jump to navigation

ការ​ព្យាយាម​លែង​ប្រើ​ «​អក្សរ​ខម​​ខ្មែរ​» ​នៅ​ក្នុង​សង្គម​ថៃ ថ្ងៃអង្គារ 30 ខែមិថុនា 2015

Posted by សុភ័ក្ត្រ in អំពីភាសា, ภาษาไทย.
trackback

ប្រវត្តិសាស្ត្របានស្ដែងយ៉ាងប្រចក្សថាក្រោយរដ្ឋសៀមបានកកើតឡើង បណ្ដាអ្នកដឹកនាំរដ្ឋថ្មីនេះបានព្យាយាមដឹកនាំសង្គម និងបានខ្ចី ឬយកទៅប្រើប្រាស់នូវវប្បធម៌ខ្មែរជាច្រើនដើម្បីរៀបចំសង្គមរបស់ខ្លួន រាប់ទាំងពីភាសា និងអក្សរផងដែរ។ ជាក់ស្ដែងអក្សរថៃដែលយើងឃើញប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ដោយឥតប្រកែកបានគឺត្រូវបានរចនាចេញពីតួអក្សរខ្មែរបូរាណនេះឯង។ ក្រៅពីនោះអក្សរបូរាណខ្មែរ «អក្សរខម» ក៏ត្រូវបានយកទៅប្រើប្រាស់យ៉ាងច្រើនផងដែលនៅមុនពេលជាតិនេះ (ថៃបច្ចុប្បន្ន) មានតួអក្សររបស់ខ្លួនប្រើប្រាស់ ទាំងក្នុងការកត់ត្រាសម្ដីជនជាតិខ្លួន ទាំងការប្រើប្រាស់សរសេរភាសាបាលី សាស្ត្រា គម្ពី ក្បួនខ្នាតនានា ជាច្រើន…។ល។ រហូតមកដល់គ្រាបច្ចុប្បន្ន (អានប្រកាស៖ ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ)

ទោះបីជាយ៉ាងណាក្ដី ជនជាតិនេះក៏បានព្យាយាមច្រើនគ្រាមកដែរក្នុងការលុបបំបាត់ការប្រើប្រាស់អក្សរខមខ្មែរនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ខ្លួន។ នេះគឺដើមកំណើត «អក្សរអរិយកៈ» (ថ. อักษรอริยกะ)។

ព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ

«អរិយកៈ» គឺជារូបបែបតួអក្សរមួយប្រភេទដែលប្រឌិតឡើងដោយព្រះមហាក្សត្រិយ៍ថៃមួយព្រះអង្គ គឺព្រះបាទសម្ដេចព្រះចមក្លៅចៅយួហួ ខណៈដែលព្រះអង្គទ្រង់ព្រះផ្នួសជា «ព្រះវជិរញាណថេរៈ»។ ហេតុផលសំខាន់នៃការប្រឌិតតួអក្សរនេះឡើងក៏គឺដើម្បីលែងប្រើប្រាស់តួអក្សរខមខ្មែរនៅក្នុងការសរសេរភាសាបាលីនៅក្នុងសង្គមថៃ ដែលចាក់ឫសមកយ៉ាងយូរលង់នោះឯង។ នេះរាប់ថាជាការធ្វើកំណែទម្រង់មួយនៅក្នុងវិស័យព្រះពុទ្ធសាសនារបស់ថៃផងដែរ។

មិនមានការបរិច្ឆេទឲ្យពិតប្រាកដពីកំណើតនៃតួអក្សរ«អរិយកៈ»នេះទេ តែទោះបីយ៉ាងណាក៏ដោយមានការសន្និដ្ឋានថា ព្រះអង្គបានរៀបចំធ្វើតួអក្សរនេះឡើងបន្ទាប់ពីស្ដេចប្រថាប់នៅក្នុងវត្តបវរនិវេឝវិហារ នាខណៈនោះមានកូនសិស្សជាច្រើនដែលរៀនព្រះធម្មវិន័យ ហើយព្រះអង្គឈ្វេងយល់ថាគួរប្រឌិតអក្សរនេះឡើងជំនួសឲ្យអក្សរខមខ្មែរនេះ ដើម្បីឲ្យងាយស្រួលក្នុងការរៀនសូត្រ។ អក្សរខមខ្មែរនេះ ពីដើមឡើយនៅក្នុងសង្គមថៃ ត្រូវបានចាត់ទុកថាជាអក្សរស័ក្ដិសិទ្ធសម្រាប់កត់ត្រារឿងរ៉ាវទាក់ទងនឹងព្រះពុទ្ធសាសនា ទាំងជាភាសាបាលី ទាំងជាភាសាថៃ។

អក្សរអក្សរអរិយកៈ ដែលអតីតព្រះមហាក្សត្រិយ៍ថៃអង្គនេះស្ថាបនាឡើងគឺយកលំនាំទាំងស្រុងពីតួអក្សរឡាតាំង ដែលព្រះអង្គមានចំណេះដឹងទាំងភាសាអង់គ្លេស និងឡាតាំងស្រាប់ ដោយកែប្រែតួអក្សរថៃ និងវិធីសរសេរផងដែរ ដោយយកស្រៈមកសរសេររៀងនៅពីក្រោយព្យញ្ជនៈទាំងអស់ ដែលខុសគ្នាស្រឡះពីតួអក្សរខមខ្មែរ និងអក្សរថៃ ដែលរៀងស្រៈ ទាំងខាងមុខ ខាងក្រោយ ខាងលើ និងខាងក្រោមនោះ។

ក្រោយបង្កើតតួអក្សរនេះរួចព្រះអង្គឲ្យឈ្មោះថា «អក្សរអរិយៈ» ដើម្បីសម្ដែងឲ្យឃើញថាជាតួអក្សររបស់ «អ្នកជាអារ្យជន» ដែលមានន័យថាក្រៅពីភាពងាយស្រួលក្នុងការរៀនសូត្រជំនួសតួអក្សរខមខ្មែរហើយ ក៏គឺជាការសម្របខ្លួនឲ្យមានភាពអរិយៈតាមពួកបច្ចិមប្រទេសផងដែរ។

ក៏ប៉ុន្តែទោះបីជាយ៉ាងនេះក្ដី ការព្យាយាមប្រើប្រាស់ «អក្សរអរិយៈ» នេះមិនទទួលបានជោគជ័យទេ។ ការផ្សព្ធផ្សាយ និងប្រើប្រាស់ក៏ឃើញមានតែនៅក្នុងវត្តបវរនិវេឝវិហារតែប៉ុណ្ណោះ ហើយបច្ចុប្បន្នក៏ឃើញមានចារឹកតួអក្សរនេះតែមួយប៉ុណ្ណោះនៅវត្តរាជប្រតិឞ្ឋ ឯក្រុងបាងកក។

ការប្រើប្រាស់អក្សរអរិយៈនេះក៏សាបរលាបទៅនៅពេលដែលព្រះមហាក្សត្រិយ៍ថៃអង្គនេះលាចាកសិក្ខាបទនិងបានឡើងសោយរាជ្យសម្បត្តិ បូករួមទាំងរូបរាងតួអក្សរ និងវិធីសរសេរខុសប្លែកគ្នាច្រើននឹងអក្សរថៃនោះ ទើបមិនមានការនិយមប្រើប្រាស់ ហើយរជ្ជការតៗមករបស់ថៃ បានធ្វើការកែសម្រួលយកតួអក្សរថៃមកសរសេរភាសាបាលីផងនោះ ក៏ធ្វើឲ្យតួអក្សរអរិយៈត្រូវលើកលែងប្រើប្រាស់នៅទីបំផុត៕៚

រូបរាងតួ «អក្សរអរិយៈ» ផ្នែកខាងលើជាស្រៈ ឯខាងក្រោមជាព្យញ្ជនៈ

ត្រារាជការថៃដែលប្រើនៅលើក្បាលលិខិតនានាកាលគ្រាមុនគ.ស.១៩៤០ មានប្រាកដតួអក្សរខមខ្មែរនៅពីក្រោមថា «ព្រះបរម្មរាជឱង្ការ»

គុម្ពីខាងព្រះពុទ្ធសាសនានានានៅប្រទេសថៃ ដែលប្រើតួអក្សរខមខ្មែរ

________________________________________
អានផងដែរ៖
១. ឥទ្ធិពលអក្សរខ្មែរនៅក្នុងសង្គមថៃ
២. ភាសាខ្មែរនៅក្នុងសង្គមថៃ
៣. ភាសាខ្មែរក្នុងទូរអេធីអឹមថៃ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: