jump to navigation

១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម ថ្ងៃអាទិត្យ 1 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, វីដេអូ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីសុភ័ក្ត្រ.
6 comments

ថ្ងៃ​នេះ មាន​រយៈ​ពេល​២​ឆ្នាំ​គត់ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត គឺ​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ដង្ហែ​ព្រះ​បរម​សព នៃ​ព្រះ​មហា​វីរក្សត្រិយ៍ ដ៏​ជា​ទី​ស្រឡាញ់​លើស​លន់​នៃ​ពួង​ប្រជា​ខេមរា​។

ចាប់​តាំង​ពី​ថ្ងៃ​ព្រះ​អង្គ​សុវណ្ណគត រហូត​មក​ដល់​ថ្ងៃ​ធ្វើ​បុណ្យ​ព្រះ​មេរុ ប្រជា​រាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់​ទិស​ទី​មក​មិន​អាក់ មក​ចូល​រួម​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​​អង្គ ដោយ​ម្នាក់​ៗ​មាន​ចិត្ត​រន្ធត់ ស្ទើរ​មិន​ចង់​ជឿ​ថា​ព្រះ​មហា​វីរក្សត្រិយ៍​របស់​ពួក​គេ​បាន​លា​ចាក​ចោល​​ពួក​គេ​នោះ​។ អ្នក​ខ្លះ​ពោល​រហូត​បើ​អាច​ប្ដួរ​ជីវ៉ា​របស់​ពួក​គេ​ជាមួយ​នឹង​ព្រះ​មហា​វីរ​ក្សត្រិយ៍​គេ​នឹង​ធ្វើ​ភ្លាម​។

ព្រលឹម​ស្រាង​ៗ​ព្រឹក​ថ្ងៃ​សុក្រ ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៣ ប្រជា​រាស្ត្រ​ខ្មែរ​បាន​មក​ចូល​រួម​ជូន​ដំណើរ​ព្រះ​មហា​វីរ​ក្សត្រិយ៍​ជា​លើក​ចុង​ក្រោយ មុន​នឹង​ព្រះ​អគ្គី​រំលាយ​រូប​កាយ​ព្រះ​អង្គ ក្នុង​ព្រះ​រាជ​ពិធី​នេះ​។ ដូច​គ្នា​នឹង​ប្រជា​រាស្ត្រ​ព្រះ​អង្គ​ឯ​ទៀត​ៗ​ដែរ រូប​ខ្ញុំ​ដែល​មាន​ស្វាមី​ភ័ក្តិ​យ៉ាង​ជ្រាល​ជ្រៅ​បំផុត​ចំពោះ​ព្រះ​អង្គ​ក៏​បាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិ​សាស្ត្រ​មួយ​ដែរ​។

បើ​ទោះ​បី​ជា​ខ្ញុំ​មិន​មាន​ប័ណ្ណ​ជា​ផ្លូវ​ការ​ក៏​ដោយ ដោយ​សារ​ភាព​តាំង​ចិត្ត និង​ភ័ព្វ​ព្រេង​ដែល​ខ្ញុំ​បាន​សាង​ចំពោះ​ព្រះ​មហា​វីរ​ក្សត្រិយ៍ ខ្ញុំ​មាន​ឱកាស​បាន​ចូល​រួម​ពិធី​រហូត​ដល់​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ ដែល​​នា​ថ្ងៃ​នោះ​ប្រជា​រាស្ត្រ​ទូទៅ​មិន​បាន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ដល់​ខាង​មុខ​ព្រះ​បរម​រាជ​វាំង​ទេ​ ដោយ​ហេតុ​ផល​សុវត្ថិភាព​។

ថ្ងៃ​នោះ ខ្ញុំ​បាន​ក្រាប​សំពះ​ព្រះ​បរម​សព​ដែល​កំពុង​យាង​តាំង​ពី​លើ​រាជ​រថ​ ដោយ​ផ្ទាល់​ជា​លើក​ទី​១ ក្រោម​សំឡេង​កាំភ្លើង​ធំ​កំពុង​បាញ់​ថ្វាយ​ជា​ព្រះ​កិត្តិយស​យ៉ាង​កង​រំពង លាន់​ឮ​អស់​ដល់​ពពួក​ជនានុជន និង​ទេវតា​ផង​ទាំង​ពួង​ថា ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​សព នៃ​​ទេវ​រាជា​ចុង​ក្រោយ​របស់​ខ្មែរ​កំពុង​ត្រូវ​បាន​ចាប់​ផ្ដើម​ហើយ​។

ខ្ញុំ​បាន​នៅ​ចូល​រួម និង​ថត​ផ្ដិត​យក​រូប​ភាព​នៃ​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ រហូត​ដល់​ព្រះ​រាជ​ពិធី​ដង្ហែ​​មក​ដល់​ទី​ព្រះ​បរម​មេរុ ដែល​ជា​ទី​តម្កល់​ព្រះ​បរម​សព​របស់​ព្រះ​អង្គ​សម្រាប់​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​នោះ​។ សម្រាប់​រយៈ​ពេល​២​ឆ្នាំ​បាន​កន្លង​ទៅ​មែន តែ​ទិដ្ឋភាព​នា​ថ្ងៃ​នោះ ហាក់​នៅ​ស្រស់​ៗ​ជាប់​នឹង​ភ្នែក​មិន​អាច​បំភ្លេច​បាន​។ ហើយ​ខ្ញុំ​តែង​តែ​និយាយ​ក្នុង​ចិត្ត​ថា ពិត​ជា​ភ័ព្វ​បុណ្យ​របស់​ខ្ញុំ​ណាស់ ដែល​បាន​ចូល​រួម​ព្រះ​រាជ​ពិធី​នេះ និង​រួម​ដង្ហែ​ព្រះ​មហា​វីរ​ក្សត្រិយ៍​​ឆ្ពោះ​សុវណ្ណ​សួគ៌ាល័យ​៕

________________________________________________
អាន​ផង​ដែរ
១. ​កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២​. បាន​ទៅ​គោរព​ព្រះ​បរម​សព
៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៤. រំឭក​ថ្ងៃ​០១​ កុម្ភៈ ឆ្នាំ​មុន
៥. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៦. ៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម

%d bloggers like this: