jump to navigation

Repost: អាគារ​ខ្ពស់​នៅ​កម្ពុជា ពិត​ជា​បង្ហាញ​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​មែន​ឬ? ថ្ងៃអង្គារ 16 ខែ​កុម្ភៈ 2016

Posted by សុភ័ក្ត្រ in បរិយាយ​ថ្ងៃ​នេះ, អំពីស្រុកខ្មែរ.
trackback

កកន​៖ ប្រកាស​នេះ​ត្រូវ​បាន​ដាក់​ឡើង​តាំង​តែ​ពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ ឆ្នាំ​២០១២ មក​ម្ល៉េះ​​។ ថ្ងៃ​នេះ (​១៦ កុម្ភៈ ២០១៦​) មាន​ព័ត៌មាន​ស្ដី​ពី​ការ​អនុញ្ញាត​ឲ្យ​សាង​សង់​អាគារ​ខ្ពស់​​ភ្លោះ​មួយ​ទៀត​ហើយ នៅ​ចំ​កណ្ដាល​ក្រុង​ភ្នំពេញ នា​បរិវេណ​សួន​ឌ្រីម​លេនដ៍ ក្បែរ​សណ្ឋាគារ​កាំបូឌីយ៉ាណា ជិត​ព្រះ​បរម​រាជ​វាំង​តែ​ម្ដង និង​មាន​កម្ពស់​រហូត​ដល់​ទៅ​១៣៣​ជាន់​។​ ដោយ​សារ​​ឃើញ​ថា​អត្ថបទ​នៅ​មាន​តថភាព​សម្រាប់​គ្រា​បច្ចុប្បន្ន ស្រែ​ខ្មុក​សម្រេច​ដាក់​ប្រកាស​ដដែល​នេះ​ឡើង​វិញ​​…

ជា​រឿយ​ៗ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន តែង​តែ​បញ្ចេញ​ឲ្យ​ដឹង​នូវ​គំនិត​មហិច្ឆតា​របស់​លោក​ចង់​ឃើញ​អាគារ​ខ្ពស់​ៗ​នៅ​កម្ពុជា ឬ​យ៉ាង​ហោច​ណាស់​នៅ​ក្រុង​ភ្នំពេញ។ មាន​គ្រា​មួយ​នោះ​លោក​នាយករដ្ឋមន្ត្រី​ថែម​ទាំង​ធ្លាប់​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​ចាត់​ឲ្យ​មាន​ការ​ប្រកួត​ប្រជែង​ផ្ដល់​រង្វាន់​សម្រាប់​សេដ្ឋី ឬ​អ្នក​ទាំង​ឡាយ​ណា​ដែល​សាង​អាគារ​ខ្ពស់​ជាង​គេ​នៅ​ស្រុក​ខ្មែរ​ផង​ទៀត។ sic

ការ​សាង់​សង់​អាគារ​ខ្ពស់​ៗ​ត្រូវ​បាន​ពិភព​លោក​យក​មក​អួត​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ចង់​បង្ហាញ​ថា​ប្រទេស​របស់​ខ្លួន​មាន​ភាព​រីក​ចម្រើន ឬ​សេដ្ឋកិច្ច​ខ្លាំង​ក្លា តែ​សម្រាប់​ប្រទេស​កម្ពុជា​ដ៏​ល្អិត​ល្អោច ជម្រក​ទៅ​ដោយ​ប្រជាជន​យ៉ាក​តោក​វេទនា​នោះ អាគារ​ខ្ពស់​ពិត​ជា​បញ្ជាក់​ពី​ភាព​រីក​ចម្រើន​សេដ្ឋកិច្ច​​ដូច​នានា​ប្រទេស​ឯ​ទៀត មែន​ដែរ​ឬ​យ៉ាង​ណា។

បើ​ទោះ​បី​ជា​មួយ​រយៈ​ចុង​ក្រោយ​នេះ យើង​អាច​និយាយ​បាន​ថា ប្រទេស​កម្ពុជា​មាន​សន្តិភាព និង​ការ​កសាង​ប្រទេស​ជាតិ រួម​ទាំង​សេដ្ឋកិច្ច​បាន​ដើរ​ទៅ​មុខ សំណង់​អាគារ​ថ្មី​ៗ​​មាន​ការ​រីក​ចម្រើន​គួរ​កត់​សម្គាល់​នោះ​ក្ដី ផែន​ដី​ស្រុក​ខ្មែរ​ដ៏​កម្សត់​នេះ​ក៏​គង់​នៅ​មាន​ផ្លូវ​ដ៏​វែង​ឆ្ងាយ​ខ្លាំង​ណាស់​​ដែល​ត្រូវ​ដើរ​ទៅ​មុខ បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ជិត​ខាង​ខ្លួន។ ការ​កើន​ឡើង​ផ្នែក​ធុរកិច្ច និង​សំណង់​អាគារ ដែល​គ្មាន​ការ​គ្រប់​គ្រង​និង​ម្ចាស់​ការ​ពី​រាជ​រដ្ឋាភិបាល​បាន​ត្រឹម​តែ​ធ្វើ​ឲ្យ​ទីក្រុង​ភ្នំពេញ មាន​ភាព​រញ៉េ​រញ៉ៃ គ្មាន​ហេដ្ឋារចនា​សម្ព័ន្ធ​ច្បាស់​លាស់ ហើយ​ជា​ថ្មី​ម្ដង​ទៀត ទីក្រុង​ភ្នំពេញ​របស់​កម្ពុជា គ្មាន​ផ្លូវ​អ្វី​ក្រៅ​ពី​ដើរ​តាម​គន្លង​ដែរ​ខុស ហើយ​ដែល​បាន​ដើរ​រួច​មក​ហើយ​របស់​ប្រទេស​ជិត​ខាង មាន​ក្រុង​បាងកក, ចាការតា, ម៉ានីល ។ល។ និង ។ល។ នោះ​ទេ។

ការ​សាងសង់​អាគារ​ថ្មី​ៗ រួម​មាន​អាគារ​ខ្ពស់​ផង​ដែរ​នៅ​ក្រុង​ភ្នំពេញ​នោះ គឺ​ប្រាកដ​ណាស់​ដែល​មិន​មែន​ជា​របស់​ម្ចាស់​ប្រទេស សំណង់​ទាំង​នោះ​បាន​ត្រឹម​កែ​ប្រែ​មុខ​មាត់​ក្រុង​ភ្នំពេញ​ដ៏​តូច​ចង្អៀត ហើយ​ដែល​មិន​មែន​ជា​ទីក្រុង​សាង​មូលដ្ឋាន​ជា​ក្រុង​ខ្ពស់​នោះ ក្លាយ​ជា​ក្រុង​អាណាធិបតេយ្យ​បែប​សំណង់​មិន​រៀប​រយ​ទៅ​វិញ។

សំណង់​ទាំង​អស់​សាង​មិន​មាន​របៀប​រៀប​រយ គឺ​តាម​តែ​ការ​នឹក​ចង់​ឃើញ ឬ​នឹក​យល់​សប្តិ៍​ចង់​បាន ហើយ​មុន​នេះ​មិន​យូរ​ប៉ុន្មាន លោក ហ៊ុន សែន ធ្លាប់​បាន​និយាយ​ថា​ក្រុង​ភ្នំពេញ នឹង​ធ្វើ​ការ​សាង​សង់​អាគារ​ខ្ពស់​ជាង​គេ​បំផុត​នៅ​អាស៊ី​អាគ្នេយ៍ ៥៥៥​ម៉ែត្រ នៅ​លើ​កោះ​ឃ្លង់​ផង​ដែរ sic នៅ​ខណៈ​ដែល​ទីក្រុង​ភ្នំពេញ​របស់​លោក​មាន​អាគារ​លើស​ពី​២០​ជាន់ មិន​ទាំង​ដល់​១០​អាគារ​ផង។ ប្រសាសន៍​របស់​លោក​នាយករដ្ឋមន្ត្រី គ្មាន​អ្វី​ក្រៅ​ពី​ធ្វើ​ឲ្យ​ប្រទេស​នានា មាន​សិង្ហបុរី, ថៃ, ម៉ាឡេស៊ី, ប្រ៊ុយណេ…។ល។ សំងំ​​សើច​នោះ​ទេ ដ្បិត​ប្រទេស​ទាំង​​នោះ ដែល​កម្រិត​ជីវិភាព​របស់​ប្រជាជន​គេ ខ្ពស់​ជាង​កម្ពុជា​ច្រើន​ស៊ិប​ដង​នោះ គេ​មិន​ទាំង​ហ៊ាន​ធ្វើ​អាគារ​ខ្ពស់​​បែប​នោះ​ផង។

ការ​កសាង​អាគារ​ខ្ពស់​ក្នុង​ប្រយោជន៍​ដើម្បី​អួត​ប្រទេស​នានា​នោះ គឺ​ជា​រឿង​គួរ​ឲ្យ​អស់​សំណើច​បំផុត​សម្រាប់​ប្រទេស​កម្ពុជា។ អាគារ​ខ្ពស់​មិន​មែន​ជា​សញ្ញាណ​នៃ​ភាព​រីក​ចម្រើន​របស់​ប្រទេស​ជាតិ​មួយ​នោះ​ទេ។ អ្វី​ដែល​កម្ពុជា​គួរ​ធ្វើ​នោះ ប្រហែល​ជា​ការ​ខិត​ខំ​កសាង​សុខុមាល​ភាព​ប្រជាជន, លើក​តម្កើង​កម្រិត​ជីវភាព, អនាម័យ និង​ភាព​បៃតង​នៃ​ទីក្រុង នោះ​ប្រហែល​ជា​មាន​ភាព​ចាំ​បាច់​ជាង។ ក៏​ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លំហូរ​នៃ​សាកលភាវូបណីយកម្ម​នៃ​សំណង់​អាគារ​ខ្ពស់​ពិត​ជា​មិន​អាច​គេច​វេស​បាន​ទេ​សម្រាប់​កម្ពុជា​ដែល​បើក​ចំហរ​ប្រទេស​នោះ ក៏​ប៉ុន្តែ​ការ​កសាង​អាគារ​ទាំង​នោះ​ក៏​មិន​មែន​ចេះ​តែ​នឹក​ចង់​សាង​គ្រប់​ទី​តាំង​នោះ​ក៏​ទេ​ដែរ។ ទី​តាំង​ជាក់​លាក់​ពិត​ប្រាកដ​នៃ​ការ​រៀប​ចំ​ហេដ្ឋារចនា​សម្ព័ន្ធ​ទីក្រុង​ថ្មី និង​ចាស់ ក៏​គួរ​ត្រូវ​យក​មក​គិត​គូរ​ឲ្យ​បាន​​គ្រប់​ជ្រុង​ជ្រោយ។

ភ្នំពេញ! អ្នក​កំពុង​ដើរ​ជាន់​ដាន​កំហុស​ទីក្រុង​ដទៃ​ដែល​បាន​ដើរ​ខុស​រួច​មក​ហើយ​នោះ​ ហើយ!


ខ្មោច​នៃ​សំណង់​អាគារ​ដែល​ទុក​ចោល​នៅ​ក្រុង​ភ្នំពេញ
(អាគារ​មាស​៤២ និង​អាគារ​សំណង់​ក្រុង​ខេមកូ)

អាន​ផង​ដែរ៖

Advertisements

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: