jump to navigation

២៩ កុម្ភៈ ថ្ងៃចន្ទ 29 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

ឆ្នាំ​នេះ (​២០១៦) ខែ​កុម្ភៈ មាន​២៩​ថ្ងៃ តាម​សុរិយ​គតិ ដែល​ភាសា​អង់គ្លេស​ហៅ​ថា «leap day» ឬ «leap year day​»​។

រូប​ចាស់​និទាន​ថ្មី​៖ ចិន​លក់​ស្លា​ម្លូ ថ្ងៃអាទិត្យ 28 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in អតីតភាព, អំពីស្រុកខ្មែរ.
6 comments

នេះជារូបភាពស្ត្រីចិនម្នាក់ ក្នុងចំណោមជនជាតិចិនច្រើនម៉ឺននាក់នាំគ្នាមកស្នាក់អាស្រ័យក្រោមព្រះបារមីនៃព្រះចៅផែនដីខ្មែរ កាលពីអតីតកាល។ ជនជាតិចិនម្នាក់នេះកំពុងទទួលទានអាហារជាមួយនឹងចង្កិះទំនងយ៉ាងឆ្ងាញ់ពិសា។ ស្ត្រីម្នាក់នេះគឺជាអ្នកលក់ស្លាម្លូ ជាចំណីបំបាត់ការអផ្សុកនៃមាត់របស់ជនជាតិខ្មែរដ៏ពេញនិយមនាសម័យនោះ។ ជនជាតិចិនមិនជាអ្នកទទួលទានស្លាម្លូនេះទេ តែជាអ្នកលក់ដូរដ៏ប្រសប់។

នាសម័យនោះ ជនជាតិចិនត្រូវបានដាក់ឲ្យរស់នៅដោយឡែកនៅក្នុងសង្កាត់មួយដែលឲ្យឈ្មោះថា «សង្កាត់ចិន» ដែលស្ថិតនៅម្ដុំផ្សារចាស់ និងផ្សារកណ្ដាលបច្ចុប្បន្ន។ ពួកជនជាតិនេះដោយឡែកពីជនជាតិអឺរ៉ុប ចូលចិត្តប្រកបរបររកស៊ីតាមផ្សារ និងកសិកម្មក៏ឃើញមាននៅទូទាំងព្រះរាជអាណាចក្រ៕

__________________________________________
មើលផងដែរ៖
១. រូបចាស់និទានថ្មី៖ ចិនកំពង់ចាម
២. រូបចាស់និទានថ្មី៖ ចិនលក់មួក
៣. រូបចាស់និទានថ្មី៖ ចិនភ្នំពេញ
៤. រូបចាស់និទានថ្មី៖ ចិនលក់ពងទា
៥. រូបចាស់និទានថ្មី៖ ចិនលក់ផ្លែឈើ

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក​នៅ​ក្នុង​នគរ​កម្ពុជា ថ្ងៃសៅរ៍ 27 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
2 comments

សម្រាប់​ព្រះ​នគរ​ខ្មែរ​យើង ថ្វី​បើ​មាន​​សម្ដេច​ព្រះ​សង្ឃ​រាជ​ ទាំង​គណៈ​មហា​និកាយ​ក្ដី ទាំង​គណៈ​ធម្មយុត្តិក​និកាយ​ច្រើន​ព្រះ​អង្គ​ទៅ​ហើយ​ក្ដី ក៏​ព្រះ​រាជ​ពិធី​រាជា​ភិសេក​ផ្លូវ​ការ​នៃ​សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​នោះ​មិន​ត្រូវ​បាន​ធ្វើ​តាម​បុរាណ​សង្ឃ​រាជ​បវេណី​គ្រប់​ៗ​ព្រះ​អង្គ​នោះ​ឡើយ​។ តាម​ប្រវត្តិ ឃើញ​មាន​តែ​សម្ដេច​ព្រះ​សង្ឃ​រាជ​បី​ព្រះ​អង្គ​តែ​ ដោយ​ពីរ​​ព្រះ​អង្គ​មក​ពី​គណៈ​ធម្ម​យុត្តិក​និកាយ និង​មួយ​ព្រះ​អង្គ​មក​ពី​គណៈ​មហា​និកាយ ដែល​បាន​ធ្វើ​ព្រះ​រាជ​ពិធី​ស្ថាបនា​ឡើង​ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ជា​ផ្លូវ​ការ ហើយ​ដែល​ខ្មែរ​យើង​​ព្រះ​រាជាភិសេក ឬ​សម​ណុត្តមា​ភិសេក នោះ​។

សម្ដេច​ព្រះ​សង្ឃ​រាជ​ទាំង​បី​ព្រះ​អង្គ​នោះ​គឺ​៖ ១. សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង ២​. សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​​ និង ៣​. សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​។

យោង​តាម​ព្រះ​រាជ​ប្រពៃណី នៃ​ព្រះ​បរមរាជវាំង កាល​បើ​បាន​រៀប​ចំ​ឲ្យ​ព្រះ​អង្គ​ម្ចាស់ ក្សត្រិយ៍​​ណា​មួយ​ជា​ព្រះ​រាជា​ក្ដី ដោយ​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​អង្គ​ណា​មួយ ជា​សម្ដេច​ព្រះ​រាជ​អឃ៌​អគ្គ​មហេសី​ក្ដី ឲ្យ​ជា​សម្ដេច​ព្រះ​រាជ​ទេពី​ក្ដី ឬ​តែង​តាំង​ព្រះ​សង្ឃ​អង្គ​ណា​មួយ​ឲ្យ​មាន​ព្រះ​រាជ​ឋានន្តរ​ស័ក្ដិ ជា​សម្ដេច​ព្រះ​សង្ឃ​រាជ​ក្ដី ត្រូវ​រៀប​ចំ​ធ្វើ​ពិធី​រាជា​ភិសេក អភិសេក​។

ដោយ​ឡែក តាម​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ព្រះ​រាជាភិសេក ឬ​សមណុត្តមាភិសេក ខ្មែរ​យើង​ធ្វើ​ទាំង​ពិធី​ព្រាហ្មណ៍ និង​ពិធី​ពុទ្ធ​​។ ជា​ទូទៅ​សម្រាប់​ពិធី​ព្រាហ្មណ៍ ព្រះ​សង្ឃ​ដែល​នឹង​ត្រូវ​ធ្វើ​ពិធី​រាជា​ភិសេក ត្រូវ​៖

  • ​គង់​ប្រថាប់​លើ​ព្រះ​សុវណ្ណកោច្ឆ​ពិសេស មុខ​ព្រះ​មហា​ស្វេតច្ឆត្រ
  • ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ ស្រោច​ទឹក​មង្គល ដោយ​ព្រាហ្មណ៍
  • ថ្វាយ​ព្រះ​សុវណ្ណប័ដ ដោយ​បញ្ជាក់​ឋានៈ និង​បុព្វ​សិទ្ធិ
  • ព្រះ​រាជ​គណៈ ឋានានុក្រម ស្វាធ្យាយជយន្តោ

នៅ​ក្នុង​រជ្ជកាល​ព្រះ​បាទស​ម្ដេច​ព្រះ​ហរិរក្សរាមាឥស្សរាធិបតី​ព្រះអង្គ ដួង កាល​គ្រា​នគរ​ខ្មែរ​យើង​បាន​សាន្ត​ត្រាណ​ពី​សត្រូវ​ហើយ​នោះ ព្រះ​អង្គ​​បាន​តាំង​សម្ដេច​ព្រះមហាសង្ឃរាជ និល ទៀង ជា​ស្ដេច​សង្ឃ​ពេញ​ទី ហើយ​បាន​រៀប​ចំ​ពិធី​ថ្វាយ​ទឹក​ក្លស់​ទឹក​ស័ង្ខ នៅ​ក្រុង​ឧត្ដង្គ​មានជ័យ នា​ ព.ស.​២៤០២ គ.ស.​១៨៥៨ និង​មាន​គោរម្យងារ​​ក្នុង​​ព្រះ​សុវណ្ណ​ប័ដ​ ជា “សម្ដេច​ព្រះមហាសង្ឃរាជា គណធិបតី សិរីបរមបពិត្រ ជា​សង្ឃនាយក​តិលកលោកាចរិយោត្ដម​បរមមេធសង្ឃជេដ្ឋា មហាសង្ឃរាជា ធម្មិក​វរោត្ដម​បរម​បពិត្រ ដ៏​ជា​អធិបតី​ព្ធដ៏​គណ​សង្ឃ​ក្នុង​ក្រុង​កម្ពុជា ជេដ្ឋា​រដ្ឋា​មហាឥន្ទបត្ត​នគរ​បវរ​បូរីរម្យ​ឧត្ដម​រាជបនិជា​មហាមគ្គនាយក”​

សម្ដេច​ព្រះ​មហា​សង្ឃរាជ និល ទៀង គង់​លើ​​ព្រះ​សុវណ្ណកោច្ឆ​រូប​គ្រុឌ ក្រោម​ព្រះ​មហា​ស្វេតច្ឆត្រ​៥​ជាន់

ក្រោយ​មក​គឺ​ក្នុង​រជ្ជកាល​​​សម្ដេច​ព្រះ​មហាក្សត្រិយានី ស៊ីសុវត្ថិ កុសុមៈ នារីរតន៍ សិរីវឌ្ឍនា បាន​ធ្វើ​ពិធី​សមណុត្តមាភិសេក​​ថ្វាយ​​សម្ដេច​ព្រះ​សង្ឃ​រាជ ចំនួន​២​ព្រះ​អង្គ គឺ សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​ និង​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​ នៅ​ក្នុង​ព្រះ​​ទីនាំង​ទេវា​វិនិច្ឆ័យ នៃ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​​។

ក្រោយ​ពី​​បាន​ធ្វើ​សមណុត្តមាភិសេក​រួច​ហើយ សម្ដេច​ព្រះ នរោត្ដម សីហនុ ព្រះ​ប្រមុខ​រដ្ឋ​នៃ​ព្រះ​រាជ​អាណា​ចក្រ​កម្ពុជា ព្រះ​អង្គ​បាន​ថ្វាយ​ព្រះ​​សុវណ្ណប័ដ​ដល់​ព្រះ​សង្ឃរាជ​ទាំង​ពីរ​ព្រះ​អង្គ​ ដោយ​ព្រះ​សុវណ្ណប័ដ សម្ដេច​ព្រះ​សង្ឃ​រាជ​ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ) មាន​ព្រះ​រាជ​បុព្វ​សិទ្ធិ ៥​យ៉ាង៖

  1. ប្រើ​រាជ​ស័ព្ទ
  2. ប្រើ​ផ្លិត​ព្រះ​រាជ​សង្ហារ
  3. ប្រើ​ទង់​ព្រះ​រាជ​សង្ហារ
  4. ប្រើ​សុវណ្ណកោច្ឆៈ ព្រះ​រាជ​សង្ហារ
  5. ប្រើ​រង​ព្រះ​សិរ ព្រះ​រាជ​សង្ហារ

ចំណែក​ឯ​​​ព្រះ​សុវណ្ណប័ដ​សម្ដេច​ព្រះ​សង្ឃរាជ ថ្នាក់​ទី​២ ភុល ទេស (ឥន្ទញ្ញាណោ)​ វិញ មាន​ព្រះ​រាជ​បុព្វ​សិទ្ធិ​៥​យ៉ាង​ គឺ​៖

  1. ប្រើ​រាជ​ស័ព្ទ
  2. ព្រះ​សុវណ្ណកោច្ឆៈ​ពិសេស
  3. ផ្លិត​ស្រួច​ពិសេស
  4. រង​ព្រះ​សិរ​ពិសេស
  5. ទង់​សម្រាប់​ព្រះ​ទីនាំង​រថយន្ត​ពិសេស

សម្ដេច​ព្រះ​សង្ឃ​រាជ ថ្នាក់​ទី​១ ជួន ណាត (ជោតញ្ញាណោ)​​ គង់​លើ​​ព្រះ​សុវណ្ណកោច្ឆ​រូប​គ្រុឌ ក្រោម​ព្រះ​មហា​ស្វេតច្ឆត្រ​៥​ជាន់

ព្រះ​រាជ​ពិធី​សមណុត្តមាភិសេក គឺ​ជា​​បុរាណ​សង្ឃ​រាជ​បវេណី​​ដ៏​ពិសិដ្ឋ​ដែល​មិន​ធ្វើ​ចំពោះ​គ្រប់​សម្ដេច​ព្រះ​សង្ឃ​រាជ​ឡើយ​។ បច្ចុប្បន្ន​នេះ ឃើញ​មាន​ព្រះ​សង្ឃ​មួយ​ចំនួន កាត់​​ត​រូប​ខ្លួន​គង់​លើ​ព្រះ​បល្ល័ង្ក​គ្រុឌ ជន​ខ្លះ​ថែម​ទាំង​ហ៊ាន​ធ្វើ​បល្ល័ង្ក​គ្រុឌ​នេះ ហើយ​ព្រះ​សង្ឃ​មួយ​ចំនួន​ឡើង​ទៅ​គង់​ថត​រូប​ទៅ​ទៀត ដោយ​ទាំង​ខ្លួន​មិន​ទទួល​បាន​ការ​រាជាភិសេក​ផ្លូវ​ការ​ផង​នោះ​។ ការ​នេះ ធ្វើ​ឲ្យ​បាត់​បង់​ជំនឿ និង​តម្លៃ​នៃ​ព្រះ​សង្ឃ​អង្គ​ឯង ទោះ​បី​ដឹង ឬ​មិន​ដឹង ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​ក្ដី​។ ព្រះ​សង្ឃ​អង្គ​នោះ គួរ​បដិសេធ ប្រសិន​បើ​មាន​សិស្ស​គណ​ថា​ធ្វើ​បល្ល័ង្ក​បែប​នេះ​ថ្វាយ​ឲ្យ​ព្រះ​អង្គ​គង់​នោះ​៕

_____________________________________________
អាន​ផង​ដែរ​
១. អំពី​ទំនៀម​នៃ​ព្រះ​រាជ​ពិធី​ស្ថាបនា​សម្ដេច​ព្រះ​សង្ឃ​រាជ​ថៃ
២. ទំនៀម​ «​ព្រះ​សុវណ្ណ​ប័ដ​» នៅ​ក្នុង​ក្រុង​កម្ពុជា និង​សៀម
៣. គ្រឿង​ប្រកប​សមណ​ស័ក្ដិ​សម្ដេច​ព្រះ​សង្ឃ​រាជ​នៃ​រាជ​អាណាចក្រ​ថៃ

វេបសៃត៍ ព្រះ​កូណា​អ​សកម្មភាព​ហើយ ថ្ងៃសុក្រ 26 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in ពីនេះពីនោះ.
add a comment

គេហ​ទំព័រ​របស់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង http://norodomsihamoni.org ដែល​ដាក់​ផ្សាយ​ព្រះ​រាជ​សកម្មភាព​នានា​របស់​ព្រះ​មហា​ក្សត្រិយ៍​នោះ បាន​អ​សកម្ម​ភាព​អស់​រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ​។

ព័ត៌មាន​ចុង​ក្រោយ​បំផុត​ដែល​ឃើញ​មាន​នៅ​ក្នុង​គេហ​ទំព័រ​នោះ គឺ​តាំង​ពី​ខែ​ធ្នូ ឆ្នាំ​២០១៥ កន្លង​ទៅ ឯណុះ រហូត​មក​ដល់​ពេល​នេះ មិន​ឃើញ​គេហ​ទំព័រ​ធ្វើ​បច្ចុប្បន្ន​ភាព​ទៀត​ទេ​។ មិន​ដឹង​ជា​មាន​មូល​ហេតុ​អ្វី​បាន​ជា​គេហ​ទំព័រ​របស់​ព្រះ​កូណា​អ​សកម្មភាព​អស់​រយៈ​ពេល​ច្រើន​ខែ​មក​ហើយ​នោះ​។

កូន​ក្មួយ​ដែល​ជា​ប្រជា​រាស្ត្រ​ព្រះ​អង្គ​សង្ឃឹម​ថា​ គេហ​ទំព័រ​ព្រះ​អង្គ​នឹង​ដំណើរ​ការ​ឡើង​វិញ​ឆាប់​ៗ​នេះ ដើម្បី​កូន​ក្មួយ​បាន​ដឹង​បាន​ជ្រាប​អំពី​ព្រះ​រាជ​សកម្មភាព​បម្រើ​ជាតិ​មាតុភូមិ​របស់​ព្រះ​អង្គ ដូច​ដែល​គេហ​ទំព័រ​ព្រះ​អង្គ​បាន​ផ្សព្ធ​ផ្សាយ​តាំង​ពី​ឆ្នាំ​២០០៥ មក​នោះ​៕

វេបសៃត៍ ព្រះ​កូណា​​ដែល​ឃើញ​មាន​ធ្វើ​បច្ចុប្បន្ន​ភាព​ចុង​ក្រោយ​បំផុត

ខួប​ឆ្នាំ​ទី​១២៥ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​ព្រះ​ករុណា​​​បរម​កោដ្ឋ និង​ព្រះ​វរ​រាជិនី​បរម​បពិត្រ ថ្ងៃ​ព្រហស្បតិ៍ 25 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, អំពីស្រុកខ្មែរ.
4 comments

ថ្ងៃ​ព្រហស្បតិ៍ ទី​៣​រោច​ ខែ​មាឃ ឆ្នាំ​មមែ សប្ដ​ស័ក ព.ស.​២៥៥៩ (​២៥ កុម្ភៈ ២០១៦​) នេះ មាន​រយៈ​ពេល​១២៥​ឆ្នាំ​គត់​នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ​នៃ​ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​អង្គ ដួង និង​​សម្ដេច​ព្រះ​វរ​រាជិនី​បរម​បពិត្រ ប៉ែន​ នា​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ អតីត​រាជធានី​​ឧត្ដុង្គ​មាន​ជ័យ​។

ព្រះករុណា ព្រះបាទ​សម្ដេច​ព្រះ​នរោត្ដម​ បរម​រាម​ទេវាវតារ (​ព្រះ​សុវណ្ណ​កោដ្ឋ​) ដែល​ជា​ព្រះ​រាជ​បុត្រ ព្រះ​អង្គ​បាន​សាង​ព្រះ​ចេតិយ​ធំ​មួយ​លើ​កំពូល​ភ្នំ​ព្រះ​រាជ​ទ្រព្យ​ ឈ្មោះ​ថា​ព្រះ​ចេតិយ​ត្រៃត្រិង្ស​ ដោយ​មាន​ការ​រចនា​យ៉ាង​ស្រស់​ស្អាត​តាម​បែប​ផែន​ខ្មែរ​បុរាណ និង​ទំនើប​នា​សម័យ​នោះ​ សម្រាប់​តម្កល់​ព្រះ​អដ្ឋិ​ព្រះ​បិតា និង​មាតា​ព្រះ​អង្គ​។

រហូត​មក​ដល់​ថ្ងៃ​អង្គារ ៣​រោច ខែ​មាឃ​ធំ ឆ្នាំ​ថោះ​ត្រី​ស័ក ពុទ្ធ​សករាជ​២៤៣៤ មហា​សករាជ​១៨១៣ ចុល្ល​សករាជ​១២៥៣ គ្រឹស្ត​សករាជ​១៨៩១ ទើប​ព្រះ​អង្គចាត់​ឲ្យ​មាន​ព្រះ​រាជ​ពិធី​ធំ​មួយ​បញ្ចុះ​​ព្រះ​បរម​អដ្ឋិ​ព្រះ​បិតា​ព្រះ​អង្គ ព្រះ​ករុណា​ព្រះ​បរម​កោដ្ឋ នៅ​ក្នុង​ព្រះ​ចេតិយ​នេះ​។ ក្រោយ​មក​នៅ​ពេល​ដែល​ព្រះ​មាតា​ទ្រង់​សុវណ្ណគត​ទៅ ព្រះ​បរម​អដ្ឋិ​ក៏​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​ព្រម​ជាមួយ​ព្រះ​ស្វាមី​ក្នុង​ចេតិយ​នេះ​ដែរ​។

ព្រះ​ករុណា ព្រះបាទ​សម្ដេច​ព្រះ​ហរិរក្សរាមាឥស្សាធិបតី ព្រះ​អង្គ ដួង ព្រះ​អង្គ​ទ្រង់​ព្រះ​សុវណ្ណ​គត នា​ឆ្នាំ​វក​ ទោ​ស័ក គ.ស.​១៧៩៦ (​តាម​សិលា​ចារិក ​ឯ​ឯកសារ​ខ្លះ​ថា​ឆ្នាំ​១៨៦០​) ក្នុង​ព្រះ​ជន្ម​៦៥​ឆ្នាំ​។ ចំណែក​ឯ​សម្ដេច​ព្រះ​វរ​រាជិនី​បរម​បពិត្រ ប៉ែន​ វិញ ទ្រង់​សុវណ្ណ​គត នា​ឆ្នាំ​មែ នព្វ​​ស័ក គ.ស.​១៨៩៥ ក្នុង​ព្រះ​ជន្ម​៨១​ឆ្នាំ​៕​៚

ព្រះ​ចេតិយ​ត្រៃត្រិង្ស ទី​តម្កល់​ព្រះ​បរម​អដ្ឋិ

_____________________________________________
អាន​ផង​ដែរ
១. អំពី​ព្រះ​ចេតិយ​ហ្លួង​ខត្តិយ​កោដ្ឋ​ឯ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
២. ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​បរម​អដ្ឋិ​ហ្លួង​ខត្តិយ​កោដ្ឋ​តម្កល់​ឯ​ព្រះ​ចេតិយ​ភ្នំ​ព្រះ​រាជ​ទ្រព្យ
៣. ខួប​ឆ្នាំ​ទី ១០០ នៃ​ព្រះ​រាជ​ពិធី​បញ្ចុះ​ព្រះ​បរម​អដ្ឋិ សម្ដេចព្រះវររាជនីមាតា ពៅ

 

ពាក្យ​ស័ព្ទ​ឆ្លើយ​តប​នឹង​ «​ព្រះ​រាជិនី​» នៅ​នគរ​កម្ពុជា ថ្ងៃពុធ 24 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in អំពី​ភាសា, អំពីភាសា, អំពីស្រុកខ្មែរ.
2 comments

ព្រះ​នគរ​ខ្មែរ​យើង​តាំង​ពី​កកើត​កំណើត​មក តែង​ឲ្យ​តម្លៃ​នារី​ភេទ​យ៉ាង​ខ្ពស់​សម្បើម ហើយ​ពេល​ខ្លះ​ក៏​បាន​ឡើង​រហូត​ដល់​ថ្នាក់​ដឹង​នាំ​ខ្ពស់​បំផុត​នៃ​ប្រទេស​ផង​ទៀត​។ កំណើត​​នៃ​អ្នក​ដឹក​នាំ​ខ្មែរ​ដំបូង​ជា​ស្ត្រី​ផង​ដែរ នេះ​បើ​តាម​ប្រវត្តិ​សាស្ត្រ​ស្រុក​កម្ពុជា​យើង​។

ក្រៅ​អំពី​ព្រះ​រាជា​គ្រង​រាជ្យ​សម្បត្តិ​ដឹក​នាំ​ព្រះ​រាជ​នគរ ដើម្បី​សេចក្ដី​សុខ សេចក្ដី​ចម្រើន​ ដល់​ព្រះ​រាជ​វង្ស ព្រះ​សង្ឃ និង​ប្រជា​នុរាស្ត្រ​​ហើយ ស្រី​ក៏​ធ្លាប់​ឡើង​ដឹក​នាំ​ផង​ដែរ ដែល​នៅ​ក្នុង​ភាសា​ខ្មែរ​យើង​ហៅស្ដេច​ស្រី​ទ្រង់​រាជ្យ​​ថា «ព្រះ​រាជិនី​» ឬ «​សម្ដេច​ព្រះ​ក្សត្រិយានី» ឬ «​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​»​។

សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ព្រះ​ស៊ីសុវត្ថិ មុនីវង្ស កុសមៈ​នារី​រតន៍ សេរី​វឌ្ឍនា ព្រះ​រាជិនី​ដ៏ថ្លៃ​ថ្លា​នៃ​ពួង​ជន​ខ្មែរ នា​ថ្ងៃ​រាជា​ភិសេក

ដោយ​ឡែក​ដើម្បី​និយាយ​ទៅ​កាន់​​ព្រះ​រាជិនី ឬ​​សម្ដេច​ព្រះ​មហា​ក្សត្រិយានី​ ជន​ជាតិ​ខ្មែរ​យើង​មាន​ទំនៀម​ដ៏​ផូរ​ផង់ គួរ​ឲ្យ​ស្ញប់​ស្ញែង​ដូច​ខាង​ក្រោម​នេះ​។

ពាក្យ​ដែល​ប្រើ​ជាមួយ​នឹង​ព្រះ​រាជិនី ដូច​គ្នា​ជាមួយ​នឹង​ប្រើ​ទៅ​កាន់​ព្រះ​រាជា​ដែរ ពាក្យ​ទាំង​នោះ រួម​មាន​៖

  • ក្រាប​ទូល
  • សូម​ក្រាប​បង្គំ​ទូល​ថ្វាយ
  • សូម​ក្រាប​បង្គំ​ទូល​ថ្វាយ​ក្រោម​ល្អង​ធូលី​ព្រះ​បាទ
  • សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស
  • សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន
  • បពិត្រ​ព្រះ​ករុណា
  • ទូល​ព្រះ​បង្គំ
  • ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ
  • សូម​ទ្រង់​ជ្រាប
  • សូម​ថ្លែង​អំណរ​ព្រះ​រាជ​គុណ
  • សូម​ទ្រង់​ព្រះ​មេត្តា​សណ្ដាប់
  • សូម​ថ្វាយ​ព្រះ​ពរ (​ព្រះ​សង្ឃ​)

ប្រសិន​បើ​នរ​ជន​ណា​ជា​មនុស្ស​ប្រុស​ឆ្លើយ​ចំពោះ​ព្រះ​រាជិនី ដូច​គ្នា​នឹង​ឆ្លើយ​ចំពោះ​ព្រះ​រាជា​ដែរ គឺ​៖

  • ព្រះ​ករុណា​ថ្លៃ​វិសេស
  • ព្រះ​ករុណា​ជា​អ​ម្ចាស់
  • ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង

តែ​ប្រសិន​បើ​ជា​ស្រី​ឆ្លើយ​ចំពោះ​ព្រះ​រាជិនី​វិញ ត្រូវ​ឆ្លើយ​ថា​៖

  • ព្រះ​មែ​ម្ចាស់
  • ព្រះ​មែ
  • មែ​ម្ចាស់
  • មែ (​តាម​ស័ក្ដិ​ធំ​តូច)

តែ​បើ​ស្រី​​នោះ​ឆ្លើយ​ចំពោះ​ព្រះ​រាជា​វិញ ត្រូវ​ឆ្លើយ​ខុស​គ្នា​ពី​ការ​ឆ្លើយ​ទៅ​កាន់​ព្រះ​រាជិនី និង​ត្រូវ​និយាយ​ថា​៖

  • ព្រះ​ពរ​ម្ចាស់
  • ពរ​ម្ចាស់
  • ពរ

*ឯកសារ​ពិគ្រោះ​៖ សៀវភៅ​ព្រះ​រាជ​ប្រពៃណី​ព្រះ​មហា​ក្សត្រ (​បោះ​ពុម្ព​ផ្សាយ​ដោយ​ក្រសួង​ព្រះ​បរម​រាជ​វាំង​)

____________________________________
អាន​ផង​ដែរ​៖
១. ពាក្យ​សម្គាល់​ «​ក្សត្រិយ៍​ទ្រង់​រាជ្យ» នៅ​នគរ​​កម្ពុជា
២. ទំនៀម​ចូល​គាល់ និង​ពាក្យ​ចរចា​ជាមួយ​​ព្រះ​រាជា ក្សត្រ និង​ព្រះ​រាជ​វង្សានុវង្ស

ព្រះ​រាជ​បុត្រី​ថៃ​ចូល​បង្គំ​គាល់​ព្រះ​មហា​ក្សត្រិយ៍ និង​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ ថ្ងៃអង្គារ 23 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បុគ្គល​សំខាន់, ប្រវត្តិសាស្ត្រ, វីដេអូ, អំពីស្រុកខ្មែរ, ภาษาไทย.
1 comment so far

នា​ព្រឹក​ថ្ងៃ​អង្គារ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៦​ នេះ ព្រះ​រាជ​បុត្រី​នៃ​ព្រះ​មហា​ក្សត្រិយ៍​ថៃ សម្ដេច​ព្រះ​ទេព​រតន​រាជ​សុតា ចៅ​ហ្វា​មហា​ចក្រី​សិរិន្ធរ រដ្ឋ​សីមា​គុណា​ករបិយ​ជាតិ ស្យាម​បរម​រាជ​កុមារី (​ថ​. สมเด็จพระเทพรัตนราชสุดา เจ้าฟ้ามหาจักรีสิรินธร รัฐสีมาคุณากรปิยชาติ สยามบรมราชกุมารี) បាន​ចូល​គាល់​ព្រះ​ករុណា ព្រះ​បាទ​សម្ដេច​ព្រះ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រិយ៍ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នា​ព្រះ​ទីន័ង​ទេវា​វិនិច្ឆ័យ នៃ​ព្រះ​បរម​រាជ​វាំង​ចតុម្មុខ​មង្គល​។ ក្នុង​ឱកាស​នោះ​ដែរ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ ក៏​បាន​ចូល​ក្រាប​បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍​ព្រះ​មាតា​ជាតិ នា​ព្រះ​រាជ​ដំណាក់​គន្ធ​បុប្ផា​ផង​ដែរ​។

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ ព្រះ​អង្គ​បាន​យាង​មក​បំពេញ​ព្រះ​ទស្សន​កិច្ច​ផ្លូវ​ការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា ចាប់​តាំង​ពី​ថ្ងៃ​ទី​២២ រហូត​ដល់​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦ នេះ ក្នុង​ព្រះ​បំណង​រឹត​ចំណង​មេត្រី​ភាព​រវាង​ប្រទេស​ទាំង​ពីរ​។ ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ ស្ដេច​យាង​ទៅ​​សម្ពោធ​សមិទ្ធផល​ជា​ច្រើន​​ដែល​ជា​ព្រះ​អំណោយ​​នៃ​គម្រោង​របស់​ព្រះ​អង្គ នៅ​ខេត្ត​រតន​គិរី ត្បូង​ឃ្មុំ ព្រៃ​វែង និង​កំពង់​ធំ ព្រម​ទាំង​បាន​យាង​ចូល​រួម​ជា​ព្រះ​អធិបតី​ក្នុង​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា នា​ខេត្ត​កំពង់​ស្ពឺ​ផង​ដែរ​៕​៚

ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ បង្គំ​គាល់​ព្រះ​ករុណា (រូប​៖ AKP)
ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ បង្គំ​គាល់​ព្រះ​ករុណា (រូប​៖ AKP)
ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ (រូប​៖ AKP)
ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍​មហា​ចក្រី​សិរិន្ធរ បង្គំ​គាល់​សម្ដេច​ព្រះ​មហា​ក្សត្រីយ៍ (រូប​៖ AKP)

%d bloggers like this: