jump to navigation

Repost: ភាព​ខុស​គ្នា​រវាង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា និង​រាជអាណាចក្រ​ថៃ ថ្ងៃ​ចន្ទ 18 ខែ​ឧសភា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, ภาษาไทย.
trackback

ប្រទេស​កម្ពុជា និង​ប្រទេស​ថៃឡង់ដ៍​មាន​ព្រះ​រាជ​ពិធី​បុរាណ​ជា​បវេណី​ច្រើន​ណាស់​ប្រហាក់​ប្រហែល​គ្នា ក្នុង​នោះ​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល ក៏​មាន​ទំនង​ប្រហាក់​ប្រហែល​គ្នា​ដែរ។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី​ពិធី​នេះ​មាន​ភាព​ខុស​គ្នា​មួយ​ចំនួន ដែល​ខ្ញុំ​នឹង​លើក​ឡើង​មក​អត្ថាធិប្បាយ​​ជា​សង្ខេប​ៗ​នា​ពេល​នេះ ទុក​ជា​ប្រយោជន៍​ដល់​ខេមរជន​គួរ​សិក្សា និង​យល់​ដឹង​ដូច​ត​ទៅ៖

ព្រះ​រាជ​ពិធី​ជា​បវេណី​បុរាណ​នៃ​ប្រទេស​ទាំង​ពីរ​នេះ​មាន​គោល​គំនិត​ដូច​គ្នា ដ្បិត​ជា​ការ​ចម្លង​ពី​បុរាណ​នៃ​រដូវ​វប្ប្កកម្ម​ដែល​ស្ដេច​ផែន​ដី​យាង​ជា​និមិត្តរូប​នៃ​ការ​ប្រកាស​ពី​រដូវ​ធ្វើ​ស្រែ​ចម្ការ​របស់​អាណា​ប្រជារាស្ត្រ​នៅ​ក្នុង​ព្រះ​នគរ។

នៅ​ក្នុង​នគរ​ទាំង​ពីរ​គេ​មិន​ឃើញ​មាន​ឯកសារ​ណា​ច្បាស់​លាស់​បញ្ជាក់​ប្រាប់​ពី​ឆ្នាំ​ចាប់​ផ្ដើម​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​ទេ​​។ តាម​តែ​ការ​យល់​ឃើញ​របស់​ជាតិ​មួយ​ៗ កម្ពុជា​សម្អាង​រហូត​ដល់​ទៅ​សម័យ​នគរ​ភ្នំ​ឯណុះ​។ ចំណែក​ឯ​នៅ​ស្រុក​ថៃ​វិញ គេ​សម្អាង​ថា​ពិធី​នេះ​មាន​តាំង​ពី​សម័យ​ក្រុង​សុខោទ័យ​​។ បើ​មើល​ឃើញ​ច្បាស់​លាស់​នា​សម័យ​បច្ចុប្បន្ន​នេះ សម្រាប់​នគរ​ខ្មែរ​ពិធី​នេះ​ឃើញ​មាន​ធ្វើ​តាំង​ពី​សម័យ​ព្រះ​រាជ​អាណាចក្រ​កម្ពុជា រហូត​ដល់​ស្រុក​កើត​សង្គ្រាម ឆ្នាំ​១៩៧០ ក៏​លើក​ឲ្យ​លែង​មាន​ពិធី (​ប្ដូរ​របប​រាជាធិបតេយ្យ​ជា​សាធារណ​រដ្ឋ​) ទើប​បង្កើត​ឲ្យ​មាន​ជា​ថ្មី​ម្ដង​ទៀត នា​ទសវត្សរ៍​ឆ្នាំ​១៩៩០​។

ចំណែក​ឯ​ក្រុង​ស្យាម​វិញ ព្រះ​រាជ​ពិធី​ចុង​ក្រោយ​បំផុត​គឺ​កាល​ពី​ឆ្នាំ​១៩៣៦ និង​បាន​លើក​លែង​​រហូត​ដល់​ឆ្នាំ​១៩៦០ ទើប​ប្រារព្ធ​ឡើង​វិញ​។

បច្ចុប្បន្ន​នេះ​បើ​ទោះ​បី​ពិធី​នេះ​ប្រារព្ធ​នៅ​ក្នុង​ខែ​ពិសាខ​ដូច​គ្នា (ចន្លោះ​ខែ​ឧសភា) ក៏​ដោយ តែ​ព្រះ​រាជាណាចក្រ​កម្ពុជា បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ​មុន​​ពិធី​នៅ​ក្នុង​រាជ​អាណាចក្រ​ថៃ​ប្រមាណ​ពី​១​ទៅ​២​សប្ដាហ៍ ឬ​ឆ្នាំ​ខ្លះ​ថៃ​ប្រារព្ធ​ធ្វើ​មុន​១​ទៅ​២​សប្ដាហ៍​វិញ​ក៏​មាន។

នៅ​ឯ​ប្រួទេស​កម្ពុជា ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​រយៈ​ពេល​៣​ថ្ងៃ​ ដោយ​តាំង​ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​ទី​ព្រះ​ស្រែ និង​ក្នុង​ព្រះ​បរម​រាជ​វាំង​តាម​បែប​ប្រពៃណី​ព្រហ្មញ្ញ​សាសនា ដែល​ជាប់​ដិត​ដាម​ជា​យូរ​លង់​មក​ហើយ​នៅ​ក្នុង​សង្គម​ខ្មែរ ខណៈ​ដែល​ប្រទេស​ថៃ​ប្រារព្ធ​ពិធី​នេះ​តែ​២​ថ្ងៃ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ទី​១ នៅ​ក្នុង​ព្រះ​បរម​មហា​រាជ​វាំង តាម​បែប​ពុទ្ធ​សាសនា ដោយ​គេ​ឲ្យ​ឈ្មោះ​ថា ព្រះ​រាជ​ពិធី​ពឺជ​មង្គល (ថៃ៖ พระราชพิธีพืชมงคล)។

  • ការ​កំណត់​ព្រះ​រាជ​ពិធី

នៅ​នគរ​ក្រុង​កម្ពុជា​គេ​កំណត់​ធ្វើ​ព្រះ​រាជ​ពិធី​នេះ​ដោយ​យក​តាម​ប្រក្រតិទិន​ច័ន្ទគតិ គឺ​​ថ្ងៃ​ទី​៤រោច ខែ​ពិសាខ ជា​ថ្ងៃ​ច្រត់​ព្រះ​នង្គ័ល​ជា​រៀង​រាល់​ឆ្នាំ។ ចំណែក​ឯ​នៅ​ក្រុង​ស្យាម​វិញ គេ​មិន​កំណត់​យក​តាម​ច័ន្ទ​គតិ​ទេ ចំណែក​ឯ​សុរិយគតិ​វិញ គេ​ក៏​គិត​យក​ត្រឹម​តែ​ខែ​ប៉ុណ្ណោះ គឺ​ថ្ងៃ​ណា​មួយ​នៃ​ខែ​ឧសភា ជា​រៀង​រាល់​ឆ្នាំ តាម​ការ​កំណត់ និង​ប្រកាស​ដោយ​សំណាក់​ព្រះ​រាជ​វាំង​ស្យាម។

  • នៅ​ក្នុង​ថ្ងៃ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល

នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​រាជ​ពិធី​នេះ​ត្រូវ​បាន​ចាប់​ផ្ដើម​ដោយ​មាន​ការ​ដង្ហែរ​ស្ដេច​មាឃ និង​មេ​ហួរ ចូល​ទៅ​គាល់​ស្ដេច​ផែន​ដី ឬ​តំណាង​ព្រះ​មហាក្ស័ត្រិយ៍​ដែល​ទ្រង់​យាង​ជា​រាជាធិបតី​ក្នុង​ព្រះ​រាជ​ពិធី បន្ទាប់​មក​ទ្រង់​ប្រទាន​ចឺម ដើម្បី​ស្ដេច​មាឃ និង​មេ​ហូរ​បាន​ចុះ​ទៅ​ភ្ជួរ​នៅ​ឯ​ទី​ព្រះ​ស្រែ។

សម្រាប់​ឯ​ពិធី​នៅ​រាជ​អាណាចក្រ​ថៃ​វិញ មិន​មាន​ស្ដេច​មាឃ និង​មេ​ហួរ​ទេ តែ​ជំនួស​មក​វិញ​មាន​ពញា​ភ្ជួរ​ស្រែ (ថៃ៖ พระยาแรกนา) មួយ​រូប និង​ទេពី​បួន​រូប ជា​អ្នក​រែក​ស្រូវ​សម្រាប់​ពញា​ភ្ជួរ​ស្រែ។

  • អំពីទេពី​ទាំង​៤

ទេពី​ទាំង​៤ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ច្រត់​ព្រះ​នង្គ័ល​នៅ​រាជ​អាណាចក្រ​ថៃឡង់ដ៍​នេះ មិន​មាន​ភារកិច្ច​ដូច​ មេ​ហួរ នៅ​ឯ​ព្រះ​រាជ​ពិធី​ច្រត់​ព្រះ​នង្គ័ល​នៅ​នគរ​កម្ពុជា​ឡើយ។

ទេពី​ទាំង​៤ ត្រូវ​បាន​ជ្រើស​រើស​ជា​ក្រមុំ​ព្រហ្មចារីយ៍ ដោយ​ពីរ​រូប​ខាង​មុខ​ជា​អ្នក​រែក​ល្អី​ព័ណ៌​មាស និង​ពីរ​រូប​ខាង​ក្រោយ​ជា​អ្នក​រែក​ល្អី​ប្រាក់។ ជា​រៀង​រាល់​ឆ្នាំ​ទេពី​ចំនួន​២​រូប​ត្រូវ​បាន​ផ្លាស់​ចេញ ដោយ​ទេពី​ដែល​រែក​ល្អី​​មាស ត្រូវ​ចាក​ចេញ​ ហើយ​ទេពី​ដែល​រែក​​ល្អី​ប្រាក់ ត្រូវ​ឡើង​មក​រែក​ល្អី​​មាស​វិញ និង​រើស​ពីរ​រូប​បន្ថែម​មក​រែក​ល្អី​ប្រាក់ ដោយ​ធ្វើ​បែប​នេះ​ជា​បន្ត​បន្ទាប់​។

ទេពី​ទាំង​៤ មិន​មាន​តួនាទី​ជា​អ្នក​បាច​ស្រូវ ក្នុង​ពេល​ភ្ជួរ​ស្រែ​នោះ​ទេ។

  • អំពី​ការ​ភ្ជួរ​ស្រែ

ការ​ភ្ជួរ​ព្រះ​ស្រែ​នៅ​នគរ​កម្ពុជា មាន​ឃើញ​ព្រះ​គោ ឬ​គេ​ឲ្យ​ឈ្មោះ​ថា «គោ​ឧសភរាជ» រហូត​ដល់​ទៅ​៣​គូ (គឺ​៦​ក្បាល​ឯណោះ) ដោយ​មាន​ស្ដេច​មាឃ​ច្រត់​នៅ​ឯ​នឹម​កណ្ដាល និង​មេ​ហួរ​នៅ​ពី​ក្រោយ​គោ​ទាំង​៣​គូ ដើម្បី​ធ្វើ​ការ​បាច​ស្រូវ។ ការ​ភ្ជួរ​នេះ​គេ​ធ្វើ​ឡើង​រយៈ​ពេល​៣​ជុំ​នៃ​ទី​ព្រះ​ស្រែ។

នៅ​ឯ​នគរ​ថៃ​វិញ ការ​ភ្ជួរ​នេះ​គេ​ធ្វើ​ឡើង​រហូត​ដល់​ទៅ​៩​ជុំ​ក្នុង​ទី​ព្រះ​ស្រែ​ឯណោះ ដោយ​៣​ជុំ​ដំបូង​គ្រាន់​តែ​ភ្ជូរ (បី​ជុំ​ទី​២ មិន​ច្បាស់) ចំណែក​ឯ​៣​ជុំ​ទី​៣​គឺ​ការ​បាច​ស្រូវ។ គោ​ដែល​គេ​យក​មក​ភ្ជួរ​មាន​តែ​មួយ​នឹម​ប៉ុណ្ណោះ (គឺ​១​គូ) ដោយ​មាន​ពញា​ភ្ជួរ​ស្រែ​ជា​អ្នក​ច្រត់​ផង​និង​បាច​ស្រូវ​ទៅ​ទី​ព្រះ​ស្រែ​ផង ចំណែក​ឯ​ទេពី​ទាំង​៤​ជា​អ្នក​រែក​ល្អី​ស្រូវ​តាម​ពី​ក្រោយ។ គេ​ហៅ​គោ​ដែល​យក​មក​ភ្ជួរ​នោះ​ថា «ព្រះ​គោ»។

នៅ​ក្នុង​ប្រទេស​កម្ពុជា​គេ​និយម​យក​គោ​ដែល​មាន​សម្បុរ​ខ្មៅ​មក​ភ្ជួរ ខណៈ​ដែល​នៅ​ប្រទេស​ថៃ​គេ​យក​គោ​សម្បុរ​ស​មក​ភ្ជួរ។

  • ការ​ផ្សង​ព្រះ​គោ

នៅ​ពេល​ភ្ជួរ​រួច​ពិធី​នៅ​ប្រទេស​ទាំង​ពីរ​បញ្ចប់​ដោយ​ការ​ផ្សង​ព្រះ​គោ​ឲ្យ​បរិភោគ​អាហារ​ទាំង​៧​មុខ​ដូច​គ្នា។ តែ​ត្រង់​ចំណុច​ខុស​គ្នា​ដែល​យើង​សង្កេត​ឃើញ​នោះ​ថា នៅ​ឯ​ប្រទេស​កម្ពុជា គេ​ដោះ​លែង​តែ​គោ​ដែល​ច្រត់​ដោយ​ស្ដេច​មាឃ​ប៉ុណ្ណោះ​ដើម្បី​ទៅ​បរិភោគ​អាហារ​ដែល​បាន​ដាក់​ចោល​នៅ​ទី​ព្រះ​ស្រែ​ និង​ឲ្យ​គោ​ឧសភរាជ​ទៅ​បរិភោគ​តាម​ចំណង់​របស់​ខ្លួន បន្ទាប់​មក​ធ្វើ​ពី​ធី​ទស្សន៍ទាយ។

ចំណែក​ឯ​នៅ​ប្រទេស​ថៃ​វិញ គេ​យក​អាហារ​៧​មុខ​ដាក់​ក្នុង​កន្ទោង​ដែល​បាន​រៀប​ចំ​ស្រេច រួច​យក​មក​ដាក់​ផ្ទាល់​នឹង​មាត់​ព្រះ​គោ ដើម្បី​ឲ្យ​បរិភោគ។

  • ការ​ផ្សង​សំពត់

ពិធី​នេះ​មិន​មាន​នៅ​នគរ​កម្ពុជា​ទេ​។

នៅ​ក្នុង​នគរ​ស្យាម ក្រោយ​ពី​ផ្សង​ព្រះ​គោ​បរិភោគ​អាហារ​ទាំង​ពីរ​មុខ​ហើយ គេ​នៅ​មាន​ពិធី​មួយ​ទៀត គឺ​ផ្សង​សំពត់ ដែល​ពញា​ភ្ជួរ​ស្រែ​ជា​អ្នក​ចាប់​ដោយ​ផ្ទាល់​។ ពិធី​នេះ​គេ​ធ្វើ​ឡើង​ដើម្បី​ផ្សង​ទឹក​ភ្លៀង​។

នៅ​ពេល​បញ្ចប់​កម្មវិធី​ប្រជា​រាស្ត្រ​នៃ​ប្រទេស​ទាំង​ពីរ​មាន​ជំនឿ​ប្រហាក់​ប្រហែល​គ្នា​ក្នុង​ការ​រើស​យក​សំណល់​នៃ​គោ​ឧសភរាជ ដើម្បី​ជា​មង្គល​នៃ​ជំនឿ​របស់​គេ​រៀង​​ៗ​ខ្លួន (សូម​អានជំនឿ​សំណល់​អាហារ​គោ​ឧសភរាជ)៕

គោ​ឧសភរាជ​នៅ​ប្រទេស​កម្ពុជា​កំពុង​បរិភោគ​អាហារ​ទាំង​៧​មុខ
គោ​ឧសភរាជ​នៅ​ប្រទេស​កម្ពុជា​កំពុង​បរិភោគ​អាហារ​ទាំង​៧​មុខ
ព្រះ​គោ​នៅ​ប្រទេស​ថៃ​កំពុង​បរិភោគ​អាហារ
ព្រះ​គោ​នៅ​ប្រទេស​ថៃ​កំពុង​បរិភោគ​អាហារ

________________________________________________________
អានផងដែរ
១. ជំនឿសំណល់អាហារគោឧសភរាជ

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: