្រោយ​ការ​បោះ​ឆ្នោត​ជា​លើក​ដំបូង​ដែល​រៀប​ចំ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ ឬ​អ៊ុន​តាក់​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​១៩៩៣​មក មាន​គណបក្ស​ជា​ច្រើន​រាប់​មិន​អស់​ទេ ដែល​ត្រូវ​បាន​បង្កើត​ឡើង និង​រលាយ​បាត់​ឈ្មោះ​ទៅ​វិញ​ដោយ​សារ​ហេតុ​ផ្សេង​ៗ​ជា​ច្រើន ដោយ​រួម​ទាំង​ពី​ការ​បែក​បាក់​ផ្ទៃក្នុង, ការ​ជ្រែត​ជ្រែក​ពី​ខាង​ក្រៅ ព្រម​ទាំង​ការ​បាត់​បង់​ការ​គាំទ្រ​ពី​សំណាក់​ម្ចាស់​ឆ្នោត គឺ​ប្រជា​រាស្ត្រ​ខ្មែរ​នោះ​ឯង​។ គណបក្ស​ខ្លះ​តាំង​ពី​ធ្លាប់​ឈ្នះ​ឆ្នោត​គ្រប់​គ្រង​ប្រទេស រហូត​បន្ត​ធ្លាក់​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ និង​ចុង​ក្រោយ​នេះ ថែម​ទាំង​គ្មាន​បាន​ជាប់​ស្អី​សូម្បី​មួយ​កៅ​អី​ក្នុង​រដ្ឋសភា​។

ដោយ​ឡែក បើ​យើង​ពិនិត្យ​មើល​គណបក្ស​ដែល​ល្បី​ថា​ចាស់​ទុំ​ជាង​គេ និង​ខ្លាំង​ក្លា​ជា​គេ​នោះ គឺ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​ចាញ់ បាន​ប្រែ​ក្រឡា​ជា​ឈ្នះ និង​បន្ត​ឈ្នះ​ៗ ៗ រហូត​ដល់​កំពូល​ដែល​ទទួល​បាន​អសនៈ​ច្រើន​លើស​លប់​កាល​ពី​រដូវ​កាល​បោះ​ឆ្នោត​ នា​ឆ្នាំ​២០០៨ រហូត​ដល់​ទី​៩០​កៅអី អង្គុយ​ពេញ​មួយ​រដ្ឋសភា តែ​ឯង​ឯក​។ មោទនភាព​នៃ​ការ​ឈ្នះ​ឆ្នោត​នា​ពេល​នោះ បាន​បន្ត​ឲ្យ​មេ​ដឹក​នាំ​គណបក្ស​នេះ ព្រម​ទាំង​អ្នក​គាំទ្រ មាន​ភាព​អំនួត ឬ​រហូត​ដល់​​ក្អេង​ក្អាង និង​មិន​នឹក​សោះ​ឡើយ​ពី​បរាជ័យ​ដែល​អាច​នឹង​មាន​សម្រាប់​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣ នេះ ឬ​ដូច​ពាក្យ​ខ្មែរ​មួយ​ឃ្លា​តែង​ពោល​ថា «ទេវតា​បរាមុខ​» នោះ​ឡើយ​។

បើ​ពិនិត្យ​មើល​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នា​ឆ្នាំ​២០០៨ និង​យក​មក​ធៀប​ជាមួយ​លទ្ធផល​ឆ្នាំ​២០១៣​នេះ គឺ ពិត​ជា​មិន​អាច​ប្រកែក​បាន​ឡើយ​ថា ប្រជា​រាស្ត្រ​ខ្មែរ​បាន​សម្ដែង​ការ​មិន​ជឿ​ទុក​ចិត្ត​ត​ទៅ​ទៀត​ឡើយ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ការ​ដឹក​នាំ​ប្រទេស​។ អ្នក​ដែល​មិន​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា នា​ពេល​នេះ គឺ​សុទ្ធ​តែ​អ្នក​ធ្លាប់​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា កាល​ពី​ឆ្នាំ​២០០៨​នោះ​ឯង​។

បរាជ័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​នា​គ្រា​នេះ គឺ​មាន​សភាព​ធំ​ធេង​ជាង​មហា​សមុទ្ទ​ទៅ​ទៀត ប្រសិន​បើ​មេ​ដឹក​នាំ​គណបក្ស​នេះ​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​មែន​នោះ​។ អ្វី​ដែល​គួរ​ជា​ទី​ចាប់​អារម្មណ៍​នោះ​គឺ​ថា ប្រជាជន​ខ្មែរ​បាន​ដក​សេចក្ដី​ទុក​ចិត្ត​ពី​គណបក្ស​កាន់​អំណាច​មួយ​នេះ មិន​មែន​ត្រឹម​តែ​ឆ្នាំ​២០០៨​ទេ គឺ​គេ​ (ប្រជាជន​ខ្មែរ​) ដក​ថយ​ក្រោយ​រាប់​ទៅ​តាំង​ពី​ឆ្នាំ​២០០៣​មក​ម្ល៉េះ ដ្បិត​អសនៈ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​នា​ពេល​នេះ ធ្លាក់​ចុះ​ជាង​ឆ្នាំ​២០០៣​ទៅ​ទៀត (ដែល​កាល​ណុះ​បាន​៧៣​អសនៈ​) និង​ត្រឹម​ទទួល​បាន​ប្រហាក់​ប្រហែល​ឆ្នាំ​១៩៩៨ (ដែល​កាល​ណុះ​បាន​៦៤​អសនៈ​) ក្រោយ​ពេល​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧​ តែ​ប៉ុណ្ណោះ​។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នេះ​បាន​បង្ហាញ​ពី​ការ​ដើរ​បញ្ច្រាស​គ្នា​រវាង​ប្រជាជន​ខ្មែរ និង​ការ​គ្រប់​គ្រង​ប្រទេស​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែល​មាន​រយៈ​ពេល​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​។ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្លាប់​តែ​ដឹក​នាំ​ផង អួត​ផង ពី​សមិទ្ធផល​របស់​ខ្លួន ហាក់​បី​ដូច​ជា​មិន​ទទួល​បាន​ផ្លែ​ផ្កា​ពី​ការ​ខិត​ខំ​គ្រប់​បែប​គ្រប់​យ៉ាង​របស់​គណបក្ស​នេះ​ទេ​។ វា​ច្បាស់​ណាស់​ទៅ​ហើយ​ថា និយាយ​ឲ្យ​ខ្លី ប្រជាជន​ខ្មែរ​បាន​ជិន​ណាយ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ប្រជាជន​ខ្មែរ​បាន​ដក​ការ​ទុក​ចិត្ត​ពី​គណបក្ស​នេះ​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​របស់​ខ្លួន​៕

__________________________________________________________
អាន​ផង​ដែរ​
១. លទ្ធផល​បឋម និង​មិន​ផ្លូវ​ការ​នៃ​ការ​បោះ​ឆ្នោត​ជាតិ​ឆ្នាំ​២០១៣
២. លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥
៣. គជប.​ប្រកាស​លទ្ធផល​បណ្ដោះ​អាសន្ន ដែល​ចម្រូង​ចម្រាស
៤. ជ័យ​ជម្នះ​មួយ​ដែល​មិន​សម​ប្រកប
៥. នយោបាយ​ដើរ​ថយ​ក្រោយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា
៦. គណបក្ស «​សង្គ្រោះ​ជាតិ​» ទំនង​ជា​ក្ដី​សង្ឃឹម​ថ្មី​របស់​ប្រជាជន​កម្ពុជា

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: