jump to navigation

ឡាន​ក្រុង​ភ្នំពេញ​៖ អនាគត​មួយ​ដែល​ស្រអាប់ ថ្ងៃពុធ 12 ខែ​កុម្ភៈ 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
4 comments

មក​ដល់​ថ្ងៃ​នេះ​មាន​រយៈ​ពេល​មួយ​សប្ដាហ៍​គត់ ដែល​អាជ្ញាធរ​ក្រុង​ភ្នំពេញ រួម​សហការ​ជាមួយ​អង្គការ​ចៃកា ដាក់​ឲ្យ​សាក​ល្បង​នូវ​ក្បួន​រថយន្ត​ក្រុង​សាធារណ​សម្រាប់​ទីក្រុង​មួយ​នេះ​។ គម្រោង​សាក​ល្បង​ដែល​មាន​រយៈ​ពេល​មួយ​ខែ​នេះ ដែល​មើល​ទៅ​ហាក់​មាន​ការ​គាំទ្រ​គួរ​សម​នោះ តែ​ទំនង​មិន​មាន​អនាគត​ភ្លឺ​ស្វាង​ឡើង សម្រាប់​ទីក្រុង​មួយ​នេះ​។

ជា​ការ​ពិត​កាល​ពី​ប្រមាណ​១​ទសវត្សរ៍​មុន​មក​នេះ អជ្ញាធរ​ក្រុង​ភ្នំពេញ រួម​ជាមួយ​អង្គការ​ដដែល​នេះ ក៏​ធ្លាប់​សាក​ល្បង​ម្ដង​ហើយ​ដែរ តែ​ត្រូវ​បរាជ័យ និង​គ្មាន​រថយន្ត​ក្រុង​ដំណើរ​ការ​រហូត​មក​ដល់​សព្វ​ថ្ងៃ​។ សម្រាប់​គម្រោង​រថយន្ត​ក្រុង​ភ្នំពេញ​លើក​ទី​២ ក៏​ប្រហែល​ជា​មាន​វាសនា​មិន​ខុស​ពី​គម្រោង​កាល​ពី​លើក​មុន​ដែរ​។

  • ហេតុ​អ្វី​គម្រោង​ឡាន​ក្រុង​ភ្នំពេញ​ចេះ​តែ​មិន​ទទួល​ជោគ​ជ័យ​?

វា​ប្រហែល​ជា​ឆ្ងល់​ទៅ​វិញ​ទេ ប្រសិន​បើ​គម្រោង​ឡាន​ក្រុង​ភ្នំពេញ​ទទួល​ជោគ​ជ័យ​នោះ​។ ការ​គ្រាន់​តែ​ដាក់​ឲ្យ​មាន​រថយន្ត​រត់​តាម​ផ្លូវ ដោយ​មិន​បាន​គិត​ពី​កត្តា​ជួយ​រួម​ចំណែក​ដ៏​ច្រើន​លើស​លុប​ផ្សេង​ទៀត​នោះ វា​ពិបាក​នឹង​ធ្វើ​ឲ្យ​គម្រោង​រថយន្ត​ក្រុង​ភ្នំពេញ​ទទួល​បាន​ជោគ​ជ័យ​ណាស់​។ ជា​ការ​ពិត​សម្រាប់​ទីក្រុង​ដ៏​តូច​ដូច​ភ្នំពេញ​មួយ​នេះ តម្រូវ​ការ​ឡាន​ក្រុង​ប្រហែល​ជា​មិន​មែន​ជម្រើស​របស់​អ្នក​ក្រុង​មួយ​នេះ​ទេ​ នេះ​មិន​និយាយ​ដល់​ទម្លាប់​ប្រជាជន​ក្រុង​ភ្នំពេញ​ផង​។

បើ​ទោះ​បី​ជា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទីក្រុង​ភ្នំពេញ​ស្ថិត​ក្នុង​ភាព​កក​ស្ទះ​ខ្លាំង​ជា​ពិសេស​ក្នុង​ម៉ោង​ចូល និង​ចេញ​ពី​ការងារ​ក្ដី ក៏​ប្រជាជន​ខ្មែរ​អ្នក​ក្រុង​ភ្នំពេញ នៅ​តែ​គិត​ថា​មធ្យោបាយ​ផ្ទាល់​ខ្លួន​របស់​គេ គឺ​នៅ​តែ​ចាំ​បាច់ ហើយ​សម្រាប់​​ចរាចរណ៍​ដែល​រញ៉េ​រញ៉ៃ និង​កក​ស្ទះ​បែប​នេះ​ទៀត ម៉ូតូ​ឌុប​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​លេខ​មួយ​ទៅ​ទៀត​សម្រាប់​ពួក​គេ​។

ការ​ដែល​សាលា​រាជធានី​លើក​ឡើង​ពី​ចំនួន​ប្រជាជន​ឡើង​ជិះ​រថយន្ត​ក្រុង​​កើន​ឡើង​នា​ប៉ុន្មាន​ថ្ងៃ​សាក​ល្ប​ង​នេះ មិន​មាន​ន័យ​ពី​ភាព​ជោគ​ជ័យ​នៃ​គម្រោង​នេះ​ឡើយ​ ជឿ​មិន​ជឿ​ចាប់​ពី​សប្ដាហ៍​ក្រោយ​ៗ​នេះ នឹង​មាន​ការ​ធ្លាក់​ចុះ​ជា​រឿយ​ៗ​ពី​ចំនួន​អ្នក​ជិះ​។ ហេតុ​ម្ដេច​បាន​ជា​ដូច​នេះ​?

ប្រសិន​បើ​ធ្វើ​ការ​ស្ទង់​មតិ និង​សាក​សួរ​អ្នក​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​នា​រយៈ​ពេល​មួយ​សប្ដាហ៍​នេះ ប្រហែល​ជា​ដឹង​ហើយ​ថា​ពួក​អ្នក​ដំណើរ​ទាំង​នោះ ភាគ​ច្រើន​ឬ​ស្ទើរ​តែ​ទាំង​អស់ មិន​មែន​ជា​អ្នក​ដែល​ត្រូវ​ការ​ជិះ​រថ​យន្ត​ក្រុង​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ឡើយ​។ ពួក​គេ​ទាំង​នោះ ឡើង​ជិះ​រថ​យន្ត​​ក្រុង​ភ្នំពេញ ដោយ​សារ​តែ​ទំនោ​, ដោយ​សារ​តែ​ចង់​សាក​, ដោយ​សារ​ចង់​ជិះ​លេង, និង​ដោយ​សារ​ចង់​ជិះ​ដើម្បី​បាន​ថត​រូប​…​។ល។ និង​។ល។ មាន​មនុស្ស​មិន​តិច​ទេ​ដែល​ថា​ពួក​គេ​ជិះ​លេង​ពី​ក្បាល​ថ្នល់​ទៅ​ចំណត​ចុង​ក្រោយ​បង្អស់​លេង រួច​ជិះ​មួយ​ជុំ​ទៀត​មក​កន្លែង​ដើម​វិញ​។ នេះ​ជា​សក្ខីភាព​នៃ​បរាជ័យ​គម្រោង​។

សម្រាប់​ខ្ញុំ ខ្ញុំ​នៅ​តែ​មិន​ជឿ​ទាល់​តែ​សោះ​ថា​គម្រោង​ឡាន​ក្រុង​របស់​អាជ្ញាធរ​ក្រុង​ភ្នំពេញ​នា​គ្រា​ទី​២​នេះ បាន​ទទួល​ជោគ​ជ័យ​​។ អនាគត​នៃ​ក្ដី​សង្ឃឹម​ឡាន​ក្រុង​ភ្នំពេញ ប្រហែល​ជា​មិន​ភ្លឺ​ស្វាង​ដូច​អាជ្ញាធរ​កំពុង​យល់​ឃើញ​នោះ​ឡើយ​៕


ទិដ្ឋភាព​ឡាន​ក្រុង​ភ្នំពេញ (រូប​៖ សប្បាយ​)

___________________________________________________
អាន​ផង​ដែរ​
១. ឡុងដុង កំពុង​មាន​រថ​យន្ត​ក្រុង​បម្រើ​សាធារណ​ជន
២. បី​ខ្សែ​ថ្មី ជាមួយ​នឹង​រថយន្ត​ក្រុង​ថ្មី​៤០​គ្រឿង
៣. ពង្រីក​ខ្សែ​រត់​ទី​១ រថ​យន្ត​ក្រុង​សាធារណៈ

%d bloggers like this: