jump to navigation

ពិធី​លៀង​អាហារ​ពេល​ល្ងាច​របស់​មង្គល​ការ​លាវ ថ្ងៃអាទិត្យ 29 ខែ​មីនា 2015

Posted by សុភ័ក្ត្រ in វីដេអូ, ພາສາລາວ.
1 comment so far

និយាយ​ពី​រឿង​ពិធី​លៀង​អាហារ​​ពេល​ល្ងាច​នៃ​ពិធី​មង្គល​ការ​លាវ​វិញ មាន​លក្ខណៈ​ដូច​គ្នា និង​ខុស​គ្នា​ច្រើន​ណាស់​ពី​របៀប​ខ្មែរ​យើង​។ ពិធី​លៀង​អាហារ​ប្រព្រឹត្តិ​ទៅ​ក្នុង​​ពេល​យប់​ជ្រៅ​ណាស់ គឺ​យ៉ាង​ហោច​ណាស់​ម៉ោង​៨​ទៅ​៨​កន្លះ​យប់​ឯណុះ​ទើប​ចាប់​ផ្ដើម​។ ហេតុ​អ្វី​បាន​ជា​យប់​ដូច​នេះ​?

ពិធី​លៀង​អាហារ​នៃ​មង្គល​ការ​លាវ មិន​មាន​ចាប់​ផ្ដើម​គ្រប់​១០​នាក់​ក្នុង​១​តុ ដូច​ខ្មែរ​យើង​ទេ គឺ​គេ​ចាំ​រហូត​ដល់​តែ​ភ្ញៀវ​មក​គ្រប់​តុ​អស់​ ទើប​គេ​ចាប់​ផ្ដើម​ទទួល​ទាន​អាហារ​រួម​គ្នា​។ ហេតុ​ដែល​គេ​ធ្វើ​ដូច​នេះ គឺ​គេ​ទទួល​ទាន​អាហារ​បែប​បុហ្វ​ហ្វេ​។ ហេតុ​ដូច​នេះ ប្រហែល​ជា​ត្រូវ​នៅ​ចាំ​គ្នា​យ៉ាង​ដូច​នេះ​ឯង​។

នៅ​ខាង​មុខ​រោង​ការ មិន​មាន​កូន​កំឡោះ​ក្រមុំ​ចាំ​ទទួល​ភ្ញៀវ ផ្ដល់​វត្ថុ​អនុស្សាវរីយ៍​ដូច​ខ្មែរ​ទេ តែ​ផ្ដល់​ការ​ស្វាគមន៍​ភ្ញៀវ​វិញ ដោយ​ការ​ឲ្យ​ភ្ញៀវ​ទទួល​ទាន​ស្រា​ទៅ​វិញ​។ ពិធី​ជា​បន្ត​បន្ទាប់​នៃ​ពិធី​លៀង​អាហារ​ការ​លាវ មាន​សភាព​រៀប​រយ និង​លំដាប់​លំដោយ​ណាស់​។

បន្ទាប់​ពី​ក្រុម​គ្រួសារ​ទាំង​ពីរ​ខាង រួម​និង​កូន​ក្រមុំ​កូន​កំឡោះ ធ្វើ​ការ​រៀប​រាប់ និង​ស្វាគមន៍​ភ្ញៀវ​កិត្តិយស​ទាំង​អស់​ហើយ គេ​ក៏​នាំ​គ្នា​អប​អរ​សាទរ ដោយ​ទទួល​ទាន​ស្រា បន្ទាប់​មក​ពិធី​ទទួល​ទាន​អាហារ​ក៏​ចាប់​ផ្ដើម (​ម៉ោង​ប្រមាណ​៩​យប់​)​។ នៅ​ពេល​ទទួល​ទាន​នេះ កូន​កំឡោះ​ក្រមុំ​ក៏​ចាប់​ផ្ដើម​រាំ​បើក​ឆាក ដោយ​បទ​រាំ​វង់​លាវ​មួយ​បទ​។

បន្ទាប់​មក​ទៀត មនុស្ស​មាន​គូ​ទាំង​អស់​ក៏​ចាប់​ផ្ដើម​ពិធី​រាំ​វង់​លាវ តាម​ចង្វាក់ ជា​លក្ខណៈ​បើក​ឆាក​។ នៅ​ពេល​ចប់​មួយ​បទ​នេះ​ហើយ ទើប​អ្នក​ឯ​ទៀត​ចាប់​ផ្ដើម​ចូល​រាំ​តាម​អធ្យា​ស្រ័យ​។ បទ​រាំ​ក្នុង​ពិធីការ​នេះ មាន​ដូច​ជា​រាំ​វង់​, ឡាំ​លាវ​, ម៉ាឌីហ្សាន់ និង​បទ​ញាក់ ជា​ដើម​។ល។

នៅ​ពេល​យប់​ជ្រៅ​បន្តិច ក៏​មាន​ពិធី​ចោល​បាច់​ផ្កា ដូច​គ្នា​នឹងពិធី​ការ​នានា​ដែរ​។ បន្ទាប់​មក​កូន​កំឡោះ​ក្រមុំ​រាំ​មួយ​បទ​ទៀត បន្ត​ដោយ​រាំ​វង់​សម្រាប់​អ្នក​មាន​គូ និង​រាំ​សម្រាប់​ភ្ញៀវ​ទូទៅ ដូច​កាល​ពី​ដំបូង​ដែរ​។ ពិធី​លៀង​អាហារ​នេះ ប្រព្រឹត្តិ​ទៅ​រហូត​ដល់​ម៉ោង​១២​យប់​ឯណុះ​​៕

ទិដ្ឋភាព​រួម​នៃ​ពិធី​លៀង​អាហារ

តុ​ដាក់​អាហារ

ទិដ្ឋភាព​ក្នុង​ហាង

កូន​ក្រមុំ​កំឡោះ​រាំ​បើក​កម្មវិធី

គូ​រាំ​បើក​ឆាក

រាំ​ទូទៅ​សម្រាប់​ភ្ញៀវ

_________________________________________________
អាន​ផង​ដែរ​
១. ពិធី​រៀប​ការ​នៃ​ជន​ជាតិ​លាវ

Advertisements
%d bloggers like this: