jump to navigation

អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ថ្ងៃសុក្រ 15 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
trackback

សម្រាប់​ក្រុង​រតន​កោសិន្ទ្រ​របស់​ថៃ​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ចំនួន​១៩​ព្រះ​អង្គ​ហើយ ហើយ​បច្ចុប្បន្ន​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ជ្រើស​រើស​អង្គ​ទី​២០​។ រាជ​អាណាចក្រ​ថៃ​ថ្វី​ដ្បិត​តែ​ជា​ប្រភព​នៃ​គណៈ​សង្ឃ​ធម្ម​យុត្ត តែ​ប្រទេស​នេះ​មិន​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​ពីរ​និកាយ (ធម្ម​យុត្តិក​និកាយ និង​មហា​និកាយ​) ដូច​នគរ​ខ្មែរ​យើង​ទេ​។ ពោល​គឺ​មាន​ប្រមុខ​សង្ឃ​តែ​១​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ ដែល​​ចួន​ចេញ​មក​ពី​មហា​និកាយ និង​ចួន​ចេញ​មក​ពី​ធម្ម​យុត្តិក​និកាយ​ អា​ស្រ័យ​វារៈ និង​ពេល​វេលា​។

ដូច​នគរ​​ខ្មែរ​យើង​កាល​ពី​អតីត​ដែរ ការ​ស្ថាបនា​មន្ត្រី​សង្ឃ​អង្គ​ណា​ឲ្យ​ឡើង​ជា​ប្រមុខ​សង្ឃ ពោល​គឺ​សម្ដេច​ព្រះ​សង្ឃ​រាជ​នោះ ប្រទេស​ថៃ​មាន​លំដាប់​លំដោយ និង​ព្រះ​រាជ​ពិធី​យ៉ាង​ធំ សម​ព្រះ​កិត្តិយស​ជា​ស្ដេច​សង្ឃ លើស​អស់​សង្ឃ​ទាំង​ពួង​ក្នុង​ព្រះ​នគរ​។ ជា​បន្ត​ទៀត​នេះ ស្រែ​ខ្មុក​សូម​លើក​យក​មក​ត្រួស​ៗ​ស្ដី​អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ ដូច​ត​ទៅ​នេះ​៖

ការ​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​មាន​តាំង​ពី​អតីត គឺ​តាំង​ពី​​សម័យ​ក្រុង​ស្រី​អយុធ្យា​មក​ម្ល៉េះ ហើយ​ជា​ធម្មតា​ព្រះ​រាជ​ពិធី​អាច​ខុស​ៗ​គ្នា​ទៅ​តាម​សម័យ​កាល​។ តែ​ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ពិធី​នេះ ក៏​នៅ​មាន​ភាព​ស័ក្ដិ​សិទ្ធិ និង​សម​ស្រប​តាម​បូរាណ​រាជ​បវេណី​ថៃ ជា​ដរាប​រៀង​មក​។ នៅ​ក្នុង​រជ្ជកាល​បច្ចុប្បន្ន​របស់​ថៃ​នេះ ការ​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​តែង​ធ្វើ​ឡើង​នៅ​ក្នុង​​ព្រះ​ឧបោសថ​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម (​វត្ត​ព្រះ​កែវ​មរកត​នៃ​នគរ​សៀម​) ដោយ​ចាប់​ផ្ដើម​ថ្ងៃ​ទី​១ គឺ​ការ​ចារឹក​ព្រះ​សុវណ្ណ​ប័ដ​ដោយ​ផ្ទាល់​ក្នុង​ព្រះ​វិហារ​ពី​សំណាក់​​ក្រុម​អាលក្សណ៍​។

ថ្ងៃ​ទី​២ នៃ​ព្រះ​រាជ​ពិធី ព្រះ​ចៅ​ផែន​ដី​ថៃ ស្ដេច​ទ្រង់​យាង​ជា​ព្រះ​រាជាធិបតី នា​ព្រះ​ឧបោសថ​វត្ត​ព្រះ​ស្រី​រតន​សាស្ដារាម ហើយ​ទ្រង់​ព្រះ​រាជា​នុញ្ញាតឲ្យ​មន្ត្រី​ក្រុម​អាលក្សណ៍​អាន​ប្រកាស​ព្រះ​បរម​រាជ​ឱង្ការ​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​។

បន្ទាប់​មក​ព្រះ​អង្គ​ស្ដេច​ប្រគេន​ថ្វាយ​ទឹក​ព្រះ​មហា​សង្ខ ព្រះ​សុវណ្ណ​ប័ដ ព្រះ​ត្រា​ប្រចាំ​តំណែង ផ្លិត​យស ព្រម​គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្រាប់​តំណែង​សម្ដេច​ព្រះ​សង្ឃ​រាជ តាម​រាជ​បវេណី​ថៃ​។ (​សូម​អាន​ប្រកាស​៖ គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ)

នៅ​ក្នុង​នគរ​ថៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​នេះ សំដៅ​លើ​ព្រះ​សង្ឃ​ដែល​ជា​សាមញ្ញ​ជន​ធម្មតា ពោល​គឺ​មិន​មែន​ព្រះ​សង្ឃ​ដែល​ជា​ព្រះ​ញាតិ​វង្ស​។ ជា​ធម្មតា​ព្រះ​សង្ឃ​រាជ​ថៃ​ក្នុង​លក្ខណៈ​នេះ​​ទទួល​បាន​ការ​ព្រះ​រាជ​ទាន​ព្រះ​បល្ល័ង្ក និង​​ស្វេតឆត្រ​ប្រកប​ព្រះ​ឥស្សរិយយស ជា​ស្វេត​ឆត្រ​៣​ជាន់​​។

ដោយ​ឡែក​នៅ​ក្នុង​ព្រះ​នគរ​ខ្មែរ​យើង​វិញ តាំង​ពី​យើង​មាន​សម្ដេច​ព្រះ​សង្ឃ​រាជ​មក មាន​តែ​សម្ដេច​ព្រះ​សង្ឃ​រាជ​ចំនួន​បី​ព្រះ​អង្គ​តែ​ប៉ុណ្ណោះ ដែល​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ស្ថាបនា​ជា​ផ្លូវ​ការ​បែប​នេះ ហើយ​ដែល​ខ្មែរ​យើង​ហៅ​ថា ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​ (​អាន​ប្រកាស​៖ ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា​)។

សម្ដេច​ព្រះ​សង្ឃ​រាជ​ដែល​ទទួល​ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នេះ គឺ​៖

១. ​ក្នុង​រជ្ជកាល​ព្រះ​ករុណា ព្រះ​បាទ​ហរិរក្សរាមា​ឥស្សរាធិបតី ព្រះ អង្គ ដួង បាន​ធ្វើ​ថ្វាយ​សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង នៅ​ពេល​ដែល​សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀងបាន​ឡើង​ជា​សម្ដេច​ព្រះ​មហា​​សង្ឃ​រាជ​ពេញ​ទី នៅ​ក្រុង​ឧត្ដុង្គ​មាន​ជ័យ ព.ស.​២៤០២ គ.ស.​១៨៥៨ រហូត​ដល់​ព.ស.​២៥០៧ គ.ស.​១៩៦៣

២. ក្នុង​រជ្ជកាល​​​សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា បាន​ធ្វើ​ពិធី​ថ្វាយ​​សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​ និង​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​​៕

សម្ដេច​ព្រះ​អរិយវង្សា​គត​ញាណ សម្ដេច​ព្រះ​សង្ឃ​រាជ ប៉ុន បុណ្ណសិរិមហាថេរ
សម្ដេច​ព្រះ​សង្ឃ​រាជ​ក្រុង​រតន​កោសិន្ទ្រ​អង្គ​ទី​១៧ របស់​ថៃ កំពុង​គង់​លើ​ព្រះ​បល្ល័ង្ក​ក្រោម​ស្វេតឆត្រ​៣​ជាន់ ក្នុង​ព្រះ​រាជ​ពិធី​ស្ថាបនា​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ
មន្ត្រី​អាលក្សណ៍​អាន​ប្រកាស​​ព្រះ​បរម​រាជ​ឱង្ការ​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ
មន្ត្រី​អាលក្សណ៍​កំពុង​ចារឹក​ព្រះ​សុវណ្ណ​ប័ដ ព្រះ​នាម​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ នា​ឱកាស​ព្រះ​រាជ​ពិធី​ស្ថាបនា​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ
ព្រះ​មហា​ក្សត្រិយ៍​ថៃ​ស្ដេច​ប្រគេន​ថ្វាយ​ទឹក​ព្រះ​មហា​សង្ខ​ក្នុង​ឱកាស​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១៩ នៃ​ក្រុង​រតន​កោសិន្ទ្រ

ព្រះ​មហា​ក្សត្រិយ៍​ថៃ​ស្ដេច​ប្រគេន​ថ្វាយ​​ផ្លិត​យស​​ក្នុង​ឱកាស​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​អង្គ​ទី​១៩ នៃ​ក្រុង​រតន​កោសិន្ទ្រ

ព្រះ​ទែន ឬ​ព្រះ​បល្ល័ង្ក និង​ស្វេតឆត្រ​៣​ជាន់ ដែល​ជា​វត្ថុ​សំខាន់​មួយ​ក្នុង​ចំណោម​គ្រឿង​ប្រកប​ព្រះ​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ

_____________________________________________
អាន​ផង​ដែរ​
១. សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ​​ទទួល​អនិច្ចធម្ម​ក្នុង​ព្រះ​ជន្ម​១០០​ព្រះ​វស្សា
២. ទំនៀម​ប្រើ​ផ្លិត​រង​នៅ​នគរ​ថៃ
៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ
៤. ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: