jump to navigation

ជំនឿ​ដ៏​អស្ចារ្យ​លើ​ព្រះ​ពុទ្ធ​សាសនា​របស់​ប្រជាជន​ភូមា ថ្ងៃសុក្រ 17 ខែមករា 2014

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, វីដេអូ, អំពីសុភ័ក្ត្រ.
6 comments

សម្រាប់​ប្រជាជន​ភូមា ព្រះ​ពុទ្ធ​សាសនា​គឺ​ជា​អ្វី​ដែល​ផ្សារ​ភ្ជាប់​នឹង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​។ មាន​វត្ត​អារាម ព្រម​ទាំងចេតិយ​សាង​ឧទ្ទិស​ព្រះ​ពុទ្ធ​សាសនា​ច្រើន​អនេក​គ្រប់​ទី​កន្លែង​ក្នុង​ប្រទេស​នេះ ដែល​ស​បញ្ជាក់​ពី​ជំនឿ​ដ៏​មុះ​មុត​របស់​ជន​ជាតិ​នេះ​លើ​ព្រះ​ពុទ្ធ​សាសនា​នោះ​ឯង​។

កាល​ពី​ខ្ញុំ​បាន​ទៅ​ប្រទេស​ភូមា​ជា​គ្រា​ទី​៣ កាល​ពី​ចុង​ឆ្នាំ​២០១៣​កន្លង​មក​នេះ ខ្ញុំ​បាន​ទៅ​បូជា​ព្រះ​ចេតិយ​ស្វេតិកុន (ជា​លើក​ទី​២) ដែល​ជា​ទី​សក្ការ​ដ៏​ស័ក្តិសិទ្ធិ​របស់​ប្រទេស និង​ប្រជាជន​ភូមា អ្នក​កាន់​ព្រះ​ពុទ្ធ​សាសនា​។ ថ្ងៃ​ដែល​ខ្ញុំ​បាន​ទៅ​នោះ គឺ​ចំ​មុន​មួយ​ថ្ងៃ​ពេញ​បូណ៌មី ១៥​កើត ខែ​កក្ដិក គឺ​មុន​មួយ​ថ្ងៃ​​បុណ្យ​សំពះ​ព្រះ​ខែ ឬ​ថ្ងៃ​ទី​១ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ស្រុក​ខ្មែរ​យើង​នោះ​ឯង ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​ប្រជាជន​ភូមា​រាប់​សិប​ម៉ឺន​នាក់​​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស នាំ​គ្នា​មក​សក្ការ​ព្រះ​ចេតិយ​ស្វេតិកុន​។

ម្នាក់​ៗ​នាំ​គ្នា​អង្គុយ​សូត្រ​ធម្ម បន់​ស្រន់​ស្វាធ្យាយ និង​នាំ​គ្នា​ប្រារព្ធ​ពិធី​ផ្សេង​ៗ​ទៅ​តាម​ជំនឿ​របស់​គេ​រៀង​ៗ​ខ្លួន​បូជា​ចំពោះ​ព្រះ​ចេតិយ ធ្វើ​ឲ្យ​ខ្ញុំ​ដែល​ជា​ព្រះ​ពុទ្ធ​សាសនិក​មួយ​រូប​ដែរ​នោះ មាន​ចិត្ត​រំភើប​នឹង​សទ្ធា​ជ្រះ​ថ្លា​របស់​ប្រជាជន​ភូមា​ទៅ​នឹង​សាសនា​។ ក្រៅ​ពី​នេះ​រដ្ឋាភិបាល​ភូមា បាន​ចាត់​ឲ្យ​មាន​ការ​ប្រកួត​ត្បាញ​សំពត់​សម្រាប់​យក​ទៅ​គ្រប​ព្រះ​ចេតិយ នា​ថ្ងៃ​ពេញ​បូណ៌មី​ទៀត​ផង ដោយ​មាន​ការ​ប្រកួត​ទៅ​តាម​ខេត្ត​រដ្ឋ​នីមួយ​ៗ មើល​ទៅ​គួរ​ឲ្យ​កោត​ស្ញប់​ស្ញែង​។

ខ្ញុំ​បាន​ចំណាយ​ពេល​ជិត​ពីរ​ម៉ោង​ដើរ​ជុំ​វិញ​ព្រះ​ចេតិយ ព្រម​ទាំង​សក្ការ​ព្រះ​ចេតិយ មុន​នឹង​ទៅ​ទទួល​ទាន​អាហារ​ពេល​ល្ងាច ប្រកប​ដោយ​សទ្ធា​ជ្រះ​ថ្លា ព្រម​ចូល​រួម​អនុមោទនា​ជាមួយ​ប្រជាជន​ភូមា ចំពោះ​ព្រះ​ពុទ្ធ​សាសនា​ផង​ដែរ​៕

ច្រក​ចូល​ព្រះ​ចេតិយ​ស្វេតិកុន

ច្រក​ចូល​ព្រះ​ចេតិយ​ស្វេតិកុន

ទិដ្ឋភាព​នៅ​ជុំ​វិញ​ថែវ​ចេតិយ

ប្រជាជន​ភូមា​សក្ការ​ព្រះ​ចេតិយ

ចេតិយ​ស្វេតិកុន

ប្រជាជន​មក​ពី​បណ្ដា​ខេត្ត

ពុទ្ធ​បដិមា​នៅ​ជ្រុង​មួយ​នៃ​ព្រះ​ចេតិយ

ស្រង់​ព្រះ​ទៅ​តាម​ថ្ងៃ​កំណើត​របស់​គេ

ទិដ្ឋភាព​ប្រកួួត​ត្បាញ​សំពត់

ទិដ្ឋភាព​ប្រកួួត​ត្បាញ​សំពត់

_________________________________________________
អាន​ផង​ដែរ​
១. ស្វេតិកុន នា​រាត្រី​កាល
២. វត្ត​ឧប្បាតសន្តិ
៣. ជំនឿ​លើ «​ដំរី​ស​» នៅ​ប្រទេស​ភូមា
៤. ជំនឿ​លើ​ណាត​នៅ​ក្នុង​សង្គម​ភូមា
៥. ទៅ​សក្ការ​ព្រះ​ចេតិយ​ស្វេតិកុន
៦. ពិធី​បិទ​មាស​អង្គ​ព្រះ​ចេតិយ​ស្វេតិកុន

%d bloggers like this: