jump to navigation

មឿង​ថៃ​ថ្ងៃ​នេះ ថ្ងៃអាទិត្យ 2 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ภาษาไทย.
3 comments

នយោបាយថៃបច្ចុប្បន្ននេះមើលទៅទំនងជាយ៉ាប់ខ្លាំងទៅៗពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រុមអ្នកតវ៉ាប្រឆាំងរដ្ឋាភិបាលថៃបាននាំគ្នាធ្វើបាតុកម្មបិទផ្លូវនានាអស់រយៈពេល៤ខែមកហើយ ដែលបណ្ដាលឲ្យសេដ្ឋកិច្ចថៃនៅក្រុងបាងកករាំងស្ទះ ព្រមទាំងមានអំពើហិង្សាជាបន្តបន្ទាប់រហូតមានការស្លាប់មនុស្សអស់មួយចំនួនផងដែរ។ ជាពិសេសទៅទៀត ក្រុមអ្នកប្រឆាំងរដ្ឋាភិបាលថៃទាំងនោះ ដែលឲ្យឈ្មោះខ្លួនឯងថាជាគណៈកម្មការប្រជាជនដើម្បីកំណែទម្រង់ប្រទេសថៃឲ្យជាប្រជាធិបតេយ្យពេញលេញដែលមានព្រះមហាក្សត្រិយ៍ទ្រង់ជាប្រមុខ បាននាំគ្នាទៅអុកឡុករំខានរារាំងការបោះឆ្នោតកាលពីដើមខែកុម្ភៈកន្លងទៅថ្មីៗនេះទៀត។

បើទោះបីជាថ្ងៃនេះមេដឹកនាំរបស់ក្រុមនេះបានបោះបង់ចោលការបិទផ្លូវនានា និងនាំគ្នាទៅប្រមូលម្ដុំតែមួយកន្លែង នៅឯសួនធំមួយក្នុងក្រុងបាងកកក្ដី ក៏ស្ថានការណ៍ស្រុកថៃមិនទំនងជាចុះកម្ដៅដែរ។ នៅឯភាគឦសានប្រទេសថៃ ដែលសម្បូរទៅដោយក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃ ឬក្រុមអាវក្រហមឯណុះវិញ ចាប់តាំងពីថ្ងៃម្សិលមិញមកម្ល៉េះ មានការប្រមូលម្ដុំគ្នាយ៉ាងច្រើនដើម្បីធ្វើការឆ្លើយតបទៅនឹងក្រុមដែលនៅក្រុងបាងកក ហើយកាលពីព្រឹកមិញមក ពួកក្រុមអាវក្រហមរាប់ម៉ឺននាក់បាននាំគ្នាចេញក្បួនរថយន្តរាប់ពាន់គ្រឿងដង្ហែឆ្លងពីខេត្តមួយទៅខេត្តមួយផងដែរ។

ស្ថានការណ៍វឹកវរនៅស្រុកថៃនាពេលបច្ចុប្បន្ននេះ បានឈានដល់ភាពជ្រៅទៅៗ រហូតដល់មានការគិតទៅដល់ការបំបែកប្រទេសថៃជាពីរចំណែក សម្រាប់ក្រុមអ្នកគាំទ្ររដ្ឋាភិបាលថៃបច្ចុប្បន្ន ដែលភាគច្រើននៅតំបន់ឦសាន និងភាគខាងជើង ជាមួយនឹងអ្នកប្រឆាំងរដ្ឋាភិបាលថៃ ដែលភាគច្រើនជាក្រុមអ្នកមាននៅក្រុងបាងកក និងភាគខាងត្បូងផងទៀត នេះមិនរាប់ពីការបះបោរទាមទារបំបែករដ្ឋរបស់ក្រុមមូស្លីមនៅភាគខាងត្បូងរបស់ប្រទេសថៃផងនោះទេ។ ដោយឡែកកាលពីថ្ងៃអាទិត្យកន្លងទៅនេះ ពួកអតីតកុម្មុយនីស្តថៃ ក៏បានចេញមុខជាថ្មីម្ដងទៀតដែរ ដោយចេញមកធ្វើសេចក្ដីថ្លែងការណ៍ ប្រកាសចាប់អាវុធប្រជាជនដើម្បីតស៊ូ នឹងអ្វីដែលគេហៅថាអំណាចផ្ដាច់ការ អាមាត្យនិយម និងប្រកាសការពាររដ្ឋាភិបាលថៃបច្ចុប្បន្នផងដែរ។

ក្រុមអ្នកវិភាគនយោបាយប្រទេសថៃ មិនអាចវាយតម្លៃបានយ៉ាងពិតប្រាកដទេអំពីស្ថានការណ៍ប្រទេសថៃ ខណៈភាពវឹកវរកាន់តែខ្លាំងឡើងៗបែបនេះ ប្រទេសថៃ ប្រហែលជាមិនជៀសផុតពីរដ្ឋប្រហារជាថ្មីម្ដងទៀតរបស់ទាហាននោះទេ។ ក៏ប៉ុន្តែប្រសិនបើមានរដ្ឋប្រហារថ្មីពីទាហានថៃម្ដងទៀតមែននោះ សង្គ្រាមស៊ីវិលក្នុងប្រទេសថៃ ក៏ប្រហែលជាអាចកើតមានឡើងផងដែរ៕

__________________________________________________
អានផងដែរ
១. ស្ហាត់ដោន បាងកក
២. កម្រើកក្រុមកុម្មុយនីស្តថៃ

Advertisements
%d bloggers like this: