jump to navigation

អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ថ្ងៃសុក្រ 15 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
10 comments

សម្រាប់ក្រុងរតនកោសិន្ទ្ររបស់ថៃមានសម្ដេចព្រះសង្ឃរាជចំនួន១៩ព្រះអង្គហើយ ហើយបច្ចុប្បន្ននេះ កំពុងស្ថិតនៅក្នុងដំណាក់កាលជ្រើសរើសអង្គទី២០។ រាជអាណាចក្រថៃថ្វីដ្បិតតែជាប្រភពនៃគណៈសង្ឃធម្មយុត្ត តែប្រទេសនេះមិនមានសម្ដេចព្រះសង្ឃរាជពីរនិកាយ (ធម្មយុត្តិកនិកាយ និងមហានិកាយ) ដូចនគរខ្មែរយើងទេ។ ពោលគឺមានប្រមុខសង្ឃតែ១ព្រះអង្គតែប៉ុណ្ណោះ ដែលចួនចេញមកពីមហានិកាយ និងចួនចេញមកពីធម្មយុត្តិកនិកាយ អាស្រ័យវារៈ និងពេលវេលា។

ដូចនគរខ្មែរយើងកាលពីអតីតដែរ ការស្ថាបនាមន្ត្រីសង្ឃអង្គណាឲ្យឡើងជាប្រមុខសង្ឃ ពោលគឺសម្ដេចព្រះសង្ឃរាជនោះ ប្រទេសថៃមានលំដាប់លំដោយ និងព្រះរាជពិធីយ៉ាងធំ សមព្រះកិត្តិយសជាស្ដេចសង្ឃ លើសអស់សង្ឃទាំងពួងក្នុងព្រះនគរ។ ជាបន្តទៀតនេះ ស្រែខ្មុកសូមលើកយកមកត្រួសៗស្ដីអំពីទំនៀមនៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ ដូចតទៅនេះ៖

ការស្ថាបនាសម្ដេចព្រះសង្ឃរាជថៃមានតាំងពីអតីត គឺតាំងពីសម័យក្រុងស្រីអយុធ្យាមកម្ល៉េះ ហើយជាធម្មតាព្រះរាជពិធីអាចខុសៗគ្នាទៅតាមសម័យកាល។ តែទោះបីជាយ៉ាងនេះក៏ដោយពិធីនេះ ក៏នៅមានភាពស័ក្ដិសិទ្ធិ និងសមស្របតាមបូរាណរាជបវេណីថៃ ជាដរាបរៀងមក។ នៅក្នុងរជ្ជកាលបច្ចុប្បន្នរបស់ថៃនេះ ការស្ថាបនាសម្ដេចព្រះសង្ឃរាជតែងធ្វើឡើងនៅក្នុងព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម (វត្តព្រះកែវមរកតនៃនគរសៀម) ដោយចាប់ផ្ដើមថ្ងៃទី១ គឺការចារឹកព្រះសុវណ្ណប័ដដោយផ្ទាល់ក្នុងព្រះវិហារពីសំណាក់ក្រុមអាលក្សណ៍។

ថ្ងៃទី២ នៃព្រះរាជពិធី ព្រះចៅផែនដីថៃ ស្ដេចទ្រង់យាងជាព្រះរាជាធិបតី នាព្រះឧបោសថវត្តព្រះស្រីរតនសាស្ដារាម ហើយទ្រង់ព្រះរាជានុញ្ញាតឲ្យមន្ត្រីក្រុមអាលក្សណ៍អានប្រកាសព្រះបរមរាជឱង្ការស្ថាបនាសម្ដេចព្រះសង្ឃរាជ។

បន្ទាប់មកព្រះអង្គស្ដេចប្រគេនថ្វាយទឹកព្រះមហាសង្ខ ព្រះសុវណ្ណប័ដ ព្រះត្រាប្រចាំតំណែង ផ្លិតយស ព្រមគ្រឿងប្រកបសមណស័ក្ដិសម្រាប់តំណែងសម្ដេចព្រះសង្ឃរាជ តាមរាជបវេណីថៃ។ (សូមអានប្រកាស៖ គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ)

នៅក្នុងនគរថៃព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជនេះ សំដៅលើព្រះសង្ឃដែលជាសាមញ្ញជនធម្មតា ពោលគឺមិនមែនព្រះសង្ឃដែលជាព្រះញាតិវង្ស។ ជាធម្មតាព្រះសង្ឃរាជថៃក្នុងលក្ខណៈនេះទទួលបានការព្រះរាជទានព្រះបល្ល័ង្ក និងស្វេតឆត្រប្រកបព្រះឥស្សរិយយស ជាស្វេតឆត្រ៣ជាន់។

ដោយឡែកនៅក្នុងព្រះនគរខ្មែរយើងវិញ តាំងពីយើងមានសម្ដេចព្រះសង្ឃរាជមក មានតែសម្ដេចព្រះសង្ឃរាជចំនួនបីព្រះអង្គតែប៉ុណ្ណោះ ដែលបានធ្វើព្រះរាជពិធីស្ថាបនាជាផ្លូវការបែបនេះ ហើយដែលខ្មែរយើងហៅថា ព្រះរាជពិធីសមណុត្តមាភិសេក (អានប្រកាស៖ ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា)។

សម្ដេចព្រះសង្ឃរាជដែលទទួលព្រះរាជពិធីសមណុត្តមាភិសេកនេះ គឺ៖

១. ក្នុងរជ្ជកាលព្រះករុណា ព្រះបាទហរិរក្សរាមាឥស្សរាធិបតី ព្រះ អង្គ ដួង បានធ្វើថ្វាយសម្ដេចព្រះមហាសង្ឃរាជ និល ទៀង នៅពេលដែលសម្ដេចព្រះមហាសង្ឃរាជ និល ទៀងបានឡើងជាសម្ដេចព្រះមហាសង្ឃរាជពេញទី នៅក្រុងឧត្ដុង្គមានជ័យ ព.ស.២៤០២ គ.ស.១៨៥៨ រហូតដល់ព.ស.២៥០៧ គ.ស.១៩៦៣

២. ក្នុងរជ្ជកាលសម្ដេចព្រះមហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា បានធ្វើពិធីថ្វាយសម្ដេចព្រះសង្ឃរាជ ថ្នាក់ទី១ ជួន ណាត (ជោតញ្ញាណោ) និងសម្ដេចព្រះសង្ឃរាជ ថ្នាក់ទី២ ភុល ទេស (ឥន្ទញ្ញាណោ)៕

សម្ដេចព្រះអរិយវង្សាគតញាណ សម្ដេចព្រះសង្ឃរាជ ប៉ុន បុណ្ណសិរិមហាថេរ
សម្ដេចព្រះសង្ឃរាជក្រុងរតនកោសិន្ទ្រអង្គទី១៧ របស់ថៃ កំពុងគង់លើព្រះបល្ល័ង្កក្រោមស្វេតឆត្រ៣ជាន់ ក្នុងព្រះរាជពិធីស្ថាបនាជាសម្ដេចព្រះសង្ឃរាជ
មន្ត្រីអាលក្សណ៍អានប្រកាសព្រះបរមរាជឱង្ការស្ថាបនាសម្ដេចព្រះសង្ឃរាជ
មន្ត្រីអាលក្សណ៍កំពុងចារឹកព្រះសុវណ្ណប័ដ ព្រះនាមសម្ដេចព្រះសង្ឃរាជថៃ នាឱកាសព្រះរាជពិធីស្ថាបនាជាសម្ដេចព្រះសង្ឃរាជ
ព្រះមហាក្សត្រិយ៍ថៃស្ដេចប្រគេនថ្វាយទឹកព្រះមហាសង្ខក្នុងឱកាសស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី១៩ នៃក្រុងរតនកោសិន្ទ្រ

ព្រះមហាក្សត្រិយ៍ថៃស្ដេចប្រគេនថ្វាយផ្លិតយសក្នុងឱកាសស្ថាបនាសម្ដេចព្រះសង្ឃរាជអង្គទី១៩ នៃក្រុងរតនកោសិន្ទ្រ

ព្រះទែន ឬព្រះបល្ល័ង្ក និងស្វេតឆត្រ៣ជាន់ ដែលជាវត្ថុសំខាន់មួយក្នុងចំណោមគ្រឿងប្រកបព្រះសមណស័ក្ដិសម្ដេចព្រះសង្ឃរាជថៃ

_____________________________________________
អានផងដែរ
១. សម្ដេចព្រះសង្ឃរាជថៃទទួលអនិច្ចធម្មក្នុងព្រះជន្ម១០០ព្រះវស្សា
២. ទំនៀមប្រើផ្លិតរងនៅនគរថៃ
៣. គ្រឿងប្រកបសមណស័ក្ដិសម្ដេចព្រះសង្ឃរាជនៃរាជអាណាចក្រថៃ
៤. ព្រះរាជពិធីសមណុត្តមាភិសេកនៅក្នុងនគរកម្ពុជា
៥. ថៃមានសម្ដេចព្រះសង្ឃរាជថ្មីហើយ អង្គទី២០
៦. ទំនៀមការចារឹកព្រះសុវណ្ណប័ដសម្ដេចព្រះសង្ឃរាជនៅនគរថៃ
៧. អំពីត្រាសញ្ញលក្សណ៍ សម្ដេចព្រះសង្ឃរាជ អង្គទី២០ នៃនគរសៀម
៨. ថៃចាត់ពិធីរាជាភិសេកស្ថាបនាសម្ដេចព្រះសង្ឃរាជ ព្រះអង្គទី២០
៩. ទំនៀមការវាយរគាំងនៅក្នុងព្រះរាជពិធីស្ថាបនាសម្ដេចព្រះសង្ឃរាជថៃ

%d bloggers like this: