jump to navigation

សួស្ដី ២០១៤ ថ្ងៃអង្គារ 31 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

កម្សាន្ត​ក្រុង​ដាឡាត​ពេញ​មួយ​ថ្ងៃ ថ្ងៃចន្ទ 30 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, Tiếng Việt.
3 comments

ថ្ងៃ​នេះ​តាម​កម្មវិធី​ទេចរណ៍​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ទស្សនា​ទី​កន្លែង​កម្សាន្ត​នានា​របស់​ក្រុង​ខ្ពង់​រាប​មួយ​នេះ​ទេ​។ តាម​ពិត​ទៅ​នេះ​ជា​គ្រា​ទី​២​របស់​ខ្ញុំ​ក្នុង​ការ​មក​លេង​ក្រុង​ដាឡាត​នេះ កាល​ពី​អំឡុង​ខែ​មីនា ឆ្នាំ​២០០៧ មក​ម្ល៉េះ គឺ​ជិត​៦​ឆ្នាំ​មក​ហើយ​។

អ្វី​ដែល​គួរ​កត់​សម្គាល់​នោះ គឺ​ក្រុង​ដាឡាត​មាន​មនុស្ស​ច្រើន​ជាង​មុន ព្រម​ទាំង​ស្រស់​ស្អាត​ជាង​មុន​។ ចំណែក​ឯ​ការ​កម្សាន្ត​ថ្ងៃ​នេះ​សម្រាប់​ខ្ញុំ​ក៏​គ្មាន​អ្វី​ថ្មី​ដែរ គឺ​ក្រៅ​ពី​ពេល​ព្រឹក​ទៅ​កម្សាន្ត​សួរ​ផ្កា បន្ទាប់​មក​ទៅ​ ទស្សនា​វត្ត និង​ជ្រោះ​ជ្រ​លង​ស្នេហ៍​។​ ឯ​ពេល​រសៀល​វិញ ទៅ​ជិះ​កន្ត្រក​លេង និង​ដំណាក់​របស់​ស្ដេច​បាវ​ដាយ រួច​ក៏​មក​ដើរ​ផ្សារ​រក​ទិញ​ឥវ៉ាន់ មុន​នឹង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​រួច​ត្រឡប់​មក​សណ្ឋាគារ​វិញ ដើម្បី​រៀប​ចំ​ធ្វើ​ដំណើរ​ត្រឡប់​មក​ក្រុង​ព្រៃ​នគរ​វិញ នៅ​ថ្ងៃ​ស្អែក​នេះ​​៕

ក្រុង​ដាឡាត​នា​ពេល​ព្រលឹម

ក្រុង​ដាឡាត​នា​ពេល​ព្រលឹម

កន្ត្រក​យោង​នៅ​ដាឡាត

____________________________________________
អាន​ផង​ដែរ​
១. ទៅ​ដាច់​ឆ្នាំ​នៅ​វៀតណាម
២. មក​ដល់​ក្រុង​ដាឡាត
៣. យប់​ថ្ងៃ​ដាច់​ឆ្នាំ​នៅ​ព្រៃ​នគរ

មក​ដល់​ក្រុង​ដាឡាត ថ្ងៃអាទិត្យ 29 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, Tiếng Việt.
4 comments

ព្រឹក​មិញ​នេះ​បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ព្រឹក​នៅ​ឯ​សណ្ឋាគារ​មក នៅ​ម៉ោង​ប្រមាណ​ជា​៨​និង​៣០​នាទី​ព្រឹក ត្រូវ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​សណ្ឋាគារ ដើម្បី​ឆ្ពោះ​មក​ទីក្រុង​ខ្ពង់​រាប​ទេសចរណ៍​ល្បី​ឈ្មោះ​មួយ​ទៀត​របស់​ប្រទេស​វៀតណាម គឺ​ក្រុង​ដាឡាត (វណ៖ Dalat)​។

មុន​បន្ត​ដំណើរ​មក​ដាឡាត ពួក​យើង​បាន​ឈប់​កម្សាន្ត​ប្រមាណ​ជា​ពីរ​ម៉ោង​នៅ​ឯ​សួន​កម្សាន្ត​សួយ​ទៀន (វណ៖ Suoi Tien) សិន ដែល​ស្ថិត​នៅ​តាម​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​ដាឡាត​នេះ​។ នៅ​ម៉ោង​ប្រមាណ​ជា​១០ និង​៣០​នាទី​ទើប​ធ្វើ​ដំណើរ​ឈ្មោះ​ទៅ​ដាឡាត ដោយ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​​នៅ​តាម​ផ្លូវ​។

នៅ​ម៉ោង​ប្រមាណ​៧​យប់​ទៅ​ទៅ​ដល់​ក្រុង​ដាឡាត រួច​ចូល​ទទួល​ទាន​អាហារ​ពេល​ល្ងាច​តែ​ម្ដង​។ មក​ដល់​ក្រុង​ដាឡាត អាកាស​ធាតុ​ត្រជាក់​ខ្លាំង​ណាស់ ដែល​តម្រូវ​ឲ្យ​ម្នាក់​ៗ​ត្រូវ​ពាក់​អាវ​ការ​ពារ​រងា​តែ​ម្ដង​។

បន្ទាប់​ពី​ទទួល​ទាន​អាហារ​ពេល​ល្ងាច​ហើយ ពួក​យើង​ក៏​បាន​ចូល​ទៅ​ឆែក​អ៊ីន​នៅ​ឯ​សណ្ឋាគារ​ឈ្មោះ ថាង​ឡូយ​១ (វណ៖ Thang Loi 1)​។ បន្ទាប់​មក​នៅ​ពេល​យប់​បន្តិច ក៏​បាន​ចេញ​មក​កម្សាន្ត​នៅ​តាម​ទីប្រជុំ​ជន​របស់​ក្រុង​ដាឡាត មើល​គេ​ប្រគុំ​តន្ត្រី ព្រម​ទាំង​ផ្សារ​លក់​ដូរ ដោយ​មាន​មនុស្ស​ច្រើន​សម្បើម​ណាស់ ដ្បិត​ជិត​ដល់​ថ្ងៃ​ដាច់​ឆ្នាំ​ផង​។ ខ្ញុំ​ត្រូវ​សម្រាក​នៅ​ក្រុង​ដាឡាត​នេះ​ចំនួន​២​យប់ មុន​នឹង​ទៅ​ក្រុង​ព្រៃ​នគរ​វិញ​​៕

ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​ក្រុង​ដាឡាត

ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​ក្រុង​ដាឡាត

ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​ក្រុង​ដាឡាត

ទិដ្ឋភាព​នា​ពេល​រាត្រី​នៅ​ក្រុង​ដាឡាត

____________________________________________
អាន​ផង​ដែរ​
១. ទៅ​ដាច់​ឆ្នាំ​នៅ​វៀតណាម
២. កម្សាន្ត​ក្រុង​ដាឡាត​ពេញ​មួយ​ថ្ងៃ
៣. យប់​ថ្ងៃ​ដាច់​ឆ្នាំ​នៅ​ព្រៃ​នគរ
៤. សណ្ឋាគារ​ ថាង​ឡូយ​១

ទៅ​ដាច់​ឆ្នាំ​នៅ​វៀតណាម ថ្ងៃសៅរ៍ 28 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in ទេសចរណ៍, អំពីសុភ័ក្ត្រ, Tiếng Việt.
4 comments

ព្រឹក​ថ្ងៃ​សៅរ៍ នេះ បន្ទាប់​មក​ដល់​ស្រុក​ខ្មែរ​កាល​ពី​យប់​មិញ​មក ត្រូវ​ក្រោក​ធ្វើ​ដំណើរ​បន្ត​ទៀត​តាម​រថយន្ត​ក្រុង​ឆ្ពោះ​ទីកាន់​ក្រុង​ព្រៃ​នគរ ប្រទេស​វៀតណាម ដើម្បី​សម្រាក​ឆ្លង​ឆ្នាំ​ថ្មី​នៅ​ទី​នោះ​ជាមួយ​ក្រុម​គ្រួសារ​ម្ដង​។

ដោយ​ចេញ​ដំណើរ​តាំង​ពី​មេឃ​មិន​ទាន់​ភ្លឺ​ស្រួល​បួល​ផង នៅ​ម៉ោង​ប្រមាណ​១១ ក៏​បាន​មក​ដល់​ក្រុង​ព្រៃ​នគរ​ដោយ​សុវត្ថិភាព និង​បាន​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​នៅ​ហាង​ចិន​មួយ​ដ៏​ឆ្ងាញ់​ពិសារ​ជាមួយ​នឹង​ក្រុម​ហ៊ុន​ទេសចរណ៍​មួយ​ដែល​ពួក​យើង​បាន​ទិញ​កញ្ចប់​ទេសចរណ៍​។ អ្វី​ដែល​សង្កេត​ឃើញ​ជា​ទូទៅ​នោះ ឃើញ​ថា​ឆ្នាំ​នេះ​ការ​ទេសចរណ៍​មក​ប្រទេស​វៀតណាម​របស់​ជន​ជាតិ​ខ្មែរ​យើង ឃើញ​ថា​មិន​ជា​ច្រើន​ដូច​ការ​រំពឹង​ទុក​ទេ ឬ​មួយ​ក៏​ខ្ញុំ​មក​លឿន​ពេក​ក៏​មិន​ដឹង​។

បន្ទាប់​ពី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​ហើយ​ក៏​ត្រូវ​ចូល​មក​សណ្ឋាគារ ឈ្មោះ ដុង ខាញ់ (វណ៖ Dong Kanh) ​ដើម្បី​ឆែក​អ៊ីន សម្រាក​បន្តិច​រួច​បន្ត​ធ្វើ​ដំណើរ​តាម​គម្រោង​ទេសចរណ៍​បន្ត​ទៀត​នៅ​ឯ​ សួន​កម្សាន្ត​ដាំ​សៀន និង​ទទួល​ទាន​អាហារ​ពេល​ល្ងាច​នៅ​ទី​នោះ មុន​នឹង​ត្រឡប់​មក​សម្រាក​ឯ​សណ្ឋាគារ​វិញ ដើម្បី​ធ្វើ​ដំណើរ​បន្ត​ទៀត នៅ​ថ្ងៃ​ស្អែក​​។ តាម​គម្រោង​ទេសចរណ៍​ខ្ញុំ​ត្រូវ​នៅ​ប្រទេស​វៀតណាម​រហូត​ដល់​ទី​៤​យប់ ៥​ថ្ងៃ​ឯ​ណុះ មុន​នឹង​ត្រឡប់​ទៅ​មាតុភូមិ​យើង​វិញ​៕

នៅ​ឯ​កំពង់​សាឡាង​អ្នក​លឿង

ជ្រុង​មួយ​នៃ​ក្រុង​ព្រៃ​នគរ

រុង​មួយ​នៃ​ក្រុង​ព្រៃ​នគរ

____________________________________________
អាន​ផង​ដែរ​
១. មក​ដល់​ក្រុង​ដាឡាត
២. កម្សាន្ត​ក្រុង​ដាឡាត​ពេញ​មួយ​ថ្ងៃ
៣. យប់​ថ្ងៃ​ដាច់​ឆ្នាំ​នៅ​ព្រៃ​នគរ
៤. សណ្ឋាគារ ដុង ខាញ់

ចេញ​មក​ស្រុក​ខ្មែរ​តាម​អង្គរ​អ៊ែរ ថ្ងៃសុក្រ 27 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
2 comments

នេះ​ជា​គ្រា​ទី​១​ហើយ ដែល​ខ្ញុំ​បាន​ធ្វើ​ដំណើរ​តាម​អ្វី​ដែល​គេ​ហៅ​ថា​អាកាសចរណ៍​ជាតិ គឺ​អង្គរ អ៊ែរ ដ៏​ល្បី​ល្បាញ​របស់​កម្ពុជា​យើង​នេះ​។ ដោយ​ធ្វើ​ដំណើរ​ពី​ក្រុង​បាងកក មក​ភ្នំពេញ ប្រទេស​កម្ពុជា​ តាម​ជើង​យន្តហោះ​លេខ K6 0721។

មិន​ដឹង​ជា​ថ្ងៃ​នេះ​មាន​បញ្ហា​អ្វី​ទេ យន្តហោះ​ត្រូវ​បាន​ពន្យា​ពេល​ប្រហែល​មួយ​ម៉ោង​ឯណុះ គឺ​ទំនង​ពន្យា​តាំង​ពី​នៅ​ស្រុក​ខ្មែរ​ឯណុះ ដោយ​យន្តហោះ​ដែល​ចេញ​ពី​បាងកក​ប្រទេស​ថៃ ដែល​មាន​កំណត់​ពេល​ចេញ​នៅ​ម៉ោង​​១៥​និង​៤៥​នាទី​នោះ ត្រូវ​រង់​ចាំ​ចេញ​រហូត​ដល់​ម៉ោង​ជាង​១៧​ឯណុះ​ទើប​បាន​ចេញ​ដំណើរ​។ មក​ដល់​ស្រុក​ខ្មែរ​ទៀត​សោត​នៅ​ឯ​កន្លែង​យក​ឥវ៉ាន់ មាន​ភាព​រញ៉េ​រញ៉ៃ ដោយ​សារ​យន្តហោះ​ចេញ​ម៉ោង​ដំណាល​គ្នា ឯ​កន្លែង​យក​វ៉ាលីស​យើង​មាន​តែ​ពីរ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ច្របូក​ច្របល់​វ៉ាលីស​ភ្ញៀវ​ពេញ​​ព្រលាន​យន្តហោះ​។

នៅ​ប្រកាស​គ្រា​ក្រោយ​ខ្ញុំ​នឹង​និយាយ​អំពី​ជើង​យន្តហោះ​មួយ​នេះ​ (អាន​ប្រកាស​៖ អ្វី​ខ្លះ​នៅ​ពី​ក្រោយ​អាកាសចរណ៍​ជាតិ អង្គរ អ៊ែរ)៕

កន្លែង​ឆែក​អ៊ីន នៅ​ព្រលាន​យន្តហោះ​បាងកក

ប័ណ្ណ​ឡើង​យន្ងហោះ

នៅ​លើ​យន្តហោះ​នា​ថ្ងៃ​នេះ

______________________________________________________
អាន​ផង​ដែរ​
១. ខេមបូឌា អង្គរ អ៊ែរ៍, មោទនភាព​នៃ​អាកាសចរ​ជាតិ (?)
២. ចេញ​មក​ស្រុក​ថៃ​វិញ
៣. អ្វី​ខ្លះ​នៅ​ពី​ក្រោយ​អាកាសចរណ៍​ជាតិ អង្គរ អ៊ែរ

អាណាចក្រ​ល៉ា្នន៉ា (លាន​នា) ថ្ងៃ​ព្រហស្បតិ៍ 26 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, ภาษาไทย.
6 comments

អាណាចក្រ​ល៉ា្នន៉ា ឬ លាននា (លន៖ ᩋᩣᨱᩣᨧᩢᨠᩕᩃ᩶ᩣ᩠ᨶᨶᩣ, ថ៖ อาณาจักรล้านนา, ភម៖ ဇင်းမယ် ပြည်) គឺ​ជា​អតីត​អាណាចក្រ​ធំ​ធេង​មួយ​ ដែល​រលាយ​បាត់​ស្រមោល​ដូច​នគរ​ចាម្ប៉ា​ដែរ។ ល៉ា្នន៉ា ឬ​លាននា មាន​ន័យ​ថា «វាល​ស្រែ​រាប់​លាន», នគរ​លាននា នេះ​អាច​រាប់​ថា​ជា​នគរ​បង​ប្អូន​ជាមួយ​នឹង «លាន​ជាង» ឬ «ល៉ាន​សាង» ដែល​មាន​ន័យ​ថា «ដំរី​រាប់​លាន» ហើយ​ដែល​បច្ចុប្បន្ន​មួយ​ផ្នែក​ស្ថិត​នៅ​ក្នុង​ទឹក​ដី​លាវ​សព្វ​ថ្ងៃ។

អាណាចក្រ​ល៉ា្នន៉ា ឬ លាននា នៅ​អតីត​មាន​ទី​តាំង​ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ប្រទេស​ថៃ​បច្ចុប្បន្ន, សិបសង​ពាន់ន៉ា (វាល​ស្រែ​១២​ពាន់) នៃ​ក្រុង​ជៀងរុង មណ្ឌល​យូណាន​របស់​ចិន​បច្ចុប្បន្ន ភាគ​ខាង​កើត​នៃ​ប្រទេស​ភូមា​បច្ចុប្បន្ន ផ្នែក​ខាង​កើត​របស់​ទន្លេ​សាលៈវិន ដែល​មាន​ក្រុង​ជៀងតុង ជា​ធានី។ ផ្នែក​ខាង​លិច​ទន្លេ​សាលៈវិន មាន​មឿងនាយ ជា​ធានី និង​មាន​៨​ខែត្រ គឺ៖ ខេត្ត​ជៀងហ្មៃ, ល៉ាំពូន, ល៉ាំប៉ាង, ជៀងរ៉ាយ, ផៈយ៉ៅ, ព្រែ, ន៉ាន និង​មេហងសន ដោយ​មាន​ក្រុង​ជៀងហ្មៃ ជា​រាជធានី មាន​ភាសា, អក្សរ​សរសេរ, វប្បធម៌ និង​ប្រពៃណី ផ្ទាល់​ខ្លួន​ឯង។ ក្រោយ​មក​អាណាចក្រ​ល៉ា្នន៉ា ឬ​លាននា នេះ​បាន​ធ្លាក់​ក្រោម​ការ​គ្រប់​គ្រង​ក្នុង​ឋានៈ​រដ្ឋ​បណ្ណាការ​របស់​អាណាចក្រ​តងអ៊ូ, អាណាចក្រ​អយុធ្យា និង​អាណាចក្រ​អាំងវៈ រហូត​បាត់ឋានៈ​ជា​អាណាចក្រ ក្លាយ​ជា​តំបន់​មួយ​របស់​អាណាចក្រ​អាំងវៈ នៅ​ទី​បំផុត។

កកន៖ សូម​ពន្យល់​អំពី​ការ​សរសេរ និង​ការ​ហៅ​ឈ្មោះ​នៃ​អាណាចក្រ​នេះ​ ដូច​ត​ទៅ៖ ចំពោះ​ការ​សរសេរ​ឈ្មោះ​នៃ​អាណាចក្រ​នេះ ប្រជាជន​ល៉ា្នន៉ា គេ​សរសេរ​ជា «» សមមូល​នឹង​អក្សរ​ខ្មែរ គឺ «»។ ដោយ​សារ «ល» គេ​បញ្ចេញ​សំឡេង​ថា «ល៉» ឯ «ន» គេ​បញ្ចេះ​សំឡេង​ថា «ន៉» ហេតុ​ដូច​នេះ​ហើយ «» ត្រូវ​បញ្ចេញ​សំឡេង​ថា «ល៉ាន.ន៉ា» ឬ «ឡាន ណា» ចំណែក​ឯ​ភាសា​ខ្មែរ​យើង​វិញ គឺ​សរសេរ និង​អាន​ថា «លាននា» ដ្បិត​យើង​មិន​យក​ព្យញ្ជនៈ​ប្រកប​ខាង​ក្រោយ​ជាមួយ​នឹង​ជើង​របស់​ព្យញ្ជនៈ​ទេ (ពាក្យ «លាន» មិន​សរសេរ ល+ា+្ន ដូច​អ្នក​លាននា ទេ)។​


ផែន​ទី​នៃ​អតីត​អាណាចក្រ​ «លាននា» និង​អាណាចក្រ​ដែល​នៅ​ជិត​ខាង

 

ភ្នំពេញ​បង្កើត​ខណ្ឌ​ថ្មី​បី​បន្ថែម​ទៀត ថ្ងៃពុធ 25 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ.
3 comments

ថ្ងៃ​នេះ​តាម​អនុក្រឹត្យ​របស់​នាយករដ្ឋមន្ត្រី​៤៩​ភាគ​រយ បាន​ប្រកាស​ឲ្យ​ដឹង​ស្ដី​ពី​ការ​បំបែក​ខណ្ឌ​របស់​ក្រុង​ភ្នំពេញ ទៅ​ជា​ខណ្ឌ​ថ្មី​ចំនួន​បី​ទៀត​។ ជា​ទូទៅ​មិន​ដឹង​ជា​ហេតុ​ផល​អ្វី​បាន​ជា​មេ​ដឹក​នាំ​ប្រទេស​កម្ពុជា​សម្រេច​ធ្វើ​អ្វី​ៗ​តែ​ខ្លួន​ឯង ដោយ​មិន​មាន​ធ្វើ​ការ​សាក​សួរ​មតិ ឬ​ធ្វើ​សិក្ខាសាលា​សួរ​នាំ​ប្រជាជន​ខ្លួន​ដែល​ស្ថិត​នៅ​ក្នុង​ខណ្ឌ​ទាំង​នោះ​ថា​ពួក​គេ​ចង់​ៗ​មិន​ចង់​បំបែក​ខណ្ឌ​របស់​ពួក​គេ​ដែរ​ឬ​ទេ​នោះ​ទេ​។

ការ​បំបែក​ខណ្ឌ​ថ្មី​ៗ​បន្ថែម​ទៀត​របស់​រដ្ឋាភិបាល​៤៩​ភាគ​រយ ត្រូវ​គេ​មើល​ឃើញ​ថា​គឺ​ជា​​យុទ្ធ​សាស្ត្រ​មួយ ដែល​ប្រជាជន​នៅ​ក្នុង​ក្រុង​ភ្នំពេញ មិន​បោះ​ឆ្នោត​គាំទ្រ​រដ្ឋាភិបាល​នេះ​ទេ ក្នុង​ពេល​បោះ​ឆ្នោត កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ​ ហើយ​គ្រាន់​ជា​ការ​រៀប​ចំ​ក្រឡា​របស់​គណៈបក្ស​កាន់​អំណាច​៤៩​ភាគរយ សម្រាប់​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​នា​ពេល​ខាង​មុខ​នេះ​តែ​ប៉ុណ្ណោះ​​។

ក្រៅ​ពី​ការ​បំបែក​ខណ្ឌ​ដើម្បី​ចែក​រំលែក​គ្នា​កាន់​អំណាច​ដោយ​មិន​បាន​សាក​សួរ​មតិ​យោបល់​ពី​ប្រជារាស្ត្រ​នោះ គឺ​ជា​ការ​ប្រមាថ និង​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​យ៉ាង​ពេញ​ទី​ពី​សំណាក់​រដ្ឋាភិបាល។

កាល​ពី​មុន​នេះ មាន​ព័ត៌មាន​មក​ថា រដ្ឋាភិបាល​នេះ បម្រុង​នឹង​បំបែក​ខណ្ឌ​ថ្មី​រហូត​ដល់​ទី​៥​ខណ្ឌ​ឯណុះ ខណៈ​ទីក្រុង​ភ្នំពេញ មាន​ទំហំ​តូច​មួយ និង​ពោរពេញ​ដោយ​ភាព​រញ៉េ​រញ៉ៃ ដែល​បង្ក​មក​ពី​អសមត្ថភាព​នៃ​ការ​ដឹក​នាំ​។

ខណ្ឌ​ថ្មី​ទាំង​៣ ដែល​រដ្ឋាភិបាល​៤៩​ភាគ​រយ​សម្រេច​បង្កើត​ដោយ​ឯក​ឯង​នោះ រួម​មាន​៖

១. ខណ្ឌ​ជ្រោយ​ចង្វារ
២. ខណ្ឌ​ព្រែក​ភ្នៅ និង
៣. ខណ្ឌ​ច្បារ​អំពៅ

________________________________________________________
អាន​ផង​ដែរ
១. ប្រាវូ! អ្នក​ខេត្ត​កណ្ដាល​មួយ​ចំនួន​នឹង​ក្លាយ​ជា​អ្នក​ភ្នំពេញ​នឹង​គេ​ហើយ!
២. រាជរដ្ឋាភិបាល សម្រេចបង្កើត ខណ្ឌថ្មីចំនួន៣ទៀត នៅរាជធានីភ្នំពេញ
៣. ភ្នំពេញ​បង្កើត​ខណ្ឌ​ថ្មី​បន្ថែម​ដល់​ទៅ​៥
៤. «ពោធិសែនជ័យ» ឈ្មោះ​ខណ្ឌ​ថ្មី​នៃ​ព្រះ​រាជ​ធានី​ភ្នំពេញ
៥. ស្ងាត់​ៗ​រដ្ឋាភិបាល​៤៩​ភាគ​រយ លួច​បំបែក​ខេត្ត​ថ្មី​មួយ​ទៀត

%d bloggers like this: