jump to navigation

នៅ​ពេល​ដែល​សំឡេង​មនុស្ស​ខ្មែរ​ជាង​ពាក់​កណ្ដាល​ទៀត ត្រូវ​បាន​រដ្ឋ​បំភ្លេច​ចោល ថ្ងៃចន្ទ 23 ខែធ្នូ 2013

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ, បោះ​ឆ្នោត​២០១៣, អំពីស្រុកខ្មែរ.
trackback

តាំង​ពី​កម្ពុជា​ប្រកាន់​របប​បោះ​ឆ្នោត​មក​ជ្រើស​រើស​អ្នក​តំណាង និង​ដឹក​នាំ​ប្រទេស​មក ឃើញ​ក្រៅ​ពី​អ្នក​ធំ​បាន​អំណាច​ហើយ ប្រជារាស្ត្រ​ជា​អ្នក​បាត់​បង់​អំណាច ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រជារាស្ត្រ​គឺ​ជា​អ្នក​ទទួល​រង​គ្រោះ​ពី​អំណាច​ដែល​ខ្លួន​បាន​ផ្ដល់​ឲ្យ​ថែម​ទៀត​។ ជា​ទ្រឹស្ដី​ក្នុង​របប​ប្រជាធិបតេយ្យ ថ្វី​បើ​ត្រូវ​គោរព​មតិ​ភាគ​ច្រើន​ក៏​មែន​ចុះ តែ​គេ​ក៏​មិន​អាច​បំភ្លេច ឬ​ទុក​ចោល​មតិ​ភាគ​តិច​ដែរ​។

នៅ​កម្ពុជា ជា​រឿយ​ៗ​មេ​ដឹក​នាំ​តែង​តែ​អួត​អំពី​អំណាច​ដែល​គេ​និយាយ​ថា​បាន​ទទួល​មក​ពី​មតិ​ភាគ​ច្រើន​បោះ​ឆ្នោត​ឲ្យ​ពួក​គេ​កាន់​អំណាច ព្រម​ទាំង​ជិះ​សេះ​លែង​ដៃ ដោយ​គ្មាន​ខ្វល់​ខ្វាយ​ពី​មតិ​ភាគ​តិច​ជា​ច្រើន​ទៀត ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ​​ឡើយ​។

នៅ​ពេល​ដែល​អ្នក​តំណាង​រាស្ត្រ ឬ​បក្ស​មួយ ឬ​ជន​មួយ​ក្រុម​គេ​បាន​សំឡេង​ភាគ​ច្រើន​គាំទ្រ មាន​សិទ្ធិ​ប្រើ​ប្រាស់​ធន​ធាន​រដ្ឋ​គ្រប់​បែប​យ៉ាង ទាំង​សម្បត្តិ​ធម្មជាតិ ទាំង​ពន្ធ​ភាស៊ី​អាករ​របស់​ពល​រដ្ឋ​ខ្មែរ​នោះ តើ​សួរ​ថា ទាំង​ធន​ធាន​ធម្មជាតិ ពន្ធ​ភាស៊ី​អាករ​ទាំង​នោះ ជា​របស់​ពល​រដ្ឋ​ខ្មែរ​ភាគ​តិច​ដែល​មិន​បាន​បោះ​ឆ្នោត​នោះ​ដែរ​ឬ​ទេ​?

អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​គណៈបក្ស​មិន​​មែន​រដ្ឋាភិបាល​ទាមទារ​ឲ្យ​មាន​ការ​ផ្ដល់​ថវិកា​រដ្ឋ​មួយ​ភាគ​ដើម្បី​ផ្ដល់​ដល់​ពួក​គេ​ក្នុង​ការ​ចូល​រួម​ចំណែក​កសាង​ប្រទេស​ស្រប​គ្នា​ជាមួយ​នឹង​គណៈបក្ស​កាន់​អំណាច តែ​ជា​ចម្លើយ​ផ្ទុយ​មក​វិញ គណៈបក្ស​កាន់​អំណាច គឺ​បក្ស​ប្រជាជន​កម្ពុជា​នោះ មិន​បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ទេ នេះ​ជា​ការ​ប្រមាថ និង​ការ​មិន​ឲ្យ​តម្លៃ​ពិត​ប្រាកដ ទៅ​លើ​សំឡេង​ប្រជាជន​មួយ​ភាគ​ទៀត ដែល​បាន​បង់​ពន្ធ​ភាស៊ី និង​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​ប្រទេស​កម្ពុជា ដូច​ដែល​អ្នក​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​នោះ​ដែរ​។

នៅ​ក្នុង​ប្រទេស​ប្រជាធិបតេយ្យ​ពិត​ប្រាកដ រដ្ឋ​មាន​កាតព្វកិច្ច​អនុវត្ត​សំឡេង​ភាគ​ច្រើន ព្រម​ជាមួយ​គ្នា​នោះ​ផ្ដល់​តម្លៃ និង​មិន​ព្រងើយ​កន្តើយ​នឹង​សំឡេង​ភាគ​តិច​ទេ​ ហេតុ​ដូច​នេះ​ហើយ​ជា​រឿយ​ៗ​យើង​ឃើញ​ថា នៅ​តាម​ប្រទេស​អស់​ទាំង​នោះ​មាន​ការ​ផ្លាស់​ប្ដូរ​គ្នា​ឡើង​កាន់​តំណែង​ប្រទេស​ម្ដង​ម្នាក់ ទៅ​តាម​ការ​គាំទ្រ​របស់​ប្រជាជន​។ នេះ​គឺ​ជា​សេរីភាព និង​ការ​ផ្ដល់​តម្លៃ​គោរព​មតិ​ប្រជាជន​ទូទាំង​ប្រទេស​នៃ​អ្នក​ដឹក​នាំ​ប្រកប​ដោយ​ការ​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ មិន​មែន​ផ្ដល់​តម្លៃ​តែ​ទៅ​លើ​ក្រុម​ដែល​គាំទ្រ​បក្ខ​ខ្លួន​នោះ​ទេ​។

សម្រាប់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា កាល​ពី​ខែ​កក្កដា កន្លង​ទៅ​នេះ គណៈបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​សំឡេង​សរុប​ពី​អ្នក​បោះ​ឆ្នោត​ទាំង​អស់​មិន​ទាំង​បាន​ពាក់​កណ្ដាល​ផង (៤៩​ភាគ​រយ​) ហេតុ​ដូច​នេះ វា​អាក្រក់​ខ្លាំង​ពេក​ណាស់ ដែល​អ្នក​ដឹក​នាំ​គណៈបក្ស​នេះ អះ​អាង​ពី​មតិ​ភាគ​ច្រើន​របស់​ប្រជាជន​ខ្មែរ​នោះ​ តែ​បើ​និយាយ​ថា មតិ​ភាគ​ច្រើន​មិន​គាំទ្រ​គណៈបក្ស​សម្រាប់​ការ​កាន់​តំណែង​បន្ត​ទៀត ប្រហែល​ជា​ត្រូវ​ជាង​។ នៅ​ប្រទេស​មួយ​ចំនួន ប្រសិន​បើ​លទ្ធផល​បោះ​ឆ្នោត មិន​បាន​៥០​ភាគ​រយ ឬ​៥០​បូក​១​ភាគ​រយ ទៅ​លើ​គណៈបក្ស​ណា​មួយ​នោះ គណៈបក្ស​នោះ​គ្មាន​សិទ្ធិ​និយាយ​ថា​ទទួល​ជ័យ​ជម្នះ​ផង​ដែរ គេ​មាន​ការ​បោះ​ឆ្នោត​ជុំ​ទី​១ ជុំ​ទី​២ ឬ​បោះ​ឆ្នោត​ឡើង​វិញ​ផង​ដែរ​។

ការ​នាំ​គ្នា​ចេញ​តាម​ផ្លូវ​ធ្វើ​បាតុកម្ម​នៅ​កម្ពុជា​មួយ​រយៈ​នេះ គឺ​ឆ្លុះ​បញ្ចាំង​យ៉ាង​ពិត​ប្រាកដ​ពី​សំឡេង​មួយ​ជ្រុង​ទៀត ដែល​មិន​គាំទ្រ​រដ្ឋាភិបាល​បច្ចុប្បន្ន គេ​មិន​អាច​រាប់​ថា​ជា​សំឡេង​ភាគ​តិច​ទេ ដ្បិត​គណៈបក្ស​កាន់​អំណាច​បច្ចុប្បន្ន​មិន​បាន​សំឡេង​ភាគ​ច្រើន​ទេ​។ បើ​ទោះ​យ៉ាង​នេះ​ក្ដី រដ្ឋ​ត្រូវ​មាន​ភារកិច្ច​គោរព និង​យក​មក​ពិភាក្សា​ជា​បន្ទាន់​ប្រសិន​បើ​អ្នក​ដឹក​នាំ​របស់​រដ្ឋ​នេះ​មាន​ឆន្ទៈ​គោរព​សំឡេង​ប្រជាជន​ពិត​ប្រាកដ និង​ស្នេហា​ជាតិ​ពិត​ប្រាកដ​នោះ​។ ដរាប​ណា រដ្ឋ​​មិន​ស្ដាប់​សំឡេង​ប្រជាជន និង​នៅ​តែ​ព្យាយាម​បំភ្លេច​សំឡេង​ប្រជាជន​ខ្លួន​ជាង​ពាក់​កណ្ដាល​ទៀត​នោះ រដ្ឋ​ពិត​ជា​គ្មាន​សេចក្ដី​សុខ​ទេ ហើយ​ប្រជាជន​ខ្មែរ និង​បន្ត​រង​គ្រោះ​ពី​ភាគ​អាក្រក់​របស់​រដ្ឋ​ត​ទៅ​មុខ​ទៀត ក្ដី​អន្តរាយ​ក៏​នឹង​កើត​មាន​ជា​មិន​ខាន​។

មេ​ដឹក​នាំ​ដែល​ស្រឡាញ់​ជាតិ​ពិត​ប្រាកដ កុំ​ថា​ឡើយ​មនុស្ស​រាប់​ម៉ឺន​អ្នក​ចេញ​តាម​ផ្លូវ​ស្រែក​ពី​ការ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​របស់​គេ សូម្បី​តែ​ពល​រដ្ឋ​គេ​ម្នាក់​ចេញ​មក​តាម​ផ្លូវ​ក៏​គេ​ធ្វើ​ការ​ដោះ​ស្រាយ​យ៉ាង​សម​ហេតុ​សម​ផល​ដែរ មិន​មែន​បណ្ដោយ​ឲ្យ​ប្រជាជន​គេ​វេទនា​ ដោយ​យក​លេស​ថា​ប្រជាជន​ភាគ​ច្រើន​ឯ​ទៀត​មិន​ចេញ​មក​តាម​ផ្លូវ​នោះ​ទេ​៕

សំឡេង​ប្រជាជន​ខ្មែរ កាល​ពី​ថ្ងៃ​អាទិត្យ ទី​២២ ធ្នូ ២០១៣ ដែល​រដ្ឋ​ខ្មែរ​បំភ្លេច​ចោល

_________________________________________________
អាន​ផង​ដែរ​៖
១. នៅ​ពេល​វណ្ណៈ​អ្នក​ក្រី​ក្រ​ងើប​ឡើង

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: