ព្រះរាជពិធីសម្ពោធអគារមណ្ឌលព្យាបាលមនុស្សចាស់ «ព្រះសីហនុរាជ» ថ្ងៃព្រហស្បតិ៍ 6 ខែសីហា 2015
Posted by សុភ័ក្ត្រ in បុគ្គលសំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.trackback
៙សុភមស្តុព្រះពុទ្ធសាសនាយុកាលបាន២៥៥៩វស្សា
ចុល្លសករាជបាន១៣៧៧វស្សា
ជាឆ្នាំទី១១នៃរជ្ជកាលព្រះបាទសម្ដេចព្រះបរមនាថ
ព្រះចៅក្រុងកម្ពុជាធិបតី៕៙៚
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៧រោជ ខែទុតិយសាឍ ឆ្នាំមមែ សប្តស័ក ព.ស.២៥៥៩ ច.ស.១៣៧៧ ម.ស.១៩៣៧ ត្រូវនឹងថ្ងៃទី៦ ខែសីហា គ.ស.២០១៥ នេះ នៅឯព្រះរាជធានីក្រុងចតុម្មុខមង្គលភ្នំដូនពេញ នៃមហានគរកម្ពុជា មានចាត់ព្រះរាជពិធីសម្ពោធអគារមណ្ឌលព្យាបាលមនុស្សចាស់ «ព្រះសីហនុរាជ»។
ព្រះរាជពិធីដ៏ជាប្រវត្តិសាស្ត្រនៃនគរកម្ពុជានេះ ត្រូវបានយាងចូលរួមជាអធិបតីនៃព្រះមហាក្សត្រិយ៍ បច្ចុប្បន្ន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និងសម្ដេចព្រះរាជអគ្គមហេសី ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបណ្ដានាហ្មឺន សព្វមុខមន្ត្រី សេនាបតី ជំទាវ ខុនណាង ខ្ញុំរាជការ និងអាណាប្រជានុរាស្ត្រ ជាច្រើនរួមនាក់ទៀត។
អគារមណ្ឌលព្យាបាលមនុស្សចាស់ ជាព្រះរាជអំណោយដ៏ឧត្តុងឧត្តម របស់សម្ដេចព្រះមហាក្សត្រីយ៍ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាពសេចក្តីថ្លៃថ្លូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត នៅក្នុងបរិវេណមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត គឺជាមណ្ឌលព្យាបាល ថែទាំសុខភាពមនុស្សចាស់តាម គម្រោងសាងសង់ក្នុងទំហំ ៥៨ម គុណ ៣៨,៥០ម ដែលត្រូវបានចែកចេញជាបីផ្នែក ក្នុងនោះអាគារខាងមុខ មានកម្ពស់១ជាន់ អាគារកណ្តាល មានកម្ពស់ ៣ជាន់ និងអាគារស្លាបចំហៀង មានកម្ពស់៣ជាន់។
ការសាងសង់ មណ្ឌលព្យាបាលមនុស្សចាស់ “ព្រះសីហនុរាជ” ដ៏ធំស្កិមស្កៃនេះ គឺដោយសារព្រះរាជទ្រព្យបានមកពីសទ្ធាជ្រះថ្លារបស់សប្បុរសជន ជាតិនិងអន្តរជាតិ ចូលបច្ច័យក្នុងព្រះរាជពិធីបុណ្យ បរមសពព្រះករុណាព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មានចំនួនជាងមួយលានដុល្លារអាមេរិក៕៚
_______________________________________________
អានផងដែរ៖
១. មជ្ឈមណ្ឌលព្យាបាលមនុស្សចាស់ ព្រះសីហនុរាជ
២. សម្ពោធព្រះរាជានុស្សាវរីយ៍ព្រះបរមរតនកោដ្ឋ
[…] […]
[…] […]
[…] […]