jump to navigation

១៥​ឆ្នាំ មរណភាព​នៃ​បុគ្គល​ដែល​ត្រូវ​បាន​បំភ្លេច ថ្ងៃសៅរ៍ 19 ខែធ្នូ 2015

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, វីដេអូ.
5 comments

ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៥ នេះ មាន​រយៈ​ពេល​១៥​ឆ្នាំ​គត់ ដែល​បុរស​ម្នាក់​មាន​ឈ្មោះ​ថា​ជា​បុគ្គល​ស្នេហា​ជាតិ​ដ៏​ស្អាត​ស្អំ សឺន សាន ទទួល​មរណ​ភាព​។ កើត​នៅ​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​១៩១១ នៅ​សង្កាត់​លេខ​៥ ក្រុង​​ភ្នំពេញ ប្រទេស​កម្ពុជា សម្ដេច​ សឺន សាន មាន​មាតា​នាម នាង សន និង​បិតា​នាម សឺន សាច់​។ បិតា​របស់​លោក​ជា​អ្នក​បន្ត​វង្ស​ត្រកូល​ពី​ឧកញ៉ាសេនាបតី សឺង គុយ ជា​វីរបុស​ជាតិ​កម្ពុជា​ក្រោម និង​ជា​អតីត​អភិបាល​ស្រុក​ព្រះត្រពាំង (បច្ចុប្បន្ន ខេត្ត​ព្រះត្រពាំង) ដែល​បាន​ពលិកម្ម​ហ៊ាន​ប្តូរ​ជីវិត​ដោយ​យល់​ព្រម​ឲ្យ​យួន​កាត់​ក្បាល​ជា​ថ្នូរ​នឹង​ការ​ថែ​រក្សា​ជំនឿ​លើ​ព្រះ​ពុទ្ធ​សាសនា​និកាយ​ថេរវាទ​សម្រាប់​ជន​ជាតិ​ដើម​ខ្មែរ​ក្រោម​ទាំង​មូល​នៅ​កម្ពុជា​ក្រោម។

សម្ដេច​ សឺន សាន និង​ព្រះ​ករុណា​ព្រះ​បរម​រតន​កោដ្ឋ
23552552890_c4678d5721_o
សម្ដេច សឺន សាន (ឆ្វេង​) ក្នុង​ពិធី​រដ្ឋ​មួយ កាល​ពី​សម័យ​សង្គម​រាស្ត្រ​និយម
cam-photo-kpnlf
សម្ដេច​ សឺន សាន នៅ​ជំរុំ​នៃ​រណ​សិរ្ស​រំដោះ​ប្រជាពល​រដ្ឋ​ខ្មែរ កាល​ពី​សម័យ​សង្គ្រាម​នៅ​កម្ពុជា
23221472553_ace792e31b_o
សម្ដេច​ សឺន សាន ក្នុង​បេសកកម្ម​បម្រើ​ជាតិ​នៅ​ក្រៅ​ប្រទេស

ដោយ​​ទទួល​បាន​ងារ​ដ៏​ខ្ពង់​ខ្ពស់​ជា « សម្តេច​បវរសេដ្ឋាធិបតី» ពី​​អតីត​ព្រះ​ករុណា ព្រះ​បាទ​សម្តេច​ព្រះ​ នរោត្តម សីហនុ កាល​ពី​ឆ្នាំ​១៩៦៩ សម្ដេច សឺន សាន គឺ​ជា​ឥស្សរជន​ខ្មែរ​មួយ​រូប​ដែល​​​បាន​បំពេញ​បេសកកម្ម​ជា​ច្រើន​ដើម្បី​សន្តិភាព និង​ការពារ​ផល​ប្រយោជន៍​ជូន​ពលរដ្ឋ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​ ហើយ​ត្រូវ​បាន​គេ​ចាត់​ទុក​លោក​ថា​ជា​មេ​ដឹក​នាំ​ដែល​ប្រកប​ដោយ​ភាព​ស្អាត​ស្អំ។

ក្រោម​កិច្ច​ដឹក​នាំ​របស់​សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ចរចា និង​ក្នុង​សន្និសីទ​ជា​ច្រើន​លើក​ ដូចជា សន្និសីទ​សង់ហ្វ្រង់ស៊ី​ស្កូ នា​ឆ្នាំ​១៩៤៨, សន្និសីទវ៉ាសិងតោន, សន្និសីទ​ហ្សឺណែវ​ ឆ្នាំ​១៩៥៤ ស្តី​ពី​ឥណ្ឌូចិន, ការ​រៀប​ចំ​សេចក្តី​សម្រេច​នា​ឆ្នាំ​១៩៦២ របស់​តុលាការ​អន្តរជាតិ​នា​ទីក្រុង​ឡាអេ ស្តី​ពី​ប្រាសាទ​ព្រះវិហារ ព្រម​ទាំង​ការ​ចរចា​ជា​ច្រើន​ទៀត​សម្រាប់​ការ​ផ្តល់​ជំនួយ​ដល់​ប្រទេស​កម្ពុជា។

សម្តេច សឺន សាន ជា​ពុទ្ធសាសនិកជន​ម្នាក់​ដែល​ស្រឡាញ់​គោរព​ប្រពៃណី​ព្រះ​ពុទ្ធ​សាសនា​យ៉ាង​ខ្ជាប់​ខ្ជួន​ជា​គំរូ​នៃ​ខ្មែរ​អ្នក​កាន់​ព្រះពុទ្ធ​សាសនា​មួយ​រូប។​ នៅ​ក្នុង​ការ​ដឹក​នាំ សម្តេច សឺន សាន តែង​តែ​ប្រកាន់​យក​មាគ៌ា​នយោបាយ​ប្រជាធិបតី សេរី​និយម បែប​ព្រះពុទ្ធ​សាសនា និង​មាន​ជំនឿ​យ៉ាង​មុត​មាំ​លើ​ព្រះពុទ្ធ​សាសនា​ជា​ដរាប។ សម្តេច​ជា​វីរជន​មួយ​រូប​ឆ្លាត​មាន​កេរ្តិ៍​ឈ្មោះ ​ស្អាត​ស្អំ ពុំ​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ពុក​រលួយ​អបាយ​មុខ និង​អមនុស្សធម៌​ដោយ​ប្រការ​ណា​មួយ​ឡើយ។

នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០០០ សម្តេច​បវរ​សេដ្ឋា​ធិបតី សឺន សាន បាន​ទទួល​អនិច្ចកម្ម នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង ក្នុង​ជន្មាយុ​៨៩​ឆ្នាំ។ សព​របស់​លោក​ត្រូវ​បាន​បញ្ជូន​មក​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ជាតិ នៅ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០០០ និង​ពិធី​បូជា​សព​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​បុទមវតី​រាជវររាម រាជ​ធានី​ភ្នំពេញ​ ក្រោម​ព្រះរាជាធិបតី​ដ៏​ខ្ពស់ខ្ពស់​នៃ​សម្ដេច​ព្រះ​ នរោត្ដម សីហនុ ព្រះ​មហាក្សត្រិយ៍​​នៃ​ព្រះរាជាណាច​ក្រ​កម្ពុជា និង​សម្ដេច​ព្រះ​រាជ​អគ្គ​មហេសី នរោត្ដម មុនីនាថ​សីហនុ នា​ថ្ងៃ​អាទិត្យ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០០០។

អាន​ប្រវត្តិ​លម្អិត​របស់​សម្ដេច សឺន សាន ចុច​ទី​នេះ

23221685763_f99294182b_oពិធី​ដង្ហែ​សព​សម្ដេច​ សឺន សាន
23552767440_0419a48610_o
ពិធី​ដង្ហែ​សព​សម្ដេច​ សឺន សាន
23822386626_42b43fc6eb_o
ព្រះ​ករុណា ព្រះ​បរម​រតន​កោដ្ឋ​ប្រទាន​ភ្លើង​បូជា​សព សម្ដេច សឺន សាន

____________________________________
អាន​ផង​ដែរ​៖
១. ៨៨​ឆ្នាំ​នៃ​បុគ្គល​ដែល​ត្រូវ​បាន​គេ​បំភ្លេច​ចោល

Advertisements
%d bloggers like this: