jump to navigation

ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ ថ្ងៃអាទិត្យ 3 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
trackback

កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​បរម​រាជ​វាំង​ជា​ថ្មី​ម្ដង​ទៀត អ្វី​ដែល​ខ្ញុំ​រំភើប​ពេល​មក​ដល់​ច្រក​ខ្លោង​ទ្វារ​នៃ​បរិវេណ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​នោះ គឺ​ផ្ទាំង​សំពត់​ខ្មៅ​បាំង​ផ្ទាំង​រូប​គំនូរ​បូរាណ​នៃ​ថែវ​ជុំ​វិញ​ព្រះ​វិហារ សម្ដែង​ឲ្យ​ឃើញ​ពី​ការ​រៀប​ចំ​ស្ដារ​ឡើង​វិញ​នូវ​រូប​គំនូរ​ដែល​ជា​វត្ថុ​ និង​ជា​ទ្រព្យ​សម្បត្តិ​​មហា​សាល​នៃ​ប្រជាជាតិ​ខ្មែរ​។

មាន​ស្លាក​មួយ​ផ្ទាំង​ដែល​សរសេរ​ជា​ភាសា​បរទេស​ថា CONSERVATION WORKS OF WALL PAINTINGS IN GALLERIES AROUND THE SILVER PAGODA 2014-2016 មាន​សេចក្ដី​ថា គម្រោង​ស្ដារ​ឡើង​វិញ​នូវ​ផ្ទាំង​គំនូរ​តាម​ថែវ​ជុំ​វិញ​ព្រះ​វិហារ​ព្រះ​កែវ​មរកត ឆ្នាំ​២០១៤ ដល់ ២០១៦​។ ឯ​អ្នក​ចុះ​កិច្ច​សន្យា​ធ្វើ​គឺ THE POLISH STUDIOS FOR CONSERVATION OF CULTURAL PROJECTS ក្រុមហ៊ុន​ស្ដារ​សម្បត្តិ​វប្បធម៌​របស់​ប្រទេស​ប៉ូឡូញ​។ នេះ​បាន​សេចក្ដី​ថា ក្ដី​សង្ឃឹម​នៃ​គំនូរ​បូរាណ​ខ្មែរ​អាច​នឹង​មាន​ឡើង​វិញ នៅ​ឆ្នាំ​២០១៦​ខាង​មុខ ដែល​គម្រោង​ត្រូវ​បាន​បញ្ចប់​។

អ្វី​ដែល​ខ្ញុំ​ហាក់​មិន​អស់​ចិត្ត​នោះ គម្រោង​នេះ​ដែល​ធ្វើ​ឡើង​ដោយ​ជន​ជាតិ​បរទេស ខ្ញុំ​មិន​ឃើញ​មាន​ជន​ជាតិ​ខ្មែរ បាន​ចូល​រួម​ឬ​យ៉ាង​ណា​ទេ​។ ខ្ញុំ​ឃើញ​មាន​ជន​ជាតិ​បរទេស​ស្រី​ម្នាក់​ពិនិត្យ (​ឬ​លាប​ព័ណ៌​) ផ្ទាំង​គំនូរ​។ សង្ឃឹម​ថា​​មាន​អ្នក​បច្ចេក​ទេស​ខ្មែរ​ចូល​រួម​ក្នុង​គម្រោង​នេះ​ផង​ដែរ​ចុះ​។

កន្លង​មក​ក៏​ឃើញ​មាន​ការ​ស្ដារ​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ដែរ តែ​មិន​មាន​ឃើញ​លទ្ធ​ផល​ជា​ដុំ​កំភួន​អ្វី​ទេ ក្រៅ​អំពី​លាប​ព័ណ៌​ក្រហម​ផ្នែក​ខាង​ក្រោម​នៃ​ផ្ទាំង​គំនូរ និង​លាប​កំបោរ​ស​លើ​ពិដាន ជា​ហេតុ​ធ្វើ​ឲ្យ​ហូរ​ប្រឡាក់​ពេញ​ផ្ទាំង​គំនូរ​គួរ​ឲ្យ​សោក​ស្ដាយ​មែន​ទែន​។

ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ដែល​កាល​ព្រះ​អង្គ​នៅ​មាន​ព្រះ​ជន្ម​ជីព​ទ្រង់​បាន​ផ្ដែ​ផ្ដាំ​ឲ្យ​មាន​ការ​ស្ដារ​ឡើង​វិញ​នូវ​ផ្ទាំង​គំនូរ​នេះ ដែល​ខូច​ខាត​អស់​ដោយ​សារ​សង្គ្រាម​។ ហើយ​សង្ឃឹម​ថា​ព្រះ​រាជបណ្ដាំ និង​ព្រះ​រាជ​បំណង​​ចុង​ក្រោយ​មួយ​ទៀត​នេះ​នឹង​ត្រូវ​បាន​បំពេញ​​៕

ផ្ទាំង​ស្ដី​អំពី​គម្រោង​ស្ដារ​ឡើង​វិញ
អ្នក​ជំនាញ​បរទេស​ម្នាក់​កំពុង​ពិនិត្យ​ផ្ទាំង​គំនូរ
ការ​ស្ដារ​ឡើង​វិញ
ទិដ្ឋភាព​ទូទៅ
ទិដ្ឋភាព​ទូទៅ
ផ្ទាំង​គំនូរ​កំពុង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​?

ផ្ទាំង​គំនូរ​កំពុង​ត្រូវ​បាន​ស្ដារ​ឡើង​វិញ​?

__________________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. មត៌កដូនតាត្រូវបានបំភ្លេចចោល
៣. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៤. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?
៥. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ

Advertisements

មតិ»

1. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ ន - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. មត៌កដូនតាត្រូវបានបំភ្លេចចោល ៣. ព្រះ​បរម​អដ្ឋិ​ត្រូវ​បាន​តម្កល់​តាម​ព្រះ​រាជ​បណ្ដាំ ៤. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង… […]

2. មត៌ក​ដូន​តា​នឹង​ត្រូវ​បាន​ជួស​ជុល​ស្ដារ​ឡើង​វិញ? | ស្រែ​ខ្មុក - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតាត្រូវបានបំភ្លេចចោល ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង… […]

3. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល | ស្រែ​ខ្មុក - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

[…] __________________________________________________________ អានផងដែរ៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង… […]

4. តា ម៉ាប់ - ថ្ងៃចន្ទ 4 ខែ​ឧសភា 2015

មិនដឹងខ្មែរមិនចូលរួម ឬគេមិនឲ្យចូល ។ លោកគ្រូ ជេត ចន នៅរស់ច្រងោរៗ ។

vireak - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

សូមទោសជាមុនដែលខ្ញុំនិយាយគួរពុំគួរ ខ្ញុំគិតថាស្នាដៃលោកគ្រូជេត ចនពិតជាគួរអោយសសើរមែន ដែលគាត់គូរទៅតាមរចនាបថមួយដែលខ្មែរសម័យនេះអោយតម្លៃ ថាជារចនាបថខ្មែរ ប៉ុនែ្តបើមើលទៅលើគំនូរបុរាណសៀមវិញ គឺស្នាដៃខុសគ្នាឆ្ងាយណាស់ គំនូរសៀមមានលក្ខណះលម្អិតគួរអោយស្ងើច​ ចំនែកស្នាដៃលោកគ្រូ ជេត ចន មិនមានលក្ខណះលម្អិតដូចគំនូរបុរាណសៀមទេ។សំនួរសួរថា ទៅប្រៀបធៀបអី សៀមគឺសៀម ខ្មែរគឺខ្មែរគឺវាមិនដូចគ្នាទេ និយាយបែបនេះថាខុសក៏បាន ត្រូវក៏បាន បានជានិយាយបែបនេះពីព្រោះថា បើយើងមើលគំនូរក្នងថែវវិហារព្រះកែវអោយបានសព្វនោះយើងនឹងឃើញ ទឹកដៃវិចិត្រករខ្មែរសម័យនោះខុសៗគ្នាទៅតាមទេពកោសល្យ​
រៀងៗខ្លួន អ្នកខ្លះគូរមានលក្ខណះស្រដៀងលោកគ្រូជេតចន សព្វថ្ងៃ អ្នកខ្លះគូរលម្អិតស្អាតដូចគំនូរក្នងវត្តព្រះកែវសៀមចឺង (សម្តីអ្នកមានជំនាញគំនូរបុរាណ)ទាំងសម្លៀកបំពាក់ទាំងគ្រឿងអលង្ការ ធ្វើអោយយើងពិបាកញែកអោយដាច់ណាស់ថាមួយណាសៀម មួយណាជាខ្មែរ។ថ្មីៗនេះមានការចែករំលែកគ្នាទៅលើបណ្តាញ
facebookប្រៀបធៀបគំនូរខ្មែរនឹងសៀមយ៉ាងអយុត្តិធម៌ ដោយគេយករូបគំនូរសៀមដែលល្អមកប្រៀបធៀបគ្នាជាមួយនឹងរូបខ្មែរដែលមានstyle ដូចគំនូរលោកគ្រូជេតចន ការនេះធ្វើអោយ​ខ្ញុំគិតថាមិនត្រឹមត្រូវមិនយុត្តិធម៌ ព្រោះថាគំនូរដូចរបស់សៀមក៏ខ្មែរ​មានដែរ ម៉េចក៏មិនយកមកប្រៀបធៀប។សំណាងល្អ យើងចេះនៅសល់គំនូរបុរាណល្អៗខ្លះដូចជានៅសារមន្ទីរជាដើម គំនូរមានលក្ខណះលម្អិត និងបិទសន្លឹកមាសភ្លឺផ្លេកនឹងមិនមាន styleដូចលោកគ្រូជេតចនឡើយ ស្តាយណាស់ដែលមិនបានបង្ហាញ ដោយសារគេមិនអោយថត។

សុភ័ក្ត្រ - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

គំនូរ​បុរាណ​នៅ​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​មិន​ត្រូវ​លុប​ចោល​គូរ​ថ្មី​ទេ​ គួរ​តែ​រក្សា​តាម​ទម្រង់​គំនូរ​ចាស់ ដោយ​គ្រាន់​តែ​អភិរក្ស​ ផ្ដាម ឬ​ផាត់​ព័ណ៌​ឡើង​វិញ​ ឲ្យ​មាន​លក្ខណៈ​ស្អាត​ឡើង​វិញ​។ ខ្ញុំ​មិន​ជឿ​ថា​​វិចិត្រករ​ខ្មែរ​សម័យ​នោះ មិន​មាន​សមត្ថភាព​គូរ​ឲ្យ​ស្អាត (​ដែល​យើង​គិត​ថា​ស្អាត​) ដូច​របស់​ថៃ​នោះ​ទេ តែ​ប្រហែល​ជា​ចេតនា​មួយ​ឲ្យ​ខុស​ពី​សៀម​ក៏​ថា​បាន​។ មាន​របស់​របរ​ច្រើន​ណាស់ ដែល​ខ្មែរ​ខំ​បញ្ចៀស​ឲ្យ​ខុស​ពី​សៀម​ក្រោយ​សម័យ​ខ្មែរ​រួច​ពី​នឹម​ត្រួត​ត្រា​របស់​ជន​ជាតិ​នេះ នេះ​បើ​ខ្មែរ​យើង​ហ៊ាន​ទទួល​ស្គាល់​ការ​ពិត​។

ចំពោះ​ស្នាដៃ​ថ្មី​រយៈ​ពេល​ក្រោយ​ៗ​នេះ ខ្ញុំ​មិនដឹង​ថា​វិចិត្រករ​ថ្មី​យើង​គូរ​ស្អាត​លម្អិត​មែន ឬ​ក៏​ទទួល​ឥទ្ធិពល​ពី​គំនូរ​សៀម​ទេ ដ្បិត​ខ្ញុំ​មិន​មាន​ជំនាញ​ខាង​គំនូរ​បុរាណ​អ្វី​ទេ តែ​បើ​ខ្ញុំ​សង្កេត​ឃើញ​ដែល​គេ​ចែក​ចាយ​លើ​ប្រព័ន្ធ​អ៊ីនធ័រណេត​នោះ ខ្ញុំ​ថា​ប្រហែល​ជា​ទទួល​ឥទ្ធិពល​សៀម​ច្រើន​ជាង​។ ខ្ញុំ​មិន​ដែល​ឃើញ​គំនូរ​បុរាណ​ខ្មែរ​ណា លើ​ព្រះ​វិហារ​នានា​ក្នុង​កម្ពុជ​រដ្ឋ រាប់​ទាំង​នៅ​ក្នុង​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​ដូច​គ្នា​នឹង​គំនូរ​បុរាណ​ខ្មែរ (​សម័យ​ថ្មី​) ដែល​ឃើញ​ចែក​ចាយ​ពេល​ថ្មី​ៗ​នេះ​​​ទេ​។ ភាព​លម្អិត​ឲ្យ​ខុស​ពី​ថៃ ប្រហែល​ជា​គួរ​ត្រូវ​បាន​គិត​គូរ​ឲ្យ​បាន​ល្អិត​ល្អន់​ជាង​នេះ​ពី​វិចិត្រ​ករ​សម័យ​ថ្មី​៕

តា ម៉ាប់ - ថ្ងៃសៅរ៍ 9 ខែ​ឧសភា 2015

គេប្រៀបធៀបនោះ តាមខ្ញុំគិតគ្រាន់តែចង់ឲ្យយល់ថា​ គំនូរ​ខ្មែរ​របៀបម៉េច គំនូរសៀមរបៀបម៉េច ។ ជាទូទៅខ្មែរមិនសាំញ៉ាំច្រើនទេ គំនូរក្ដីចម្លាក់ក្ដីមិនល្អិតក្បាច់គ្រប់សាច់នោះទេ ខុសពីសៀមគឺក្បាច់មានពាសកន្លែង ។

ដែលនិយាយប្រៀបធៀបនឹង គឺរូបសៀម និងរូបលោកគ្រូ ជេត ចន ជាប្រាកដ ។

5. vireak - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

បងនិយាយបែបនេះបើស្តាប់មួយភ្លែតដោយមិនបានពិចារណាអោយបានសុីជម្រៅគេនឹងគិតថាត្រឹមត្រូវ ប៉ុន្តែបងត្រូវគិតថាសៀមនឹងខ្មែរគឺទទួលឥទ្ធិពលទៅវិញទៅមកតាមសម័យកាលនីមួយៗ។រឿងរក្សា​​អភិរក្ស​តាម​ទម្រង់​គំនូរ​ចាស់ ខ្ញុំគាំទ្រ តែពេលនេះខ្ញុំសូមនិយាយពីទម្រង់គំនូរសៀមនឹងគំនូរខ្មែរ គឺរបស់យើងធ្លាប់មានមិនគួរបំបាត់ចោលទេ សៀមខំតែត្រងយក បែរជាខ្មែរខំបំបាត់របស់ខ្លះទៅវិញ ពិតណាស់ខ្មែរពិតជាទទួលយកវប្បធម៌ដែលសៀមសាបព្រួសមែន ជាពិសេសក្រោយសម័យលង្វែក ប៉ុនែ្តមិនគួរបំបាត់ចោលលែងប្រើទេ។ ចំនែកគំនូរទៅតាមថែវវត្តព្រះកែវ ខ្ញុំមិនបានសិក្សាអោយបានលម្អិតទេ ព្រោះខ្ញុំក៏មិនមានជាជំនាញ ខាងគំនូរស្អីទេ ខ្ញុំលឺតែគេមានជំនាញនិយាយថាមាន​ទឹកដៃនឹងរចនាបថផ្សេងគ្នា រហូតលឺថា សូម្បីតែលោកឧកញ៉ាទេពនិមិត្តម៉ក់ដែលជាស្ថាបត្យករខ្មែរសាងព្រះបរមរាជវាំងសម័យហ្លួង នរោត្តមក៏ធ្លាប់រៀនវិជ្ជាគំនូរនៅស្រុកសៀមដែរ រឿងអីដែលមិនទទួលឥទ្ធិពលនោះ។ហើយខ្ញុំក៏អត់បាននិយាយថា ស្នាដៃវិចិត្រ​ករ​សម័យ​ថ្មី​នេះមានលក្ខណះល្អិត​ល្អន់​អីដែរ ហើយទទួល​ឥទ្ធិពលពីខាងណាទេ ខ្ញុំនិយាយតែគំនូរជំនាន់វត្តព្រះកែវប៉ុណ្ណោះដែល មានច្រើនstyle គឺស្រដៀងstyleលោកគ្រូជេតចនក៏មានstyleរបស់សៀម ក៏មាន។ចំនែកបងបានឃើញរឺមិនបានឃើញខ្ញុំក៏មិនដឹងដែរ ប៉ុន្តែខ្ញុំពិតជាបានឃើញគំនូរល្អដែលបងគិតថាប្រហែលគំនូរទទួលឥទ្ធិពលសៀមនោះនៅសារមន្ទីរជាតិមែន គឺលម្អិតណាស់មិនដូចជារបស់លោកគ្រូជេតចនទេ មួយទៀតបងមិនបានឃើញដោយសារតែវត្តអារាមបុរាណជាច្រើនត្រូវ បានប្តូររូបរាងទៅជាថ្មី ដោយមិនទុករបស់ចាស់អោយនៅគង់វង្សដូច សៀមទេ គឺវាយអាចាស់ចោលធ្វើអាថ្មីនៅទីតាំងដដែល។ដែល ការផ្លាស់ប្តូរនេះបានបោះពួយ យ៉ាងលឿនប្រហែលចាប់ពីសម័យយើងបានឯករាជ្យពីបារាំងហើយបើបងបានមើលសៀវភៅត្រៃភូមិខ្មែរ សម័យចតុមុខដែល សៀមយកទៅរក្សាទុកនៅបាងកក បងនឹងឃើញរូបគំនូរបុរាណដែលមាន ទាំងសម្លៀកបំពាក់នឹងគ្រឿងតែងកាយ មិនដូចរបស់លោកគ្រូជេតចនទេ ព្រមទាំងទម្រង់ផ្ទះខ្មែរដែលមានដំបូលស្រួច ដែលយើងសព្វថ្ងៃហៅផ្ទះសៀមពេញៗមាត់នោះហើយ។ហើយសួរថាបើទទួលឥទ្ធិពលពីសៀមដដែលគេចាំបាច់យករបស់យើង ​​
យកទៅទុកធ្វើអីនៅបាងកក។ឯរឿងកែកុំអោយដូចសៀមពេកនោះខ្ញុំ ក៏បានដឹងខ្លះដែរ ខ្ញុំគិតថានិន្នាការនោះទើបតែមានសម័យសម្តេចឪ ឡើងសោយរាជ្យលើកទី១ទេ មិនមែនសម័យហ្លួងនរោត្តមឯណា។ ខ្ញុំគិតថាសម័យគូរនៅវត្តព្រះកែវបើគេគិតកុំអោយគូរដូចសៀមពេក ដូចដែលបងថានោះ ចុះគំនូរដែលគេរក្សាទុកក្នងសារមន្ទីរជាតិសព្វថ្ងៃ ដែលគូរប្រហែលសម័យនោះដែរ ម៉េចក៏គេមិនគូរអោយដូចstyle វត្តព្រះកែវទៅ ទៅគូរអោយស្អាតដូចសៀមធ្វើអី? ស្បៃធំរឺស្បៃច្រកក ក៏លែងប្រើថារបស់សៀម គំនូរមានរចនាបថល្អឈប់គូរថារបស់សៀម ពេលនេះសៀមផ្អែមមាត់ហើយចាំតែត្រងរក្សាទុកដោយមិនគិតថាជា របស់យកពីណាសំខាន់គឺគេយល់ថាជារបស់ល្អ សំខាន់ជារបស់គេមានពី បុរាណគេមិនដែលប្រាប់ថាចំលងយកពីខ្មែរមួយណាទេ មានតែខ្មែរចំលង ពីគេ។ថាអានឹង របស់សៀមចុះឈប់ប្រើចុះចម្រៀងរបាំព្រះរាជទ្រព្យ ដែលមិនទាន់បកពាក្យសៀមអោយអស់ផង ម៉េចមិនថាទទួល ឥទ្ធិពលសៀមផង?ខ្ញុំគិតថាមហាក្សត្រខ្មែរសម័យមុនទ្រង់ខ្វាយខ្វល់ខ្លាំងណាស់ ខ្លាចបាត់បង់គំនូរ របាំ ភ្លេង បុរាណជាតិដែលប្រហែលជាគ្រូខ្មែរស្លាប់ បាត់បង់ដោយសង្គ្រាមអស់ ទើបមហាក្សត្រខ្មែរទទួលយកគ្រូសៀម មកបង្រៀននូវសំណៅដើមដែលសៀម ខំចំលងទុក រឺ ក៏ដោយសារខ្មែរត្រូវ បានទទួលការគាបសង្កត់ដោយអណានិគមសៀមផង ព្រមទាំងការដែល រាជវង្សានុវង្សខ្មែរច្រើនអង្គសុទ្ធកែធ្លាប់នៅស្រុកសៀម ដូច្នោះមហាក្សត្រ ជំនាន់នោះច្បាស់ជាទ្រងយល់ច្បាស់អ្វីដែលខ្មែរធ្លាប់មាន​ពីមុន។ ឧទាហរណ៏មួយអោយបងដឹងច្បាស់ថាស្បៃធំរឺស្បៃច្រកកដែលសៀមប្រើរាល់ថ្ងៃនេះ សម័យទសវត្សទី៦០ព្រះមហាក្សត្រីយានី កុសុមះ ដែលគេដឹងថា ជាព្រះមាតាលើកស្ទួយវិស័យសិល្បះរបាំជាតិនិងខិតខំ កែទំរង់ ពីសៀមមកខ្មែរនោះ
វត្តមានស្បៃធំរឺស្បៃច្រកក គឺនៅតែមានប្រើនៅឡើយ ចុះបច្ចុប្បន្នបើអ្នកណាយកមកប្រើវិញ ១០០%ច្បាស់ជាថា អ្នកណាយកស្បៃសៀមមកប្រើហ្នឹង!

សុភ័ក្ត្រ - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

«​ស្អាត​ដូច​សៀម​» និយាយ​ចុះ​និយាយ​ឡើង vireak នៅ​តែ​គិត​ថា​របស់​សៀម​ស្អាត​។ ខ្ញុំ​មិន​បាន​និយាយ​ថា​រូប​គំនូរ​នៅ​តាម​បង្អួច​សារ​មន្ទីរ​ជាតិ​ទទួល​ឥទ្ធិពល​ពី​សៀម​ទេ​។ តែ​ខ្ញុំ​ថា​រូប​គំនូរ​នៅ​តាម​បង្អួច​របស់​សារ​មន្ទីរ​ជាតិ ពិត​ជា​ល្អិត​ល្អន់ និង​ស្អាត​ជាង​នៅ​ព្រះ​វិហារ​ព្រះ​កែវ​មែន តាម​គំនិត​ខ្ញុំ តែ​ខ្ញុំ​ថា​មិន​ដូច​របស់​សៀម​ទេ​។ ទម្រង់​សៀម និង​ខ្មែរ​ខុស​គ្នា​។ ចំណែក​ឯ​គំនូរ​បូរាណ​សម័យ​ថ្មី​ (​ដែល​ឃើញ​ចែក​ចាយ​នៅ​តាម​អ៊ីន​ធ័រណេត​) នោះ ខ្ញុំ​គិត​ថា​ដួច​ថៃ​ស្ទើរ​បេះ​បិទ​​ទៅ​ហើយ (​ជា​ថ្មី​ម្ដង​ទៀត នេះ​តាម​គំនិត​ខ្ញុំ​ទេ ខ្ញុំ​អាច​ខុស​)​។ ខ្ញុំ​មិន​បាន​និយាយ​ដល់​​រូប​គំនូរ​នៅ​តាម​វិហារ​បច្ចុប្បន្ន​ជា​គំនូរ​បុរាណ​ទេ​។ វត្ត​សម័យ​ថ្មី​មិន​មាន​គូរ​គំនូរ​បុរាណ​ទេ មើល​ទៅ​មាន​តែ​ប៉ុន្មាន​វត្ត​តែ​ប៉ុណ្ណោះ តួ​យ៉ាង​ព្រែក​ប្រាំង​។ ឯ​រឿង​ពាក្យ​សៀម​ក្នុង​ភ្លេង​ខ្មែរ​ជា​រឿង​មួយ​ទៀត ខ្ញុំ​សូម​មិន​និយាយ​ដល់​ទេ កុំ​ឲ្យ​បែក​ខ្ញែក ខ្ញុំ​ថា​វា​ជា​រឿង​ដោយ​ឡែក​ទេ​។ នៅ​ក្នុង​បទ​ភ្លេង​បុរាណ​ថៃ មាន​ពាក្យ​ខ្មែរ ខ្មែរ​នេះ​ខ្មែរ​នោះ ច្រើន​អនេក​ណាស់ តែ​គេ​មិន​បាន​ចម្លង​ពី​ខ្មែរ​ទេ​។ ក្រៅ​ពី​ខ្មែរ គេ (​សៀម​) ក៏​នៅ​មាន​ពាក្យ​លាវ មន​…​។ល។ ផង​ដែរ​។

សូម​អរគុណ​ដែល​បាន​ចែក​រំលែក​!

vireak - ថ្ងៃពុធ 6 ខែ​ឧសភា 2015

អូ ចឹងបងសុភ័ក្ត្រ ពិតជាមិនបានឃើញមែនខ្ញុំ​និយាយពីគំនូរដែលគូរលើក្រណាត់ដាក់ក្នុងស៊ុមកញ្ចក់តើ! មិនមែននិយាយពីគំនូរធំៗគូរលើបង្អួចនោះទេ។ ខ្ញុំ​មិន​មានបំណងនិយាយ​ថា​រូប​គំនូរ​សៀម​ស្អាត​ជាងខ្មែរទេ ខ្ញុំ​គ្រាន់តែថាគំនូរដែលខ្មែរគូរពីដើមក៏មានដែរអារចនាបថស្រដៀង
របស់សៀម​នោះ បានន័យថាខ្មែរមិនមែនមានតែគំនូរstyle ដូចវត្តព្រះកែវ រឺstyle លោកគ្រូជេតចន តែមួយទេ គំនូរបុរាណប្រហែលមានច្រើនសណ្ឋាន​​ ទំរង់ ខ្ញុំ​និយាយគ្រាន់តែស្តាយរបស់ល្អធ្លាប់មានដែរមិនគួរបំបាត់ចោលទេ
ហើយខ្ញុំ​ក៏មិនបានថាអោយបងដែរ ខ្ញុំ​និយាយទៅតែអ្នកដែល ទទួល បន្ទុកផ្នែកវប្បធម៌ប៉ុណ្ណោះ។ប៉ុន្តែខ្ញុំ​ពិតជាមិនសូវពេញចិត្តដែលគេ បច្ចុប្បន្នលើកតម្លៃតែទម្រង់លោកគ្រូជេតចន ដែលថាជារបស់ខ្មែរមួយមុខ ដែលខ្ញុំ​គិតថាក្បាច់មិនសូវលម្អិតទេ។ ចំនែកបងថាក្នុង​បទ​ភ្លេង​បុរាណ​ថៃ មាន​ពាក្យ​ខ្មែរ ខ្មែរ​នេះ​ខ្មែរ​នោះ ច្រើន​អនេក​ តែ​គេ​មិន​បាន​ចម្លង​ពី​ខ្មែរ​ទេ​នោះ ខ្ញុំ​សូមប្រាប់បងថា ខ្ញុំ​ក៏បានមើល youtube បងដែរ ក្នុងនាមជាអ្នកតាមដានpage បងជាច្រើនឆ្នាំមកហើយនោះ ដូចជាបទខ្មែរពោធិសាត់ ខ្មែរអុំទូក ខ្មែរសៃយោគ(ខ្មែរជ្រៃយោគរឺខ្មែរយោលទោង) នោះសុទ្ឋតែមានក្នុងភ្លេងខ្មែរដែរ សូម្បីតែបទឡាវដួងដឿនដែល សៀមនឹងឡាវឈ្លោះគ្នាថាជាម្ចាស់បទរៀងៗខ្លួននោះក៏ខ្មែរមានប្រើដែរដែលខ្មែរយើងហៅថាបទឡាវចោមច័ន្ទរឺឡាវសសេីរព្រះច័ន្ទ។នៅមានបទល្បីៗជាច្រើនទៀតរបស់ថៃក៏ខ្មែរមានប្រើដែរ ដូចជាបទខាំវ៉ាន(ពាក្យផ្អែម) តៅគីនផាក់ប៊ុង(អណ្តើកសុីត្រកួន)
។ល។មិនមែនមានតែក្នុង​បទ​ភ្លេង​បុរាណ​ថៃដូចបងថានោះទេ គ្រាន់តែខ្មែរលេងរក្សាទំរង់តាមតែពីបុរាណ សៀមគេចេះច្នៃអោយមានតម្លៃប៉ុណ្ណោះ។

សុភ័ក្ត្រ - ថ្ងៃពុធ 6 ខែ​ឧសភា 2015

ខ្ញុំ​ឃើញ​ហើយ ទាំង​រូប​គំនូរ​បុរាណ​នៅ​តាម​បង្អួច​​សារ​មន្ទីរ និង​រូប​គំនូរ​បុរាណគូរ​ក្នុង​ផ្ទាំង​សំពត់ រឿង​​រាម​កេរ្តិ៍ និង​ពុទ្ធ​ប្រវត្តិ ដាក់​ក្នុង​ស៊ុម​កញ្ចក់ តាំង​នៅ​សារ​មន្ទីរ​នោះ (​ខ្ញុំ​ក៏​មាន​​ច្បាប់​ចម្លង​ផង​ដែរ​)​ គឺ​ពិត​ជា​ស្អាត​ជាង​រូប​គំនូរ​ក្នុង​ថែវ​វត្ត​ព្រះ​កែវ​មែន (​តាម​គំនិត​ខ្ញុំ​) តែ​មិន​ដូច​រូប​គំនូរ​ថៃ​ទេ (​តាម​គំនិត​ខ្ញុំ​)​។ ហើយ​រូប​ទាំង​នោះ​ក៏​មាន​លក្ខណៈ​ខុស​គ្នា​ទៅ​នឹង​រូប​គំនូរ​បុរាណ​សម័យ​ថ្មី​​ដែល​គេ​យក​មក​ចែក​​ចាយ​លើ​អ៊ីនធ័រណេត​រយៈ​ពេល​ចុង​ក្រោយ​នេះ គឺ​វា​មាន​លក្ខណៈ​ខ្មែរ​ច្រើន​ជាង​។ ខ្ញុំ​គ្រាន់​តែ​យល់​​យ៉ាង​ហ្នឹង​។

ប្រកាស​នេះ​និយាយ​អំពី​ការ​ស្ដារ​ឡើង​វិញ​នូវ​គំនូរ​បុរាណ​វត្ត​ព្រះ​កែវ ហើយ​បើ​មាន​អ្នក​ជំនាញ​ខ្មែរ​ចូល​រួម​វា​រឹត​តែ​ប្រសើរ ដើម្បី​រក្សា​ទម្រង់​ដើម​នៃ​រូប ថ្វី​បើ​យើង (​ទាំង​ខ្ញុំ​) គិត​ថា​រូប​គំនូរ​មិន​ស្អាត​ដូច​រូប​គំនូរ​ខ្មែរ​បុរាណ​ដែល​យើង​ឃើញ​នៅ​ទី​ផ្សេង​ទៀត​ក៏​ដោយ តែ​វា​ជា​តម្លៃ​ដ៏​មហា​សាល​នៃ​ខ្មែរ​។ សួរ​ថា​តើ​លុប​ចោល​គូរ​​ឡើង​វិញ​ឲ្យ​ស្អាត ​ដាក់​ព័ណ៌​ឲ្យ​លេច​ជាង​នេះ​បាន​ទេ​? ខ្ញុំ​ថា​ប្រាកដ​ជា​បាន តែ​បើ​ធ្វើ​យ៉ាង​នេះ​តើ​វា​មាន​​ប្រយោជន៍​អ្វី​?

មតិ​របស់​តា​ម៉ាប់​ខាង​លើ ប្រហែល​ជា​ចង់​និយាយ​តួ​យ៉ាង​ដល់​​លោកគ្រូ ជេត ចន ប៉ុណ្ណោះ នៅ​មាន​អ្នក​ជំនាញ​ជា​ច្រើន​ទៀត​អាច​ចូល​រួម ប្រសិន​បើ​​អាច​។ នេះ​តាម​គំនិត​ខ្ញុំ​៕

តា ម៉ាប់ - ថ្ងៃសៅរ៍ 9 ខែ​ឧសភា 2015

ចុះបើស្គាល់តែមួយនឹង ខ្ញុំមិនបានរៀន វិចិត្រកម្មផង រៀនបុរាណវិទ្យា នឹង ។

6. vireak - ថ្ងៃអង្គារ 5 ខែ​ឧសភា 2015

ខ្ញុំ​មិន​ដែល​ឃើញ​គំនូរ​បុរាណ​ខ្មែរ​ណា លើ​ព្រះ​វិហារ​នានា​ក្នុង​កម្ពុជ​រដ្ឋ រាប់​ទាំង​នៅ​ក្នុង​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​ដូច​គ្នា​នឹង​គំនូរ​បុរាណ​ខ្មែរ (​សម័យ​ថ្មី​) ដែល​ឃើញ​ចែក​ចាយ​ពេល​ថ្មី​ៗ​នេះ​​​ទេ​។(????????)
ពិតជាមានបង បើបងទៅពិនិត្យគំនូរដែលគូរលើក្រណាត់ម្តងទៀតដែលគេរក្សាទុកក្នុងសារមន្ទីរជាតិ ម្តុំសាលតំកល់ព្រះកោដ្ធព្រះមហាក្សត្រនោះ បងនឹងរំភើប ដែលដូនតាខំរក្សាទុក មិនចាញ់ស្នាដៃប្រទេសជិតខាងឡើយ ហើយខ្ញុំគិតថាបងក៏ធ្លាប់ទៅដែរក្នុងនាមជាអ្នកស្រលាញ់វប្បធម៌ជាតិ ហេតុអ្វីបានជាមិនឃើញ រឺបងមិនបានចាប់ភ្លឹក។វាមានលក្ខណះដូចគំនូរសៀមបេះបិត ទាំងសម្លៀកបំពាក់នឹងគ្រឿងតែងកាយ ខុសត្រង់តែមានការសសេរអក្សរខ្មែរ ដើម្បីពិពណ៌នាអោយដឹងត្រង់ឈុតនីមួយៗប៉ុណ្ណោះ អ្វីដែលសំខាន់ទៅទៀតគំនូរនៅតែរក្សាពណ៌ធម្មជាតិនឹងទឹកមាសភ្លឺផ្លេក នៅឡើយ។

7. vireak - ថ្ងៃពុធ 6 ខែ​ឧសភា 2015

ខ្ញុំ​ពេញចិត្តនឹងពាក្យបងថា(​ពិត​ជា​ស្អាត​ជាង​រូប​គំនូរ​ក្នុង​ថែវ​វត្ត​ព្រះ​កែវ​មែន)
និយាយបែបនេះមិនមែនចង់បានន័យថាគំនូរវត្តព្រះកែវមិនល្អមិនស្អាត
នោះទេ គំនូរវត្តព្រះកែវជាសម្បត្តិថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ក្នុងនាម
យើងជាកូនចៅជំនាន់ក្រោយគួរថែរក្សាអោយនៅគង់វង្ស។ហើយខ្ញុំ​
នៅតែសូមនិយាយម្តងទៀតថា គំនូរដែលខ្ញុំ​ និយាយដែលថាល្អនៅ
សារមន្ទីរនោះគឺមិនដូចរបស់សៀមទាំងស្រុងទេ គឺគ្រាន់តែស្រដៀង
ប៉ុណ្ណោះ ជាពិសេសទំរង់មុខ
ទោះជារូបតូចក៏ដោយក៏គេគូរបានផ្ចិតផ្ចង់ល្អណាស់។​​

8. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​? | ស្រែ​ខ្មុក - ថ្ងៃពុធ 5 ខែសីហា 2015

[…] ___________________________________________________ អាន​ផង​ដែរ​៖ ១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ? ២. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ ៣. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង…៤. មត៌ក​ដូន​តា​ត្រូវ​បាន​បំភ្លេច​ចោល […]

9. វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ | ស្រែ​ខ្មុក - ថ្ងៃ​ព្រហស្បតិ៍ 7 ខែមករា 2016

[…] […]

10. 2015 in review​៖ វើដ​ប្រេស្ស​សង្ខេប​ប្លក់​ឆ្នាំ​២០១៥ | ស្រែ​ខ្មុក - ថ្ងៃអង្គារ 12 ខែមករា 2016

[…] Your most commented on post in 2015 was ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង… […]

11. សង្ខេប​ព្រឹត្តិការណ៍​ឆ្នាំ​២០១៥ ក្នុង​ប្លក់​សុភ័ក្ត្រ (ស្រែ​ខ្មុក) | ស្រែ​ខ្មុក - ថ្ងៃសុក្រ 19 ខែ​កុម្ភៈ 2016

[…] នៅ​ខែ​ឧសភា និង​មិថុនា​ វិញ មាន​ ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង…, ស្ដេច​ថៃ​បង្ហាញ​ព្រះ​ភក្ត្រ​ក្នុង​ថ្ងៃ​ឆត្រ​មង្គល, អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?, ថៃ​ចាត់​សាង «​ឧទ្យាន​រាជ​ភ័ក្ដិ​» រំឭក​ដល់​បុព្វ​មហា​ក្សត្រិយ៍, ព្រះ​រាជ​សារ​ស្ដេច​ថៃ​រឿង​រ៉ាវ​ខ្មែរ, ឆ្នាំ​នេះ​ខ្មែរ និង​ថៃ ធ្វើ​បុណ្យ​​វិសាខ​បូជា ខុស​ថ្ងៃ​ខែ​គ្នា, អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​), ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ​។ […]


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: