jump to navigation

ខួប​៤៥​ឆ្នាំ​នៃ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ ថ្ងៃពុធ 18 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, ប្រវត្តិសាស្ត្រ.
6 comments

១៨ មីនា ២០១៥ នេះ គឺ​មាន​រយៈ​ពេល​៤៥​ឆ្នាំ​គត់​ដែល​កម្ពុជា​កាល​នោះ មាន​រដ្ឋ​ប្រហារ​មួយ​បាន​កើត​ឡើង រហូត​ឈាន​ដល់​ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង និង​បាន​កែ​ប្រែ​មុខ​មាត់ ប្រវត្តិសាស្ត្រ​កម្ពុជា​រហូត​មក​ដល់​បច្ចុប្បន្ន​នេះ​។ ប្រវត្តិសាស្ត្រ​ជា​មេ​រៀន​នេះ ទំនង​ជា​មេ​ដឹក​នាំ​ពី​មួយ​សម័យ​ទៅ​មួយ​សម័យ មិន​បាន​យក​ចិត្ត​ទុក​ដាក់​សិក្សា យក​បទ​ពិសោធន៍​ទេ​មើល​ទៅ នេះ​មិន​និយាយ​ដល់​ប្រជាជន​សាមញ្ញ​ផង​ទេ​។

  • កំហុស​ប្រវត្តិសាស្ត្រ​គួរ​ហ៊ាន​ទទួល​ខុស​ត្រូវ ឬ​ហ៊ាន​ស៊ី​ហ៊ាន​សង

ជឿ​ឬ​មិន​ជឿ ទទួល​ស្គាល់​ឬ​មិន​ទទួល​ស្គាល់ ១៨​ មីនា ១៩៧០ គឺ​ជា​តថ​ប្រវត្តិសាស្ត្រ​មួយ និង​ជា​របត់​មួយ​នៃ​ប្រវត្តិ​សាស្ត្រ​ជាតិ​ខ្មែរ​។ ការ​សម្រេច​ចិត្ត​ផ្លាស់ប្ដូរ​វាសនា (​របប​​គ្រប់​គ្រង​) នៃ​ប្រទេស​មួយ ដោយ​ក្រុម​អ្នក​នយោបាយ​មួយ​ក្ដាប់​តូច វា​បាន​ឈាន​ទៅ​រក​ក្ដី​វិនាស ហើយ​ដែល​អ្នក​នយោបាយ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់ និង​ហ៊ាន​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រវត្តិសាស្ត្រ​។ វា​ពិត​ជា​ប្រការ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់ ដែល​របប​នយោបាយ​នៃ​ប្រទេស​មួយ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ដោយ​យក​មូល​ហេតុ​នៃ​បុគ្គល​តែ​ម្នាក់​ប៉ុណ្ណោះ​នោះ មក​ជា​សម្អាង​។

ក្រុម​ដឹក​នាំ​ក្រោយ​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០ (​របប​សាធារណ​រដ្ឋ​ខ្មែរ​) ប្រហែល​ជា​មិន​វិនាស​ក្រោយ​រយៈ​ពេល​៥​ឆ្នាំ​នោះ​ទេ ប្រសិន​បើ​ពួក​គេ ចេះ​បត់​បែន​ទេសៈ​កាលៈ និង​មិន​យក​មនុស្ស​ម្នាក់​មក​ធ្វើ​ជា​ដើម​ចង ដើម្បី​​ធ្វើ​ឲ្យ​ស្រប​ច្បាប់​នៃ​រដ្ឋ​ប្រហារ​របស់​ពួក​គេ​នោះ​។ នេះ​ជា​មេ​រៀន​ជីវិត​របស់​ពួក​គេ (​ពួក​អ្នក​ដឹក​នាំ​ក្រោយ​រដ្ឋ​ប្រហារ ឬ​ពួក​សាធារណ​រដ្ឋ​)​។ ទាំង​ក្រុម​សាធារណ​រដ្ឋ ទាំង​ក្រុម​ខ្មែរ​ក្រហម អេចស្ទ្រីម គឺ​សុទ្ធ​តែ​បរា​ជ័យ​ទាំង​អស់​ក្នុង​ការ​គ្រប់​គ្រង​ប្រទេស​ខ្មែរ​។ ទាំង​នេះ គឺ​សុទ្ធ​សឹង​តែ​មក​អំពី​កង្វះ​ការ​ចូល​រួម​របស់​ប្រជាជន​ទូទាំង​ប្រទេស​ឲ្យ​ប្រាកដ​ពិត​ ដោយ​ប្រើ​ប្រាស់​អំណាច​ផ្ដាច់​មុខ និង​ក្នុង​ន័យ​ហេតុ​ផល​នៃ «​ការ​ស្នេហា​ជាតិ​» មក​ធ្វើ​ជា​របាំង​នោះ​ឯង​។

បណ្ដា​អ្នក​ដឹក​នាំ​ខ្មែរ​ជា​ច្រើន​ក្រុម​ឃើញ​ថា មាន​តែ​ក្រុម​អ្នក​ដឹក​នាំ​បច្ចុប្បន្ន​នេះ​ទេ ដែល​ជា​ក្រុម​ពិសេស​មួយ ដោយ​ចេះ​បត់​បែន​តាម​ទេសៈ​កាលៈ បើ​មិន​ដូច្នេះ​ទេ មិន​មែន​ក្រុម​នេះ​មាន​សមត្ថភាព​អាច​គ្រប់​គ្រង​ប្រទេស​ខ្មែរ​ជា​ច្រើន​សិប​ឆ្នាំ និង​ទំនង​ជា​អាច​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ប្រសិន​បើ​ក្រុម​នេះ​ចេះ​បន្ត​នយោបាយ​បែប​នេះ​ទៅ​ទៀត បើ​ទោះ​បី​ជា​ប្រជា​ប្រិយ​ភាព​បាន​ធ្លាក់​ចុះ​មួយ​ចំនួន​ក្ដី​។

សរុប​សេចក្ដី​មក ការ​ផ្លាស់​ប្ដូរ​របប​គ្រប់​គ្រង​ប្រទេស គឺ​ជា​រៀន​ធំ​មួយ​ដែល​តម្រូវ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ប្រជា​ជន​ជា​ម្ចាស់​ប្រទេស​ពិត​ប្រាកដ​។ ការ​ផ្លាស់​ប្ដូរ​ដោយ​ឯក​ឯង ដោយ​យក​លេស​ត្រឹម​គ្រាន់​ជា​តំណាង​សំឡេង​ប្រជាជន​ក្នុង​រដ្ឋ​សភា​នោះ វា​មិន​គ្រប់​គ្រាន់ និង​ត្រឹម​ត្រូវ​ទាល់​តែ​សោះ ដ្បិត​សំឡេង​ដែល​បាន​មុន​ពេល​នោះ មិន​មាន​ការ​អនុញ្ញាត​ណា​មួយ​ឲ្យ​សម្រេច​បែប​នេះ​សោះ​ឡើយ​។ មេ​រៀន​កម្ពុជា​នេះ ត្រូវ​បាន​អ្នក​ដឹក​នាំ​ថៃ​បច្ចុប្បន្ន​សិក្សា​ច្បាស់​លាស់​ខ្លាំង​ណាស់ ហើយ​ដែល​គេ (​ថៃ​) ខ្លាច​ជាន់​ដាន​កម្ពុជា ឆ្នាំ​១៩៧០ នេះ​ឯង​។ ហេតុ​ដូច​នេះ ជន​​កម្ពុជា​ខ្លួន​ឯង មិន​គួរ​ណា​ឡើយ​ដើរ​ជាន់​ស្រមោល​ខ្លួន (​រដ្ឋ​ប្រហារ​ឆ្នាំ​១៩៧០​) នោះ​ឡើយ​៕

___________________________________________________
អាន​ផង​ដែរ
១. កម្ពុជា និង​ដំណើរ​ឈាន​ទៅ​រក​ការ​បែក​បាក់​ក្នុង​សង្គម
២. ការ​ក្បត់​ និង​ការ​បោះ​បង់​ចោល!
៣.សាធារណ​រដ្ឋ​ខ្មែរ​ និង​សញ្ញាណ​​កុម្មុយនីស្ត​នៃ​របប​នេះ
៤. Lon Nol’s plotting started back in 1959
៥. ស្រណោះ​ពួក​ខ្មោច​សាធារណ​រដ្ឋ និង​បរិវារ
៦. ១៨ មីនា កំណើត​នៃ​របប​ពិការ​​មួយ​ដែល​មាន​សង្ខារ​​ត្រឹម​៥​ខួប

%d bloggers like this: