jump to navigation

សួស្ដី ២០១៦ ថ្ងៃ​ព្រហស្បតិ៍ 31 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

23496264195_221a3c398f_o

វឌ្ឍន​ភាព​នៃ​ការ​បំពេញ​ព្រះ​រាជ​បណ្ដាំ​​ហ្លួង​រតន​កោដ្ឋ ថ្ងៃពុធ 30 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in រាមកេរ្ដិ៍, អំពីស្រុកខ្មែរ.
8 comments

ព្រឹក​មិញ​នេះ (​៣០ ធ្នូ ២០១៥​) ខ្ញុំ​បាន​ទៅ​ទស្សនា​ព្រះ​បរម​រាជ​វាំង ដើម្បី​ទៅ​មើល​រូប​គំនូរ​រាម​កេរ្តិ៍​ឯ​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត​។ មរតក​ដ៏​វិសេស​វិសាល​​របស់​ព្រះ​នគរ​នៃ​ផ្ទាំង​គំនូរ​នៅ​វត្ត​ព្រះ​កែវ ត្រូវ​បាន​ខូច​ខាត​អស់​ជា​ច្រើន ហើយ​ដែល​កន្លង​មក​ថ្មី​ៗ​នេះ បាន​ចាប់​ផ្ដើម​នូវ​គម្រោង​ស្ដារ​ឡើង​វិញ​យ៉ាង​ធំ​គួរ​ជា​ទី​មោទន និង​រំភើប​។

ខ្ញុំ​ធ្លាប់​បាន​ដាក់​ប្រកាស​ជា​ច្រើន​ស្ដី​អំពី​រូប​គំនូរ​រឿង​រាម​កេរ្តិ៍​​នៅ​ថែវ​វត្ត​ព្រះ​កែវ​នេះ គឺ​យ៉ាង​ហោច​ណាស់​តាំង​ពី​ឆ្នាំ​២០១១ ដែល​កាល​ណុះ​មាន​សភាព​ខូច​ខាត​យ៉ាង​ច្រើន​។ ដោយ​ថែវ​មួយ​ផ្នែក​ត្រូវ​បាន​ក្លាយ​ជា​កន្លែង​ផ្ទុក​សម្ភារ​យ៉ាង​គ្មាន​សណ្ដាប់​ធ្នាប់​។ រហូត​មក​ដល់​ឆ្នាំ​២០១២ ក៏​ឃើញ​មាន​ការ​លាប​ព័ណ៌​ក្រហម​ជុំ​វិញ​ខាង​ក្រោម​នៃ​រូប​គំនូរ និង​រូប​គំនូរ​ចាប់​ផ្ដើម​មាន​ការ​ប្រឡាក់​ទឹក​ថ្នាំ​ជា​ច្រើន​គួរ​ឲ្យ​សោក​ស្ដាយ​

មក​ដល់​ដើម​ឆ្នាំ​២០១៥ នេះ ការ​ស្ដារ​រូប​គំនូរ​ក៏​ឃើញ​ចាប់​ផ្ដើម​ឡើង​វិញ ដែល​ទំនង​អនុវត្ត​ដោយ​ក្រុមហ៊ុន​បរទេស របស់​ប្រទេស​ប៉ូឡូញ (​តាម​ស្លាក​ដែល​ដាក់​ព្យួរ​) ព្រម​ទាំង​អ្នក​បច្ចេក​ទេស និង​វិចិត្រ​ករ​ខ្មែរ​ចូល​រួម​យ៉ាង​ច្រើន​ផង​ដែរ​។ ទាំង​នេះ គឺ​ជា​សេចក្ដី​សង្ឃឹម​ដ៏​មុត​មាំ​សម្រាប់​រាស្ត្រ​ខ្មែរ​ទូទាំង​នគរ ដែល​ចង់​ឃើញ​រូប​គំនូរ​ដ៏​វិសេស​វិសាល​ទាំង​នោះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។

មក​ដល់​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ ឃើញ​មាន​ដំណើរ​ការ​យ៉ាង​រលូន ដោយ​ចាប់​ផ្ដើម​ពី​ថែវ​ផ្នែក​ខាង​ជើង និង​ពាក់​កណ្ដាល​នៃ​ផ្នែក​ខាង​លិច​​នៃ​​ព្រះ​វិហារ​ព្រះ​កែវ​។ រូប​ផ្ទាំង​ខ្លះ​ត្រូវ​បាន​គូស​ផ្ដាម​ឡើង​វិញ និង​ត្រូវ​បាន​ផាត់​ព័ណ៌​តាម​សភាព​ដើម​យ៉ាង​ស្រស់​ស្អាត មើល​ទៅ​ឡើង​ព្រឺ​សម្បុរ។ តាម​គម្រោង​ដែល​ត្រូវ​បញ្ចប់​គឺ​នៅ​ឆ្នាំ​២០១៦ នោះ ទំនង​ប្រហែល​ជា​មិន​អាច​រួច​ស្រេច​ទេ ចំពោះ​វិសាល​ភាព​ដ៏​ធំ​ធេង​នៃ​ផ្ទាំង​គំនូរ ដ្បិត​នៅ​តាម​ថែ​ខាង​មុខ និង​ខាង​កើត​នៃ​ព្រះ​វិហារ មិន​ទាន់​ដំណើរ​ការ​ស្ដារ​នៅ​ឡើយ​ទេ មក​ដល់​ពេល​នេះ​។

សូម​បញ្ជាក់​ថា ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ ព្រះ​អង្គ​ធ្លាប់​បាន​​មាន​ព្រះ​រាជ​បំណង និង​ព្រះ​រាជ​បណ្ដាំ​ចង់​ឃើញ​រូប​គំនូរ​នៅ​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​នេះ ត្រូវ​បាន​ស្ដារ​ឡើង​វិញ​។ ឥឡូវ​នេះ ព្រះ​រាជ​បណ្ដាំ​ និង​ព្រះ​រាជ​បំណង​នេះ កំពុង​សម្រេច​បាន​បន្ដិច​ៗ​ហើយ​៕

សកម្មភាព​នៃ​ការ​ស្ដារ​ឡើង​វិញ​រូប​គំនូរ​រាម​កេរ្តិ៍​នៅ​តាម​ថែវ​ព្រះ​វិហារ​ព្រះ​កែវ​មរកត







____________________________________________________
អានផងដែរ
១. មត៌កដូនតានឹងត្រូវបានជួសជុលស្ដារឡើងវិញ?
២. មត៌កដូនតាត្រូវបានបំភ្លេចចោល
៣. ព្រះ​រាជ​បណ្ដាំ និង​ព្រះ​រាជ​បំណង​ចុង​ក្រោយ​មួយ​ទៀត នៃព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​បរម​រតន​កោដ្ឋ
៤. ព្រះ​រាជ​​បណ្ដាំ និង​ព្រះ​រាជ​បំណង​មួយ​ទៀត​នៃ​ព្រះ​បរម​រតន​កោដ្ឋ​ទំនង​ត្រូវ​បាន​បំពេញ
៥. គំនូរ​បុរាណ​នៅ​ព្រះ​វិហារ​ព្រះ​កែវ បាត់​បង់​តាំង​ពី​ពេល​ណា​?

មក​មើល​រាជ​រថ​ពិធី​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​សៀម ថ្ងៃអង្គារ 29 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ภาษาไทย.
4 comments

កាល​ពី​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​មេរុ​សម្ដេច​ព្រះ​សង្ឃ​រាជ​ស្រុក​សៀម​ដើម​ខែ​នេះ​​យើង​បាន​ឃើញ​នូវ​ក្បួន​ដង្ហែ​ព្រះ​ឥស្សរិយ​យស​ព្រះ​អង្គ​យ៉ាង​សម្បើម​ស្រស់​ស្អាត​គួរ​ជា​ទី​មោទន​។ ក្នុង​នោះ មាន​ព្រះ​រាជ​រថ​ល្អ​វិចិត្រ​ចំនួន​ពីរ ដែល​បាន​រួម​ក្នុង​ក្បួន​ព្រះ​រាជ​ពិធី​។

រាជ​រថ​ទាំង​ពីរ​ដែល​រួម​ក្បួន​នោះ គឺ ១​. រាជ​រថ​អញ្ជើញ​ព្រះ​កោដ្ឋ និង​ ២​. រាជ​រថ​នាំ​ក្បួន

សម្រាប់​រាជ​រថ​ទី​១​នោះ ជា​រាជ​រថ​ធំ​ប្រើ​សម្រាប់​ផ្ទុក​ព្រះ​កោដ្ឋ​ព្រះ​ឥស្សរិយ​យស​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ (​មិន​មាន​ព្រះ​សព​ក្នុង​កោដ្ឋ​ទេ​) ដោយ​ប្រើ​មនុស្ស​អូស​រាជ​រថ​នោះ​ផង​។

ចំពោះ​រាជ​រថ​ទី​២​វិញ គឺ​ជា​រាជ​រថ​នាំ​ក្បួន​សម្រាប់​ព្រះ​សង្ឃ​ថ្នាក់​រាជា​គណៈ​មួយ​អង្គ​សូត្រ​អភិធម្ម​នាំ​ក្បួន​ដង្ហែ និង​ប្រើ​មនុស្ស​អូស ដូច​រាជ​រថ​ទី​១​ដែរ​។

រាជ​រថ​ទាំង​ពីរ​នេះ ត្រូវ​បាន​សាង​សង់​ឡើង​តាំង​ពី​សម័យ ព្រះ​បាទ​សម្ដេច​ព្រះ​បរមេន្ទ្រ​មហា​វជិរាវុធ មង្កុដ​ក្លៅ​ចៅ​យូហួ ឬ​រាមា​ទី​៦ សម្រាប់​ប្រើ​ក្នុង​ពិធី​នានា​ទាក់​ទង​នឹង​វិស័យ​ព្រះ​ពុទ្ធ​សាសនា​នៅ​ក្នុង​នគរ​ថៃ ដូច​ជា​ការ​ដង្ហែ​ព្រះ​បរម​​សារីរិក​ធាតុ និង​ប្រើ​ក្នុង​ក្បួន​ប្រកប​ព្រះ​ឥស្សរិយ​យស​អញ្ជើញ​ព្រះ​កោដ្ឋ​ព្រះ​សព សម្ដេច​ព្រះ​សង្ឃ​រាជ​នានា​របស់​ថៃ កាល​ពី​អតីត​កាល​៕

រាជ​រថ​ទាំង​ពីរ
24119456221_f2d426d0fc_o
រាជ​រថ​ទី​១
23575238033_fef3d45368_o
រាជ​រថ​ទី​១
24202034715_5eeb79aff5_o
រាជ​រថ​ទី​១
24175949296_5a229ceac7_o
រាជ​រថ​ទី​១
24175949586_7a22624ede_o
រាជ​រថ​ទី​១
24176069436_94e0e172b2_o
រាជ​រថ​ទី​២
24176069346_3ae8d018aa_o
រាជ​រថ​ទី​២

24202152815_1ac9ed9f77_oរាជ​រថ​ទី​២
23573965424_de7dacd820_o
រាជ​រថ​ទី​២
23575355473_9592480cec_o
រាជ​រថ​ទី​២
24119574761_483b4d2559_o
រាជ​រថ​ទី​២
24176069106_a9be44f508_o
រាជ​រថ​ទី​២

_____________________________________________
អាន​ផង​ដែរ​
១. ថៃ​ចាត់​ព្រះ​រាជ​ពិធី​ចេញ​ព្រះ​មេរុ និង​ថ្វាយ​ព្រះ​ភ្លើង​សម្ដេច​ព្រះ​សង្ឃ​រាជ
២. មក​មើល​រាជ​រថ​ដង្ហែ​ព្រះ​បរម​សព​ហ្លួង​រតន​កោដ្ឋ

Repost: ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ថ្ងៃចន្ទ 28 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ប្រវត្តិសាស្ត្រ, អតីតភាព, អំពីស្រុកខ្មែរ.
add a comment

ជា​ទូទៅ​រៀង​រាល់​ពេល​មើល​រូប​ចាស់​ៗ​របស់​នគរ​កម្ពុជា​យើង​ម្ដង​ៗ ខ្ញុំ​តែង​តែ​នឹក​ស្រណោះ​ដល់​ភាព​រុង​រឿង​កាល​ពី​អតីត​របស់​ផែន​ដី​នេះ​ជា​ពន់​ពេក។ បើ​ទោះ​បី​ជា​ថា​សម័យ​នោះ​មិន​មាន​ការ​រីក​ចម្រើន (សម័យ​នេះ​រីក​ចម្រើន?) ដូច​សម័យ​បច្ចុប្បន្ន​នេះ​ក៏​ដោយ​ ការ​រៀប​ចំ​ស្រុក​ទេស និង​ការ​អភិវឌ្ឍន៍​នានា​មាន​លក្ខណៈ​គួរ​ជា​ទី​មោទនភាព​ជាង​សម័យ​បច្ចុប្បន្ន​នេះ​ឆ្ងាយ​ណាស់។

ខ្ញុំ​ទើប​តែ​ប្រទះ​រូប​ភាព​មួយ​នៃ​ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ ពី​ប្លក់​លោក ជា ផល ក៏​គិត​នឹក​ឃើញ​សរសេរ​ប្រកាស​នេះ​មួយ​ឡើង។ បើ​និយាយ​ពី​រឿង​ភ្នំ​បូក​គោ ឯ​ទឹក​ដី​ខេត្ត​កំពត​នោះ ទី​នេះ​មាន​ប្រវត្តិ​ដិត​ដាម​ច្រើន​ណាស់​ជាមួយ​និង​អតីត​ព្រះ​មហាក្ស័ត្រិយ៍​ខ្មែរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះ​សិរីសុវត្ថិ មុនីវង្ស ឬ​ហ្លួង​ខត្តិយ​កោដ្ឋ ជីតា​ទួត​របស់​ព្រះ​មហាក្ស័ត្រិយ៍​យើង​សព្វ​ថ្ងៃ​នេះ។

ភ្នំ​បូក​គោ នា​អតីត​កាល​គឺ​ប្រាកដ​ណាស់​ជា​ស្ថាន​សួគ៌​មួយ​របស់​ស្រុក​ខ្មែរ សម្បត្តិ​នៃ​ផែន​ដី​សុវណ្ណភូមិ ជា​ទី​ដែល​ព្រះ​បាទ​សិរីសុវត្ថិ មុនីវង្ស ទ្រង់​គង់​ប្រថាប់​សម្រាក​ព្រះ​កាយ​រហូត​ដល់​ទ្រង់​ចូល​សុវណ្ណគត ដោយ​សារ​តែ​ទ្រង់​ឈឺ​ចាប់ និង​តូច​ព្រះ​ទ័យ​ ដែល​ប្រទេស​សៀម​កាល​ណុះ (បច្ចុប្បន្ន​ថៃ) តែង​តែ​ទន្ទ្រាន​ម្ដង​ហើយ​ម្ដង​ទៀត ឈ្លាន​ពាន​ និង​ដណ្ដើម​យក​ទឹក​ដី​កម្ពុជ​ប្រទេស ដោយ​មាន​ប្រទេស​យីប៉ុន គាំទ្រ។

តាម​ប្រវត្តិ​សាស្ត្រ​បាន​ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​១៩៣៩ សង្រ្គាម​លោក​លើក​ទី​២ បាន​ផ្ទុះ​ឡើង។ ប្រទេស​សៀម​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​បារាំង ត្រូវ​បាន​ទទួល​ការ​គាំ​ទ្រ​ពី​ប្រទេស​ជប៉ុន​ ហើយ​នៅ​ទី​បំផុត​បាន​កៀប​សង្កត់​ទៅ​លើ​ប្រទេស​បារាំង ដណ្ដើម​យក​ទៅ​វិញ​នូវ​ខេត្ដ​បាត់ដំបង និង​ទឹក​ដី​ស្ថិត​នៅ​ត្រង់​ចន្លោះ​ជួរ​ភ្នំ​ដង​រែក និង​ខ្សែ​ស្រប​ក្រាដ (grade)ទី​១៥។

ដោយ​ឈឺ​ព្រះ​ទ័យ នឹង​ការ​រំលោភ​ពី​សំណាក់​សៀម​នេះ ព្រះ​រាជ​សុខភាព​ត្រូវ​ទ្រុឌ​ទ្រោម​យ៉ាង​ឆាប់​រហ័ស ហើយ​ព្រះ​បាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់​សោយ​ទីវង្គត​នៅ​រាត្រី​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​១៩៤១ នៅ​បូកគោ​នេះ​ឯង​​ក្នុង​ព្រះជន្មាយុ ៦៦​វស្សា ដោយ​សោយរាជ្យ​ក្នុង​ក្រុង​កម្ពុជា​ធិបតី​បាន​១៤​ឆ្នាំ។

រូប​ភាព​ខាង​ក្រោម (ទី​១) នេះ គឺ​ជា​រូប​ភាព​នៃ​អតីត​ព្រះ​រាជ​តំណាក់​របស់​ព្រះ​អង្គ ដោយ​មាន​ដាក់​អក្សរ​ជា​ភាសា​បារាំង​សេស (កាល​ណុះ​នគរ​ខ្មែរ​ស្ថិត​នៅ​ក្រោម​ចំណុះ​ប្រទេស​បារាំង) ថា RESIDENCE DE S.M. MONIVONG ឬ​ដែល​ប្រែ​សេចក្ដី​ជា​ខេមរ​ភាសា​ថា ព្រះ​រាជ​តំណាក់ ព្រះ​ករុណា មុនីវង្ស។ ព្រះ​រាជ​តំណាក់​នេះ​ហើយ​ បើ​តាម​ខ្ញុំ​ស្មាន​គឺ​ជា​ស្ថាន​ដែល​ព្រះ​អង្គ​បាន​​ចូល​សុវណ្ណ​គត​ នៅ​លើ​កំពូល​ភ្នំ​នៃ​ស្ថាន​សួគ៌​កម្ពុជា​នេះ។ ក្រោយ​មក​រាជការ​បាន​កែ​ប្រែ​ទៅ​ជា​អាគារ​សាលា​ក្រុង​បូក​គោ បន្ទាប់​ពី​ទ្រង់​សោយ​ទិវង្គត​ទៅ។

យើង​មិន​បាច់​និយាយ​ពី​សង្គ្រាម​ទេ នៅ​កម្ពុជា នរណា​ៗ​ក៏​ដឹង​ដែរ​ពី​រឿង​នេះ។ ព្រះ​រាជ​តំណាក់​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ត្រូវ​បាន​បោះ​បង់ និង​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង ហើយ​ដែល​ទើប​តែ​ត្រូវ​បាន​ជួស​ជុល​ឡើង​វិញ​នា​ពេល​ថ្មី​ៗ​នេះ​មិន​យូរ​ប៉ុន្មាន ហើយ​អ្វី​ដែល​អនិច្ចា​នោះ អាគារ​នេះ​មិន​មែន​ជា​របស់​រាជការ​ទៀត​ហើយ។ វា​ជា​របស់​កម្មសិទ្ធិ​ឯកជន​ផ្ដាច់​មុខ។

បើ​ទោះ​ជា​ទី​តាំង និង​អាគារ​ផ្សេង​ៗ​ត្រូវ​បាន​ជួល​ទៅ​ឲ្យ​ពួក​ឯកជន​ក្ដី ខ្ញុំ​ថា​ រាជការ​គួរ​តែ​ប្រគល់​អាគារ​ដោយ​ឡែក​មួយ​នេះ ជូន​ទៅ​ខាង​រាជ​វាំង​វិញ ឬ​យ៉ាង​ហោច​ណាស់​កែ​ប្រែ​អាគារ​នេះ​ជា​សារមន្ទីរ ដើម្បី​រំឭក​ដល់​កាល​គ្រា​មួយ​នៃ​ប្រវត្តិសាស្ត្រ​ដ៏​រុង​រឿង​នៃ​អាគារ​នេះ ដែល​ធ្លាប់​ជា​ភិរម្យស្ថាន​នៃ​ស្ដេច​ផែន​ដី​ខ្មែរ ដើម្បី​ជា​ទុក​ជា​កេរ​តំណែល​រឭក​ទៅ​ដល់​ព្រះ​មហា​ករុណាទិគុណ​របស់​ព្រះ​អង្គ និង​ដើម្បី​ជា​ចំណេះ​ដឹង, ​ការ​សិក្សា​ស្រាវជ្រាវ ផ្សេង​ៗ​របស់​មនុស្ស​ខ្មែរ​ជំនាន់​ក្រោយ។

សង្ឃឹម​ថា​សុបិន​របស់​ខ្ញុំ​នៃ​ការ​កែ​ប្រែ​អាគារ​នេះ​ក្លាយ​ជា​ការ​ពិត​ចុះ បើ​ទោះ​បី​ជា​ត្រូវ​ចំណាយ​ពេល​យូរ​ច្រើន​ឆ្នាំ​ក៏​ដោយ៕


(១) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ កាល​ពី​អតីត

(២) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ មុន​ពេល​ការ​ជួស​ជុល​ជា​ថ្មី (២០០៦)

(៣) ព្រះ​រាជ​តំណាក់​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​បូក​គោ នា​ពេល​បច្ចុប្បន្ន (២០១២)

រូបបានមកពីwww.cheaphal.com

_______________________________________________________________
អានផងដែរ
១. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
២. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
៣. ព្រះ​រាជ​ពិធី​បរម​រាជា​ភិសេក​ព្រះ​ករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៤. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៥. ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស

ឆ្នាំ​ទី​១៤០ ប្រសូត​នៃ​ព្រះ​ករុណា ព្រះ​មុនីវង្ស ថ្ងៃអាទិត្យ 27 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់.
8 comments

ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥ នេះ គឺជាខួបទី១៤០ឆ្នាំគត់នៃការប្រសូតព្រះករុណា ព្រះបាទ សម្ដេចព្រះ សិរីសុវត្ថិ មុនីវង្ស ព្រះខត្តិយកោដ្ឋ។ ព្រះអង្គទ្រង់ជាព្រះរាជបុត្រនៃ សម្ដេចព្រះ សិរីសុវត្ថិ និងសម្ដេចព្រះវររាជិនី វ៉ាន់។

23931636161_18154e9a40_oដោយកាលណុះព្រះនគរយើងស្ថិតនៅក្រោមអាណាព្យបាលបារាំងសែសនៅឡើយ ព្រះរាជបុត្រ មុនីវង្ស ព្រះអង្គបានទៅសិក្សាយោធវិជ្ជានៅសាលា l’École Coloniale, ទីក្រុងប៉ារីស និង l’École d’Infanterie de Saint-Maixent, នៃសាធារណរដ្ឋបារាំង ព្រមទាំងបានក្លាយទៅជាមេទាហានមួយរូបនៃកងទ័ពប្រទេសនេះទៀតផង។

ក្រោយពីព្រះរាជបិតា ព្រះករុណាព្រះបាទសម្ដេចព្រះ សិរីសុវត្ថិ សោយទិវង្គតនៅថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩២៧ ក្រុមប្រឹក្សារាជបល្ល័ង្ក ដែលស្ថិតនៅក្រោមអធិបតីភាពនៃលោក លើហ្វូល Le Fol រេស៊ីដង់ស៊ុប៉េរីយឺរ បានជ្រើសរើសព្រះអង្គឲ្យឡើងសោយរាជ្យស្នងព្រះបិតា រហូតដល់ទ្រង់សោយទិវង្គតនាឆ្នាំ១៩៤១។

ព្រះអង្គមានព្រះបរមនាមថា៖ «ព្រះករុណាព្រះបាទសម្ដេច ព្រះស៊ីសុវត្ថិ មុនីវង្ស ចមចក្រពង្ស ហរិរាជបរមិន្ទរភូវណៃក្រៃកែវហ្វា សុឡាឡៃ ព្រះចៅក្រុងកម្ពុជាធិបតី»។

នៅក្នុងរជ្ជកាលព្រះអង្គព្រះរាជអាណាចក្រកម្ពុជាបានបន្តកសាងប្រទេស ហើយព្រះអង្គត្រូវបានប្រសិទ្ធនាមថាជាក្ស័ត្រិយ៍សាងសង់ផងដែរ។

  • វិស័យកសិកម្ម

ក្នុងវិស័យកសិកម្មនេះ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានដាក់ឲ្យបង្កើតផលឡើងវិញនៅដីស្រែធំទូលាយដែលត្រូវជនជាតិខ្មែរបោះបង់ចោល ដោយត្រូវភៀសខ្លួនគេចឲ្យផុតពីខ្មាំងឈ្លានពាន ឬដោយត្រូវចាប់យកទៅប្រទេសសៀមជាឈ្លើយ។ ដូច្នេះ តំបន់ខ្លះ ដូចជាត្រពាំងជង ជាដើម (ក្នុងខេត្ដពោធិសាត់) បានក្លាយទៅជាមណ្ឌលកសិកម្ម និងពាណិជ្ជកម្មមួយយ៉ាងសំខាន់។ នៅឆ្នាំ១៩៣០ ព្រះអង្គទ្រង់បានប្រកាសឲ្យប្រើនូវព្រះរាជបញ្ញត្ដិ ដែលបង្កើតធនាគារសម្រាប់ផ្ដល់ឥណទានឲ្យកសិករនៅបាត់ដំបង ព្រៃវែង និងកំពង់ចាម)។

  • វិស័យគមនាគមន៍

ក្នុងវិស័យគមនាគមន៍ បណ្ដាញផ្លូវថ្នល់ត្រូវគេពង្រីកយ៉ាងខ្លាំង។ ផ្លូវរថភ្លើងទី១ ពីភ្នំពេញទៅព្រំដែនសៀមដោយកាត់តាមបាត់ដំបងត្រូវបានស្ថាបនាឡើងនៅគ.ស.១៩៣២។ ផ្លូវនេះមានប្រវែង២៧៥គ.ម។ ក្រៅពីនេះ ស្ពានធ្វើពីបេតុងជាច្រើនក៏ត្រូវបានស្ថាបនាដែរ ជាពិសេសស្ពានដែលឆ្លងកាត់ទន្លេបាសាក់ (ប្រវែង ២៩៣ម) ហើយមានឈ្មោះថាស្ពានមុនីវង្ស ត្រូវបានសម្ពោធនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩២៨។

  • វិស័យនយោបាយ និងវប្បធម៌

ក្នុងវិស័យនយោបាយ និងវប្បធម៌ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ក៏ទ្រង់បានសាងសមិទ្ធិយ៉ាងសំខាន់ៗណាស់ដែរដូចជា៖

– សភាសម្រាប់ឲ្យយោបល់មួយ (សភាខ្មែរ) តាមរាជបញ្ញត្ដិថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩២៨ មានភារៈផ្ដល់យោបល់ពីបញ្ហាពន្ធដា បញ្ហារដ្ឋបាល ឬបញ្ហាបង្កើតផលទាក់ទងនឹងជីវភាពប្រជារាស្រ្ដខ្មែរ។ សភានេះមានសមាជិក៤៦នាក់: ក្នុងចំណោមនេះ ៤១នាក់ ត្រូវបោះឆ្នោតជ្រើសរើសដោយបញ្ញវន្ដខ្មែរ និង៥នាក់ទៀត ត្រូវបានតែងតាំងដោយគណៈរដ្ឋមន្រ្ដី។

– ក្រុមជំនុំព្រះត្រៃបិដក ដែលត្រូវបានបង្កើតនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ១៩២៩ ហើយដែលមានភារៈបកប្រែព្រះត្រៃបិដក (វិន័យបិដក សុត្ដបិដក និងអភិធម្មបិដក) សព្វថ្ងៃនេះគម្ពីរទាំង៣នេះ ត្រូវបានបកប្រែចប់សព្វគ្រប់ ហើយមានទាំងអស់១១០ក្បាល។

– វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ ដែលត្រូវបានបង្កើតនៅឆ្នាំ១៩៣០ ហើយដែលមានភារៈធ្វើការសិក្សាស្រាវជ្រាវពីព្រះពុទ្ធសាសនានៅក្នុងប្រទេសកម្ពុជាតែម្ដង មិនបាច់ចេញទៅបរទេសដូចមុនៗទៀត។ ក្នុងឆ្នាំដដែល តាមរាជបញ្ញត្ដិថ្ងៃទី១៦ ខែធ្នូ ព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់បានរៀបចំនូវការសិក្សាភាសាបាលី និងព្រះពុទ្ធលទ្ធិក្នុងខេត្ដទាំងឡាយនៃព្រះរាជអាណាចក្រ។ ដោយហេតុនោះ មានការបង្កើត សាលាអនុវត្ដសម្រាប់ព្រះសង្ឃដែលនៅទីនោះព្រះសង្ឃគ្រូបានទៅសិក្សាពីវិធីបង្រៀនតាមបែបទំនើប។

នៅឆ្នាំ១៩៣៩ សង្រ្គាមលោកលើកទី២ បានផ្ទុះឡើង។ ប្រទេសសៀមដែលមានវិវាទជាមួយប្រទេសបារាំង ត្រូវបានទទួលការគាំទ្រពីប្រទេសជប៉ុន ហើយនៅទីបំផុតបានកៀបសង្កត់ទៅលើប្រទេសបារាំង ដណ្ដើមយកទៅវិញនូវខេត្ដបាត់ដំបង និងទឹកដីស្ថិតនៅត្រង់ចន្លោះជួរភ្នំដងរែក និងខ្សែស្របក្រាដ (grade)ទី១៥។

ដោយឈឺព្រះទ័យ នឹងការរំលោភពីសំណាក់សៀមនេះ ព្រះរាជសុខភាពត្រូវទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ហើយព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់សោយទីវង្គតនៅរាត្រីថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១ នៅបូកគោក្នុងព្រះជន្មាយុ ៦៦វស្សា ដោយសោយរាជ្យក្នុងក្រុងកម្ពុជាធិបតីបាន១៤ឆ្នាំ។ ព្រះករុណាព្រះបាទ សិរីសុវត្ថិ មុនីវង្ស ទ្រង់មានព្រះបរមមរណនាមថា “ព្រះបរមខត្តិយកោដ្ឋ” ឬ “ហ្លួងខត្តិយកោដ្ឋ”៕

23646611619_fcccb9b865_o
ព្រះអង្គម្ចាស់មុនីវង្ស កំពុងបំពេញព្រះរាជកិច្ចជាមួយព្រះរាជបិតា
23718789470_e343939024_o
កាលទ្រង់ឡើងគ្រងរាជ្យសម្បត្តិនៅនគរកម្ពុជា

__________________________________
អានផងដែរ៖
១. ព្រះបរមសពព្រះបាទស៊ីសុវត្ថិ *
២. បរមងារស្ដេចផែនដី ពេលសោយរាជ្យ៖ មហាក្សត្រខ្មែរ ហ្លួងស៊ីសុវត្ថិ មុនីវង្ស
៣. ព្រះរាជតំណាក់ហ្លួងខត្តិយកោដ្ឋឯភ្នំបូកគោ
៤. ព្រះរាជពិធីបរមរាជាភិសេកព្រះករុណា ព្រះ សិរីសុវត្ថិ មុនីវង្ស
៥. អំពីព្រះចេតិយហ្លួងខត្តិយកោដ្ឋឯភ្នំព្រះរាជទ្រព្យ

សិល្បៈ​ព្រះ​មេរុ​របស់​លាវ ថ្ងៃសៅរ៍ 26 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in ພາສາລາວ.
7 comments

កាល​ពី​ឱកាស​បូជា​ព្រះ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​លាវ ថ្ងៃ​អាទិត្យ កន្លង​មក​នេះ យើង​បាន​ឃើញ​នូវ​សិល្បៈ​វិចិត្រកាល​សម័យ​ថ្មី​នៃ​សំណង់​ព្រះ​មេរុ​របស់​លាវ​។ ជា​ទូទៅ​លាវ​ហាក់​មិន​មាន​ទំនៀម​ធ្វើ​ព្រះ​មេរុ​ធំ​ដុំ​គួរ​កត់​សម្គាល់​ទេ ម្យ៉ាង​មក​ពី​ប្រទេស​នេះ​រង​សង្គ្រាម​អស់​ច្រើន​សតវត្សរ៍​មក​ហើយ​។ សំណង់​ព្រះ​មេរុ​ដែល​គួរ​កត់​សម្គាល់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​លាវ​នា​សម័យទំនើប​នេះ ទំនង​មាន​តែ​សំណង់​ព្រះមេរុ​នៃ​អតីត​ក្សត្រិយ៍​អង្គ​ដំបូង​នៃ​ព្រះ​រាជ​អាណាចក្រ​លាវ កាល​ពី​ខែ​មេសា ឆ្នាំ​១៩៦១​។

ដោយ​ឡែក​សំណង់ព្រះ​មេរុ​នៃ​ ​ព្រះ​តេជ​ព្រះ​គុណ​បណ្ឌិត ​មហាផង បិយធីរោ ជមាឫក្ស (ល. ພໍ່ທ່ານມະຫາຜ່ອງ ສະມາເລີກ) ប្រធាន​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ព្រះ​ពុទ្ធ​សាសនា​លាវ​ ដែល​រដ្ឋការ​លាវ​ចាត់​សាង​ឡើង​នា​ពេល​នេះមាន​សភាព​ប្លែក​ភ្នែក​​ខុស​ពី​សំណង់​ព្រះ​មេរុ​លាវ​ធម្មតា​។ មាន​ការ​ផ្ដល់​ព័ត៌មាន​មក​ថា​សំណង់​ព្រះ​មេរុ​នេះ ចាត់គូស​វាស និង​សាង​សង់​ឡើង​រួម​ជាមួយ​ក្រុម​​ជាង​មក​ពី​ប្រទេស​ថៃ​ផង​ដែរ​​។

ទោះ​បី​ជា​យ៉ាង​ណា​ក្ដី បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ថៃ សំណង់​ព្រះ​មេរុ​លាវ ហាក់​មិន​មាន​ការ​រចនា​អ្វី​ធំ​ដុំ​គួរ​ជា​ទី​កត់​សម្គាល់​ទេ ក៏​​ប៉ុន្តែ​សំណង់​ព្រះ​មេរុ​លាវ ក៏​មាន​ភាព​ស្រស់​ស្អាត​ទៅ​តាម​បែប​ផែន​នៃ​ជន​ជាតិ​នេះ​ផង​ដែរ​។

ការ​ហេតុ​ដែល​ព្រះ​មេរុ ឬ​មេរុ​លាវ មិន​មាន​ភាព​ល្អ​ឆើត​គួរ​កត់​សម្គាល់ នេះ​ម្យ៉ាង​មក​ពី​ទំនៀម​នៃ​ការ​បូជា​សព​របស់​លាវ​ខុស​ប្លែក​ពី​ខ្មែរ និង​ថៃ​។ នៅ​ប្រទេស​លាវ គេ​មិន​និយម​ធ្វើ​សំណង់​មេរុ​ធំ​រឹង​មាំ​បែប​អចិន្ត្រៃយ៍​ទេ ពោល​គឺ​សំណង់​បែប​ធម្មតាគ្រប​លម្អ​ពី​លើ​ម្ឈូស​អ្នក​ស្លាប់ ហើយ​នៅ​ក្នុង​ពិធី​បូជា​គេ​ដុត​ទាំង​មេរុ​នោះ​តែ​ម្ដង​។ ដែល​ខុស​ពី​មេរុ​របស់​ខ្មែរ ដែល​អាច​យក​ទៅ​ប្រកប និង​ដោះ​ទុក​ចេញ​បាន​ពេល​បូជា​សព​រួច​រាល់​។

ការ​រៀប​ចំ​ធ្វើ​មេរុ​ធំ​ៗ ជា​សំណង់​រឹង​មាំ​បែប​ខ្មែរ និង​ថៃ​នោះ ឃើញ​មាន​តែ​នៅ​ក្នុង​ព្រះ​រាជ​ពិធី​បូជា​អតីត​ព្រះ​មហា​ក្សត្រិយ៍​ និង​ក្រុម​រាជ​វង្ស​លាវ មួយ​ចំនួន​តែ​ប៉ុណ្ណោះ​៕

23407295844_4464969978_oសំណង់​ព្រះ​មេរុ​ព្រះ​ចៅ​មហា​ជីវិត​លាវ កាល​ពី​ទសវត្សរ៍​១៩៦០

សំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
24009356376_9f105ce4e3_oសំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
24009362476_640f0f88e9_o
សំណង់​ព្រះ​មេរុ​លាវ ប្រធាន​សង្ឃ​លាវ នា​ពេល​ថ្មី​ៗ​នេះ
lao_pyre
សំណង់​មេរុ​នៃ​ពល​រដ្ឋ​លាវ​ក្នុង​ពេល​បូជា

____________________________________________________
អាន​ផង​ដែរ​
១. ព្រះ​រាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បាទ​ស្រី​ស្វាង​វង្ស
២. ប្រពៃណី​កោដ្ឋ​នៅ​ក្នុង​នគរ​លាវ
៣. លាវ​ចាត់​ពិធី​រំលាយ​សព​ប្រធាន​គណៈ​សង្ឃ​ជាន់​ខ្ពស់​របស់​ខ្លួន
៤. មក​មើល​មេរុ​​អតីត​ប្រធាន​សង្ឃ​លាវ
៥. ពិធី​បូជា​ព្រះ​សព​ប្រធាន​គណៈ​សង្ឃ​លាវ

គេហ​ដ្ឋាន​៖ ខែ​ធ្នូ ២០១៥ ថ្ងៃសុក្រ 25 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in អំពីសុភ័ក្ត្រ.
17 comments

ព្រឹកមិញ (២៥ ធ្នូ ២០១៥) ដល់កំណត់បង់ប្រាក់សម្រាប់ខែទី២ និងត្រូវទៅទទួលកិច្ចសន្យាផង។ មុនពេលទៅបង់ក៏ឆ្លៀតទៅមើលផ្ទះបន្តិច ឃើញថា រយៈពេល១ខែមកហើយ ចាប់តាំងពីថ្ងៃទិញមក មិនមានការរីកចម្រើនអ្វីធំដុំទេ ក្រៅអំពីយកឈើចេញ និងបោសសម្អាតមួយចំនួន ហេហេ… មិនដឹងរួចស្រេចតាមកិច្ចសន្យា១៤ ខែមែនឬយ៉ាងណាទេ៕

23561155673_6001220d1f_o

23892334690_f1aa5ea720_o

____________________________
អានផងដែរ៖
១. គេហដ្ឋាន
២. គេហដ្ឋាន៖ ខែកុម្ភៈ ២០១៦
៣. គេហដ្ឋាន៖ ខែមីនា ២០១៦
៤. គេហដ្ឋាន៖ ខែមេសា ២០១៦
៥. គេហដ្ឋាន៖ ខែឧសភា ២០១៦
៦. គេហដ្ឋាន៖ ខែមិថុនា ២០១៦
៧. គេហដ្ឋាន៖ ខែកក្កដា ២០១៦
៨. គេហដ្ឋាន៖ ខែសីហា ២០១៦
៩. គេហដ្ឋាន៖ ខែកញ្ញា ២០១៦
១០. គេហដ្ឋាន៖ ខែតុលា ២០១៦
១១. គេហដ្ឋាន៖ ខែវិច្ឆិកា ២០១៦
១២. គេហដ្ឋាន៖ ខែធ្នូ ២០១៦
១៣. គេហដ្ឋាន៖ ខែមករា ២០១៧
១៤. គេហដ្ឋាន៖ ខែកុម្ភៈ ២០១៧
១៥. គេហដ្ឋាន៖ ខែមេសា ២០១៧

%d bloggers like this: