jump to navigation

សេណារីយ៉ូ សម្រាប់ ហ៊ុន សែន ក្រោយ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃសៅរ៍ 5 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in នយោបាយ, បរិយាយ​ថ្ងៃ​នេះ.
3 comments

ស្ថានភាព​នយោបាយ​កម្ពុជា​គួរ​តែ​ និង​នៅ​បន្ត​របៀប​នេះ រហូត​ដល់​ចប់​អាណត្តិ​ឆ្នាំ​២០១៨ វា​គ្មាន​អ្វី​គួរ​ខ្វល់​ខ្វាយ និង​គួរ​យក​មក​និយាយ នាំ​តែ​ឈឺ​ក្បាល​ហាល​ថ្ងៃ​ទេ​។ គណៈបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​លោក ហ៊ុន សែន​ ទៀត​សោត ក៏​មិន​គួរ​ខ្នះ​ខ្នែង​អ្វី​នៅ​ធ្វើ​ការ​ចរចា​ជាមួយ​គណៈបក្ស​សង្គ្រោះ​ជាតិ និង​លោក សម រង្ស៊ី ដែរ​ Sic ។ គណៈបក្ស​នេះ (ប្រជាជន​កម្ពុជា​) អាច​ធ្វើ​អ្វី​ៗ​បាន​ទាំង​អស់ រហូត​បង្កើត​រដ្ឋ​សភា បង្កើត​រដ្ឋាភិបាល បាន​ដោយ​ឯក​ឯង គ្មាន​ខ្វល់​ខ្វាយ​ក្បាល​អា​ណា​ទាំង​អស់ បំភ្លេច​ចោល​សំឡេង​ប្រជា​ពលរដ្ឋ​ស្ទើរ​ពាក់​កណ្ដាល​ប្រទេស​ទៀត ដែល​មិន​បាន​បោះ​ឆ្នោត​ឲ្យ​ខ្លួន​។ ហេតុ​ដូច​នេះ​ទេ​ គណៈបក្ស​នេះ ព្រម​ទាំង​លោក ហ៊ុន សែន​ គួរ​បន្ត​ទៀត​ចុះ​។

ខាងក្រោម​នេះ ជា​សេណា​រី​យ៉ូ ដែល​អាច​នឹង​កើតមាន ចេញពី​ការសម្រេចចិត្ត របស់លោក ហ៊ុន សែន​ ក្រោយ​ចូលឆ្នាំ​ខ្មែរ​។​

សេណារីយ៉ូ​ទី​មួយ​៖ បន្ត​ដំណើរ​ការ​រដ្ឋសភា

ចេះ​បង្កើត​រដ្ឋសភា​បាន​តែ​ឯក​ឯង បាន​តែ​បក្ស​ខ្លួន​ឯង បាន​តែ​មនុស្ស​, ពួក​ខ្លួន​ឯង​ហើយ ធ្វើ​អ្វី​ក៏​បាន​តាម​ចិត្ត​។ បើក​ប្រជុំ បិទ​ប្រជុំ, សម្រេច​ច្បាប់​នេះ សម្រេច​ច្បាប់​នោះ បាន​គ្មាន​អ្វី​ត្រូវ​ព្រួយ ច្នេះ​ទេ គណៈ​បក្ស​ប្រជាជន​កម្ពុជា និង​លោក ហ៊ុន សែន​ គួរ​បន្ត​បើក​សម័យ​ប្រជុំ​រដ្ឋសភា រហូត​ដល់​ចប់​អណត្តិ​ដ៏​វិសេស​វិសាល​នេះ​។ មិន​ចាំ​បាច់​ទៅ​ខ្វល់​ខ្វាយ និង​រឿង​កំណែ​ទម្រង់​គជប, ប្រព័ន្ធ​តុលាការ​, យោធា ព្រម​ស្ថាប័ន​រដ្ឋ​ផ្សេង​ៗ​ទៀត ។ល។ តាម​ការ​ញុះ​ញុង​របស់​បក្ស​ប្រឆាំង​អាចម៍​គោ​មេ​ស្អី​ទេ ដ្បិត​បណ្ដា​ស្ថាប័ន​អស់​ទាំង​នោះ​ឯករាជ្យ​អស់​ហើយ​ នរណា​ៗ​ក៏​ដឹង​ពី​រឿង​នេះ​។ Sic

សេណារីយ៉ូ​ទី​ពីរ​៖ បន្ត​ដឹក​នាំ​រដ្ឋាភិបាល

តាំង​ពី​ការ​បោះ​ឆ្នោត​ខែ​កក្កដា ឆ្នាំ​ទៅ និង​តាំង​ពី​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី រហូត​មក​ដល់​ពេល​នេះ ម៉ោង​នេះ ឃើញ​ថា​រដ្ឋាភិបាល​​បាន​ដឹក​នាំ​ប្រទេស​ដោយ​រលូន​។ បង្កើត​គណៈ​រដ្ឋមន្ត្រី​ថ្មី បំបែក​ក្រសួង​ថ្មី​, សង្កាត់​ថ្មី​, ខេត្ត​ថ្មី…​។ល។ មក​ជា​ហូរ​ហែរ​។ អញ្ចឹង​ទេ លោក ហ៊ុន សែន​ គួរ​បន្ត​ដឹក​នាំ​រដ្ឋាភិបាល​នេះ​បន្ត​ទៀត​។ គ្មាន​ទេ​ការ​ជាប់​គាំង​នយោបាយ​ស្អី​គេ​នោះ​។ មិន​ចាំ​បាច់​ទៅ​រ៉ាយ​រ៉ាប់​ប្រាប់​ ភ្ញៀវ​បរទេស​គ្រប់​ពេល​គេ​មក​ជួប​ទេ ដ្បិត​ភ្ញៀវ​បរទេស​ទាំង​នោះ គេ​ដឹង​ហើយ ហើយ​រដ្ឋាភិបាល​ខ្លួន​ឯង​ក៏​ដឹង​ហើយ​ថា​គ្មាន​ការ​ជាប់​គាំង​នយោបាយ​ដូច​ការ​ឃោសនា​របស់​ខ្មាំង​នោះ​ទេ​។ Sic

សេណារីយ៉ូ​ទី​បី​៖ បន្ត​មិន​ខ្វាយ​ខ្វល់​អ្វី​ទាំង​អស់

និយាយ​រួម​សរុប​សេណារីយ៉ូ​ទាំង​ពីរ​ខាង​លើ​នេះ សេណារីយ៉ូ​ទី​៣ សម្រាប់​គណៈបក្ស​ប្រជាជន​កម្ពុជា ជា​ពិសេស​លោក ហ៊ុន សែន​ គឺ​​មិន​គួរ​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់​។ អណត្តិ​នេះ​គួរ​ដេក​យក​ដៃ​គង​ថ្ងាស ដឹក​នាំ​ប្រទេស​សប្បាយ​ៗ​ល្អ​ជាង ដ្បិត​រហូត​ដល់​ឆ្នាំ​២០១៨ គ្មាន​ទេ​គណៈបក្ស​ប្រឆាំង​នៅ​ក្នុង​រដ្ឋសភា​នោះ​។ វា​គួរ​ជា​ទី​រីក​រាយ​ល្អ​ជាង​យក​មក​គិត​នាំ​ឈឺ​ក្បាល​ហាល​ថ្ងៃ​នោះ​។ លោក ហ៊ុន សែន​ បាន​ដើរ​លើ​ផ្លូវ​ត្រូវ​ហើយ ក្នុង​ការ​មិន​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់ ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ហេតុ​ដូច​នេះ ស្រែ​ខ្មុក​​សំណូម​ពរ​យ៉ាង​ទទូច ឲ្យ​លោក​បន្ត​មិន​ខ្វល់​ខ្វាយ​អ្វី​ទាំង​អស់​ជា​បន្ត​ទៀត ដើម្បី​កម្ពុជា​នៃ​យើង​៕ Sic

Advertisements
%d bloggers like this: