jump to navigation

repost: អក្សរ​ផ្ចង់ ថ្ងៃពុធ 13 ខែវិច្ឆិកា 2013

Posted by សុភ័ក្ត្រ in អំពីភាសា.
2 comments

អក្សរ​ផ្ចង់ គឺ​ឈ្មោះ​កម្មវិធី​សិក្សា​មួយ​នៅ​ថ្នាក់​បឋម​​សិក្សា កាល​ពី​សម័យ​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។ កម្មវិធី​សិក្សា​អក្សរ​ផ្ចង់​នេះ មាន​គោល​គំនិត​ឲ្យ​អ្នក​​រៀន បាន​ហាត់​ផ្ចង់​សរសេរ​តួ​អក្សរ​ខ្មែរ គឺ​មាន​ស្រៈ និង​​ព្យញ្ជនៈ យ៉ាង​មាន​របៀប និង​ស្អាត ពោល​គឺ​ដើម្បី​ហ្វឹក​​សរសេរ​អក្សរ​ខ្មែរ​ឲ្យ​បាន​ស្អាត​នេះ​ឯង។

ដើម្បី​រៀន​អក្សរ​ផ្ចង់ អ្នក​រៀន ដែល​កាល​នោះ​សរសេរ​​ខ្មៅ​ដៃ (មិន​មែន​សរសេរ​ប៊ិច ដូច​សម័យ​បច្ចុប្បន្ន) ត្រូវ​​មាន​បន្ទាត់​ជ្រុង​មួយ ដើម្បី​វ៉ៃ​ក្រឡា​ក្នុង​សៀវភៅ។ ការ​​រៀន​អក្សរ​ផ្ចង់ គឺ​ត្រូវ​សរសេរ​តួ​អក្សរ​ខ្មែរ​បែប​ទ្រេត។ ដូច​ក្នុង​ឧទាហរណ៍​ក្នុង​រូប​ខាង​ក្រោម​ស្រាប់។


តួយ៉ាង​បែប​សរសេរ​អក្សរ​ផ្ចង់

ការ​រៀន​អក្សរ​ផ្ចង់​មាន​សារសំខាន់​ណាស់ សម្រាប់​អ្នក​​រៀន​ខ្មែរ ដែល​ក្រៅ​អំពើ​ពុត​ដៃ​ឲ្យ​សរសេរ​អក្សរ​ជាតិ​​ខ្លួន​ឲ្យ​បាន​ស្អាត និង​ត្រឹម​ត្រូវ​តាម​ក្បួន​ខ្នាត​ហើយ​ការសិក្សា​អក្សរ​ផ្ចង់ នៅ​បាន​ជួយ​ហ្វឹក​ហាត់​សមាធិ ដល់​​សិស្សានុសិស្ស​ផង​ដែរ ដ្បិត​ពេល​សរសេរ​អក្សរ​ផ្ចង់​ម្ដង​ៗ តម្រូវ​ឲ្យ​មាន​ភាព​ស្ងៀម​ស្ងាត់ ដើម្បី​សរសេរ​ត្រូវ និង​បាន​ល្អ។

សម័យ​ក្រោយ​ៗ​មក​ទៀត ខ្ញុំ​សង្កេត​ឃើញ​ថា គ្រូ​​នៅ​បឋម​សិក្សា​តែង​អនុញ្ញាត​ឲ្យ​សិស្ស​សរសេរ​ប៊ិច​ដោយ​ហេតុ​ថា​ប៊ិច​មាន​ភាព​រអិល​ជាង​ខ្មៅ​ដៃ​នោះ​ធ្វើ​ឲ្យ​ក្មេង​មាន​ទម្លាប់​សរសេរ​អក្សរ​មិន​ស្អាត​ទេ។ ហើយ​​អ្វី​ដែល​គ្រោះ​ថ្នាក់​ជាង​នេះ​ទៅ​ទៀត​នោះ គឺ​កម្មវិធី​​សិក្សា​អក្សរ​ផ្ចង់ ត្រូវ​បាន​លុប​ចោល​ក្នុង​កម្មវិធី​​សិក្សា​ទៀត ជា​លទ្ធផល​សិស្ស​រៀន​សម័យ​ក្រោយ​ៗ​​សរសេរ​អក្សរ​ខ្មែរ​មិន​បាន​ស្អាត ហើយ​មិន​ត្រឹម​ត្រូវ​​តាម​ក្បួន​ខ្នាត​ទេ។

ខ្ញុំ​ថា​រដ្ឋ​គួរ​បង្កើត​កម្មវិធី​សិក្សា​អក្សរ​ផ្ចង់​នេះ​ឡើង​វិញ​សម្រាប់​សិស្ស​បឋម​សិក្សា ហើយ​មិន​គួរ​អនុញ្ញាត​ឲ្យ​កុមារ​ទាំង​នោះ​មាន​ទម្លាប់​ប្រើ​ប្រាស់​ប៊ិច​ដើម្បី​សរសេរ​​អក្សរ​សោះ​ឡើយ៕

%d bloggers like this: