jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃអាទិត្យ 6 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in ภาษาไทย.
37 comments

ជារៀងរាល់ឆ្នាំ នៅថ្ងៃទី៦ ខែមេសា នៅរាជអាណាចក្រថៃ មានប្រារព្ធបុណ្យសំខាន់មួយឈ្មោះថា បុណ្យចក្រី (ថៃ៖ วันจักรี) ជាថ្ងៃឈប់រាជការ ដើម្បីរំឭកដល់បឋមអង្គក្សត្រិយ៍នៃរាជវង្សចក្រី គឺ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១ នោះឯង។

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ទ្រង់ប្រសូតនៅថ្ងៃពុធ ៤រោចខែផល្គុន ឆ្នាំរោង អដ្ឋស័ក ព.ស.២២៧៩ ត្រូវនឹងថ្ងៃទី២០ ខែមីនា គ.ស.១៧៣៧។ ហើយព្រះអង្គបានប្រាប្តាភិសេកឡើងគ្រងរាជ្យជាបឋមក្សត្រិយ៍នៃក្រុងរតនកោសិន្ទ្រ កាលពីថ្ងៃទី៦ ខែមេសា គ.ស.១៧៨២ ខណៈមានព្រះជន្មបាន៤៦វស្សា ដោយព្រះអង្គបានផ្លាស់រាជធានីពីផ្នែកធនបុរី មកផ្នែកព្រះនគរ (នៃក្រុងបាងកកបច្ចុប្បន្ន) ព្រមទ្រង់បានព្រះរាជានុញ្ញាតឲ្យសាងព្រះបរមរាជវាំងសម្រាប់ទីប្រថាប់។

Buddha_Yodfa_Chulaloke_portrait

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ ឬរាមាទី១

ព្រះរាជប្រវត្តិ

ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោកមហារាជ មានព្រះនាមដើមថា «ថងដួង» ជាបុត្រទី៤របស់ព្រះអក្សរសុន្ធរសាស្ត្រ (ថងឌី) ដែលក្រោយមកបានស្ថាបនាឡើងជាសម្ដេចព្រះបឋមបរមមហាជនក។

ព្រះបរមាភិធេយ្យ

នៅគ្រាព្រះអង្គប្រាប្តាភិសេកឡើងជាបឋមក្សត្រិយ៍នៃរាជវង្សចក្រីហើយ ព្រះអង្គមានព្រះនាមចារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមរាជាធិរាជរាមាធិបតី ស្រីសិន្ទ្របរមមហាចក្រពត្តិរាជាធិបតិន្ទ្រ ធរណិន្ទ្រាធិរាជ រតនកាឝភាឞក្រវង្ស អង្គបរមធិបេឝ ត្រីភូវនេត្រវរនាយក តិលករតនរាជជាតិអាជាវឝៃរ្យ សមុទ័យតរោមន្ត សកលចក្រវាឡាធិបេន្ទ្រ សុរិយេន្ទ្រាធិបតិន្ទ្រ ហរិហរិន្ទ្រាធាតាធិបតី ស្រីវិបូលយគុណអកនិឞដ្ឋ ឫទ្ធិរាមេឝ្វរមហន្ត បរមធម្មិករាជាធិរាជតេជោជ័យព្រហ្មទេពាតិទេពនរបតិន្ទ្រ ភូមិន្ទ្របរមាធិបេឝលោកជេដ្ឋវិសុទ្ធិ រតនមកុដប្រទេឝគតា មហាពុទ្ធាងកូរបរមបពិត្រ»

ដោយមូលហេតុព្រះបរមាភិធេយ្យដែលចារឹកក្នុងព្រះសុវណ្ណប័ដនេះដូចគ្នាទៅនឹងព្រះមហាក្សត្រិ៍៣ព្រះអង្គរបស់ក្រុងស្រីអយុធ្យា គឺសម្ដេចព្រះរាមាធិបតីទី១ (ព្រះចៅអ៊ូទង), សម្ដេចព្រះរាមាធិបតីទី២ (ព្រះជេដ្ឋា) និងសម្ដេចព្រះរាមាធិបតីទី៣ (សម្ដេចព្រះនារាយណ៍មហារាជ) ដូចនេះព្រះអង្គគឺជា «សម្ដេចព្រះរាមាធិបតីទី៤»។

ក្រោយមកព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ទ្រង់ព្រះរាជានុញ្ញាតឲ្យចេញព្រះនាមព្រះអង្គថា ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក តាមនាមរបស់ព្រះពុទ្ធរូបដែលទ្រង់បានសាងឧទ្ទិសថ្វាយ ហើយព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ បានបន្ថែមព្រះបរមាភិធេយ្យដល់សម្ដេចព្រះបរមអយ្យកាធិរាជថារឹកក្នុងព្រះសុវណ្ណប័ដថា៖

«ព្រះបាទសម្ដេចព្រះបរមោរុរាជមហាចក្រីបរមនាថ នរេស្វរាជវិវឌ្ឍនវង្ស បឋមពង្សាធិរាជរាមាធិបតិន្ទ្រ ស្យាមពិជិតិន្ទ្រវរោត្ដម បរមនាថបពិត្រ ព្រះពុទ្ធយ៉តហ្វាចុឡាលោក»

ក្រោយមកទៀត ព្រះបាទសម្ដេចព្រះមកុដក្លៅចៅយូហួ មានព្រះបរមរាជឱង្ការសង្ខេបព្រះបរមាភិធេយ្យថា «ព្រះបាទសម្ដេចព្រះរាមាធិបតីស្រីសិន្ទ្រមហាចក្រីបរមនាថ ព្រះពុទ្ធយ៉តហ្វាចុឡាលោក»ព្រះបាទសម្ដេចព្រះរាមាធិបតីទី១

នៅក្នុងឱកាសស្ថាបនាក្រុងរតនកោសិន្ទ្រគ្រប់២០០ឆ្នាំ រដ្ឋាភិបាលថៃនិងប្រជាជនថៃបានព្រមព្រៀងថ្វាយព្រះកិត្តិយសថ្វាយព្រះរាជសមញ្ញា «មហារាជ» បន្តព្រះបរមាភិធេយ្យព្រះនាមព្រះអង្គថា «ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក មហារាជ»

សុវណ្ណគត

ក្រោយពីការឆ្លងសម្ពោធវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវមក៌ត) រួចហើយ ព្រះបាទសម្ដេចព្រះពុទ្ធយ៉តហ្វាចុឡាលោក ក៏ទ្រង់ព្រះប្រឈួនដោយព្រះរោគជរា និងព្រះអាការទ្រុឌទ្រោមចុះតាមលំដាប់ រហូតដល់ព្រះអង្គចូលសុវណ្ណគតនាថ្ងៃទី៧ ខែកញ្ញា គ.ស.១៨០៩ នាព្រះទីន័ងពៃឝាលទក្សិណរួមព្រះជន្មាយុបាន៧៣ព្រះវស្សា ស្ដេចគ្រងរាជ្យបាន២៧ឆ្នាំ៕

____________________________________________________
អានផងដែរ៖
១. ថ្ងៃបុណ្យចក្រី “วันจักรี”
២. ព្រះបាទសម្ដេចព្រះពុទ្ធលើឝហ្លានភាល័យ ឬរាមាទី២ នៃរាជវង្សចក្រីថៃ
៣. ព្រះបាទសម្ដេចព្រះន័ងក្លៅចៅយូហួ ឬរាមាទី៣ នៃរាជវង្សចក្រីថៃ
៤. ព្រះបាទសម្ដេចព្រះចមក្លៅចៅយូហួ ឬរាមាទី៤ នៃរាជវង្សចក្រីថៃ
៥. ព្រះបាទសម្ដេចព្រះចុលចមក្លៅចៅយូហួ ឬរាមាទី៥ នៃរាជវង្សចក្រីថៃ
៦. ព្រះបាទសម្ដេចព្រះមង្កុដក្លៅចៅយូហួ ឬរាមាទី៦ នៃរាជវង្សចក្រីថៃ
៧. ព្រះបាទសម្ដេចព្រះប៉ុកក្លៅចៅយូហួ ឬរាមាទី៧ នៃរាជវង្សចក្រីថៃ
៨. ព្រះបាទសម្ដេចព្រះបរមេន្ទ្រមហាអានន្ទមហិតល ព្រះអដ្ឋមរាមាធិបតិន្ទ្រ ឬរាមាទី៨ នៃរាជវង្សចក្រីថៃ
៩. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ ឬ​រាមា​ទី​៩ នៃ​រាជ​វង្ស​ចក្រី​ថៃ

%d bloggers like this: