jump to navigation

៤ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ទៀត​​ដែល​ខ្ញុំ​បាន​ចូល​រួម ថ្ងៃពុធ 4 ខែ​កុម្ភៈ 2015

Posted by សុភ័ក្ត្រ in ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង, វីដេអូ, សោយ​ទិវង្គត​នៃ​សម្ដេច​ព្រះ​មហា​វីរ​ក្ស័ត្រិយ៍, អំពីសុភ័ក្ត្រ.
10 comments

ថ្ងៃ​នេះ មាន​រយៈ​ពេល​២​ឆ្នាំ​គត់ ថ្ងៃ​​ទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៣ គឺ​​​កាល​ពី​ពីរ​ឆ្នាំ​មុន គឺ​ជា​ថ្ងៃ​កំណត់​ថ្វាយ​ព្រះ​ភ្លើង ព្រះ​បរម​សព​ព្រះ​ករុណា​ព្រះ​បាទ​សម្ដេច​ព្រះ​មហា​វីរ​ក្សត្រិយ៍ ព្រះ​បរម​រតន​កោដ្ឋ ដ៏​ជា​ទី​ស្រឡាញ់​លើស​លន់​នៃ​ពួង​ប្រជា​ខេមរា​ និង​ដែល​ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ថ្មី​មួយ​ទៀត​នៃ​ព្រះ​នគរ​ខ្មែរ​។

ចាប់​តាំង​ពី​ថ្ងៃ​ព្រះ​អង្គ​សុវណ្ណគត រហូត​មក​ដល់​ថ្ងៃ​ធ្វើ​បុណ្យ​ព្រះ​មេរុ ប្រជា​រាស្ត្រ​គ្រប់​ស្រទាប់​វណ្ណៈ និង​គ្រប់​ទិស​ទី​មក​មិន​អាក់ មក​ចូល​រួម​ធ្វើ​បុណ្យ​ថ្វាយ​ព្រះ​​អង្គ ដោយ​ម្នាក់​ៗ​មាន​ចិត្ត​រន្ធត់ ស្ទើរ​មិន​ចង់​ជឿ​ថា​ព្រះ​មហា​វីរក្សត្រិយ៍​របស់​ពួក​គេ​បាន​លា​ចាក​ចោល​​ពួក​គេ​នោះ​។ អ្នក​ខ្លះ​ពោល​រហូត​បើ​អាច​ប្ដួរ​ជីវ៉ា​របស់​ពួក​គេ​ជាមួយ​នឹង​ព្រះ​មហា​វីរ​ក្សត្រិយ៍​គេ​នឹង​ធ្វើ​ភ្លាម​។

រាប់​ថា​ជា​មហា​បុណ្យ​ខ្ញុំ​មួយ​ទៀត បន្ទាប់​ពី​ថ្ងៃ​ដង្ហែ​ព្រះ​បរម​សព និង​ថ្ងៃ​បាន​ចូល​គោរព​ព្រះ​បរម​សព ខ្ញុំ​ក៏​បាន​ចូល​រួម​យ៉ាង​ជិត​បំផុត គឺ​នៅ​ខាង​មុខ​នៃ​ខ្លោង​ទ្វារ​ចូល​នៃ​ព្រះ​បរម​មេរុ ខណៈ​ដែល​ពលរដ្ឋ​សាមញ្ញ​ជា​ច្រើន​ទៀត ត្រូវ​បាន​រាជការ​មិន​អនុញ្ញាត​ឲ្យ​ចូល​បាន​ទេ ក្នុង​ហេតុ​ផល​សន្តិសុខ​។

ការ​ដែល​ខ្ញុំ​បាន​ចូល​ទៅ​ក្នុង​ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ ក៏​ខ្ញុំ​មិន​ភ្លេច​អរគុណ​ដល់​បង​ប្អូន​អ្នក​ប្លក់​យើង​ម្នាក់​នៅ​ទី​នេះ​ផង​ដែរ (ដោយ​សូម​មិន​បញ្ចេញ​ឈ្មោះ​គាត់​ចុះ​) ដែល​ខ្ញុំ​បាន​ទៅ​ជាមួយ​គាត់​តាំង​ពី​ថ្ងៃ​ត្រង់​មក ដ្បិត​គឺ​គាត់​នេះ​ហើយ​ដែល​មាន​ស្លាក (ចេញ​ដោយ​ក្រសួង​ព័ត៌មាន​) សម្រាប់​អ្នក​កាសែត និង​អ្នក​ថត​រូប​ចូល ឬ​គេ​ហៅ​ថា ផាស្ស នោះ​។ តាម​ពិត​រូប​នៅ​នឹង​ផាស្ស​នោះ មិន​មែន​ខ្ញុំ​ទេ ពាក់​បន្លំ​បង​ៗ​សន្តិសុខ 🙂 រាប់​ថា​សំណាង ឬ​ផល​បុណ្យ​ប្រសើរ​ជាង​ដែល​បង​ៗ​សន្តិសុខ​ទាំង​នោះ ឲ្យ​ចូល​បាន​ដែរ​។

ក្រោម​កម្ដៅ​នៃ​ព្រះ​ទិនករ​ដ៏​មហិមា​នា​ថ្ងៃ​នោះ តែ​មិន​អាច​ជម្នះ​ទឹក​ចិត្ត​រាស្ត្រ​ខ្មែរ​ដែរ​ចង់​ចូល​រួម​យ៉ាង​ជិត​ទៅ​ក្នុង​ព្រះ​រាជ​ពិធី​នេះ​ទេ​។ មាន​បង​ប្អូន​ខ្មែរ​យើង​ ជា​ពិសេស​អ្នក​មក​ពី​តាម​ខេត្ត​ពួក​គាត់​នៅ​តាម​ផ្លូវ​ព្រះ​ស៊ីសុវត្ថិ ក្នុង​បំណង​សូម​អង្គុយ​តាម​ជញ្ជាំង​ផ្ទះ ក៏​ត្រូវ​សន្តិសុខ​ដេញ​ចេញ​ទាល់​តែ​អស់​មែន​។ ថ្ងៃ​នោះ ក៏​ដូច​ជា​ថ្ងៃ​ទី​១ ខែ​កុម្ភៈ (ថ្ងៃ​ដង្ហែ) ដែរ គឺ​តឹង​រឹង​មែន​ទេ​។ ខ្ញុំ​ហាក់​អាណិត​បង​ប្អូន​ទាំង​នោះ​ណាស់ ហើយ​ក្នុង​ខ្លួន​ខ្ញុំ​វិញ ក៏​បុក​ពោះ​មិន​ស្ទើរ​ដែរ ដ្បិត​ផាស្ស​ដែល​ខ្ញុំ​ពាក់​ក៏​មិន​មែន​របស់​ខ្ញុំ​ទៀត​។ មាន​សន្តិសុខ​ខ្លះ​ក៏​គាត់​ចាប់​ពិនិត្យ​មើល​អ្នក​ដទៃ​ទៀត​ដែល​ពាក់​ផាស្ស​នេះ​ដែរ ខ្ញុំ​ឃើញ​។

ថ្ងៃ​នោះ បើ​ទោះ​បី​ជា​អ្នក​ថត​រូប និង​អ្នក​កាសែត​ដែល​មាន​ប័ណ្ណ​ចូល​ក៏​ពិត​មែន​តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ស្រួល​ប៉ុន្មាន​ដែរ ម្ដង​ជា​ពីរ​ដង ត្រូវ​បាន​កង​រាជ​តម្រួត​ដេញ​ចេញ​ពី​ខាង​មុខ​ខ្លោង​ទ្វារ​ព្រះ​បរម​មេរុ ចេញ​ទៅ​ខាង​ក្រៅ រួច​ទើប​ឲ្យ​ត្រឡប់​ចូល​វិញ (បំណង​បញ្ជៀស​អ្នក​បន្លំ​ខ្លួន និង​ប្រជា​ពលរដ្ឋ​ដែល​ឃើញ​អ្នក​កាសែត​ចូល​បាន​)​។

ខ្ញុំ​បាន​នៅ​ខាង​មុខ​ខ្លោង​ទ្វារ​ព្រះ​បរម​មេរុ​នេះ រួម​ជាមួយ​និង​សារព័ត៌មាន​ជា​ច្រើន​រូប​ទៀត គ្រប់​ជាតិ​សាសន៍ រហូត​ដល់​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ចាប់​ផ្ដើម និង​បញ្ចប់ ក្រោម​រូប​ភាព​សោក​សៅ​យ៉ាង​ខ្លាំង​ជាមួយ​ប្រជារាស្ត្រ​ខ្មែរ​ឯ​ទៀត រហូត​ដល់​បញ្ចប់ ពេល​ត្រឡប់​មក​វិញ ដើរ​កាត់​មុខ​ព្រះទីន័ង​ច័ន្ទ្រ​ឆាយា ទើប​ខ្ញុំ​ឃើញ​បង​ប្អូន​ខ្មែរ​យើង​រាប់​ពាន់​ម៉ឺន​នាក់​អង្គុយ​មុខ​សួន ដែល​រាជការ​ទើប​បាន​អនុញ្ញាត​ឲ្យ​ចូល ក្រោយ​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​។

ថ្ងៃ​នោះ ប្រសិន​បើ​អ្នក​បាន​ចូល​រួម​ដោយ​ផ្ទាល់​ភ្នែក​ដូច​ខ្ញុំ​ដែរ​នោះ នោះ​ទឹក​ចិត្ត​របស់​អ្នក​ប្រាកដ​ជា​រំភើប និង​ចេញ​ទឹក​ភ្នែក​ដោយ​មិន​ដឹង​ខ្លួន ពី​ស្វាមី​ភ័ក្តិ​របស់​ប្រជារាស្ត្រ​ខ្មែរ ចំពោះ​អង្គ​ព្រះ​មហា​វីរ​ក្សត្រិយ៍​នៃ​យើង​។ សូម​ដួង​ព្រះ​វិញ្ញាណ​ព្រះ​អង្គ​សោយ​តែ​សុគតិ​កុំ​បី​ឃ្លាត​តាម​ព្រះ​រាជ​បំណង​នៃ​ព្រះ​អង្គ​ហោង​៕៚

________________________________________________
អាន​ផង​ដែរ
១. ​កំណត់​ព្រះ​រាជ​កម្មវិធី​នៃ​ព្រះ​រាជ​ពិធី​រំកិល ដង្ហែ និង​ថ្វាយ​ព្រះ​ភ្លើង ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
២​. បាន​ទៅ​គោរព​ព្រះ​បរម​សព
៣. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៤. រំឭក​ថ្ងៃ​០១​ កុម្ភៈ ឆ្នាំ​មុន
៥. រំឭក​ថ្ងៃ​០៤​ កុម្ភៈ ឆ្នាំ​មុន
៦. ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
៧. ១ កុម្ភៈ ឆ្នាំ​២០១៣ ព្រះ​រាជ​ពិធី​ជា​ប្រវត្តិសាស្ត្រ​មួយ​ដែល​ខ្ញុំ​បាន​ចូល​រួម

%d bloggers like this: