jump to navigation

អាពាហ៍​ពិពាហ៍​ថៃ​មាន​លក្ខណៈ​សាមញ្ញ ថ្ងៃសៅរ៍ 31 ខែមករា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
6 comments

ថ្ងៃសៅរ៍ (៣១ មករា ២០១៥) នេះ ខ្ញុំបានទៅចូលរួមពិធីរៀបការរបស់សហជីវិនម្នាក់នៅឯខេត្តភាគឦសានមួយរបស់ថៃ។ ជនជាតិថៃមើលទៅមិនសូវដូចខ្មែរយើងទេ យូរៗឃើញរៀបការមួយ ឯនៅស្រុកខ្មែរវិញ មិនបាច់ ម្នាក់ៗឃើញតែងរអ៊ូ រឿងសំបុត្រការ ហាហាហា…។

ងាកមកពីរឿងរៀបការបែបថៃវិញ ឃើញថាមានភាពសាមញ្ញខ្លាំងណាស់ ខុសគ្នាពីពិធីរៀបការរបស់ខ្មែរដូចមេឃនិងដី ថ្វីបើប្រទេសយើងនៅជិតគ្នាក្ដី។ ពិធីរៀបការថៃមើលទៅហាក់ធម្មតា មិនមានអ៊ឹកធឹកដូចខ្មែរយើងទេ។

ដំបូងឡើយគេចាប់ផ្ដើមហែខាន់ស្លា ឬហែកូនកំឡោះនៅម៉ោង៩និង៩នាទី គេរាប់ថាជាម៉ោងល្អ ដ្បិតលេខ៩ថៃ បញ្ចេញសំឡេងថា ការឈានទៅមុខនោះឯង។ ពិធីការថៃ គ្មានភ្លេង គ្មានភ្លាត់ គ្មានផ្លែឈើ៣៦មុខអីទេ។ គឺក្នុងពេលហែកូនកំឡោះនោះ មានតែអ្នកដើរពីក្រោយ ចាំស្រែក «ហ៊ី ហ៊ោៗៗៗ» ចប់។

មកដល់មុខផ្ទះកូនក្រមុំ មានសាច់ញាតិកូនក្រមុំចាំលាងជើង (ស្រដៀងខ្មែរដែរ) កូនកំឡោះ មុននឹងឡើងផ្ទះកូនក្រមុំ។ រួចហើយចែកលុយ ទៅតាមដំណាក់កាលនីមួយៗ ព្រមទាំងមានផ្លាស់ប្ដូរស្រាបៀរគ្នាម្នាក់មួយដបជាការស្រេច។

ពេលទៅដល់លើផ្ទះគេធ្វើពិធីបំពាក់ចិញ្ចៀនខ្សែក ដូចគ្នានឹងខ្មែរយើងដែរ (សម្រាប់អ្នកដែលមិនភ្ជាប់ពាក្យ) តែអ្វីដែលសំខាន់នោះ គឺការប្រគល់ថ្លៃទឹកដោះ ទៅដល់ឪពុកម្ដាយខាងស្រី។

បន្ទាប់មកមានអាចារ្យធ្វើពិធីសូត្រចងបាយសី (សម្រាប់អ្នកបាងកក មិនធ្វើពិធីនេះទេ) និងផ្ដល់ឱវាទដល់ប្ដីប្រពន្ធថ្មី តដោយពិធីចងដៃ (អំបោះស) ដល់គូស្វាមីភរិយាថ្មី (ឯអ្នកបាងកក មិនមានចងដៃទេ តែជំនួសដោយការចាក់ទឹកស័ង្ខវិញ) ជាការស្រេចចប់ពិធីការយ៉ាងងាយ ដោយមិនអស់លុយច្រើនសោះឡើយ។

ចំណែកឯភ្ញៀវកិត្តិយសចូលរួមស្រស់ស្រូបអាហារក៏ចប់តែម្ដង ដោយពិធីធ្វើសរុបមិនទាំងដល់២ម៉ោងផង។ ចំណែកឯអ្នកមានទ្រព្យធនគេក៏មានពិធីជប់លៀងបន្ថែមពេលល្ងាចនៅតាមផ្ទះ ឬនៅតាមហាង តាមលទ្ធភាពដូចខ្មែរយើងដែរ។

សរុបទៅពិធីការបែបថៃឃើញថាមានភាពសាមញ្ញណាស់ មិនមានពិធីច្រើនដូចខ្មែរយើងទេ។ មើលទៅម្យ៉ាងរបស់គេដែរ៕

ពិធីហែកូនកំឡោះ

ពិធីលាងជើងកូនកំឡោះ

ទឹកលាងជើង

ពិធីបាយសី

ពិធីចងដៃកូនកំឡោះក្រមុំ

_________________________________________________
អានផងដែរ
១. ពិធីផ្ដល់ទឹកស័ង្ខក្នុងទម្រង់អាវាហវិវាហមង្គលខ្មែរ
២. ពិធីរៀបការនៃជនជាតិលាវ
៣. សំបុត្ររៀបការដ៏សាមញ្ញរបស់ជនជាតិថៃ
៤. ទៅរួមពិធីរៀបការមិត្តរួមការងារ
៥. អាវាហមង្គលរបស់ជនជាតិភូមា

រូប​ចាស់​និទាន​ថ្មី​៖ ចិន​លក់​ពង​ទា ថ្ងៃសុក្រ 30 ខែមករា 2015

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
7 comments

ក្រុងភ្នំពេញកាលពីអតីតកាលមានការរៀបចំការរស់នៅរបស់ប្រជាជនក្រុងយ៉ាងមានរបៀបរៀបរយ ដោយបែងចែកជាសង្កាត់ៗ ទៅតាមជាតិសាសន៍នីមួយៗ ដូចជាខ្មែរបារាំងនិងចិនជាដើម។ល។ មុនប្រទេសខ្មែរធ្លាក់ចូលក្នុងសង្គ្រាមនាឆ្នាំ១៩៧០ ជនជាតិខ្មែរដើមកំណើតចិន មានរស់នៅយ៉ាងច្រើននៅទីក្រុងខ្មែរមួយនេះ និងឃើញមានវត្តមានជាពិសេសនៅតាមទីប្រជុំជន និងកន្លែងជួញដូរនានា។

ខាងក្រោមនេះ ជារូបនៃជនជាតិចិនលក់ពងទា មានទាំងសាប មានទាំងប្រៃ នៅទីផ្សារធំបំផុតមួយរបស់ក្រុងភ្នំពេញ គឺផ្សារធំថ្មីនេះឯង៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់មួក
៣. រូបចាស់និទានថ្មី៖ ចិនភ្នំពេញ
៤. រូបចាស់និទានថ្មី៖ ចិនលក់ស្លាម្លូ
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

រឿង​ងាយ​ៗ​ទាំង​១០ ដែល​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ ថ្ងៃ​ព្រហស្បតិ៍ 29 ខែមករា 2015

Posted by សុភ័ក្ត្រ in នយោបាយ, អំពីស្រុកខ្មែរ.
1 comment so far

ថ្ងៃ​នេះ (​២៩ មករា ២០១៥​) គេហ​ទំព័រ​ថ្មី​ៗ​បាន​ចុះ​ផ្សាយ​នូវ​អត្ថបទ​មួយ​របស់​​អ្នក​រតន​គិរី​ម្នាក់ ដែល​មាន​ចំណង​ជើង​ថា «​រឿង​​ងាយ​ៗ​​ទាំង​​១០​ ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ គួរ​​ធ្វើ​​បាន​»​។ បើ​តាម​លក្ខណៈ​វិធី​ផ្ទុយ​នោះ វា​ប្រហែល​ជា​ឆ្លុះ​បញ្ចាំង​ថា​រឿង​ងាយ​ៗ​ទាំង​១០​នោះ ទំនង​ជា​គណបក្ស​ប្រជាជន​កម្ពុជា មិន​បាន​ធ្វើ ឬ​ធ្វើ​មិន​បាន​ទេ ក្នុង​រយៈ​ពេល​កន្លង​មក​។ ហើយ​នេះ​ក៏​មិន​គួរ​ឆ្ងល់​ដែរ​ទេ​ថា ហេតុ​អ្វី​បាន​ជា​គណបក្ស​មួយ​នេះ​ចាញ់​ឆ្នោត​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣ កន្លង​មក​នេះ​។

ថា​តើ​រឿង​ងាយ​ៗ​ទាំង​១០ ដែល​គណបក្ស​នេះ​មិន​បាន​ធ្វើ​មាន​អ្វី​ខ្លះ​? ស្រែ​ខ្មុក​សូម​លើក​យក​អត្ថបទ​ដើម​ទាំង​ស្រុង​ដោយ​សរសេរ​ឡើង​វិញ​តាម​វិធី​ផ្ទុយ​ពី​អត្ថបទ​ដើម និង​សូម​អភ័យ​ទោស​ម្ចាស់​អត្ថបទ​​ផង​ដែរ​។ សូម​អរគុណ​!​

ទី​១​) មិន​បាន​រួម​គ្នា​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី​ជូន​ប្រជា​ពលរដ្ឋ​ឲ្យ​ចប់​ចុង​ចប់​ដើម​ទេ និង​កង្វះ​គោលការណ៍​គុណ​ធម៌ សច្ចធម៌ និង​យុត្តិធម៌​។ តែ​ផ្ទុយ​មក​វិញ បែ​ជា​ប្រើ​វិធី​ចាក់​រុក​បក្ស​ប្រឆាំង​ នាំ​ឲ្យ​ឈឺ​ក្បាល​វិល​មុខ​ទៅ​វិញ​។

ទី​២​) និយាយ​អសុរស​ជាមួយ​បក្ស​ប្រឆាំង​ជា​សាធារណៈ ដោយ​បង្ហាញ​ភាព​មាន​អំណាច ព្រម​ប្រើ​នយោបាយ​គំរាម​លើ​មន្ត្រី និង​អ្នក​គាំទ្រ​បក្ស​ប្រឆាំង ដោយ​ប្រើ​ប្រាស់​ការ​ចាយ​វាយ​លុយ​កាក់ ពេល​វេលា​ទៅ​ចាក់​រុក​បក្ស​ប្រឆាំង​ដើម្បី​ឲ្យ​រលាយ​ជា​ដើម​។

ទី​៣​) មិន​គោរព​ព្រះ​មហា​ក្សត្រិយ៍​ ថ្វាយ​បង្គំ ឲ្យ​អស់​ពី​ចិត្ត ធ្វើបុណ្យ ដាក់​ទាន ហែកថិន ជួយ​ទុរ្ភិក្ស​ជន ជួយមន្ទីរពេទ្យ​កុមារ​ជាតិ មន្ទីរពេទ្យគ​ន្ធ​​បុប្ផា​។ល។​

ទី​៤​) មិន​បាន​ដំឡើង​ប្រាក់​ខែ​គ្រូ​បង្រៀន​ឲ្យ​បាន​សមរម្យ​។ មិន​បាន​កាត់​បន្ថយ​ថវិកា​លើ​វិស័យ​កងទ័ព យក​មក​ឧបត្ថម្ភ​លើ​វិស័យ​អប់រំ​។

ទី​៥​) ស្រឡាញ់​ជន​ជាតិ​យួន ជាង​ស្រឡាញ់​ជន​ជាតិ​ខ្មែរ​ឯង ខ្លាច​រដ្ឋាភិបាល​យួន ជាង​ស្រឡាញ់​ជាតិ​ឯង​។ អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​មិន​បាន​ម៉ត់​ចត់ ធ្វើ​ឲ្យ​ព្រៃព្រឹក្សា អ្នក​តាវ​ល្ល៍ ត្រី​ក្នុង​ទន្លេ​បឹងបួរ បាត់​បង់​។

ទី​៦​) មិន​បាន​គិត​គូ​សុខមាលភាព​កម្មករ​ឲ្យ​បាន​ច្រើន​។ ប្រើ​ដំបង ប្រើ​កម្លាំង​បាយ​ទៅ​លើ​បាតុកម្ម ដែល​ប្រៀប​គ្រាន់​តែ​ជា​កូន​ក្មេង​យំ​ទារ​ចំណី​ប៉ុណ្ណោះ​។ មិន​ឧស្សាហ៍​ទៅ​ជួប​កម្មករ សួរ​សុខ​ទុក្ខ​។​ល។

ទី​៧​) មិន​ស្ដាប់​សម្ដី​ចេញ​ពី​មន្ត្រី​ចិត្ត​ស្មោះ​។ ស្ដាប់​តែ​សម្ដី​បញ្ចើច​បញ្ចើ​​។

ទី​៨​) មេ​ដឹក​នាំ​បក្ស​ប្រជាជន មិន​ឧស្សាហ៍​ទៅ​ជួប​មេ​ដឹក​នាំ​បក្ស​ប្រឆាំង ផឹក​កាហ្វេ លេងអុក ពិភាក្សា រឿង​ប្រទេសជាតិ​ជាមួយគ្នា​ទេ​។

ទី​៩​) មិន​បាន​គិត​គូរ​កង​ទ័ព​ឲ្យ​បាន​ល្អ​ជាង​ហ្នឹង​បន្តិច​។ ដី​រាប់​សិប​ម៉ឺន​ហិចតា​ឲ្យ​ទៅ​ឈ្មួញ​បាន តែ​មិន​ចែក​ឲ្យ​កង​ទ័ព​ធ្វើ​ស្រែ​ខ្លះ​។

ទី​១០​) មិន​បាន​យក​ចិត្ត​មន្ត្រី​រាជការ​​។

អាន​អត្ថបទ​៖ រឿង​​ងាយ​ៗ​​ទាំង​​១០​ ដែល​​គណបក្ស​​ប្រជាជន​​កម្ពុជា​​ គួរ​​ធ្វើ​​បាន

Repost: រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ទឹក​ប្រាក់ ថ្ងៃពុធ 28 ខែមករា 2015

Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย.
add a comment

នៅ​ក្នុង​ភាសា​ខ្មែរ លាវ​ និង​ថៃ ដែល​ជា​បង​ប្អូន​ជិត​ខាង​យើង​នេះ មាន​ពាក្យ​មួយ​ចំនួន​យើង​ប្រើ​ដូច​គ្នា តែ​ក៏​មាន​ពាក្យ​មួយ​ចំនួន ក៏​ប្រើ​ខុស​គ្នា​ដែរ។

ថ្ងៃ​នេះ​ខ្ញុំ​លើក​យក​ពាក្យ​ពីរ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ រវាង​ភាសា​ថៃ និង​ភាសា​ខ្មែរ​យើង​វិញ​ម្ដង។ លោក​អ្នក​ដឹង​ទេ ពាក្យ​ថា​ព័ណ៌​ទឹក​ប្រាក់ ឬ​ភាសា​បរទេស​ថា Silver នោះ ភាសា​ទាំង​ពីរ​នេះ​ប្រើ​ខុស​គ្នា​ទាំង​ស្រុង។

នៅ​ក្នុង​ភាសា​ខ្មែរ “ព័ណ៌​ទឹក​ប្រាក់” សំដៅ​លើ​ព័ណ៌​​ប្រផេះ​លាយ​ផ្សំ​នឹង​ព័ណ៌​ស ចំណែក​ឯ​នៅ​ក្នុង​ភាសា​ថៃ​វិញ​ពាក្យ​នេះ​នៅ​ក្នុង​ភាសា​ថៃ​គេ​ថា ស៊ីណាំងើន “สีน้ำเงิน” បើ​ប្រែ​ជា​ខ្មែរ​យើង​គឺ​ព័ណ៌​ទឹក​ប្រាក់​នេះ​ឯង តែ​ចំឡែក​អី​ស៊ីណាំងើន​មិន​មែន​ព័ណ៌​ប្រផេះ​ទេ ឬ​ព័ណ៌​ទឹក​ប្រាក់​ដូច​ខ្មែរ​យើង​នោះ​ទេ តែ​គឺ​ជា​ព័ណ៌​ខៀវ ឬ​ព័ណ៌​ទឹក​ប៊ិច ត្រូវ​នឹង​ភាសា​បរទេស​ថា Blue ឯ​ណា​ឯ​ណុះ​ទៅ​វិញ៕

___________________________________________________
អាន​ផង​ដែរ
១. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ចម្ប៉ា និង​ចំប៉ី
២. រៀន​ពាក្យ៖ តើ​អ្នក​ដឹង​ទេ? ព័ណ៌​ខៀវ

ខួប​ឆ្នាំ​ទី​៧០ សោយ​ព្រះ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស ថ្ងៃអង្គារ 27 ខែមករា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ.
4 comments

ថ្ងៃ​ទី​២៧ ខែ​មករា ឆ្នាំ​២០១៥ នេះ គឺ​ជា​ថ្ងៃ​ខួប​សោយ​ព្រះ​ទិវង្គត​គម្រប់​៧០​ឆ្នាំ​គត់ នៃ​សម្ដេច​ក្រុម​ព្រះ​ នរោត្ដម សុធារស ព្រះ​រាជ​អយ្យកោ​ផ្ទាល់​នៃ​ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​​។ ព្រះ​អង្គ​ជា​ព្រះរាជ​បុត្រា​នៃ​​ព្រះ​បាទ​សម្ដេច​ព្រះ ​នរោត្តម ​បរម​រាមា​ទេវាវតារ ព្រះ​ចៅ​ក្រុង​កម្ពុជា​ធិបតី​ នឹង​ចៅ​ចម​មាតា​ អៀម បុស្បា។ ក្រោយ​មក​ព្រះ​អង្គ​ត្រូវ​បាន​ស្ថាបនា​ព្រះ​យស​ឡើង​ជា «សម្ដេច​​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណឫទ្ធិ»

ទ្រង់​រៀប​អភិសេក​ជាមួយ​សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី​ ផង៉ា និង​មាន​ព្រះ​ឱរស​ ព្រះ​ធិតា​រួម​ព្រះ​អង្គ សរុប​៦​ព្រះ​អង្គ ក្នុង​នោះ គឺ ព្រះករុណា ព្រះបាទ នរោត្ដម សុរាម្រឹត និង​ ព្រះ​អង្គ​ម្ចាស់​ក្សត្រី​យ៍ នរោត្ដម រស្មី​សោភ័ណ ផង​ដែរ​។

ការ​សោយទិវង្គត

សម្ដេច​ព្រះ​រាជ​អយ្យកោ ទ្រង់​ព្រះ​ប្រឈួន​ដោយ​ព្រះ​រោគ​ជរាភាព​មក​ជា​វេលា​យូរ អាការ​ព្រះ​រោគ​ជួន​ធ្ងន់​ជួន​ស្រាល ហើយ​ត​មក​មិន​យូរ​ប៉ុន្មាន សម្ដេច​ព្រះ​រាជ​អយ្យិកា ជា​ព្រះ​អគ្គ​ជាយា​ទ្រង់​ព្រះ​ប្រឈួន​ជា​ទម្ងន់ ហើយ​ទ្រង់​ព្រះ​វិលាល័យ​ទៅ​មុន។ ត​អំពី​នោះ​មក អាការ​ព្រះ​រោគ​សម្ដេច​ព្រះ​រាជ​អយ្យកោ​ចួន​ធ្ងន់​ចួន​ស្រាល​មិន​ជា​ទី​កំណត់ លុះ​មក​ដល់​ថ្ងៃ ៧ ᧮ ៣ ឆ្នាំ​រការ​សប្ត​ស័ក ពុទ្ធ​សករាជ ២៤៨៨ (​តាម​ប្រក្រតិទិន​ថ្មី​) ទ្រង់​សោយ​ទិវង្គត​ដោយ​ព្រះ​រោគ​ជរាភាព ក្នុង​កំណត់​ព្រះ​ជន្មាយុ ៧៣ ព្រះ​វស្សា ត្រូវ​នឹង​ថ្ងៃ​ឲ ២៧ ខែ យ៉ាំងវិយេរ​ឆ្នាំ ១៩៤៥ វេលា​ម៉ោង ១៨ នឹង ១០ មីនុត។

ដំណឹង​សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​រាជ​អយ្យកោ​នេះ នាំ​ឲ្យ​កើត​វិយោគ​សៅសោក​ជា​យ៉ាង​ក្រៃលែង ចំពោះ​ដល់​ព្រះ​រាជ​វង្សា​នុវង្ស​ព្រម​ទាំង​នាហ្មឺន​សព្វ​មុខ​មន្រ្តី​ធំ – តូច ទាំង​ពួង ដរាប​ដល់​ប្រជាជន​ក្នុង​កម្ពុជ​រដ្ឋ​ទាំង​មូល។ តាម​ដោយ​ពិត នៅ​ក្រុង​ភ្នំពេញ​ទើប​តែ​ទទួល​វិប្បយោគ​ទុក្ខ​ថ្មី ៗ មិន​ទាន់​ជា​ស្រាក​ស្រាល​ស្រយាល​ចិត្ត ដោយ​សម្ដេច​ព្រះ​រាជ​អយ្យកា សោយ​ព្រះ​វិលាល័យ​ទៅ​ថ្មី ៗ រវាង​ពីរ​បី​ខែ​មុន​នេះ​ស្រាប់​តែ​មក​ពើបពះ​ប្រទះ​លើ​ទុក្ខ​ថ្មី​នេះ​ថែម​ទៀត។ នៅ​វេលា​មុន​សោយ​ព្រះ​ទិវង្គត​នោះ អាការ​ព្រះ​រោគ​មិន​ជា​ធ្ងន់​ប៉ុន្មាន​ទេ ហេតុ​នេះ​បាន​ជា​នៅ​វេលា​សោយ​ទិវង្គត ហាក់​ដូច​ជា​ទ្រង់​មិន​បាន​សោយ​ទុក្ខ​វេទនា​ឡើយ មាន​ព្រះ​ដំណើរ​ដោយ​ស្រួល​ល្អ ទាំង​នេះ​ដោយ​ព្រះ​រាជ​កុសល​បុញ្ញរាសី ដែល​ទ្រង់​បាន​អបរម្យ​មក​ជា​អនេក​ប្រការ ជួយ​ឧបត្ថម្ភ​ឲ្យ​ទ្រង់​មាន​ព្រះ​រាជ​ដំណើរ​យាង​ទៅ​កាន់​បរលោក​នាយ ដោយ​ក្សេមក្សាន្ត​សម្រាន្ត​ព្រះ​ហ្ឫទ័យ។

ក្រសួង​ពុទ្ធ​សាសន​បណ្ឌិត្យ​ដែល​មាន​ទ្រង់​ជា​អធិបតី សូម​បង្អោន​កាយ – វាចា – ចិត្ត ចូល​កាន់​មរណ​សញ្ញា​ដោយ​សេចក្ដី​គោរព ចំពោះ​ព្រះ​សព​ទ្រង់​ព្រម​ទាំង​នឹក​រលឹក​ឃើញ ព្រះ​ឧបការ​គុណ​របស់​ទ្រង់ យ៉ាង​ជាក់​ច្បាស់ ទើប​ថ្វាយ​សៀវភៅ​ផ្សេង ៗ ដែល​ទ្រង់​បាន​និពន្ធ​មាន​ចំនួន​ជាង ១ ពាន់​សៀវភៅ ជា​អំណោយ​របស់​ក្រសួង​ដោយ​សេចក្ដី​គោរព សម្រាប់​ចែក​ជា​ធម្ម​បណ្ណាការ ថ្វាយ​ព្រះ​រាជ​កុសល​ក្នុង​ឱកាស​បុណ្យ​ព្រះ​មេរុ ពី​ថ្ងៃ ២ ដល់​ថ្ងៃ ៩ រោច​ខែ​មាឃ ព. ស. ២៤៨៨ ត្រូវ​នឹង​ថ្ងៃ អង្គារ ៣០ យ៉ាំងវិយេរ ដល់​ថ្ងៃ​អង្គារ ៦ ហ្វេវរិយេរ ឆ្នាំ ១៩៤៥។

សូម​អាន​ជីវ​ប្រវត្តិ​លម្អិត​របស់​ទ្រង់ «ចុច​ទី​នេះ»។

_____________________________________________________
អាន​ផង​ដែរ​
១. គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ
២. សម្ដេច​ព្រះ​រាជ​អយ្យិកា ខត្តិយ​កល្យាណ៍​រាជ​សុតាភគវតី នរោត្ដម ផង៉ាង៉ាម
៣. ខួប​ឆ្នាំ​ទី​១៤៥ ប្រសួត​នៃ​​សម្ដេច​ព្រះ​រាជ​អយ្យកោ វរ​ចក្រ​រណ​ឫទ្ធិ នរោត្ដម សុធារស

ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៤ ថ្ងៃចន្ទ 26 ខែមករា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
12 comments

ពេញមួយឆ្នាំ២០១៤នេះ ប្លក់នេះមានសរុបចំនួនចូលទស្សនា៧៧.២៨៩ ដង (ធ្លាក់ចុះ១២.៣២២ ដង) ហើយដែលជាមធ្យមមានចំនួនប្រមាណ២១២ដងក្នុងមួយថ្ងៃ (ធ្លាក់ចុះ៣៤ដង)។

អ្វីដែលកត់សម្គាល់នេះគឺថា ប្លក់នេះមានប្រភពចូលទស្សនាជាច្រើនរហូតដល់ទៅ១៤៥ប្រទេសឯណោះ (កើនឡើងចំនួន១២ប្រទេស) ក្នុងនោះប្រទេសកម្ពុជា (៥៤,៧ %) ឈានលំដាប់មុខគេក្នុងការចូលបើកមើល។ បន្ទាប់មកគឺសហរដ្ឋអាមេរិក (១៦,២ %), ថៃឡង់ដ៍ (៨,៥ %), វៀតណាម (៥,០ %), បារាំង (៣,០ %), អូស្ត្រាលី (១,៩ %), សាធារណរដ្ឋកូរ៉េ (១,៤ %), កាណាដា (១,៣ %), ជប៉ុន (១,២ %) និងតៃវ៉ាន់ (០,៩ %)។

ជាបន្តទៅទៀតនេះ ខ្ញុំសូមលើកប្រទេស១០ ដែលឈានមុខគេក្នុងការចូលទស្សនាប្លក់នេះ៖

ដោយឡែកចំពោះសហរដ្ឋអាមេរិកវិញមានរដ្ឋចំនួន៥២ (ដដែល) ដែលបានមកបើកមើល និងកាលីហ្វ័រញ៉ា (រក្សាតំណែងចាស់) មានចំនួនបើកមើលច្រើនជាងគេ ហើយរដ្ឋដែលតិចជាងគេ គឺអាឡាស្កា។ ចំណែកឯកាណាដាវិញមាន៨រដ្ឋ (ដដែល)។

ចំពោះប្រទេសដែលនៅខាងក្រោមគេវិញគឺប្រទេសអង់ទីហ្គួ និងបារប៊ូដា ដែលមានស្ថិតិមើលចុងក្រោយបំផុតចំនួន១ដងគឺកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០០៩។ ក្រៅពីនេះ នៅមានប្រភពបើកមើលដែលមិនដឹងអត្តសញ្ញាចំនួន៤ទីតាំងទៀត៕

_________________________________________________________
អានផងដែរ
១. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ខ្ញុំ
២. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១២
៣. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៣
៤. 2014 in review៖ វើដប្រេស្សសង្ខេបប្លក់ឆ្នាំ២០១៤
៥. សង្ខេបព្រឹត្តិការណ៍ឆ្នាំ២០១៤ ក្នុងប្លក់សុភ័ក្ត្រ (ស្រែខ្មុក)
៦. សរុបចំនួនចូលទស្សនាប្រចាំខែនីមួយៗនៃឆ្នាំ២០១៤
៧. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៥
៨. ថប់ថេន ប្រទេសដែលបានបើកមើលប្លក់ស្រែខ្មុក ឆ្នាំ២០១៦
៩. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៧
១០. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៨
១១. ថប់​ថេន ប្រទេស​ដែល​បាន​បើក​មើល​ប្លក់​ស្រែ​ខ្មុក ឆ្នាំ​២០១៩

រួម​គ្នា​បរិច្ចាគ​ថវិកា​ដល់​គ្រួសារ​អ្នក​ដែល​ផ្ដល់​កម្សាន្ត​អាម្មណ៍​យើង​គ្រប់​ៗ​គ្នា​គ្រប់ពេល​ដែល​យើង​ត្រូវ​ការ​! ថ្ងៃអាទិត្យ 25 ខែមករា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ, ພາສາລາວ.
1 comment so far

បុត្រា​បង្កើត​របស់​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត លោក ស៊ិន ច័ន្ទឆាយា ទើប​តែ​បាន​ទទួល​មរណភាព​ជិត​៧​ថ្ងៃ​ហើយ​។ តាម​រូប​ភាព​នានា ធ្វើ​ឲ្យ​យើង​នឹក​ឃើញ​ស្រណោះ​នូវ​ជីវភាព​របស់​ក្រុម​គ្រួសារ​​អតីត​អធិរាជ​សំឡេង​មាស ដែល​ប្រជាជន​ខ្មែរ​ផ្ដល់​ឃើញ​ថា មិន​ស័ក្ដិសម​ទៅ​នឹង​កិត្តិនាម ព្រម​ទាំង​សេចក្ដី​សុខ​ផ្នែក​អារម្មណ៍​ដែល​លោក បាន​ផ្ដល់​ដល់​ប្រជារាស្ត្រ​ខ្មែរ​សោះ​ឡើយ​។

ដើម្បី​ជា​ការ​លើក​ទឹក​ចិត្ត ព្រម​ទាំង​ចូល​រួម​ចំណែក ឬ​យ៉ាង​ហោច​ណាស់​គិត​ថា​យើង​បាន​ចែក​រំលែក​នឹង​ការ​កម្សាន្ត​អារម្មណ៍​របស់​យើង​ជាមួយ​នឹង​បទ​ភ្លេង​លោក ស៊ីន ស៊ីសាមុត ដែល​យើង​ត្រូវ​ការស្ដាប់​គ្រប់​ពេល​ដែល​យើង​ចង់​រាប់​ឆ្នាំ​មក​ហើយ​នោះ យើង​គួរ​នាំ​គ្នា​បរិច្ចាគ​ថវិកា​ខ្លះ​ៗ​ដល់​ក្រុម​គ្រួសារ​របស់​លោក ស៊ីន ស៊ីសាមុត ​។ បើ​រំពឹង​ក្រុមហ៊ុន​នានា​ដែល​រក​ស៊ី​មាន​បាន​នឹង​បទ​ចម្រៀង​លោក​នោះ ប្រហែល​មិន​មាន​ថ្ងៃ​ទេ​។

លោក​អ្នក​អាច​បរិច្ចាគ​ទៅ​លោក​ស្រី ខាវ ថងញ៉ុត ដែល​ជា​ប្រពន្ធ​របស់​លោក ស៊ីន ស៊ីសាមុត និង​ជា​ម្ដាយ​បង្កើត​របស់​លោក ស៊ិន ច័ន្ទឆាយា ​តាម​រយៈ​បញ្ជី​ធនាគារ​របស់​លោក​ស្រី​ដូច​ត​ទៅ​នេះ​៖

ធនាគារអេស៊ីលីដា
ឈ្មោះគណនី Khav Thangnhut
លេខគណនី 19000163190516
សាខាខេត្តស្ទឹងត្រែង

វីដេអូ​បទ​សម្ភាស​របស់​លោក​ស្រី នៅ​ខេត្ត​ស្ទឹង​ត្រែង

ជុំ​វិញ​មរណភាព​លោក ស៊ីន ច័ន្ទឆាយា

___________________________________________
អាន​ផង​ដែរ​
១. លោក ស៊ីន ច័ន្ទឆាយា ទទួល​មរណភាព
២. មូលហេតុ​គួរ​ឲ្យ​សង្វេគ២ ក្រុម​គ្រួសារ​ចាត់​ទុក​ជា​មូលហេតុ​ស្លាប់​កូន​ប្រុស ស៊ីន ស៊ីសាមុត

%d bloggers like this: