jump to navigation

ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ ថ្ងៃអង្គារ 8 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
3 comments

សម្ដេច​ព្រះ​មហាក្សត្រីយានី ក្នុង​ព្រះ​រាជ​ពិធី​សំពះ​គ្រូ​របាំ​ទេព​អប្សរ​ដែល​ធ្វើ​ឡើង​នៅ​ទី​មហា​ប្រាសាទ​ចន្ទ្រ​ឆាយា​នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ កាល​ពី​សម័យ​មុន​សង្គ្រាម

កាល​ពី​ទសវត្សរ៍​១៩៤០ ព្រះ​រាជ​ធិតា​នៃ​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈ ព្រះ​រាជ​មហេសី​នៃ​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សុរាម្រឹត និង​ជា​ព្រះ​រាជ​ជននី នៃ​​ព្រះ​មហាក្សត្រិយ៍ នរោត្ដម សីហនុ ប​ន្ទាប់​បាន​ទត​ឃើញ​ការ​ច្រៀង​រាំ​យក​លំនាំ​តាម​រូប​ចម្លាក់​ទេព​អប្សរ​នា​ប្រាង្គ​ប្រាសាទ​នគរ​វត្ត របស់​ក្រុម​សិស្ស​នារី​នៃ​សាលា​បឋម​សិក្សា​សុធារស​មក ព្រះ​អង្គ​ក៏​ទ្រង់​មាន​ព្រះ​រាជ​តម្រិះ​បង្កើត​របាំ​ខ្មែរ​មួយ​ឡើង​ដែល​ក្រោយ​មក​ពិភព​ចាប់​ផ្ដើម​ល្បី​រន្ទឺ​នូវ​ក្បាច់​រាំ​ដ៏​ទន់​ភ្លន់​នៃ​សិល្បៈ​ខ្មែរ នោះ​គឺ​របាំ​ទេព​អប្សរ​ នោះ​ឯង​។

តួ​​ឯក​នៃ​របាំ​ទេព​អប្សរ​ដំបូង​គេ​បំផុត​គឺ​ព្រះ​អង្គ​ម្ចាស់​ក្សត្រី នរោត្ដម បុប្ផាទេវី ព្រះ​រាជ​បុត្រ​ច្បង​នៃ​ព្រះ​ករុណា​​​ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ និង​ត្រូវ​ជា​​ព្រះ​រាជ​នត្តា​ផ្ទាល់​នៃ​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ដោយ​ព្រះ​អង្គ​បាន​ហាត់​រៀន​របាំ​​ផ្ទាល់​តាំង​ពី​ទ្រង់​មាន​ព្រះ​ជន្ម​៥​វស្សា​ឯណុះ​។

បន្តិច​ម្ដង​ៗ​ក្រោម​ព្រះ​រាជ​កិច្ច​ដឹក​នាំ ហ្វឹក​ហាត់​ផ្ទាល់​ពី​សម្ដេច​ព្រះវរ​​រាជ​ជននី របាំ​ទេព​អប្សរ​ខ្មែរ​ត្រូវ​បាន​ពិភព​លោក​ចាប់​អារម្មណ៍ និង​បាន​ចេញ​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ជា​ច្រើន​លើក​ច្រើន​គ្រា​។ បច្ចុប្បន្ន​នេះ របាំ​ទេព​អប្សរ​ខ្មែរ​ត្រូវ​បាន​ចាត់​ចូល​ជា​មត៌ក​អរូបិយ​នៃ​មនុស្ស​ជាតិ ដែល​បាន​លើក​តម្កើង​ស្នាដៃ​ជាតិ​ខ្មែរ ក្រោម​ព្រះ​រាជ​គុណ​បំណាច់​នៃ​អង្គ​សម្ដេច​ព្រះ​មហា​ក្សត្រីយានី ព្រះ​មាតា​នៃ​សិល្បៈ​ខ្មែរ​​៕

_________________________________________________
អាន​ផង​ដែរ​៖
១. រូបភាព​វីដេអូ​កម្រ​ដ៏​មហស្ចារ្យ​នៃ​ព្រះ​រាជ​មាតា​សិល្បៈ​ខ្មែរ
២. សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ព្រះ​ស៊ីសុវត្ថិ កុសុមៈ ស្ថាបនិក​នៃ​អត្ត​សញ្ញាណ​វប្បធម៌​ខ្មែរ

Advertisements
%d bloggers like this: