jump to navigation

២៤ មេសា ថ្ងៃ​សោយ​ព្រះ​ទិវង្គត​នៃ​ព្រះ​មហាក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ ថ្ងៃ​ព្រហស្បតិ៍ 24 ខែ​មេសា 2014

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
6 comments

វា​ប្រហែល​មិន​មែន​ជា​ការ​ចៃដន្យ​ទេ ដែល​ថ្ងៃ​ទី​២៤ ខែ​មេសា គឺ​ជា​ថ្ងៃ​ដែល​អតីត​ព្រះ​មហា​ក្សត្រិយ៍​ខ្មែរ​ពីរ​ព្រះ​អង្គ​ទ្រង់​សុវណ្ណ​គត​។ នោះ​គឺ​កាល​ពី​១១០​ឆ្នាំ​មុន គឺ​វេលា​ម៉ោង​១៥.០០ ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩០៤ ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ​ នរោត្ដម ព្រហ្ម​បរិរក្ស ព្រះ​អង្គ​បាន​​សោយ​ព្រះ​ទិវង្គត​ ដោយ​រោគ​មហា​រីក​ព្រះ​ភ័ក្ត្រ ក្នុង​ព្រះជន្មាយុ​៧០​ព្រះវស្សា នា​ក្រុង​ទេព​មហា​នគរ ក្រុង​ស្យាម និង​បាន​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី បាន​៤៥​ឆ្នាំ គឺ​ចាប់​តាំង​ពី​ឆ្នាំ​១៨៦០ ដល់​ឆ្នាំ​១៩០៤ គឺ​រហូត​ដល់​ទ្រង់​សោយទិវង្គត។

តាម​​ឯកសារ​បង្ហាញ​ថា​នា​ចុង​រជ្ជកាល​ទ្រង់ បារាំង​បាន​ព្យាយាម​កាត់​បន្ថយ​អំណាច​មហា​ក្សត្រិយ៍​ខ្មែរ និង​បន្ថែម​អំណាច​រ៉េស៊ីដង់ ព្រះ​អង្គ​ព្រម​ទាំង​ព្រះរាជ​បុត្រ (ព្រះ​អង្គ​ម្ចាស់​ នរោត្ដម យុគន្ធរ) បាន​តវ៉ា​រហូត​ដល់​ភៀស​ព្រះ​កាយ​ទៅ​ក្រៅប្រទេស បារាំង​បង្ខំ​ឲ្យ​ព្រះ​អង្គ​ផ្លាស់​រាជធានី​ពី​ឧត្ដុង្គ​មក​ភ្នំពេញ លុះ​ត្រា​បាន​សម្រេច ទើប​ព្​រះអង្គ​ភៀស​ព្រះ​​កាយ​​ទៅ​ក្រុង​ទេព​មហា​នគរ ក្រុង​ស្យាម រហូត​សុវណ្ណ​គត​ នៅ​ទី​នោះ​។

ពីរ​ឆ្នាំ​ក្រោយ​មក គឺ​រហូត​ដល់​ខែ​មករា ឆ្នាំ​១៩០៦ ព្រះ​បរម​សព​របស់​ព្រះ​អង្គ ត្រូវ​បាន​អញ្ជើញ​ត្រឡប់​មក​ក្រុង​កម្ពុជា​ធិបតី​វិញ និង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ព្រះ​អង្គ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទី​ក្រុង​ភ្នំពេញ​ចតុម្មុខ​។ ព្រះ​ករុណា​ព្រះ​បាទ នរោត្ដម ទ្រង់​មាន​ព្រះ​បរម​មរណ​នាម​ថា “ព្រះ​សុវណ្ណ​កោដ្ឋ” ឬ “ហ្លួង​សុវណ្ណ​កោដ្ឋ“​។

នៅ​ឆ្នាំ​១៩៣៩ សង្រ្គាម​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង។ ប្រទេស​សៀម​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​បារាំង ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ ហើយ​នៅ​ទី​បំផុត​បាន​កៀប​សង្កត់​ទៅ​លើ​ប្រទេស​បារាំង ដណ្ដើម​យក​ទៅ​វិញ​នូវ​ខេត្ដ​បាត់ដំបង និង​ទឹក​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ (grade)ទី​១៥​។

ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​សោយ​ទិវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ដោយ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី​បាន​១៤​ឆ្នាំ។ ព្រះ​ករុណា​ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​មាន​ព្រះ​បរមមរណនាម​ថា​ “ព្រះ​បរមខត្តិយ​កោដ្ឋ” ឬ “ហ្លួង​ខត្តិយ​កោដ្ឋ”​៕

________________________________________________________
អាន​ផង​ដែរ​៖
១. មួយ​រយ​ហា​សិប​បី​ឆ្នាំ​មុន
២. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះបាទ នរោត្ដម
៣. កាស និង​តែមប្រិ៍​ប្រៃសណីយ៍​អនុស្សាវរីយ៍​រំឭក​ថ្ងៃ​សោយ​ព្រះ​ទិវង្គត ហ្លួង​សុវណ្ណ​កោដ្ឋ និង​ហ្លួង​ខត្តិយកោដ្ឋ

Advertisements
%d bloggers like this: