jump to navigation

ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ ថ្ងៃអង្គារ 30 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย.
7 comments

ប្រវត្តិសាស្ត្របានស្ដែងយ៉ាងប្រចក្សថាក្រោយរដ្ឋសៀមបានកកើតឡើង បណ្ដាអ្នកដឹកនាំរដ្ឋថ្មីនេះបានព្យាយាមដឹកនាំសង្គម និងបានខ្ចី ឬយកទៅប្រើប្រាស់នូវវប្បធម៌ខ្មែរជាច្រើនដើម្បីរៀបចំសង្គមរបស់ខ្លួន រាប់ទាំងពីភាសា និងអក្សរផងដែរ។ ជាក់ស្ដែងអក្សរថៃដែលយើងឃើញប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយឥតប្រកែកបានគឺត្រូវបានរចនាចេញពីតួអក្សរខ្មែរបូរាណនេះឯង។ ក្រៅពីនោះអក្សរបូរាណខ្មែរ «អក្សរខម» ក៏ត្រូវបានយកទៅប្រើប្រាស់យ៉ាងច្រើនផងដែលនៅមុនពេលជាតិនេះ (ថៃបច្ចុប្បន្ន) មានតួអក្សររបស់ខ្លួនប្រើប្រាស់ ទាំងក្នុងការកត់ត្រាសម្ដីជនជាតិខ្លួន ទាំងការប្រើប្រាស់សរសេរភាសាបាលី សាស្ត្រា គម្ពី ក្បួនខ្នាតនានា ជាច្រើន…។ល។ រហូតមកដល់គ្រាបច្ចុប្បន្ន (អានប្រកាស៖ ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ)

ទោះបីជាយ៉ាងណាក្ដី ជនជាតិនេះក៏បានព្យាយាមច្រើនគ្រាមកដែរក្នុងការលុបបំបាត់ការប្រើប្រាស់អក្សរខមខ្មែរនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ខ្លួន។ នេះគឺដើមកំណើត «អក្សរអរិយកៈ» (ថ. อักษรอริยกะ)។

ព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ

«អរិយកៈ» គឺជារូបបែបតួអក្សរមួយប្រភេទដែលប្រឌិតឡើងដោយព្រះមហាក្សត្រិយ៍ថៃមួយព្រះអង្គ គឺព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ ខណៈដែលព្រះអង្គទ្រង់ព្រះផ្នួសជា «ព្រះវជិរញាណថេរៈ»។ ហេតុផលសំខាន់នៃការប្រឌិតតួអក្សរនេះឡើងក៏គឺដើម្បីលែងប្រើប្រាស់តួអក្សរខមខ្មែរនៅក្នុងការសរសេរភាសាបាលីនៅក្នុងសង្គមថៃ ដែលចាក់ឫសមកយ៉ាងយូរលង់នោះឯង។ នេះរាប់ថាជាការធ្វើកំណែទម្រង់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ថៃផងដែរ។

មិនមានការបរិច្ឆេទឲ្យពិតប្រាកដពីកំណើតនៃតួអក្សរ«អរិយកៈ»នេះទេ តែទោះបីយ៉ាងណាក៏ដោយមានការសន្និដ្ឋានថា ព្រះអង្គបានរៀបចំធ្វើតួអក្សរនេះឡើងបន្ទាប់ពីស្ដេចប្រថាប់នៅក្នុងវត្តបវរនិវេឝវិហារ នាខណៈនោះមានកូនសិស្សជាច្រើនដែលរៀនព្រះធម្មវិន័យ ហើយព្រះអង្គឈ្វេងយល់ថាគួរប្រឌិតអក្សរនេះឡើងជំនួសឲ្យអក្សរខមខ្មែរនេះ ដើម្បីឲ្យងាយស្រួលក្នុងការរៀនសូត្រ។ អក្សរខមខ្មែរនេះ ពីដើមឡើយនៅក្នុងសង្គមថៃ ត្រូវបានចាត់ទុកថាជាអក្សរស័ក្ដិសិទ្ធសម្រាប់កត់ត្រារឿងរ៉ាវទាក់ទងនឹងព្រះពុទ្ធសាសនា ទាំងជាភាសាបាលី ទាំងជាភាសាថៃ។

អក្សរអក្សរអរិយកៈ ដែលអតីតព្រះមហាក្សត្រិយ៍ថៃអង្គនេះស្ថាបនាឡើងគឺយកលំនាំទាំងស្រុងពីតួអក្សរឡាតាំង ដែលព្រះអង្គមានចំណេះដឹងទាំងភាសាអង់គ្លេស និងឡាតាំងស្រាប់ ដោយកែប្រែតួអក្សរថៃ និងវិធីសរសេរផងដែរ ដោយយកស្រៈមកសរសេររៀងនៅពីក្រោយព្យញ្ជនៈទាំងអស់ ដែលខុសគ្នាស្រឡះពីតួអក្សរខមខ្មែរ និងអក្សរថៃ ដែលរៀងស្រៈ ទាំងខាងមុខ ខាងក្រោយ ខាងលើ និងខាងក្រោមនោះ។

ក្រោយបង្កើតតួអក្សរនេះរួចព្រះអង្គឲ្យឈ្មោះថា «អក្សរអរិយៈ» ដើម្បីសម្ដែងឲ្យឃើញថាជាតួអក្សររបស់ «អ្នកជាអារ្យជន» ដែលមានន័យថាក្រៅពីភាពងាយស្រួលក្នុងការរៀនសូត្រជំនួសតួអក្សរខមខ្មែរហើយ ក៏គឺជាការសម្របខ្លួនឲ្យមានភាពអរិយៈតាមពួកបច្ចិមប្រទេសផងដែរ។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ការព្យាយាមប្រើប្រាស់ «អក្សរអរិយៈ» នេះមិនទទួលបានជោគជ័យទេ។ ការផ្សព្ធផ្សាយ និងប្រើប្រាស់ក៏ឃើញមានតែនៅក្នុងវត្តបវរនិវេឝវិហារតែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ឃើញមានចារឹកតួអក្សរនេះតែមួយប៉ុណ្ណោះនៅវត្តរាជប្រតិឞ្ឋ ឯក្រុងបាងកក។

ការប្រើប្រាស់អក្សរអរិយៈនេះក៏សាបរលាបទៅនៅពេលដែលព្រះមហាក្សត្រិយ៍ថៃអង្គនេះលាចាកសិក្ខាបទនិងបានឡើងសោយរាជ្យសម្បត្តិ បូករួមទាំងរូបរាងតួអក្សរ និងវិធីសរសេរខុសប្លែកគ្នាច្រើននឹងអក្សរថៃនោះ ទើបមិនមានការនិយមប្រើប្រាស់ ហើយរជ្ជការតៗមករបស់ថៃ បានធ្វើការកែសម្រួលយកតួអក្សរថៃមកសរសេរភាសាបាលីផងនោះ ក៏ធ្វើឲ្យតួអក្សរអរិយៈត្រូវលើកលែងប្រើប្រាស់នៅទីបំផុត៕៚

រូបរាងតួ «អក្សរអរិយៈ» ផ្នែកខាងលើជាស្រៈ ឯខាងក្រោមជាព្យញ្ជនៈ

ត្រារាជការថៃដែលប្រើនៅលើក្បាលលិខិតនានាកាលគ្រាមុនគ.ស.១៩៤០ មានប្រាកដតួអក្សរខមខ្មែរនៅពីក្រោមថា «ព្រះបរម្មរាជឱង្ការ»

គុម្ពីខាងព្រះពុទ្ធសាសនានានានៅប្រទេសថៃ ដែលប្រើតួអក្សរខមខ្មែរ

________________________________________
អានផងដែរ៖
១. ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ
២. ភាសាខ្មែរនៅក្នុងសង្គមថៃ
៣. ភាសាខ្មែរក្នុងទូរអេធីអឹមថៃ
៤. ការ​សើ​រើ​ប្រើ​ប្រាស់​ «​អក្សរ​ខម​​ខ្មែរ​» នៅ​ក្នុង​ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​អតីត​ព្រះ​ចៅ​ផែន​ដី​ថៃ

Advertisements

អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​) ថ្ងៃចន្ទ 29 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីស្រុកខ្មែរ, 中文.
4 comments

កាល​ពី​ខែ​ឧសភា កន្លង​មក​នេះ ខ្ញុំ​បាន​ដាក់​ប្រកាស​មួយ​ស្ដី​អំពី​ការ​ហៅ​សព្វ​នាម​នៅ​ក្នុង​គ្រួសារ​ដែរ​មាន​ដើម​កំណើត​ចិន (ទាជីវ​) ដោយ​ខ្ញុំ​បាន​រៀប​រាប់​ពី​ការ​ហៅ​ខាង​ឪពុក (​សូម​អាន​ប្រកាស​៖ អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?)​។ នៅ​ក្នុង​ការ​ហៅ​តាម​របៀប​ចិន​នេះ គេ​បែង​ចែង​តាម​ខាង​ឪពុក និង​ម្ដាយ​។ នៅ​ពេល​គេ​ណែនាំ​គ្នា គេ​ដឹង​តែ​ម្ដង​​ថា ញាតិ​ខាង​ឪពុក ឬ​ញាតិ​ខាង​ម្ដាយ ខុស​ពី​ខ្មែរ​យើង​​ដែល​មិន​ឃើញ​មាន​ការ​បែង​ចែក​ដូច​នេះ​ទេ​។

ជា​បន្ត​ទៅ​ទៀត​នេះ ខ្ញុំ​សូម​រៀប​រាប់​បន្ត​ពី​ការ​ហៅ​ខាង​ម្ដាយ និង​ការ​ហៅ​សម្រាប់​ខ្លួន​ឯង​វិញ​ម្ដង​។ ប្រសិន​បើ​មាន​ការ​ខុស​ឆ្គង​សូម​ជួយ​ប្រាប់​ផង​​។

ខ. ខាង​ម្ដាយ

  • ឪពុក​របស់​ម្ដាយ​ (​តា​) ហៅ​ថា «​កុង​»* ឯ​ម្ដាយ​របស់​ម្ដាយ (​យាយ​) ហៅ​ថា «​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ ​តែ​បើ​ចង់​បែង​ចែក អាច​ហៅ​ថា «​ហ្ងួ​កុង ហ្ងួម៉ា​» តែ​តាម​សង្កេត​ដូច​ជា​មិន​សូវ​ឃើញ​ហៅ​ប៉ុន្មាន​ទេ​)
  • កុង​ម៉ា​របស់​ម្ដាយ (ទួត​) ​ហៅ​ថា «​ឡៅ​កុង ឡៅ​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ​)
  • ឡៅ​កុង​ឡៅ​ម៉ា​របស់​ម្ដាយ (​លួត​) ហៅ​ថា «​ឡៅចូវ​កុង ឡៅចូវ​ម៉ា​» (នេះ​ដូច​គ្នា​នឹង​ខាង​ឪពុក​ដែរ​)
  • បង​ប្រុស និង​ប្អូន​ប្រុស​​របស់​ម្ដាយ (​អ៊ុំ​ និង​ពូ​) ហៅ​ដូច​គ្នា​​ថា «​​ហ្គូ៎​, គូ៎» ប្រពន្ធ​របស់​អា​ហ្គូ៎​គឺ «​ហ្ឃីម​, ឃីម​, គីម​»​។
  • បង​ស្រី និង​ប្អូន​ស្រី​របស់​​ម្ដាយ (​អ៊ុំ និង​មីង​) ហៅ​ដូច​គ្នា​ថា «អ៊ី​» ចំណែក​ឯ​ប្ដី​របស់​អា​អ៊ី​​នោះ គឺ «​ធៀ​» ឬ​អ្នក​ខ្លះ​ហៅ «​អ៊ី​​ធៀ​»
  • ប្រសិន​បើ​បង​ប្អូន​របស់​អា​កុង​អា​ម៉ា ត្រូវ​ហៅ​ពួក​គាត់​ដូច​នឹង​ម្ដាយ​​យើង​ហៅ​ដែរ តែ​ត្រូវ​បន្ថែម​ពាក្យ​ថា «​ឡៅ​» ដូច​ជា​៖ ឡៅ​ហ្គូ៎​, ឡៅ​អ៊ី​, ឡៅ​ហ្ឃីម (​បើ​មាន​ពាក្យ​ឡៅ​នេះ​ហើយ​មិន​បាច់​និយាយ​ «អា​» ពី​មុខ​ទេ​)
  • ប្រសិន​បើ​ម្ដាយ​មាន​បង​ប្អូន​​ច្រើន​នាក់​វិញ​​ ត្រូវ​ហៅ​តាម​លំដាប់​អាយុ ដោយ​បែក​ចែក​ប្រុស​និង​ស្រី​។

គ​. ខ្លួន​ឯង

  • ឪពុក ហៅ​ថា អា​ប៉ា​, អា​ទៀ ឯ​ម្ដាយ​ហៅ​ថា អា​ម៉ា​, អា​ហ្មេះ
  • បង​ប្រុស​ហៅ​ថា អា​ហ៊ា ប្រពន្ធ​អា​ហ៊ា គឺ អា​សោ​, សោ
  • ប្អូន​ប្រុស​ហៅ​ថា អា​ទី​ ប្រពន្ធ​របស់​អា​ទី គឺ អា​សោ​, សោ ឬ​ហៅ​ឈ្មោះ​តែ​ម្ដង
  • បង​ស្រី ហៅ​ថា អា​ជេ ប្ដី​អាជេ គឺ អា​ហ៊ា
  • ប្អូន​ស្រី ហៅ​ថា អា​មួយ ប្ដី​អា​មួយ ហៅ​ឈ្មោះ​តែ​ម្ដង

*​ ជា​ទូទៅ​អាច​បន្ថែម​សព្វនាម «​អា​» នៅ​ខាង​មុខ​បាន​ទាំង​អស់ ដូច​ជា អា​កុង អា​ម៉ា អា​ហ៊ា​… ។ល។

នៅ​ប្រកាស​ក្រោយ​ខ្ញុំ​នឹង​រៀប​រាប់​វិធី​ហៅ​តាម​លំដាប់​អាយុ

________________________________________________
អាន​ផង​ដែរ​៖
១. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​?
២. អា​គូ៎ អា​ឃី៎ម អា​ប៉ិ អា​អឹម នរណា​ជា​នរណា​? (​ត​ចប់​)

ភូមា​ចេញ​ក្រដាស​ប្រាក់​ថ្មី​១០.០០០​ក្យាត ថ្ងៃអាទិត្យ 28 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in မြန်မာဘာသာ.
2 comments

ធនាគារ​កណ្ដាល​​ភូមា បាន​ចេញ​គំរូ​ធនបត្រ​ប្រភេទ​ថ្មី​១០.០០០​ក្យាត (​ប្រមាណ​​៤០.០០០​រៀល) ជា​ធនបត្រ​ខ្ពស់​បំផុត​របស់​ប្រទេស​នេះ​។

ធនបត្រ​គំរូ​ថ្មី​នេះ​ត្រូវ​បាន​បោះ​ពុម្ព​ដោយ​មាន​គុណភាព​ខ្ពស់ ដាក់​ប្រើ​ទន្ទឹម​នឹង​ធនបត្រ​គំរូ​ចាស់ ដែល​មាន​សភាព​ចាស់​ណាស់​ទៅ​ហើយ​នោះ​។ ក្រដាស​ប្រាក់​១០.០០០​ក្យាត​គំរូ​ថ្មី​​ដែល​មាន​រំលេច​ដោយ​កំពែង​ព្រះ​បរម​រាជ​វាំង នៅ​ទីក្រុង​មន្ដលេះ​នោះ នឹង​ចេញ​ឲ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០១៥ ខាង​មុខ​នេះ​។

សូម​បញ្ជាក់​ថា កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ កន្លង​ទៅ​នេះ រដ្ឋាភិបាល​ភូមា​ក៏​បាន​ដាក់​ឲ្យ​ប្រើ​ប្រាស់​ធនបត្រ​៥.០០០​ក្យាត​ផង​ដែរ​៕


ក្រដាស​ប្រាក់​១០.០០០​ក្យាត​គំរូ​ថ្មី ខាង​មុខ និង​ខាង​ខ្នង

______________________________________________________________
អាន​ផង​ដែរ​៖
១. ភូមា​ចេញ​ក្រដាស​ប្រាក់​៥.០០០​ក្យាត រំលេច​រូប​ដំរី​ស
២. ធនបត្រ​ភូមា

អនុស្សាវរីយ៍​មួយ ថ្ងៃសៅរ៍ 27 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
3 comments

រំឭក​ដល់​កាល​ពី​សម័យ​នៅ​រៀន តាំង​ពី​នៅ​បឋម​សិក្សា ឈាន​​មក​ដល់​អនុវិទ្យាល័យ និង​វិទ្យាល័យ​​ក្ដី​ គ្រូ​តែង​តែ​ហៅ​ខ្ញុំ​​ឲ្យ​ឡើង​ទៅ​បង្ហូត​ទង់​ជាតិ​នៅ​ឯ​ដង​ទង់​ជាតិ​រៀង​រាល់​ពេល​គោរព​ទង់​ជាតិ​ម្ដង​ៗ​ទាំង​ពេល​ព្រឹក និង​ពេល​ល្ងាច មិន​ដែល​លួស​ឡើយ​។ មិន​ដឹង​ជា​រម៉េច​ដែរ? ម៉ោ​ពី​ខ្ញុំ​ចង់ហារ​ជាង​គេ​មិន​ដឹង? ហិហិ… ឬ​មោ​ពី​តូច​ជាង​គេ​ហ្នឹង​ឯង​ឈរ​មុខ​គេ​ពេល​តម្រង់​ជួរ​គ្រូ​តែង​តែ​ហៅ​ទៅ ហាហា…។ ចំពោះ​មិត្រ​នារី​ដែល​ត្រូវ​ឡើង​ទៅ​បង្ហូត​ជាមួយ​ខ្ញុំ​នោះ ច្បាស់​ណាស់​១០០​ភាគរយ ត្រូវ​លោក​ៗ​មិត្រ​រួម​ថ្នាក់​បង្អាប់​ជាមួយ​ខ្ញុំ ឡើង​គាត់​អៀន​មិន​ដែល​មើល​មុខ​ខ្ញុំ​ទេ ធ្ងន់​ធ្ងរ​ជាង​នេះ​ទៅ​ទៀត​នេះ​គឺ​គាត់​មិន​និយាយ​រក​ខ្ញុំ​តែ​ម្ដង ហាហា… បើ​និយាយ​ពី​រឿង​ឡើង​បង្ហូត​ទង់​ជាតិ​នោះ យូរ​ៗ​ទៅ​វា​បាន​ក្លាយ​ជា​ការងារ​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ​ទៅ​វិញ។

អូខេ! បក​មោ​និយាយ​ពី​រឿង​កាល​នៅ​បឋម​សិក្សា​វិញ អ្នក​ដែល​មាន​កិត្តិយស​បាន​ឡើង​បង្ហូត​ទង់​កាល​សម័យ​នោះ​មាន​ប្រមាណ​បី​បួន​នាក់​ប៉ុណ្ណោះ​ឯង ក្នុង​នោះ​រួម​មាន​ខ្ញុំ​មួយ​នឹង​គេ​ដែរ។ រាល់​ពេល​បង្ហូត​យើង​ត្រូវ​ច្រៀង​ភ្លេង​ជាតិ​បណ្ដើរ​ផង​ធ្វើ​ម៉េច​ឲ្យ​ចប់​ទាន់​ពេល​បង្ហូត​ដល់​លើ ឬ​ដល់​ក្រោម​វិញ (បង្ហូត​ពេល​ល្ងាច ដាក់​ចុះ)។ គិត​ៗ​ទៅ​ចង់​សើច​ដែរ យើង​មិន​មែន​ម៉ាស៊ីន​ឯ​ណា ពេល​ខ្លះ​បង្ហូត​យឺត​ពេក ដល់​ពេល​អ្នក​ច្រៀង​ជិត​ចប់​ក៏​ខំ​បង្ហូត​លឿន​ឡើង​ៗ តែ​ពេល​ខ្លះ​បង្ហូត​លឿន​ពេក ពេល​គេ​ច្រៀង​ជិត​ចប់ ក៏​បង្ហូត​មួយ​ៗ​មោ​វិញ ហាហា… ពេល​ខ្លះ​កញ្ញា​ដែល​បង្ហូត​ជាមួយ​ខ្ញុំ​នោះ គាត់​ខឹង​ខ្ញុំ​ណាស់។ ម្នាក់​ហ្នឹង​កាច​ណាស់​សូម​ប្រាប់​ទៅ បង្ហូត​ចប់​សឹង​មិន​ទាន់​ទេ ចុះ​ទៅ​ជួរ​វិញ​បាត់​ហើយ ទុក​ឲ្យ​ខ្ញុំ​នៅ​ម្នាក់​​ឯង​បត់​ទង់​ជាតិ និង​ចង​ខ្សែ​ម៉ង់​ៗ​ម្នាក់​ឯង 😀

______________________________________________________
អាន​ផង​ដែរ​៖
១. កាល​គ្រា​មួយ៖ ភ្លេង​ជាតិ​​កម្ពុជា

រូប​ចាស់​និទាន​ថ្មី​៖ ចិនភ្នំពេញ ថ្ងៃសុក្រ 26 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
8 comments

នេះជារូបភាពជនជាតិចិនអាស្រ័យនៅនគរភ្នំពេញ ក្រោមផែនដីនៃព្រះរាជាខ្មែរកាលពីអតីតកាល។ ជនជាតិចិនត្រូវបានដាក់ឲ្យរស់នៅដោយឡែកនៅក្នុងសង្កាត់មួយដែលឲ្យឈ្មោះថា «សង្កាត់ចិន» ដែលស្ថិតនៅម្ដុំផ្សារចាស់ និងផ្សារកណ្ដាលបច្ចុប្បន្ន។ ពួកជនជាតិនេះដោយឡែកពីជនជាតិអឺរ៉ុប ចូលចិត្តប្រកបរបររកស៊ីតាមផ្សារ និងកសិកម្មក៏ឃើញមាននៅទូទាំងព្រះរាជអាណាចក្រ៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់ពងទា
៣. រូបចាស់និទានថ្មី៖ ចិនលក់ស្លាម្លូ
៤. រូបចាស់និទានថ្មី៖ ចិនលក់មួក
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

កៀន​ស្វាយ​បច្ចុប្បន្ន ថ្ងៃ​ព្រហស្បតិ៍ 25 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ, អំពីស្រុកខ្មែរ.
add a comment

កាល​ពី​ថ្ងៃ​សៅរ៍ (​២០ មិថុនា ២០១៥​) កន្លង​ទៅ​នេះ ខ្ញុំ​បាន​ទៅ​លេង​កៀនស្វាយ ញ៉ាំ​អាហារ​ថ្ងៃ​ត្រង់​នៅ​ទី​នោះ​។ អ្វី​ដែល​ចំឡែក​នោះ​គឺ​គឺ​ថា​កៀន​ស្វាយ​បច្ចុប្បន្ន​ហាក់​ដូច​ជា​ប្លែក​មិន​ដូច​ពី​មុន​ទេ​។ ភាព​អ​សណ្ដាប់​ធ្នាប់ គគ្រិច និង​រញ៉េរញ៉ៃ មើល​ទៅ​ប្លែក​មែន​ទែន​។ មនុស្ស​ម្នា​ស្ងាត់​ដូច​ចោរ​លួច​សេះ ជា​ថ្ងៃ​ចុង​សប្ដាហ៍​សោះ​។ កន្លែង​លក់​ក៏​តិច មិន​ដូច​ពី​មុន​ទេ​​។ មើល​ទៅ​គឺ​ប្លែក​មែន​ទែន​៕

កន្លែង​លក់​ដូរ​ស្ងាត់​នៅ​កៀន​ស្វាយ

កន្លែង​លក់​ដូរ​ស្ងាត់​នៅ​កៀន​ស្វាយ

កន្លែង​លក់​ដូរ​ស្ងាត់​នៅ​កៀន​ស្វាយ

ទៅ​លេង​ក្រុង​ព្រះ​សីហនុ ថ្ងៃពុធ 24 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
add a comment

កាល​ពី​ថ្ងៃ​បុណ្យ​ចម្រើន​ព្រះ​ជន្ម​សម្ដេច​យាយ (​១៨ មិថុនា ២០១៥​) កន្លង​មក​នេះ ខ្ញុំ​បាន​ទៅ​កម្សាន្ត​ក្រុង​ព្រះ​សីហនុ​។ ដោយ​ងើប​ចេញ​ពី​ផ្ទះ​តាំង​ពី​ម៉ង​៤​ភ្លឺ ចៃដន្យ​អី​ឡាន​ខូច​ (​ឡាន​ជួល​) ទម្រាំ​ដោះ​ដូរ​ឡាន​បាន​រហូត​ដល់​ម៉ោង​ជាង​៦​ព្រឹក​ទើប​បាន​ចេញ​ពី​ភ្នំពេញ ហេហេហេ…​។

ទៅ​ដល់​ក្រុង​ព្រះ​សីហនុ​នៅ​ម៉ោង​ប្រមាណ​ជិត​១២​ថ្ងៃ នៅ​ឆ្ពោះ​ទៅ​លេង​នៅ​ឆ្នេរ​ហាវ៉ៃ​។ មិន​ដឹង​ជា​ថ្ងៃ​នោះ​ភ្ញៀវ​មក​លេង​ក្រុង​ព្រះ​សីហនុ​ច្រើន​ឬ​យ៉ាង​ណា​ទេ​។ នៅ​តាម​ផ្លូវ​ឃើញ​ថា​ស្ងាត់ ឯ​នៅ​ឆ្នេរ​ហាវ៉ៃ​នេះ ក៏​ស្ងាត់​ដែរ មិន​សូវ​មាន​មនុស្ស​ទេ​។ តែ​អាកាស​ធាតុ​ថ្ងៃ​នោះ​ល្អ​ណាស់ អំណោយ​ផង​ដល់​ការ​លេង​ទឹក​។ ទឹក​ក៏​ស្អាត​ល្អ មាន​រលក​ល្មម​លេង និយាយ​រួម​ល្អ​ខ្លាំង​ណាស់​។

ប្រមាណ​ម៉ោង​​៤​ទើប​ចេញ​មក​វិញ នៅ​តាម​ផ្លូវ​ភ្លៀង​រហូត និង​មក​ដល់​ផ្ទះ​វិញ​​នៅ​ម៉ោង​ប្រមាណ​៨​យប់​៕

កន្លែង​យាយ​ម៉ៅ
កន្លែង​យាយ​ម៉ៅ
ឆ្នេរ​ហាវ៉ៃ
ឆ្នេរ​ហាវ៉ៃ
តូប​ជួល​នៅ​ឆ្នេរ​ហាវ៉ៃ

%d bloggers like this: