jump to navigation

អវសាន​សួន​សេរីភាព ថ្ងៃពុធ 30 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
add a comment

ចំណង​ចាំ​ប្រវត្តិសាស្ត្រ ថ្ងៃ​៣០ ខែ​មេសា ឆ្នាំ​២០១៤​។ កម្ពុជា​ក្រោម​នឹម​ត្រួត​ត្រា​របស់​គណៈបក្ស​ប្រជាជន​កម្ពុជា​៕




Advertisements

ទស្សនៈ​ស្រែ​ខ្មុក​អំពី​មេ​ដឹក​នាំ ថ្ងៃអង្គារ 29 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in នយោបាយ.
6 comments







នៅ​ចាំ​ទេ​? ថ្ងៃចន្ទ 28 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in អតីតភាព.
1 comment so far

ការ​លា​លែង​ពី​តំណែង​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​របស់​មេ​ដឹក​នាំ ថ្ងៃអាទិត្យ 27 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, 한국어.
1 comment so far

ព្រឹក​មិញ​នេះ (២៧ មេសា ២០១៤) នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ជូង ហុង-វូន (ក. 정홍원) បាន​ប្រកាស​លា​លែង​ពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​របស់​លោក បន្ទាប់​ពី​បាន​ឡើង​កាន់​តំណែង​នេះ​កាល​ពី​ថ្ងៃ​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៣​ កន្លង​មក​ថ្មី​ៗ​នេះ​។ ការ​ប្រកាស​លា​លែង​តំណែង​របស់​គាត់ គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​មួយ​បន្ទាប់​ពី​នាវា​ដឹក​អ្នក​ដំណើរ​ដ៏​ធំ​មួយ​របស់​កូរ៉េ បាន​លិច​ចូល​ទៅ​ក្នុង​សមុទ្ទ​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​មនុស្ស​រាប់​រយ​នាក់ ដែល​ភាគ​ច្រើន​គឺ​ជា​កូន​សិស្ស​នោះ បាន​បាត់​បង់​ជីវិត និង​រហូត​មក​ដល់​ថ្ងៃ​នេះ នៅ​មិន​ទាន់​រក​សាក​សព​អស់​នៅ​ឡើយ​ទេ​។

នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ជូង ហុង-វូន ប្រកាស​លា​លែង​ពី​តំណែង

មាន​ការ​ជជែក​វែក​ញែក​គ្នា​ច្រើន​ណាស់ ពី​ករណី​លា​លែង​របស់​មេ​ដឹក​នាំ​រូប​នេះ ថា​តើ​វា​ជា​ការ​គេច​វេស​ពី​ការ​ទទួល​ខុស​ត្រូវ ឬ​ថា​នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​លោក​? ជា​ធម្មតា នៅ​លើ​ពិភព​លោក​នេះ មាន​រឿង​រ៉ាវ​ប្រហាក់​ប្រហែល​គ្នា​ច្រើន​ណាស់​នៅ​ពេល​ដែល​មេ​ដឹក​នាំ​ប្រទេស​នានា នាំ​គ្នា​លា​លែង​ពី​តំណែង បន្ទាប់​ពី​ប្រទេស​ជាតិ​មាន​បញ្ហា​, មាន​ការ​ស្លាប់​ប្រជាជន​ខ្លួន​ច្រើន​, រដ្ឋ​ប្រើ​អំណាច​ហួស​ហេតុ​បណ្ដាល​ឲ្យ​ស្លាប់​ប្រជាជន​, គណៈបក្ស​មាន​ការ​ចាញ់​សំឡេង​ឆ្នោត ជា​ដើម​។ល។ ក្នុង​នាម​ជា​អ្នក​ដឹក​នាំ​កំពូល​ករណី​ដែល​មិន​មាន​លទ្ធភាព​ឆ្លើយ​តប ឬ​ដោះ​ស្រាយ​ចំពោះ​ហេតុ​ការណ៍​បែប​នេះ ការ​លា​លែង​ពី​តំណែង​ដើម្បី​បើក​ផ្លូវ​ឲ្យ​អ្នក​មាន​លទ្ធភាព​ដោះ​ស្រាយ​គឺ​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត និង​គួរ​ឲ្យ​លើក​ទឹក​ចិត្ត​ទៀត​ផង​។

សម្រាប់​ករណី​របស់​លោក​នាយករដ្ឋ​មន្ត្រី​កូរ៉េ ដែល​បាន​សម្ដែង​ចេញ​នា​ព្រឹក​មិញ​នេះ គឺ​ជា​ការ​ចូល​រួម​ទទួល​ខុស​ត្រូវ​របស់​លោក​មួយ​ចំណែក​ចំពោះ​ករណី​កប៉ាល់​លិច​នេះ ជា​ពិសេស​ចំពោះ​រដ្ឋាភិបាល​របស់​លោក ដែល​​លោក​គិត​ថា មិន​បាន​ចាត់​ការ​ឲ្យ​បាន​សម​ស្រប​នោះ​។ ទាំង​នេះ មិន​មែន​ជា​ការ​រត់​យក​រួច​ខ្លួន​នោះ​ឡើយ​។ មាន​ករណី​ច្រើន​ណាស់ ដែល​មេ​ដឹក​នាំ​នៅ​ក្នុង​ពិភព​លោក​មួយ​ចំនួន បាន​ក្រែង​អំណាច មិន​បាន​ឆ្លើយ​តប​សម​រម្យ បើ​ទោះ​បី​មាន​ករណី​ជា​ច្រើន​ខូច​ខាត​ប្រហាក់​ប្រហែល ឬ​ជាង​ករណី​នៅ​ប្រទេស​កូរ៉េ​​នេះ​ក្ដី​។ វា​គឺ​ជា​ប្រការ​ដ៏​គួរ​ឲ្យ​ខ្មាស់​អៀន និង​អាម៉ាស​បំផុត​ចំពោះ​មេ​ដឹក​នាំ​រូប​នោះ និង​ជា​ពិសេស​ប្រទេស​ដែល​មាន​មេ​ដឹក​នាំ​មិន​ទទួល​ខុស​ត្រូវ​។

យើង​គួរ​តែ​សារទ​ចំពោះ​ចំណាត់​ការ​របស់​លោក ជូង ហុង-វូន និង​សូម​ជូន​ពរ​លោក​សំណាង​ល្អ​និង​ការ​ងារ​ថ្មី​របស់​លោក​។ មេ​ដឹក​នាំ​ដែល​ល្អ គឺ​ជា​មេ​ដឹក​ដែល​ចេះ​ទទួល​ស្គាល់​ការ​ពិត ប្រកប​ដោយ​ការ​ហ៊ាន​លះ​បង់ មិន​លុះ​នឹង​អំណាច​នោះ​ទេ​!

ปกาสตราว – ផ្កា​សត្រាវ ថ្ងៃសៅរ៍ 26 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ចម្រៀង, វីដេអូ, ภาษาไทย.
add a comment

អត្ថបទ​នៃ​បទ​ភ្លេង​នេះ​ធ្លាប់​បាន​ដាក់​កាល​ពី​ប្រមាណ​៦​ឆ្នាំ​មុន​។ សូម​ចុច​អាន​នៅ​ទី​នេះ​

______________________________________
មើល​ផង​ដែរ​៖
១. ปกาสตราว – ផ្កា​សត្រាវ

កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ ថ្ងៃសុក្រ 25 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
12 comments

ខាង​ក្រោម​នេះ​ជា​គំរូ​កាស និង​តែមប្រិ៍​ប្រៃសណីយ៍ ដែល​ស្រែ​ខ្មុក​បាន​គូស​វាស​ឡើង ក្នុង​ថ្ងៃ​ខួប​រំឭក​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម ព្រហ្ម​បរិរក្ស ឬ​ហ្លួង​សុវណ្ណ​កោដ្ឋ និង​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​ សិរីសុវត្ថិ មុនីវង្ស ឬ​ហ្លួង​ខត្តិយ​កោដ្ឋ ដែល​ប្រព្រឹត្ត​ទៅ​នា​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០១៤ ម្សិល​មិញ​នេះ​

១. អំពី​កាស​អនុស្សាវរីយ៍

ផ្នែក​ខាង​មុខ​៖ មាន​ព្រះ​បរម​រម​ឆាយា​ល័ក្ខណ៍​នៃ​ព្រះ​ករុណា ព្រះ​ខត្តិយ​កោដ្ឋ នៅ​ខាង​ឆ្វេង និង​ព្រះ​ករុណា​សុវណ្ណ​កោដ្ឋ នៅ​ខាង​ស្ដាំ​ក្នុង​ផ្ទៃ​មូល​ខាង​ក្នុង​ព័ណ៌​មាស​ និង​ស្រោប​ដោយ​ផ្ទៃ​ខាង​ក្រៅ​ព័ណ៌​ទឹក​ប្រាក់ ជា​រង្វង់​មូល ព្រម​រចនា​អក្សរ​មូល​ខ្មែរ​ ផ្នែក​ខាង​លើ​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម​» និង​ផ្នែក​ខាង​ក្រោម​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ សិរី​សុវត្ថិ មុនីវង្ស​»​។

ផ្នែក​ខាង​ខ្នង​៖ មាន​ត្រា​ព្រះ​រាជ​សង្ហារ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ នៅ​ចំ​កណ្ដាល​នៃ​រង្វង់​ព័ណ៌​មាន ស្រោប​ខាង​ក្រៅ​ដោយ​រង្វង់​ព័ណ៌​ទឹក​ប្រាក់ និង​មាន​រចនា​អក្សរ​មូល​ខ្មែរ នៅ​ពី​លើ​ថា «​ខួប​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត​» និង​ពី​ខាង​ក្រោម​ថា «​២៤ មេសា ព.ស.​២៥៥៨ គ.ស.​២០១៤​»​។

២. អំពី​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍

តែមប្រិ៍​ប្រៃសណីយ៍​​អនុស្សាវរីយ៍ នេះ​មាន​ព័ណ៌​ប្រផេះ​ក្រម៉ៅ និង​មាន​ប្រាកដ​ព្រះ​បរម​​ឆាយាល័ក្ខណ៍ ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម នៅ​ខាង​ឆ្វេង​ព័ណ៌​បៃតង​ចាស់ និង​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស នៅ​ខាង​ស្ដាំ​ព័ណ៌​បៃតង​ចាស់ ដូច​គ្នា​។

នៅ​ផ្នែក​ខាង​ឆ្វេង​បង្អស់​មាន​រចនា​អក្សរ​ខ្មែរ​​ផ្ដេក ថា «​ព្រះ​រាជាណាចក្រ​កម្ពុជា​» និង​អក្សរ​បារាំង​សេស​នៅ​ខាង​បន្ទាប់​ថា «​ROYAUME DU CAMBODGE» អក្សរ​ទាំង​ពីរ​ឃ្លា​នេះ​មាន​ព័ណ៌​មាស​។ នៅ​ខាង​ស្ដាំ​បង្អស់​នៃ​តែមប្រិ៍​ ផ្នែក​ខាង​លើ​មាន​ដាក់​អក្សរ​ថា «​១០០​៛» និង​នៅ​ពី​ក្រោម​ថា «​100R» និង​បន្ទាប់​មក​មាន​អក្សរ​ផ្ដេក​ថា «ប្រៃសណីយ៍ ២០១៤/POSTES 2014»។ អក្សរ​ទាំង​នោះ​មាន​ព័ណ៌​មាស​។

នៅ​ផ្នែក​ខាង​ក្រោម​បង្អស់​មាន​រចនា​អក្សរ​ព័ណ៌​ស​ចំនួន​៤​បន្ទាត់​ដែល​មាន​អត្ថន័យ​ថា «ខួប​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម ព្រហ្មបរិរក្ស (ព្រះ​សុវណ្ណ​កោដ្ឋ​) ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស ចម​ចក្រ​ពង្ស (ព្រះ​ខត្តិយ​កោដ្ឋ​) ២៤ មេសា ២០១៤»។

សម្គាល់​៖ ទាំង​កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​ខាង​លើ​ជា​ការ​ច្នៃ​ប្រឌិត​ទេ មិន​មែន​របស់​ពិត​ប្រាកដ​ដែល​ចេញ​ដោយ​រាជការ​ទេ​៕

___________________________________________________
អាន​ផង​ដែរ​៖
១. ២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ
២. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​រាជានុកោដ្ឋ
៣. តែមប្រិ៍​អនុស្សាវរីយ៍ឆ្លង​ខួប​ទី​១១១ ឆ្នាំ​ប្រសូតនិង​ខួប​ទី​៤០ ពិរាល័យនៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី
៤. កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស
៥. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​មហា​កាញ្ចន​កោដ្ឋ
៦. កាស​អនុស្សាវរីយ៍​បុណ្យ​ព្រះ​មេរុ ព្រះ​​បរម​រតន​កោដ្ឋ
៧. កាស​អនុស្សាវរីយ៍​ឆ្លង​ខួប​ឆ្នាំ​ទី​៦០ ព្រះ​រាជ​ពិធី​សុខាភិសេក ព្រះ​ករុណា ព្រះ​សុរាម្រិត និង​សម្ដេច​ព្រះ​មហា​ក្សត្រិយានី
៨. អំពី​កាស​ក្នុង​រជ្ជកាល​ហ្លួង​សុវណ្ណ​កោដ្ឋ
៩. តែមប្រិ៍​អនុស្សាវរីយ៍ ព្រះ​បាទ​សម្ដេច​ព្រះ​នរោត្ដម

២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
6 comments

វា​ប្រហែល​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ដែល​ថ្ងៃ​ទី​២៤ ខែ​មេសា គឺ​ជា​ថ្ងៃ​ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ​ទ្រង់​សុវណ្ណ​គត​។ នោះ​គឺ​កាល​ពី​១១០​ឆ្នាំ​មុន គឺ​វេលា​ម៉ោង​១៥.០០ ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម ព្រហ្ម​បរិរក្ស ព្រះ​អង្គ​បាន​​សោយ​ព្រះ​ទិវង្គត​ ដោយ​រោគ​មហា​រីក​ព្រះ​ភ័ក្ត្រ ក្នុង​ព្រះជន្មាយុ​៧០​ព្រះវស្សា នា​ក្រុង​ទេព​មហា​នគរ ក្រុង​ស្យាម និង​បាន​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី បាន​៤៥​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៨៦០ ដល់​ឆ្នាំ​១៩០៤ គឺ​រហូត​ដល់​ទ្រង់​សោយទិវង្គត។

តាម​​ឯកសារ​បង្ហាញ​ថា​នា​ចុង​រជ្ជកាល​ទ្រង់ បារាំង​បាន​ព្យាយាម​កាត់​បន្ថយ​អំណាច​មហា​ក្សត្រិយ៍​ខ្មែរ និង​បន្ថែម​អំណាច​រ៉េស៊ីដង់ ព្រះ​អង្គ​ព្រម​ទាំង​ព្រះរាជ​បុត្រ (ព្រះ​អង្គ​ម្ចាស់​ នរោត្ដម យុគន្ធរ) បាន​តវ៉ា​រហូត​ដល់​ភៀស​ព្រះ​កាយ​ទៅ​ក្រៅប្រទេស បារាំង​បង្ខំ​ឲ្យ​ព្រះ​អង្គ​ផ្លាស់​រាជធានី​ពី​ឧត្ដុង្គ​មក​ភ្នំពេញ លុះ​ត្រា​បាន​សម្រេច ទើប​ព្​រះអង្គ​ភៀស​ព្រះ​​កាយ​​ទៅ​ក្រុង​ទេព​មហា​នគរ ក្រុង​ស្យាម រហូត​សុវណ្ណ​គត​ នៅ​ទី​នោះ​។

ពីរ​ឆ្នាំ​ក្រោយ​មក គឺ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៩០៦ ព្រះ​បរម​សព​របស់​ព្រះ​អង្គ ត្រូវ​បាន​អញ្ជើញ​ត្រឡប់​មក​ក្រុង​កម្ពុជា​ធិបតី​វិញ និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​អង្គ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចតុម្មុខ​។ ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម ទ្រង់​មាន​ព្រះ​បរម​មរណ​នាម​ថា “ព្រះ​សុវណ្ណ​កោដ្ឋ” ឬ “ហ្លួង​សុវណ្ណ​កោដ្ឋ“​។

នៅ​ឆ្នាំ​១៩៣៩ សង្រ្គាម​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង។ ប្រទេស​សៀម​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​បារាំង ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ ហើយ​នៅ​ទី​បំផុត​បាន​កៀប​សង្កត់​ទៅ​លើ​ប្រទេស​បារាំង ដណ្ដើម​យក​ទៅ​វិញ​នូវ​ខេត្ដ​បាត់ដំបង និង​ទឹក​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ (grade)ទី​១៥​។

ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​សោយ​ទិវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ដោយ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី​បាន​១៤​ឆ្នាំ។ ព្រះ​ករុណា​ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​បរមខត្តិយ​កោដ្ឋ” ឬ “ហ្លួង​ខត្តិយ​កោដ្ឋ”​៕

________________________________________________________
អាន​ផង​ដែរ​៖
១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ

%d bloggers like this: