jump to navigation

នយោបាយ​ដើរ​ថយ​ក្រោយ​របស់​ប្រទេស​កម្ពុជា ដែល​ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ថ្ងៃចន្ទ 10 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in မြန်မာဘာသာ, នយោបាយ, បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
5 comments

មុន​នេះ​មិន​យូរ​ប៉ុន្មាន មាន​ប្រជាជន​ខ្មែរ​មិន​តិច​ទេ ដែល​នាំ​គ្នា​សើច​ពេប​ជ្រាយ​នឹង​ព័ត៌មាន​មួយ​​ពី​ប្រទេស​ភូមា ដែល​អះ​អាង​ថា ប្រជាធិបតេយ្យ​ភូមា បោះ​ជំហាន​ឈាន​ទៅ​មុខ​យ៉ាង​រហ័ស ហើយ​ថា កម្ពុជា គួរ​តែ​រៀន​ពី​របប​ប្រជាធិបតេយ្យ​ពី​ភូមា​នោះ Sic

ប្រសិន​បើ​ពិនិត្យ​មើល​ស្ថានភាព​កាល​គ្រា​នោះ គេ​ប្រហែល​ជា​វាយ​ស្មាន​ថា ភូមា​និយាយ​ខុស ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​នេះ គេ​ក៏​ប្រហែល​ជា​គិត​ឡើង​វិញ ហើយ​អាច​ពី​ថ្ងៃ​នេះ​ទៅ​អ្វី​ដែល​ភូមា​បាន​អះអាង​នោះ គឺ​១០០​ភាគ​រយ​ត្រឹម​ត្រូវ​តែ​ម្ដង​។

ថ្វី​ដ្បិត​តែ​ភូមា ទើប​តែ​បើក​ចំហ​ប្រទេស​ជា​ថ្មី និង​ឈាន​ចូល​របប​ប្រជាធិបតេយ្យ​ថ្មី​មួយ​ក៏​ពិត​មែន តែ​ពិភព​លោក​បាន​ដឹង និង​បាន​ឮ​ពី​ភាព​ក្លាហាន និង​ការ​ប្ដេជ្ញា​ចិត្ត​​របស់​ថ្នាក់​ដឹក​នាំ​ភូមា ចំពោះ​វាសនា និង​អនាគត​របស់​ប្រទេស​គេ​។ អ្នក​ទោស​នយោបាយ​ជា​ច្រើន​ម៉ឺន​នាក់ ត្រូវ​បាន​ដោះ​លែង​ជា​បណ្ដើរ​ៗ​។ សិទ្ធិ​សេរីភាព​របស់​ប្រជា​ពលរដ្ឋ​ភូមា​ត្រូវ​បាន​បើក​ចំហ​ជា​អតិប្បរិមា គួរ​ឲ្យ​កត់​សម្គាល់​។ ការណ៍​នេះ​មិន​ចំឡែក​ទេ ដែល​ថា​ បណ្ដា​អ្នក​វិនិយោគ​ទន់​បរទេស​បាន​ហូរ​ចូល​យ៉ាង​គំហុក​ទៅ​កាន់​ប្រទេស​ភូមា នា​ពេល​បច្ចុប្បន្ន​នេះ​។

ការ​ប្ដេជ្ញា​ចិត្ត​ចំពោះ​លិទ្ធិ​ប្រជា​ធិបតេយ្យ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ភូមា ត្រូវ​បាន​សាទរ​ពី​សំណាក់​ថ្នាក់​ដឹក​នាំ​ពិ​ភព​លោក ជា​ពិសេស​ និង​គួរ​ឲ្យ​កោត​សសើរ​ដល់​ភាព​ក្លាហាន​នេះ គឺ​ការ​ឈាន​ទៅ​រក​ការ​កែ​ប្រែ​រដ្ឋធម្មនុញ្ញ​ភូមា (ដែល​ហាម​ឃាត់​អ្នក​មាន​គូ​ស្រក​បរទេស​ធ្វើ​​ប្រធានាធិបតី​) សម្រាប់​បើក​ផ្លូវ​ឲ្យ​មេ​ដឹក​នាំ​ប្រឆាំង​ល្បី​ឈ្មោះ​របស់​ភូមា អ្នក​ស្រី អ៊ុង សានស៊ូជី ឈាន​កាន់​តំណែង​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​ភូមា នា​ពេល​អនាគត​ឆាប់​ៗ​ខាង​មុខ​នេះ​​។

ងាក​មក​មើល​ប្រទេស​កម្ពុជា​ដែល​ដឹក​នាំ​ផ្ដាច់​មុខ ដោយ​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា អស់​ជា​ច្រើន​ទសវត្សរ៍​​​ឯណេះ​វិញ វា​ពិត​ជា​គួរ​ឲ្យ​អស់​សំណើច និង​គួរ​ឲ្យ​អាម៉ាស​ខ្លាំង​ណាស់​ចំពោះ​ប្រជា​ធិបតេយ្យ​បែប​ក្លែង​ក្លាយ​ដែល​ក្រុម​គណបក្ស​នេះ​នាំ​គ្នា​បំភាន់​ប្រជាជន​ខ្លួន និង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្រទេស​កម្ពុជា​ដ៏​អភ័ព្វ​បាន​ដើរ​ថយ​ក្រោយ​គួរ​ឲ្យ​សង្វេគ​ពី​លទ្ធិ​ប្រជា​ធិបតេយ្យ សម​ណាស់​នឹង​ភូមា​ឲ្យ​កម្ពុជា​រៀន​សូត្រ​យក​គំរូ​តាម​ប្រាកដ​មែន​។

នៅ​ខណៈ​ដែល​ប្រទេស​ភូមា​កែ​ប្រែ​ច្បាប់​ជាតិ​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​មាន​ប្ដី​ប្រពន្ធ​សញ្ជាតិ​គេ​ឈាន​ទៅ​ធ្វើ​ប្រធានា​ធិបតី​នោះ នៅ​ប្រទេស​កម្ពុជា​ឯ​ណេះ បែ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​រៀប​ចំ​កែ​ប្រែ​ច្បាប់​ដើម្បី​ហាម​ឃាត់​អ្នក​មាន​សញ្ជាតិ​ពីរ​ឈរ​ឈ្មោះ​ធ្វើ​តំណាង​រាស្ត្រ និង​នាយករដ្ឋមន្ត្រី​ទៅ​វិញ Sic

នយោបាយ​បែប​មនុស្ស​ខូច​របស់​ក្រុម​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ធ្វើ​ឡើង​នៅ​ពេល​នេះ គ្មាន​អ្វី​បិទ​បាំង​សោះ​ឡើយ គឺ​ការ​ហាម​ឃាត់​យ៉ាង​ចំហ​ទៅ​លើ​មេ​បក្ស​ប្រឆាំង​ស្រុក​ខ្មែរ គឺ​លោក សម រង្ស៊ី មិន​ឲ្យ​ឈរ​ឈ្មោះ​ក្លាយ​ជា​តំណាង​រាស្ត្រ និង​នាយករដ្ឋមន្ត្រី​ខ្មែរ​នោះ​ឯង​។

នយោបាយ​​ដើរ​ថយ​ក្រោយ និង​បែប​សម្លាប់​ជាតិ​ឯង​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ត្រូវ​បាន​សម្ដែង​ចេញ​ឡើង​យ៉ាង​ប្រចក្ស ហើយ​វា ប្រហែល​ជា​មិន​គួរ​ឲ្យ​ឆ្ងល់​ទេ ដែល​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ប្រជាជន​ខ្មែរ លែង​មាន​ការ​ទុក​ចិត្ត​ចំពោះ​គណបក្ស​មួយ​នេះ ដែល​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ច្បាស់​នូវ​ការ​ចាញ់​ឆ្នោត​ដ៏​គួរ​ឲ្យ​អាម៉ាស​របស់​គណបក្ស​ចាស់​គំរិល​មួយ​នេះ កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​មក​នេះ​៕

អាន​ព័ត៌មាន​បន្ថែម​៖
១. CPP ​​ដាក់របៀបវារៈថ្មី​​ដោយកំណត់ឲ្យនាយករដ្ឋមន្រ្តី​​មានសញ្ជាតិតែមួយ
២. គណបក្ស​ប្រជាជន​កម្ពុជា លើកឡើង​នូវ​របៀបវារៈ​ថ្មី គឺ​នាយក​រដ្ឋមន្ត្រី និង​សមាជិក​សភា ត្រូវ​មាន​សញ្ជាតិ​កម្ពុជា​តែ​មួយ

________________________________________________________
អាន​ផង​ដែរ​៖
១. ៧ មករា កំណើត​មួយ​ដែល​ធ្វើ​ឲ្យ​ខ្មែរ​ក្លាយ​ជា​ទាសករ​ជន​មួយ​ក្រុម​ជាង​៣០​ឆ្នាំ
២. «កម្មពូជា» ៣៥​ឆ្នាំ​ក្រោម​កណ្ដាប់​ដៃ​បក្ស​ប្រជាជន​បដិវត្ត​កម្ពុជា
៣. គណបក្ស​មួយ​ដែល​ប្រជា​រាស្ត្រ​លះ​បង់​ការ​ជឿ​ទុក​ចិត្ត
៤. លទ្ធផល​ឆ្នោត​បង្ហាញ​ពី​បរាជ័យ​យ៉ាង​អាម៉ាស់​របស់​លោក ហ៊ុន សែន និង​គណបក្ស​ប្រជាជន

%d bloggers like this: