jump to navigation

ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​ថៃ ថ្ងៃ​ព្រហស្បតិ៍ 12 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
26 comments

ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលុង្ករណ៍ ព្រះ​ចុលចមក្លៅ​ចៅ​យូ​ហួ ជា​ព្រះ​មហា​ក្សត្រិយ៍​សៀម អង្គ​ទី​៥ ឬ​រជ្ជកាល​ទី​៥ ឬ​ត្រូវ​បាន​គេ​ស្គាល់​ជា​ទូទៅ​ថា​ រាមា​ទី​៥ នៃ​រាជ​វង្ស​ចក្រី​។

ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៥

ព្រះ​រាជ​ជីវ​ប្រវត្តិ

ព្រះ​អង្គ​ប្រសូត​នៅ​ថ្ងៃ​អង្គារ ខែ​ភទ្របទ ៣​រោច ឆ្នាំ​ឆ្លូវ ព.ស.​២៣៩៦ ត្រូវ​នឹង​ថ្ងៃ​ទី​២០ ខែ​កញ្ញា គ.ស.​១៨៥៣​។ ព្រះ​អង្គ​ជា​ព្រះ​រាជ​បុត្រ​ទី​៩ នៃ​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ និង​ជា​ព្រះ​រាជ​បុត្រ​ច្បង​នៃ​សម្ដេច​ព្រះ​ទេព​ឝិរិន្ទ្រា​បរម​រាជិនី​។

គ្រង​រាជ​សម្បត្តិ

ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ្យ​សម្បត្តិ​នា​ថ្ងៃ​ព្រហស្បតិ៍ ខែ​អស្សុជ ១៥​កើត ឆ្នាំ​រោង ព.ស.​២៤១១ (​គ.ស.​១៨៦៨​) ដោយ​គ្រង​រាជ្យ​បាន​៤២​ឆ្នាំ និង​២២​ថ្ងៃ​។

ព្រះ​នាម​ពេញ

បរម​រាជាភិសេក​គ្រា​ទី​១

នៅ​គ្រា​ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ស្ដេច​សុវណ្ណគត​ទៅ បណ្ដា​ក្រុម​មន្ត្រី ព្រះ​រាជ​វង្សានុវង្ស និង​មន្ត្រី​សង្ឃ​ថៃ​បាន​សម្រេច​ជ្រើស​តាំង​សម្ដេច​ព្រះ​ចៅ​លូក​យ៉ា​ធើ ចៅ​ហ្វា​ចុឡាលុងករណ៍ ក្រុម​ឃុន​ពិនិត​ប្រជានាថ ដែល​ជា​ព្រះ​រាជ​បុត្រ​ឡើង​គ្រង​រាជ្យ​ជា​ស្ដេច​ផែន​ដី​បន្ត​ពី​ព្រះ​រាជ​បិតា​។ ដោយ​នៅ​ខណៈ​នោះ​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​ត្រឹម​១៥​វស្សា ហេតុ​ដូច​នោះ​ក៏​មាន​ការ​តែង​តាំង​សម្ដេច​ចៅ​ពញា​បរម​មហា​ស្រី​សុរិយវង្ស (ជួង បុននាគ​) ជា​អ្នក​សម្រេច​រាជការ​ជំនួស​ព្រះ​អង្គ រហូត​ដល់​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់​២០​វស្សា​។ ព្រះ​អង្គ​ត្រូវ​បាន​ប្រកប​ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ជា​លើក​ទី​១ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​១៨៦៨ ដោយ​មាន​ព្រះ​នាម​ថា «​ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាលុង​ករណ៍ ព្រះ​ចុឡាលុងករណ៍​ក្លៅ​ចៅ​យូ​ហួ​» និង​មាន​ព្រះ​នាម​តាម​ចារឹក​ក្នុង​ព្រះ​សុវណ្ណប័ដ​ថា​៖

ព្រះ​បាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ចុឡាកុងករណ៍ បតិន្ទ្រ​ទេព្យ​មហា​មង្កុដ បុរស​រ័តន​រាជ​រវិវង្ស វ​រុតមពង្ស​បរិពត្រ វរ​ខត្តិយ​រាជ​និករោត្ដម ចាតុរ័ន​បរម​មហា​ចក្រ​ពត្តិរាជ​សង្កាស ឧភតោសុជាតិ​ស័ងសុទ្ធគ្រោះ​ហណី ចក្រី​បរ​នាថ អតិសួរ​រាជ​រាមវរ័ងកូរ សុភាធិការ​រ័ង​សឫទ្ធិ ធញ្ញល័ក្សណ​វិចិត្រ​សោភា​គយស័ពាង្ស មហាជ​នោតនាង្គប្រនតបាទ​បង្កជ​យុគល ប្រសិទ្ធិ​ស័ព្វសុភ​ផល​ឧត្ដម បរន​សុខុម​មាល្យ ទិព្យ​ទេពាវតារ​ពៃសាល​កិត្តិគុណ​អតុល្យ​វិសេស សព្វ​ទេវេសរានុរក្ស វិសិដ្ឋ​ស័ក្ដិ​សមញានិតិ​ប្រជានាថ ប្រេម​ក្រមល​ខត្តិយ​រាជ​ប្រយូរ មូល​មុខ​រាជ​តិលក មហា​បរិវារ​នាយក​អនន្ត​ មហន្ត​វរ​ឫទ្ធិតេជ សព្វ​វិសេស​សិរិន្ទ្រ អនេក​ជននិករសមោសរ​សម្មតិ ប្រសិទ្ធិ​វរយស​មហោ​តម​បរម​រាជ​សម្បត្តិ នព​បតល​ស្វេតឆ័ត្រាតិឆ័ត្រ សិរិរ័តនោបល័ក្សណ​មហា​បរម​រាជាភិសេកាភិលិត សព្វ​ទស​ទិសវិជិតជ័យ សកល​មហៃ​ស្វរិយ​មហា​ស្វាមិទ្ទ្រ មហេ​ស្វរមហិន្ទ្រ មហា​រាមា​ធិរាជ​វរោត្ដម បរម​នាថ​ជាតិ​អាជាវស្រ័យ ពុទ្ធាទិត្រៃយ​រតន​សរណារក្ស អតុលយ​ស័ក្ដិ​អគ្គ​រេសរាធិបតី​ មេត្តា​ករុណា​សីតលហ​ឫទ័យ អនោ​បម័យ​បុណ្យការសកល​ពៃសាល មហា​រក្ដាធិបតិន្ទ្រ បរមិន្ទ្រ​ធម្មិក​ហារាជាធិរាជ បរម​នាថ​បពិត្រ ព្រះ​ចុឡាលុងករណ៍​ក្លៅ​ចៅ​យូហួ​។

ការ​សាង​ព្រះ​ផ្នួស និង​បរម​រាជាភិសេក​គ្រា​ទី​២

នៅ​ពេល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គ្រប់​២០​វស្សា​ហើយ នា​ថ្ងៃ​ទី​១៥ ខែ កញ្ញា គ.ស.​១៨៧៣ ទើប​បួស​នៅ​ឯ​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ជា​ព្រះ​ភិក្ខុ និង​ស្ដេច​ទៅ​ប្រថាប់​នៅ​ឯ​វត្ត​បវរនិវេស​វិហារ​រយៈ​ពេល​១៥​ថ្ងៃ​។ ក្រោយ​ព្រះ​លា​ចាក​សិក្ខាបទ​ហើយ ទើប​មាន​ការ​ចាត់​ព្រះ​រាជ​ពិធី​បរម​រាជាភិសេក​គ្រា​ទី​២​ឡើង​នា​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា គ.ស.​​១៨៧៣។

សុវណ្ណគត

ព្រះ​បាទ​សម្ដេច​ព្រះ​ចុលចមក្លៅ​ចៅយូហួ​ស្ដេច​សុវណ្ណគត​ដោយ​រោគ​តម្រង​រោម នា​ថ្ងៃ​ទី​២៣ ខែ​តុលា គ.ស.​១៩១០ វេលា​ម៉ោង​២.៤៥​នាទី នា​ព្រះ​ទីន័ង​អមពរ​ស្ថាន ព្រះ​រាជ​វាំងតុសិត រួម​ព្រះ​ជន្ម​បាន​៥៧​វស្សា​។ ក្រោយ​មក​រដ្ឋាភិបាល​ថៃ​បាន​ចាត់​ឲ្យ​យក​ថ្ងៃ​ទី​២៣ ខែ​តុលា រៀង​រាល់​ឆ្នាំ ជា​ថ្ងៃ​បិយមហារាជ និង​ជា​ថ្ងៃ​ឈប់​សម្រាក​របស់​រាជ​ការ​ថៃ​ផង​ដែរ​៕

____________________________________________________
អាន​ផង​ដែរ​៖
១. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​យ៉ត​ហ្វា​ចុឡា​លោក​មហា​រាជ ឬ​រាមា​ទី​១ បរម​បឋម​អង្គ​ក្សត្រិយ៍​នៃ​រាជ​វង្ស​ចក្រី​ថៃ
២. ព្រះ​បាទ​សម្ដេច​ព្រះ​ពុទ្ធ​​លើឝ​ហ្លា​នភាល័យ ឬ​រាមា​ទី​២ នៃ​រាជ​វង្ស​ចក្រី​ថៃ
៣. ព្រះ​បាទ​សម្ដេច​ព្រះ​ន័ងក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៣ នៃ​រាជ​វង្ស​ចក្រី​ថៃ
៤. ព្រះ​បាទ​សម្ដេច​ព្រះ​ចម​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៤ នៃ​រាជ​វង្ស​ចក្រី​ថៃ
៥. ព្រះ​បាទ​សម្ដេច​ព្រះ​មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ នៃ​រាជ​វង្ស​ចក្រី​ថៃ
៦. ព្រះ​បាទ​សម្ដេច​ព្រះ​ប៉ុក​ក្លៅ​ចៅ​យូហួ ឬ​​រាមា​ទី​៧ នៃ​រាជ​វង្ស​ចក្រី​ថៃ
៧. ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​អានន្ទ​មហិតល ព្រះ​អដ្ឋ​ម​រាមា​ធិបតិន្ទ្រ ឬ​​រាមា​ទី​៨ នៃ​រាជ​វង្ស​ចក្រី​ថៃ
៨. ព្រះបាទ​សម្ដេច​ព្រះ​បរមិន្ទ្រ​មហា​ភូមិពល​អតុល្យ​តេជ ឬ​រាមា​ទី​៩ នៃ​រាជ​វង្ស​ចក្រី​ថៃ

Advertisements
%d bloggers like this: