jump to navigation

កាស​អនុស្សាវរីយ៍​បុណ្យ​រាជា​ភិសេក​ហ្លួង​សិរីសុវត្ថិ មុនីវង្ស ថ្ងៃអង្គារ 21 ខែកក្កដា 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
14 comments

នៅក្នុងឱកាសដែលព្រះនគរប្រារព្ធព្រះរាជពិធីជាប្រវត្តិសាស្ត្រ គឺព្រះរាជពិធីរាជាភិសេកព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស នាឆ្នាំរោង សំរឹទ្ធិស័ក ព.ស.២៤៧១ ត្រូវនឹងខែកក្កដា ឆ្នាំ១៩២៨ (ឆ្នាំបារាំងសេស) នោះ រាជការក៏បានរៀបចំឲ្យមានការផលិតកាសអនុស្សាវរីយ៍ឡើង ដើម្បីជាទីរឭក និងថ្វាយជាព្រះកិត្តិយសដល់ព្រះអង្គផងដែរ។

ខាងក្រោមនេះជាកាសអនុស្សាវរីយ៍ដែលផលិតឡើងសម្រាប់បុណ្យរាជាភិសេក ដែលបានធ្វើឡើងនៅព្រះរាជធានីភ្នំពេញ ចាប់ពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃពុធ ទី២៥ ខែកក្កដា គ.ស.១៩២៨ ឆ្នាំបារាំងសេស។

អំពីកាសអនុស្សាវរីយ៍

ផ្នែកខាងមុខ៖ មានព្រះបរមរមឆាយាល័ក្ខណ៍នៃព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស (ព្រះមហាក្សត្រិយ៍អង្គថ្មី) នៅចំកណ្ដាល និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកអក្សរបារាំងសេសថា «COURONNEMENT DE S.M. SISOWATH MONIVONG – ROI DU CAMBODGE – 1928»។

ផ្នែកខាងខ្នង៖ មានរូបត្រាព្រះរាជសង្ហារ ប្រកបដោយព្រះមហាមកុដ និងព្រះខ័នដែលសុទ្ធសឹងគ្រឿងរាជកកុធភ័ណ្ឌ សម្រាប់ព្រះមហាក្សត្រិយ៍ទ្រង់រាជ្យនៅចំកណ្ដាលនៃកាស និងអមព័ទ្ធជុំវិញដោយរង្វង់មូល ដោយនៅខាងក្នុងមានចារិកជាអក្សរមូលខ្មែរ ថា «រាជាភិសេកព្រះបាទសំម្ដេចព្រះសីសុវតិ មុនីវង្ស ព្រះចៅក្រុងកម្ពុជាធិប្ដី ក្នុងឆ្នាំរោង សំរិទ្ធិសក្ស ព.ស.២៤៧១»។

ព្រះករុណា ព្រះសិរីសុវត្ថិ មុនីវង្ស ទ្រង់បានគ្រងរាជ្យបន្តពីព្រះវររាជបិតា តាំងពីគ.ស.១៩២៧ រហូតដល់រាត្រីថ្ងៃព្រហស្បតិ៍ ទី២៤ ខែមេសា ឆ្នាំ១៩៤១ ទើបព្រះអង្គចូលព្រះទិវង្គត នៅព្រះរាជដំណាក់ឯភ្នំបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ៕

___________________________________________________
អានផងដែរ៖
១. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះរាជានុកោដ្ឋ
២. កាស និងតែមប្រិ៍ប្រៃសណីយ៍អនុស្សាវរីយ៍រំឭកថ្ងៃសោយព្រះទិវង្គត ហ្លួងសុវណ្ណកោដ្ឋ និងហ្លួងខត្តិយកោដ្ឋ
៣. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. កាសអនុស្សាវរីយ៍បុណ្យព្រះមេរុ ព្រះបរមរតនកោដ្ឋ
៥. កាសអនុស្សាវរីយ៍ឆ្លងខួបឆ្នាំទី៦០ ព្រះរាជពិធីសុខាភិសេក ព្រះករុណា ព្រះសុរាម្រិត និងសម្ដេចព្រះមហាក្សត្រិយានី
៦. កាសអនុស្សាវរីយ៍បុណ្យរាជាភិសេកហ្លួងសិរីសុវត្ថិ
៧. ខួបឆ្នាំទី៨៨ បរមរាជាភិសេក ព្រះករុណា ព្រះមុនីវង្ស
៨. ព្រះ​រាជ​កំណត់​នៃ​ព្រះ​រាជ​ពិធី​បុណ្យ​រាជាភិសេក ព្រះ​បាទ​សម្ដេច​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស ច្បាប់​ភាសា​ថៃ
៩. អំពី​ត្រា​សញ្ញា ហ្លួង​មុនីវង្ស

Advertisements
%d bloggers like this: