jump to navigation

ក្រុង​សៀមរាប​គួរ​ធ្វើ​ផ្លូវ​វាង ជំនួស​ឲ្យ​ការ​ពង្រីក​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់ ថ្ងៃសៅរ៍ 29 ខែ​មីនា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
add a comment

រយៈ​ពេល​កន្លង​ទៅ​នេះ​មាន​ការ​ផ្សព្ធ​ផ្សាយ​ពី​គម្រោង​កាប់​ដើម​ឈើ​ប្រវត្តិសាស្ត្រ​ធំ​ៗ​តាម​បណ្ដោយ​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់​ខេត្ត​សៀមរាប​ ដើម្បី​ពង្រីក​ផ្លូវ​ក្នុង​ក្រុង​ទេសចរណ៍​ដ៏​ល្បី​ល្បាញ​មួយ​នេះ​។ ព័ត៌មាន​ពី​ការ​កាប់​ដើម​ឈើ​ប្រវត្តិសាស្ត្រ​នេះ​ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជ​ពលរដ្ឋ​ខ្មែរ​មាន​ប្រតិកម្ម​យ៉ាង​ផុស​ផុស​ប្រឆាំង​ និង​មិន​គាំទ្រ​សោះ​​ឡើយ​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប​នេះ​។

ជា​ការ​ពិត​ដែល​ទទួល​ស្គាល់​គឺ​ថា ក្រុង​សៀមរាប​ពិត​ជា​មាន​កំណើន​ប្រជាជន​ប្រាកដ​មែន​ ទាំង​ប្រជាជន​ក្នុង​ស្រុក ទាំង​អ្នក​ទេសចរណ៍​ច្រើន​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ​។ ហើយ​ក៏​គួរ​តែ​ទទួល​ស្គាល់​ផង​ដែរ​ថា សៀមរាប​គឺ​ជា​ទីក្រុង​បុរាណ ដែល​បាន​សាង​ឡើង​ក្នុង​បំណង​ជា​ទីក្រុង​តូច​ៗ មិន​មែន​ជា​ទីក្រុង​ធំ​ៗ​នោះ​ទេ ទាំង​នេះ​គឺ​ជា​ «ចំណុច​ទាក់​ទាញ​» មួយ​ទៀត​សម្រាប់​អ្នក​ទេសចរណ៍ ហើយ​ដែល​អាជ្ញាធរ​សៀមរាប​មិន​គួរ​មើល​រំលង​។

ជឿ​ឬ​មិន​ជឿ បណ្ដា​ដើម​ឈើ​ធំ​ៗ​ទាំង​ហ្លាយ​ដែល​កំពុង​ឈរ​យ៉ាង​សង្ហារ​នៅ​តាម​វិថី​នានា​នៅ​ក្រុង​សៀមរាប​នេះ បាន​ធ្វើ​ឲ្យ​សម្រស់​ក្រុង​ល្អ​ឆើត​ឡើង​ជាមួយ​នឹង​ព័ណ៌​បៃតង​ និង​ហាក់​ជា​រមណីយដ្ឋាន​មួយ​សម្រាប់​អ្នក​ក្រុង​សៀមរាប ហើយ​ដែល​អ្នក​ក្រុង​នេះ​គួរ​មាន​មោទនភាព​។ ចរាចរណ៍​ដែល​មាន​បញ្ហា​បច្ចុប្បន្ន​គួរ​តែ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់ ថា​តើ​វា​ជា​បញ្ហា​ពិត​ប្រាកដ​២៤​ម៉ោង​ឬ​យ៉ាង​ណា​? ឬ​មួយ​គ្រាន់​តែ​មាន​បញ្ហា​នៅ​ពេល​ព្រឹក (ពេល​ម៉ោង​ទៅ​ធ្វើ​ការ​) ឬ​នៅ​ពេល​ល្ងាច​ (ពេល​ម៉ោង​ចេញ​ពី​ធ្វើ​ការ​) នោះ​ឬ​យ៉ាង​ណា​? ឬ​វត្ថុ​បំណង​នៃ​ការ​កាប់​ដើម​ឈើ មាន​អ្វី​នៅ​ពី​ក្រោយ​?

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី គ្មាន​ហេតុ​ផល​ណា​មួយ​សម​ស្រប​ដើម្បី​មក​អះ​អាង​សម្រាប់​ការ​កាប់​ដើម​ឈើ​ជា​ប្រវត្តិសស្ត្រ​ទាំង​នោះ​សោះ​ឡើយ​។ អាជ្ញាធរ​សៀមរាប ប្រាកដ​ជា​រង​នូវ​ភាព​ប្រថុយ​ប្រថាន​មួយ​នៃ​ការ​គាំទ្រ​ពី​ប្រជាជន​ខ្លួន​ប្រសិន​បើ​បន្ដ​ចាត់​ការ​រឿង​នេះ​។

  • ប្រសិន​បើ​មិន​កាប់​ដើម​ឈើ​ពង្រីក​ផ្លូវ ថា​តើ​មាន​ដំណោះ​ស្រាយ​អ្វី​ផ្សេង​លើ​បញ្ហា​ចរាចរណ៍​​?

ដូច​ខ្ញុំ​បាន​និយាយ​ថា​លើ​ហើយ​ថា «បញ្ហា​ចរាចរណ៍​» គួរ​ត្រូវ​សិក្សា​ឲ្យ​បាន​ច្បាស់​លាស់​។ ក៏​ប៉ុន្តែ​ប្រសិន​បើ​​ចរាចរណ៍​ជា​បញ្ហា​ចម្បង​មែន​នោះ​ អាជ្ញាធរ​សៀមរាប​គួរ​ធ្វើ​ផ្លូវ​វាង​​ថ្មី​មួយ ឬ​ផ្លូវ​មាន​ស្រាប់ ទៅ​ម្ដុំ​ខាង​ក្រោយ​ព្រះ​រាជ​តំណាក់ ឬ​ម្ដុំ​ផ្សារ​ចាស់​ជា​ដើម​។ល។​ ដើម្បី​បញ្ជៀស​ចរាចរណ៍​ខាង​មុខ​ព្រះ​រាជ​តំណាក់​។ វា​ហាក់​ដូច​ជា​វប្បធម៌​មួយ​ដែល​ប្រជាជន​ខ្មែរ​ហាក់​មិន​ចូល​ចិត្ត​ធ្វើ​ដំណើរ​វាង​ទាល់​តែ​សោះ ហើយ​អាជ្ញាធរ​ខ្មែរ គួរ​តែ​បង្កើត​វប្បធម៌​ផ្លូវ​វាង​នេះ​ដល់​ប្រជាជន​ខ្មែរ​។

សម្រាប់​ផ្លូវ​មុខ​ព្រះ​រាជ​តំណាក់​នេះ អាជ្ញាធរ​គួរ​តែ​រក្សា​ទិដ្ឋភាព​ដើម ដោយ​មិន​ចាំ​បាច់​សាង​សង់​ស្ពាន​ថ្មី​ប្រប​ស្ពាន​ចាស់​នោះ​ឡើយ ហើយ​ថា​ស្ពាន​ថ្មី​គួរ​សាង​សង់​នៅ​ផ្លូវ​​វាង​ថ្មី ម្ដុំ​ផ្សារ​ចាស់​ជា​ដើម​។ល។ ចំណែក​ឯ​ចរាចរណ៍​ខាង​មុខ​ព្រះ​រាជ​តំណាក់​នេះ​គួរ​ត្រូវ​ផ្លាស់​មក​ជា​ផ្លូវ​ឯក​ទិស ដើម្បី​ឲ្យ​សម​ស្រប​នឹង​ទំហំ​ផ្លូវ ក៏​ដូច​ជា​ការ​បន្ថយ​ចរាចរណ៍​ជា​ដើម​។

អាជ្ញាធរ​ខេត្ត​សៀមរាប​គឺ​ទៅ​រៀន​សូត្រ​យក​បទ​ពិសោធន៍​ពី​ការ​គ្រប់​គ្រង​ទីក្រុង​ទេសចរណ៍​វប្បធម៌​នានា​លើ​លើក ជា​ពិសេស​ការ​ថែ​រក្សា​ធន​ធាន​លម្អ​ពី​ធម្មជាតិ​បែប​​នេះ​។ នៅ​ទីក្រុង​ព្រៃ​នគរ ដើម​ឈើ​ធំ​ៗ​អស់​ទាំង​នេះ​ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​រក្សា​យ៉ាង​គត់​មុត ព្រម​ទាំង​បង់​លេខ​សម្គាល់​នៅ​លើ​ដើម​ឈើ​នីមួយ​ៗ​ផង​​។

ព័ត៌មាន​ចុង​ក្រោយ​ពី​វេបសៃត៍​ដើម​អម្ពិល​ថា អាជ្ញាធរ​ក្រុង​សៀមរាប​បដិសេធ​ពី​រឿង​កាប់​ដើម​ឈើ​ដើម្បី​ពង្រីក​ផ្លូវ​នេះ​៕

Advertisements
%d bloggers like this: