jump to navigation

“កោដ្ឋ” គ្រឿង​សម្ដែង​ឥស្សរិយ​យស​នៅ​ក្នុង​នគរ​ថៃ ថ្ងៃពុធ 20 ខែមករា 2016

Posted by សុភ័ក្ត្រ in ภาษาไทย.
18 comments

ស្រែខ្មុកធ្លាប់បានដាក់ប្រកាសជាច្រើនហើយស្ដីអំពីប្រពៃណីការប្រើប្រាស់កោដ្ឋ ទាំងនៅក្នុងនគរខ្មែរយើង និងនគរជិតខាង មានថៃជាដើម។ល។ ដូចដែលបានបកស្រាយពីប្រកាសគ្រាមុនៗ ប្រពៃណីនៃការប្រើប្រាស់កោដ្ឋក្នុងសង្គមថៃ ដ្បិតតែឃើញមាននៅប្រើ តែវាបានផ្លាស់ប្ដូរពីទំនៀមដើម ហើយក៏មិនបានប្រើប្រាស់ទូលំទូលាយគ្រប់សពនោះក៏ទេដែរ។

“កោដ្ឋ” បានក្លាយជាគ្រឿងឥស្សរិយយសមួយសម្រាប់ប្រជារាស្ត្រថៃ ហើយដែលត្រូវបានគ្រប់គ្រងដោយសំណាក់ព្រះរាជវាំង។ ហេតុដូចនេះ មិនមែនមានន័យថា ជនគ្រប់រូបសុទ្ធតែអាចប្រើប្រាស់កោដ្ឋបាននោះទេ។ (សូមអានប្រកាស៖ ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ)

ពីអតីតកាល កោដ្ឋត្រូវបានបញ្ចុះសពពិតៗដូចសណ្ឋាននឹងម្ឈូសនាសម័យបច្ចុប្បន្នដែរ តែដោយសារវិឌ្ឍន៍នៃសង្គម មនុស្សបច្ចុប្បន្នមិនប្រាថ្នាចង់ដាក់សាកសពរបស់ខ្លួនក្នុងកោដ្ឋទៀតទេ ហើយក្រុមគ្រួសារអ្នកស្លាប់ទៀតក៏មិនមានបំណងដាក់សពញាតិខ្លួនទៅក្នុងកោដ្ឋដែរ។ នេះទំនងក៏ដោយសារវិធីដាក់សពក្នុងកោដ្ឋខុសពីការដាក់សពក្នុងម្ឈូសនេះឯង។

ដូចនៅក្នុងសៀវភៅរបស់កងព្រះរាជពិធីស្ដីអំពីការប្រើប្រាស់កោដ្ឋ របស់លេខាធិការព្រះរាជវាំងថៃ បានឲ្យដឹងថា៖

ដោយសារបច្ចុប្បន្ន បុគ្គលដែលបានទទួលមរណភាពទៅ ទទួលបានព្រះរាជទានកិត្តិយសប្រកបសពថ្នាក់ខ្ពស់ក្នុងលំដាប់ព្រះរាជទានកោដ្ឋ តែក្រុមគ្រួសារបានទទួលបណ្ដាំពីបុគ្គលទទួលមរណភាពឲ្យដាក់សពខ្លួនក្នុងម្ឃូសនេះ ហើយសូមព្រះរាជទានតាំងកោដ្ឋគ្រាន់ប្រកបកិត្តិយស។ នៅពេលដល់កំណត់ពិធីព្រះរាជទានភ្លើងសពនោះ ក្រុមភ្នាក់ងារកងព្រះរាជពិធីមិនយល់ព្រមឲ្យតាំងកោដ្ឋលើបញ្ចាដោយមិនមានសាកសពក្នុងកោដ្ឋនោះទេ។ លេខាធិការព្រះរាជវាំងបានធ្វើការប្រឹក្សាជាមួយអ្នកមានជំនាញ និងពិចារណាថា គួរយល់ព្រមឲ្យតាំងកោដ្ឋតាមកិត្តិយសរបស់អ្នកស្លាប់លើបញ្ចាបាន ក្នុងករណីដែលសពរបស់អ្នកស្លាប់បញ្ចុះក្នុងម្ឈូស ដោយត្រូវយកម្ឈូសដាក់ក្នុងឡដុតជាមុនសិនមុនពេលពិធីបូជាផ្លូវការ។

ដោយហេតុផលថា កោដ្ឋជាជាគ្រឿងសម្ដែងកិត្តិយសរបស់អ្នកស្លាប់ និងជាគ្រឿងសម្គាល់ចំពោះលទ្ធផលដែលបានបំពេញការងារថ្វាយរាជការ ឬការដែលបានបំពេញប្រយោជន៍ដល់ប្រទេសជាតិរហូតមក ហេតុដូចនេះមិនចាំបាច់ត្រូវតែមានរាងកាយរបស់អ្នកស្លាប់នៅក្នុងកោដ្ឋនោះទេ។ ហេតុដូចនេះ ប្រទេសថៃក៏បានអនុវត្តទំនៀមនេះតាំងពីឆ្នាំ១៩៩៥រហូតមកដល់បច្ចុប្បន្ន។

សម្រាប់បុគ្គលដែលទទួលមរណភាព ហើយដែលក្រុមគ្រួសារសពមានវត្ថុបំណងតាំងកោដ្ឋតាមកិត្តិយសរបស់អ្នកស្លាប់លើបញ្ចានោះ កងព្រះរាជពិធីថៃត្រូវបញ្ជូនភ្នាក់ងារទៅបដិបត្តិការតាំងកោដ្ឋ ចំនួនមិនលើសពី៦នាក់ឡើយ។ ក្រៅពីនោះ កងព្រះរាជពិធីថៃ នៅមានគោលការណ៍ និងនីតិវិធីមួយចំនួនទៀតយ៉ាងច្បាស់លាស់ និងជាក់លាក់សម្រាប់ការអនុវត្ត ដូចជា៖ វិធីតាំងបញ្ចុះសពក្នុងកោដ្ឋ, បញ្ជីរាយវត្ថុសម្រាប់ប្រកបពិធីសព និងគ្រឿងប្រកបកិត្តិយសប្រកបសពដែលចាត់ព្រះរាជទាន, បញ្ជីតម្លៃវត្ថុនានា, ការរើសអដ្ឋិ, … ជាដើម។ល។

កោដ្ឋដាក់តាំងក្នុងពិធីបុណ្យសព នៅនគរថៃ សម្រាប់ជាគ្រឿងសម្ដែងកិត្តិយស ដោយមិនមានសពនៅក្នុងកោដ្ឋទេ
កោដ្ឋដាក់តាំងលើបញ្ចានៅក្នុងពេលពិធីបូជា ដោយមិនមានសពពិតនៅក្នុងកោដ្ឋនោះទេ

_______________________________________________
អានបន្ថែម
១. កោដ្ឋ
២. ការរំលាយសពព្រះមហាក្ស័ត្រិយ៍ និងអ្នកមានឋានៈខ្ពង់ខ្ពស់
៣. អាថ៌កំបាំងការរំលាយព្រះសពព្រះរាមមហាក្សត្រិយ៍ថៃ
៤. ការបាត់បង់ប្រពៃណី «កោដ្ឋ» នៅក្នុងប្រទេសកម្ពុជា
៥. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង
៦. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (ត)
៧. សពក្នុងកោដ្ឋ អាថ៌កំបាំងដែលគ្មាននរណាដឹង (តចប់)
៨. ប្រពៃណីកោដ្ឋនៅក្នុងនគរលាវ
៩. ប្រពៃណី «កោដ្ឋ» នៅក្នុងសង្គមថៃ
១០. ពិធីការតាំងគ្រឿងព្រះបរមសពនៃព្រះចៅផែនដីស្យាម
១១. អំពីព្រះកោដ្ឋមាសធំ គ្រឿងប្រកបព្រះឥស្សរិយយស ព្រះចៅផែនដីថៃ រាមាទី៩
១២. ទំនៀម “ការប្រគំយ៉ាំយាម” ក្នុងពិធីបុណ្យព្រះបរមសពព្រះចៅផែនដីសៀម
១៣. ថៃចាត់សាងព្រះរាជរថកាំភ្លើងធំថ្មីសម្រាប់ដង្ហែព្រះកោដ្ឋព្រះបរមសពព្រះចៅផែនដីខ្លួន
១៤. ថៃ​ចេញ​កំណត់​ថ្ងៃ​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព និង​ថ្វាយ​ព្រះ​ភ្លើង​អតីត​ក្សត្រិយ៍

%d bloggers like this: